2 មតិ

ខ្ញុំនៅក្នុងសៀវភៅ – ទំព័រដើម​

Me in the book - prologue

ទំព័រដើម 

[អនាគត]: មានគេសួរខ្ញុំ ថាខ្ញុំបានអានសៀវភៅហ្នឹងអត់។ ដឹងថាខ្ញុំឆ្លើយម៉េចអត់? ខ្ញុំថាខ្ញុំអាន តែធាតុពិតខ្ញុំមិនបានអាន។ មានអីម៉្យាងដូចជាសិល្ប៍ចឹង ស្រាប់តែនាំខ្ញុំមកដល់វិទ្យាល័យ វិទ្យាល័យដែលខ្ញុំធ្លាប់រៀន។

[បច្ចុប្បន្ន]: កំពុងតែឆែកមើលថតតុ។ កុំរំខាន ហើយក៏កុំសួរ។ គ្រាន់តែមើល ថាថ្នាក់ព្រឹកមានភ្លេចអីអត់? អូហូ! ឃើញហើយ! ឃើញមានបន្ទាត់ មានរបស់ញ៉ាំ មានប៊ិច ហើយក៏មានសៀវភៅ។ សៀវភៅមួយក្បាល ហើយខ្ញុំក៏បើកមើល ហើយក៏ឃើញមនុស្សម្នាក់កំពុងតែរត់។ ម្នាក់នោះគឺជាស្រី ហើយស្រីម្នាក់នោះ គឺដូចជារូបខ្ញុំ។

[អតីត]: អីយ៉ាស់! ម៉េចក៏ស្រាប់តែរត់ចឹង? រត់ហើយ រត់ទៀត មិនដឹងពេលណាឈប់។ គួរតែឈប់ពេលនេះល្អទេ? អូហ៍ទេ! មួយ ពីរ បី មានមនុស្សបីនាក់កំពុងតែដេញខ្ញុំ។ ហេតុអីបានដេញ? ហេតុអី? ខ្ញុំសួរខ្លួនឯង។ ខ្ញុំឈប់។ ពួកគេក៏ចាប់ខ្ញុំ។ ខ្ញុំក៏ស្រាប់តែមានអារម្មណ៍ថាខ្លួនជាស្រីស្អាតមួយរំពេច។ ហ្នឹងហើយស្អាត! ហើយលើសពីស្អាត គឺមានមុនស្នេហ៍! ខ្ញុំព្រិចភ្នែកដាក់ពួកគេ ហើយខ្ញុំក៏ញញឹមដាក់ពួកគេ។ ពួកគេភាំង។ «ស្អីគេ?» ជាសំណួរដែលពួកគេសួរខ្ញុំ ប៉ុន្តែដូចជាអត់សួរ។ ខ្ញុំស្រែក៖ «ប្រយ័ត្ន!!!»។ ពួកគេក៏ងាកមើលទៅតាមទិសដៃដែលខ្ញុំចង្អុល។ គ្មានឃើញអីទេ! បើឃើញគឺឆ្កួតសុទ្ធ! ទម្រាំតែដឹងថាចាញ់បោក ខ្ញុំរត់បានបួនប្រាំគីឡូទៅហើយ! ហាហា

បួនប្រាំគីឡូអី មិនបានប៉ុន្មានសង់ទីម៉ែត្រផង ខ្ញុំស្រាប់តែភ្លាត់ជើងផ្កាប់មុខទៅស៊ីភក់។ អាភក់ចង្រៃ! នៅណាមិននៅ មកនៅហ្នឹង! ភាពជាស្រីស្អាតរបស់ខ្ញុំរត់បាត់ ភាពជាកូនទារូបអាក្រក់ក៏ប្រញ៉ុកចូល។ ខ្វាក! ខ្វាក!

ប្រសិនបើមានទេវបុត្រមកជួយខ្ញុំ… ទេវបុត្រ… ទេវបុត្រ… ទេវបុត្រនោះ ខ្ញុំនឹងរៀបការជាមួយ។ ប៉ុន្តែវាអត់ដូចក្នុងរឿង តើមានទេវបុត្រមកពីណាមក? បើមាន នោះខ្ញុំក៏មិនត្រូវបានគេរំលោភដែរ។

[បច្ចុប្បន្ន]: ខ្ញុំបិទសៀវភៅ។ មានអារម្មណ៍ដូចជាចង់ស្ទះ។ មានរឿងអី? មានរឿងអីចេះ? តើស្រីម្នាក់នោះជានរណា?  ខ្ញុំ? ខ្ញុំឬ? ខ្ញុំនៅក្នុងសៀវភៅ? ចុះខ្ញុំឥឡូវវិញ ជានរណា? តើនរណាជាខ្ញុំឲ្យប្រាកដ? មានមនុស្សដើរចូលមក។ ចូលមកក្នុងថ្នាក់។ មានសំឡេងស្រែកសួរ ថាខ្ញុំបានអានសៀវភៅហ្នឹងអត់។ ខ្ញុំឆ្លើយថាខ្ញុំបានអាន ប៉ុន្តែមានសំឡេងមួយទៀតថា មិនបានអាន។ ខ្ញុំក្រលៀសភ្នែកទៅរកសំឡេងនោះ ស្រាប់តែខ្ញុំឃើញមនុស្សម្នាក់។ ឃើញម្នាក់នោះហាក់ដូចជាឃើញខ្លួនឯងក្នុងកញ្ចក់។ ម្នាក់នោះគឺជាខ្ញុំម្នាក់ទៀត។

បញ្ចេញមតិ

ME in the BOOK – Prologue

Me in the book - prologue

Prologue

[Future]: Someone asked me if I’ve read that book. You know I replied I have; indeed, I haven’t. Then something like magic brought me into my high school life.

[Present]: I was checking the table drawers. Don’t ask me why. Just only wanted to get some stuff that the morning class forgot. Oh-hooooo!  I found rulers, snack, pens, and then a book. I opened it and then I saw someone was running. It was a girl. And that girl was me.

[Past]: Surprise! I was running then. Running, running… Should I have stopped? Oh, no. One, two, three. Three people was chasing me. Why? Why? I was asking myself why. I stopped. They caught me. I felt I was a princess at the moment. Felt beautiful. Charming. I winked at them. Smiled at them. Then they got stuck. “What?”- It was the question they asked me awkwardly. “Watch out!”- I shouted. They turned their head to what I pointed. Saw nothing! Ha-ha. It was too late I had run away from them a few miles.

Nope. Not a few miles. Just a few centimeters. I was slipped on the ground. What the mud on earth! Shit! Now the princess had changed to the ugly duck. Quack! Quack!

If only there was a prince. A prince. A prince. A prince. I would marry him. But it was not in a fairy tale. My prince was nowhere on earth. I was raped.

[Present]: I suddenly closed the book. I felt frightened. What happened to me now? Who was the girl? Me? Me in the book? How about me now in the class? I couldn’t differentiate who was the really me. Then someone entered to the class. She shouted if I’ve read that book. I said I have; but another sound said, I haven’t. Then I turned my eyes to that sound. I saw someone like I see in the mirror. She was another me.

បញ្ចេញមតិ

ទេវបុត្រSMS (ភាគ១)

ភាគ១៖ «លោកSMS»

១៧ ឧសភា ២០០៩

mash-solutions-sms

ល្ងាចម្សិលមិញ មានគេ​ច្រលំSMSមក៖​

«Amok! Where are you now? Call me!» (អាមោឃ! ហ្អែង​នៅ​ណា​ហ្អា៎? ឆាប់​ខល​មកអញ​ភ្លាម!)។

ខឹង​តេវ! អាណា​ចេះ សម្តី​ក៏​ព្រហើន​ម៉េះៗ។
«Amok! I am home. I don’t know you. You have had wrong number.» (អាមោឃ! អញ​នៅផ្ទះ អញ​អត់​ស្គាល់​ហ្អែងទេ។ ហ្អែង​ច្រលំ​លេខហើយ។)

«Wrong number? You use this number. Don’t joke around me.»​(ច្រលំលេខស្អី? អញ​ស្គាល់​ហ្អែង​ម៉ា​ជាតិ​​ហើយ! កុំ​លេងច្រើន!)

«Okay, tell me what my name​ is. And your name?» (អូខេ! ចឹងប្រាប់​មក ថាអញឈ្មោះ​អី? ហើយ​ហ្អែង​ឈ្មោះអី?)

អិន​ចុច​ពិល​របស់​ខ្ញុំ​ក៏​រោទ៍…

«អាប៉ាកាច់! អញណា៎! អញ!!!!»

«អត់ទាន់ប្រកាច់ទេវ៉ើយ!»

«អុញ! ស្រីលើក!?»

«អើ! ស្រីលើកវាយ៉ាងម៉េច? ទើសក្បាលអ្ហែង?»

«យី! ស្រីស្អីក៏មាត់អាក្រក់ម៉េះវ៉ើយ!»

«មាត់អាក្រក់ ទើសក្បាលអ្ហែងដែរ?»

«យី! ស្រី… មាត់ដាច»

«អើ! ប្រុសមាត់ស្អុយ» ថាហើយ ខ្ញុំក៏ចុចទូរសព្ទបិទ។

មួយស្របក់ក្រោយមក… ទីតៗៗ… សម្លេងសារ…

«Errr… Srey Mort Dach! Sorry for having wrong number.»​ (អឺ… ស្រីមាត់ដាច! សុំទោស​ច្រលំលេខ)

«Oh, sman ta ot jes som tos ta!» (អូហ៍​ ស្មានតែអត់ចេះសុំទោសតើ!)

បន្ទាប់ពីគេសុំទោស គេក៏អូសក្រឡា​សុំស្គាល់ឈ្មោះខ្ញុំ និងអាយុរបស់ខ្ញុំ។ ខ្ញុំក៏ប្រាប់គេ​ថា ខ្ញុំឈ្មោះ «​កញ្ញាSMS» អាយុ​១៧ឆ្នាំ ក្មេងក្រោមអាយុ ហាមញ៉ែ​។ គ្រាន់តែឮបែបហ្នឹង គេក៏សើច។

មែនហើយ! នរណាទៅភ្លើទៅប្រាប់ឈ្មោះពិត​ទៅលោកអើយ!

ដឹងអត់? គេថា បើខ្ញុំឈ្មោះ​ «​កញ្ញា​SMS» គេសុំដាក់​ងារ​ជា​«​កម្លោះ​SMS»។

បញ្ចេញមតិ

ស្តាយ

១២​ វិច្ឆិកា ២០១៥

ពេលដែល​ឮដំណឹង​ថា គេរត់បាត់ អ្វីដែល​ខ្ញុំអាចធ្វើ​ទៅបាន មាន​តែអង្គុយអន់ចិត្ត ស្ដាយ​ទំនុកចិត្ត​ដែលខំ​មានចំពោះគេ។ ខ្ញុំស្ដាយ​ចេះ​តែ​ស្ដាយ​ហើយ​រឿង​លុយ ប៉ុន្តែ​និយាយ​ឲ្យច្បាស់ទៅ លុយ​ខ្ញុំមិនសូវ​ស្ដាយ​ប៉ុន្មានទេ ព្រោះ​លុយ​បើ​គេ​មិន​ខ្ចី​បាត់ ក៏ខ្ញុំចាយអស់ដែរ។ ប៉ុន្តែ​បន្ទាប់ពីគេ​ទៅបាត់ គេ​ចេះ​តែ​ធ្វើ​ឲ្យ​ខ្ញុំគិត។ តើ​គេ​នឹង​ប្រើប្រាស់ជីវិត​គេ​យ៉ាងណា? រស់នៅ​ដោយ​លាក់លៀម? ភ័យ​ខ្លាច? ដេកមិនលក់? ឬ​ក៏​យ៉ាងម៉េចវិញ? ចុះក្មេង? តើពួកគេ​នឹង​ចិញ្ចឹមក្មេងយ៉ាងណា?​ ចំនុចនេះ ធ្វើ​ឲ្យខ្ញុំបារម្ភជាងគេ៕​

បញ្ចេញមតិ

លុយ

១២ វិច្ឆិកា ២០១៥

និយាយពីរឿងលុយ ខ្ញុំក៏ចាប់ផ្តើមដកដង្ហើមធំ។​ តាំងពីធ្វើការមក លុយ​មិនដែលចេះសល់។ មានម្តងនោះ មិត្តរួម​ការងារ ខ្ចី​លុយ$200 បាត់ស្រមោលឈឹង។ ម្តងនេះ ប្រមាណ​តែ$50 សង្ស័យតែបាត់ស្រមោល​ ព្រោះ​មិនអាចទាក់ទងបាន។ គិតៗទៅ ពិតដូចជា​សម្តី​មិត្ត​ខ្ញុំថាមិនខុស៖ «ទៀង វាមិនឈ្នះទាល់នោះទេ។ ឲ្យតែទាល់ហើយ ស្អីក៏ហ៊ានធ្វើដែរ»។​

បូកនឹងគេខ្ចី​រាយរងទៀត។ អានេះ ទោះជាឲ្យខ្ញុំទៅទារ ក៏ខ្ញុំមិនដឹងទារម៉េចដែរ ព្រោះ​ភ្លេចបាត់ហើយ​ថាគេនៅជំពាក់ប៉ុន្មាន។ គិតទៅ ពេលត្រូវការលុយ ពិត​ជា​ពិបាកមែន៕

 

បញ្ចេញមតិ

បាក់ជើងមេឃ

នៅ​យប់មួយ​នោះ ខ្ញុំបាន​យល់សប្ត​គួរ​ឲ្យ​អស់សំណើច។ យល់​សប្តឃើញជើង​មេឃ​បាក់ ប៉ុន្តែខ្ញុំ​ដូច​ជា​អត់ខ្លាចអីសោះ គិត​តែពី​ថត ពីសប្បាយ និងអស់​សំណើចពី​​រាង​ឈើ​ចាក់ធ្មេញ​របស់​ដើមឈើ​ប៉ុន្មាន​ដើម ដែល​ខំប្រឹង​ទប់​មេឃ​ កុំឲ្យ​ស្រុត​បាក់​ចុះមក។ ក្រោក​មក ខ្ញុំក៏​សរសេរ​រឿង​នេះ​ឡើង ដោយ​ស្រង់ពី​យល់​សប្ត​ខ្លះ និង​ពន្លើស​ខ្លះ។ កាលណោះ​ ​ថ្ងៃ​​៧ កុម្ភៈ ២០១៤ កំឡុង​ពេលភ្នំពេញ​ចលាចល ដោយ​សារ​ពួកកម្មករស៊ុន​ទ្រី​។

បាក់ជើង​មេឃ

ខ្ញុំកំពុង​តែ​ថត​រូប​លេង​។ ថត​ឯ​លិច ថត​ឯ​កើត ថត​ឯណេះ ថត​ឯណោះ ថតៗ​ក៏​ភ្លេច​ខ្លួន​ទៅ​ថា ខ្លួន​បាន​មក​ដល់​កន្លែង​
មួយ។ កន្លែង​នោះ មិន​ដឹង​ជា​​កន្លែង​ស្អី។ ទេស​ភាព​ស្អាត ស្អាតមែន​ទែន​ ​ដូច​ជា​ទេស​ភាពនៅ​​ក្នុង​រូប​គំនូរ។ សំបូរ​ព្រៃ សំបូរ​ភ្នំ ហ៊ឹម… ខ្ជិល​ពិពណ៌នាដល់​ហើយ​! សុំយក​ពេល​ដក​ដង្ហើមមួយៗ ស្រូប​យក​ខ្យល់​បរិសុទ្ធ​មួយ​នេះ ឲ្យ​ណាណី​ម្តង។ ខ្ញុំ​ស្រូប​ម្តង​ហើយ​ម្តង​ទៀត ហាក់​ដូច​ជា​មិន​ចេះ​ជិន​ណាយ​សោះ​។ តាំង​ពី​កើត​ពី​ពោះ​ម៉ែ​មក មិន​ដែល​ទេ… មិន​ដែល​ទេ ស្គាល់​ជាតិ​ខ្យល់​ ដែល​គួរ​ឲ្យ​ចង់​ស្រូប​បែប​នេះ។ ខ្ញុំ​និយាយ​មែន​ណា៎!​

ខ្យល់​ត្រជាក់​បក់​មក​ល្ហឹមៗ សំឡេង​សត្វ​យំ​ឮ​ចិចាក… អីយ៉ូយ មក​ប៉ះនឹង​ពន្លឺ​ឧណ្ហៗ​របស់​ព្រះអាទិត្យ​ទៀត អារម្មណ៍​បែប​នេះ ពិត​ជា​ល្អ​មែន​ទែន។ ពិត​ជា​ស្រស់​ស្រាយ។​ ដោយ​រំភើប​នឹង​ធម្មជាតិ​ ​ ​ខ្លួន​របស់​ខ្ញុំ​មិន​ដឹង​ដួល​លើ​ស្មៅ​ពី​អង្កាល់?

អូយ! ស្អីគេ? មាន​អារម្មណ៍​ថា​ស្កៀបៗ ចាក់ៗ រមាស់ៗស្អី​ទេ​នៀក​…

«ស្មៅ​ស្អី​ចេះ ម៉េច​ក៏​រមាស់បែប​នេះ​វ៉ើយ?»

ខ្ញុំ​ក៏​យក​ដៃ​ចាប់​បោច។ ក្រឡេក​មើល​ហើយ មិន​អស់​ចិត្ត ខ្ញុំ​ក៏​ក្រឡេកមើលម្តង​ទៀត។

«ខ្ញុំស្រវាំង​ភ្នែក​ទេ​ដឹង?»

ខ្ញុំ​សួរ​ខ្លួន​ឯង យក​ដៃ​ញីភ្នែក ម្តង​ហើយ​ ម្តង​ទៀត។ បន្ទាប់​មក មាន​អារម្មណ៍​ថា ខ្លួន​ដូចជា​​មាន​ចលនា។ អូហ៍! មិន​មែន​ទេ។ មានអារម្មណ៍​ថា មាន​អ្វី​ម៉្យាងកំពុង​តែ​មាន​ចលនា ហើយ​ខ្ញុំ​កំពុង​តែ​នៅ​ពីលើ​វា។ វា​កំពុង​តែ​មាន​ចលនា​រំកិល​ទៅមុខ រលាក់​ៗ។ ខ្ញុំ​ដូច​ជា​ឮ​សំឡេង​មនុស្ស​ ស្រែកថា «ហ៊ុយៗ»​។ ហ៊ុយៗ ដូច​ជា​ស្រដៀង​ទៅ​នឹង​សំឡេង​អ្នក​បរទេះ​គោ?

ថាមែនៗ! ពិត​ជា​អ្នក​បររ​ទេះគោ​មែន។ មិន​បាច់​រ៉ាយ​រ៉ាប់ គឺ​ខ្ញុំ​ហ្នឹង​ឯង កំពុង​តែ​នៅ​លើ​រទេះគោ ដេក​លើ​គំនរ​ចំបើង​។​ ចឹង​តើ បាន​ស្កៀប​ណាស់។​

បន្ទាប់​មក​រទេះហ្នឹង ក៏​អង្រួន​ខ្ញុំ​។ អង្រួនៗ ក៏​ធ្លាក់​ក្រឡក ពី​លើ​រទេះ។

«អូយ! ចង់​បាក់​ចង្កេះ។ សំណាងហើយ ដែល​កាមេរ៉ា​ខ្ញុំ…!?»

«ឯណា កាមេរ៉ា​ខ្ញុំ? កុំ​ប្រាប់​ណា ថា​វា​បាត់!»

ខ្ញុំ​រក​កលយំមិន​ចេញ​ទេ។ ដើរ​ចុះ​ ដើរ​ឡើង អន្ទះ​អន្ទែង រសាប់​រសល់ ប្រះ​ប្រាណ​ ធ្វើ​ស្អី​មិន​ត្រូវ។ ដើរ​ទៅ ដើរ​មក​ ដូច​ជា​មនុស្ស​ឆ្កួត។ សុខៗ ខ្លួន​ក៏​មក​ដល់​កន្លែង​មួយ​ផ្សេង​ទៀត។ ខ្ញុំ​ឆ្ងល់​ដល់​ហើយ ហេតុអី​បាន​ជា​ថ្ងៃនេះ ខ្ញុំ​មក​ដល់​កន្លែង​ដែល​ខ្ញុំ​មិន​ដែល​ស្គាល់​ចឹង? ហើយ​សុខៗ ហេតុ​អី​បាន​ជា​ខ្ញុំ​មក​ដល់​កើត?​ ក្រញ៉ាញ់​ខួរហើយ​ខ្ញុំ!​

ឮ​សំឡេង! មាន​ឮសំឡេង​ដូច​ខ្ញុំ​ទេ? ខ្ញុំ​ឮ​សំឡេង​ស្រែក សំឡេង​ផ្អើល សំឡេង​យំ។ ឮ​សំឡេង​មនុស្ស​គ្នា​ច្រើន​កំពុង​តែ​យំយ៉ាង​សង្កៀត​ធ្មេញ។ ប៉ុន្តែ​ខ្ញុំ​គ្មាន​ឃើញ​មនុស្ស​សោះ។ មនុស្ស​ទៅ​ណា​អស់​ហើយ?

ខ្ញុំ​ងាក​ទៅ​ឆ្វេង ងាក​ទៅ​ស្តាំ ទៅ​មុខ ទៅ​ក្រោយ វិល​ចុះ​ វិល​ឡើង ចង់​វិល​មុខ។​ ឯណា​ម្ចាស់​សំឡេង​នោះ​ទៅ? ម៉េច​ក៏​មិនឃើញ?

ទន្ទឹម​នឹង​សំឡេង​យំ សំឡេង​ទារុណ​ទារា ខ្ញុំក៏​ឮ​សំឡេង​សើច​អរ​សប្បាយ។ ហះៗ ហ៎ស់ៗ… សំឡេង​​ គ្រាន់​តែ​ស្តាប់ ក៏​ស្មាន​បាន​ទៅហើយ​ ថា​ជា​សំឡេង​ផស់​តា​​ពោះ​កំប៉ោង ប្លាក​ដៃប្លាក​ជើង​ធំៗ។ ​គ្នា​មិន​ដឹង​ប៉ុន្មាន​នាក់ បើ​មិន​រាប់​។ រាប់​ឃើញ មួយ​ ពីរ​ បី ម្ខាង​មាន​ស្រី ម្ខាង​មាន​ស្រា។ អីយ៉ូយ! ភ្នែក​ពួក​គាត់​ ​ភ្នែក​ស្អុយ​ទេ​ដឹង បាន​លេងសុទ្ធ​តែ​​វ៉ែន​តា​ក្បាច់​ដុល្លាដូច្នេះ​។ ឃើញ​ហើយ មិន​ចង់​លេង​ចូល ហើយ​ក៏​មិន​ចង់​ចូលជិតដែរ​។ បាន​ហើយ​ អាត្មា​សុំ!

ខ្ញុំ​ក៏​ឮ​សំឡេងអ្វី​ម៉្យាង ហាក់​ដូចជា​ធ្លាក់ ចុះមកពី​ទីទួល​មក។ នោះហាក់​ដូច​ជា​សំឡេងឈើ ទង្គិច​នឹង​ថ្ម។ ខ្ញុំ​ក៏​រត់​ទៅ​តាម​សំឡេង​នោះ ដើម្បីដឹង​ថា​ វា​ជាសំឡេង​អ្វី។​

វា​ជា​សំឡេង​រទេះ​ធ្លាក់​ពី​ទីទួល។​ រទេះ​នោះ ​ធ្លាក់​បាក់​ប្រេះ​ប្រាក់​​ ដាច់ខ្លួន​ជា​ពីរ​បី ហើយ​របូត​កង់ មិនដឹងវិល​ទៅណា​បាត់​​។

«រទេះ​ខ្ញុំ​!​ គោ​ខ្ញុំ​!»​

ខ្ញុំ​ក៏​ងាក​ទៅ​រក​ម្ចាស់​សំឡេង។ ខ្ញុំក៏​ឃើញ​ពូ​។ ពូ​ដែល​បរ​រទេះ​ ដែល​ខ្ញុំ​ជិះធ្លាក់​អម្បាញ់​មិញហ្នឹង​។​

«ឲ្យ​រទេះ​ខ្ញុំ​វិញមក! ឲ្យ​គោ​ខ្ញុំ​វិញ​មក!»​

ខ្ញុំ​យកដៃ​បិត​មាត់។​

«ឱ​ព្រះអើយ! តើ​នេះ​ជាអ្វី​ចេះ?»

ខ្ញុំ​នៅ​ចុង​ទួលមួយ។ ពី​ចុង​ទួល​នោះ ក្រៅ​ពី​ឃើញ​ពូ​បររទេះ​កំពុង​តែ​យំទួញ​សោកពី​ចុង​ទួល​ម្ខាង ខ្ញុំ​ក៏​ឃើញ​ចៃ​តុកកែ​ធំៗ នៅ​ខាង​ក្រោម។ តុកកែ​នោះ វា​ធំ​ប៉ុណ្ណេះ។ ធំ​ប៉ុណ្ណេះ ធំ​ប៉ុន​នឹង​កូន​គោ​ទៅ​ហើយ។ ​វា​ជា​តុកកែ​យក្ស។ វា​កំពុង​តែ​ខាំ​ជញ្ជក់​ បឺត​​ និង​តោង​ស្អិត​ពី​លើ​សត្វ​គោ​របស់​ពូ។ ព្រឺ​សម្បុរ​ណាស់! វា​មិន​មែន​មាន​តែ​មួយ​ទេ។ មាន​ច្រើន​ណាស់ មិន​ដឹង​ជា​ត្បុល​ក្បាល​មក​ពី​ណា​ខ្លះទេ​។ ជញ្ជក់​គោ ជញ្ជក់​តោ ជញ្ជក់​ខ្លា ជញ្ជក់​ដំរី ហើយ​សូម្បី​តែ​សត្វស្លាប​លើ​មេឃ លើ​មែក​ឈើ ក៏​វា​មិន​ត្រា​ប្រណី​ដែរ។

«ជួយ​ផង! ជួយ​ផង!»

ខ្ញុំនៅ​តែ​ឮសំឡេង​មនុស្ស​ស្រែក មនុស្ស​យំ ស្រែកដង្ហោយ​ហៅ​ឲ្យ​ជួយ។ តែ​មិន​ដឹង​ម្ចាស់​សំឡេង​នោះ​នៅ​ឯណា។ ខ្ញុំ​ក៏​ងាក​ទៅ​មើល​ពូបររទេះ​ ស្រាប់តែ​គាត់​​បាត់។ ខ្ញុំ​ក៏​ចាប់​ស្លុត។ តើ​កន្លែង​នេះ ជា​កន្លែង​ស្អី? ខ្ញុំ​ក៏​រត់​។ រត់ៗ ក៏​រត់​ទៅ​បុក​នឹង​ដើម​ឈើ… ប៉័ង!

«ខ្ញុំ​ឆ្ងល់​ដល់​ហើយ កន្លែង​ម៉ា​គំនរ មិន​ដុះ មក​ដុះ​អី​នៅ​ទីនេះ»

ដៃ​ខ្ញុំ​ទាំង​ពីរ ក៏​ចាប់​​រវល់។ មួយ​រវល់​ញី​ក្បាល​ ឈ្លី​កុំ​ឲ្យ​ពក​។ មួយ​ទៀត​រវល់​ឈ្លី​គូទ កុំឲ្យ​ចុក​ទាន់។ ឈ្លី​នេះ​នោះ​រួច​ហើយ ខ្ញុំ​ក៏​ចាប់​សំឡឹង​មើល​ដើម​ឈើ​នោះ ថាតើ​វា​ធំ​ប៉ុណ្ណា​ បាន​ជាវា​មិន​ជៀស​ផ្លូវ​ខ្ញុំ​បែបនេះ។

ខ្ញុំហាមាត់ ហើយ​ថែម​ទាំង​រាកនោម។​ ធំមែន! អានេះ ជា​ស្អី? ជា​បញ្ញើក្អែក​ឆ្នាំ​២០១៤មែន!? ម៉េច​ក៏​ធំ​យ៉ាង​នេះ? វា​កំពុង​តែ​ឆ្វែល​ចុះ​ឆ្វែល​ឡើង ព័ទ្ធ​ដើម​ឈើ​នេះ ព័ទ្ធ​ដើម​ឈើ​នោះ ធ្វើ​ឲ្យ​ដើម​ឈើ​ទាំង​នោះ រួញ​ស្វិត​យ៉ាង​​ក្រញ៉ង់​។ ខ្ញុំភ័យ ខ្ញុំ​​រំកិល​គូទ​​ថយ​ក្រោយ ហើយ​អាចម៍​នោមខ្ញុំ​ វាក៏​ចេញ។​ វាក៏​ប៉ាត​ណាប៉ាត​ណី​តាម​គំនូស​គូទ​របស់​ខ្ញុំ​។​

ខ្ញុំ​វង្វេង​ហើយ ខ្ញុំ​ឆ្កួត​ហើយ។ តើ​នេះ វា​ជា​ស្អី​ចេះ? ហើយ​ខ្ញុំ​កំពុង​តែ​ឃើញ​អ្វី​ឲ្យ​ប្រាកដទៅ? ខ្ញុំ​ឮ​សំឡេង​យំ ខ្ញុំ​ឮសំឡេង​សើច។ សំឡេង​យំ ខ្ញុំ​ឃើញ​សត្វ​កំពុង​យំ សត្វ​ដែល​តុក​កែកំពុង​តែ​ជញ្ជក់។ សំឡេង​យំ ខ្ញុំ​​ឃើញ​ដើម​ឈើ​កំពុង​តែ​ស្រក់ឈាម កំពុង​តែ​ស្រក់​ទឹក​ភ្នែក។ ខ្ញុំ​ឃើញ​តុក​កែ​ វា​ស្រែក​ វា​ហ៊ោ វា​សប្បាយ វា​អរ។ រីឯ​ដើម​បញ្ញើក្អែក​ចង្រៃ​នោះ ក៏​ដូច​គ្នា។

ខ្ញុំរឹតតែ​ឮ​សំឡេង​សើច​សប្បាយ​កាន់​តែ​ខ្លាំង។ វា​​ចេញពី​ទិស​ខាង​ណោះ។ ​វា​ជា​សំឡេងផស់​ពួក​តា​​ពោះ​កំប៉ោង​បីនាក់​មុន​នេះ​​។

«អុញ! ម៉េច​ចេះ?»

ខ្ញុំ​យក​ដៃ​ឈ្លី​ភ្នែក។​ ម៉េច​ក៏​សុខៗ​ក៏​ក្លាយ​ទៅជា​ឆ្កែ? តា​ពោះ​កំប៉ោង​ទាំង​នោះ បាន​ក្លាយ​ជា​ឆ្កែ​ នៅពេល​ដែល​ឃើញ​ម្ចាស់​វា​មក។ ម្ចាស់​នោះ​ កាន់​​ឆ្អឹង​ម៉ា​ស្បោង​ យក​មក​បោះ​​ឲ្យ​ពួក​វា​ស៊ី។

«ហើយ​អានោះ​ វាជា​ស្អី? ខ្មៅៗ ងងឹតៗ!?»

ខ្ញុំក៏​យកកែវ​ឆ្លុះ មកឆ្លុះ។ នេះ​បើ​តាម​អ្វី​ដែលខ្ញុំ​ឃើញ​នោះ គឺថា​អាខ្មៅៗ អាងងឹតៗ​ហ្នឹង វា​មិន​មែន​ជា​ស្អី​ក្រៅ​ពី​ហ្វូង…

«តុកកែ​​មាន​ស្លាប!? តុកកែ​ចេះ​បង្រួម​ខ្លួន!? តើ​នេះ​ជា​ពិភព​ស្អី?»

តុកកែ​យក្ស​ដែល​ខ្ញុំ​ឃើញមុននេះ វា​​​ក៏នាំ​គ្នា​​ក្រឡា​ខ្លួន​តូចៗ​ ហោះ​ត្បុល​ចូល​​​សំបុក។ សំបុក​នោះ​ វា​មិននៅ​ឆ្ងាយ។​ នៅ​នឹង​ឆ្កែ​​បីក្បាល​នោះ​ឯង។ តុក​កែ… ឆ្កែ… នៅ​មិន​ទាន់​អស់។ អា​​ដើម​បញ្ញើក្អែកដែល​ធ្វើ​ឲ្យ​ខ្ញុំ​លេច​អាចម៍​ វា​ធ្វើ​មុខ​ញញឹម​យ៉ាង​ពព្រាយ ព្រោះ​អរ ព្រោះ​សប្បាយ​ នឹង​ចំណី​ឆ្អែត។ វាថា​ វា​ទៅហើយ ហើយ​មុន​នឹង​ទៅ សុទ្ធ​តែ​សេហ្គូដ​បាយ​ (say good bye) ចាយ​ចៀន​ (​再见)អីណា។​ ​ទៅ​ហើយ ទៅ​រក​ទ្រនំ​ផ្សេង។​ ជិន​ឬកមែន!

បន្តិចមក ខ្ញុំ​ក៏​ឮ​សំឡេង​មនុស្ស​ទៀត។ សំឡេង​នោះ មិន​​ដឹង​មកពី​ណា​ មក​ពីណី។ ខ្លះយំ ខ្លះ​ស្រែក ខ្លះ​​ឆោឡោ។ សំឡេង​នោះ​ដង្ហោយ​​ថា មេឃ​ជិត​បាក់​ហើយ។ ខ្ញុំ​ក៏​សំឡឹង​ទៅ​មេឃ។ ខ្ញុំឃើញមេឃហាក់​ដូច​ជា​ទារុណ​ទារា​ណាស់។ សភាព​មិន​ខុស​ពី​គ្រែ​ដ៏​កញ្ចាស់​ ដែលជើង​របស់​វា​ត្រូវ​បាន​ពុក​ផុយ​អស់។

ខ្ញុំ​ចាប់​អារម្មណ៍​ឃើញ​ថា ខ្ញុំ​​មកដល់​កន្លែង​ដដែល ដែល​មុន​នេះ ខ្ញុំឃើញ​ដើម​ឈើ​ស្កេះ​ស្កះ ឃើញ​ភ្នំ ឃើញ​ទឹក ឃើញ​សត្វ ដែល​ទិដ្ឋភាព​​នោះ ស្អាត​ពិបាក​នឹង​ពិពណ៌នា។ តែ​ឥឡូវ​ ក្លាយ​ទៅជា​វាល​ទី​រហោឋាន ក្លាយ​ជា​​ទី​ក្រឡេះ​ខេះ។ សល់​តែដើមឈើ​​​​ម៉ាដើម​ពីរ​ដើម។ សល់​តែ​ភ្នំប៉ុន្មាន​ចម្រៀក ហើយ​ប៉ុន្មាន​ចម្រៀក​ហ្នឹង សល់​តែ​ថ្ម​ប៉ុន្មាន​ដុំ​តម្កល់លើគ្នា។​

អ៊ីកៗ! ខំ​ប្រឹង​ចង់​លេច​អាចម៍ ខំ​ប្រឹង​ចង់​លេចនោម។ ដើម​ឈើ​មើល​តែ​ឈើ​ចាក់​ធ្មេញ​ ចង់​ទប់​មេឃ​កុំ​ឲ្យ​ជ្រុះ មើល​ទៅ​ហាក់​ដូច​ជា​មិន​ចង់​ស្ទុះ​សំណើច​ក៏​មិន​បាន។​ ហះៗ!!!

មេឃជិត​ជ្រុះ​ហើយ! ខ្ញុំ​មិន​ខ្វល់។ ខ្ញុំ​រវល់តែ​ក្រិចក្រាក់ៗ ថត​រូប​ដ៏​គួរ​ឲ្យ​អស់​សំណើច​បែប​នេះ។ ថត​រក​តែ​បម្រុង​​ម៉េម​ម៉ូ​រី​ថ្មី(Memory)​មិន​ទាន់ទៅ​ហើយ។ ចាំ​មើល​ ​មាន​ប៉ុន្មាន​ ដែលនឹង​ចុច​ Like?

មែនហើយ​! កុំ​សួរ​ខ្ញុំ តើខ្ញុំ​បានកាមេរ៉ាមកពីណា។ ខ្ញុំក៏​អត់ដឹង​ដែរ!

«ស្អុយ​អើយ​ស្អុយ»

ខ្ញុំឮសំឡេង។ មែន​ហើយ! ស្អុយ​អីចេះ? ខ្ញុំ​ហិត។ ស្អុយ​មែន! ស្អុយនឹង​ឆួល​។ ខ្ញុំ​បើក​ភ្នែក ខ្ញុំ​ក៏​ដឹង​ថា​ខ្ញុំ​នៅ​កន្លែង​មួយ។ កន្លែង​នេះ ខ្ញុំ​ស្គាល់​ច្បាស់​។​

«ស្អុយ​អើយ​ស្អុយ! បាតុ​កម្ម​ចុះ បាតុកម្ម​ឡើង អាណា​ប្រមូល​សំរាម​ទៅ​វ៉ើយ?» បង​ស្រី​ខ្ញុំ​រអ៊ូ។​

ខ្ញុំ​ផ្ទុះ​សំណើច​។​ មិន​មែនសើច​នឹង​សម្តី​​បង​ស្រី​របស់​ខ្ញុំនោះទេ។​ គឺ​សើច​នឹងខ្លួន​ឯង ដែល​ប្រសប់​យល់​សប្ត​ឆ្កួតៗ។​ ចេះ​តែ​មាន!

5 មតិ

ផាត់សណ្តាយ រាជនី​បណ្តែតទឹក

បើនិយាយ​ពី​ភូមិបណ្តែតទឹក អ្នកច្បាស់​ជានឹកឃើញមុន​គេ បើមិនកំពង់ឃ្លាំង ក៏កំពង់​ភ្លុក ឬក៏ព្រែកទាល់ដែរ។ ប៉ុន្តែ​បើអ្នកបាន​មកលេង​ភូមិ​ផាត់​សណ្តាយ អ្នក​ច្បាស់ជាទាក់ភ្នែក ជាមួយ​នឹងសម្រស់ធម្មជាតិ​ដ៏​ស្រស់ត្រកាល។ ទឹក​ដ៏​ត្រជាក់​ថ្លា​ឈ្វង់ដែល​អ្នក​ស្ទើរ​តែកម្រនឹងបាន​ឃើញ ទេស​ភាព​ព្រៃ​កាដេបកាដុប​ កូនត្រី​តូចៗ​​ហែល​ចុះ​ហែល​ឡើងយ៉ាង​ព្រោងព្រាត ផ្ទះ​បណ្តែត​​ទឹក​សំចត​នៅជិតៗ​គ្នា​យោល​យោគទ្រេត​ទ្រោត​​តាម​ទឹក​រលក កាណូត​បរ​ចុះ​បរ​ឡើង​ឮសូរង៉េង​ង៉ាវ​ម្តងៗ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេសភាព​ព្រះអាទិត្យ​លិច និង​រះពិត​ជា​ស្អាត​មែន​ទែន មើល​ពីជ្រុង​ណាក៏​ស្អាត។​

20141027_141140

ទិដ្ឋភាពតាម​ដងផ្លូវ​នៅ​ឆ្នុក​ទ្រូ មុន​ចូល​ផាត់សណ្តាយ​ ^_^

ភូមិ​ផាត់​សណ្តាយ​ស្ថិតនៅ​ក្នុង​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់​ស្វាយ ខេត្ត​កំពង់ធំ។ ភូមិនេះ​ស្ថិត​នៅ​តាមបណ្តោយ​ដង​ស្ទឹង​សែន និងមាន​ទីតាំង​​ជិត​បឹង​ទន្លេសាប និង​ខេត្ត​កំពង់​ឆ្នាំង។ មានពីរ​ផ្លូវ​អាច​ចូល​មក​ដល់​ភូមិ​នេះបាន​ គឺ​មួយ​អាច​​ចូល​មក​តាម​រយៈ​ខេត្តកំពង់​ឆ្នាំង និងមួយ​ទៀត អាច​ចូល​តាម​រយៈ​ខេត្ត​កំពង់ធំ។

បើអ្នក​ធ្វើ​ដំណើរ​ពី​ភ្នំពេញ យល់​ល្អ​គឺ​គួរ​ជិះ​ឡាន​មក​តាមផ្លូវ​ជាតិ​លេខ៥ ចូល​មក​ដល់​ខេត្តកំពង់ឆ្នាំង បត់​ចូល​តាម​ឆ្នុក​ទ្រូ ហើយ​ចុះ​​ទូកទៅ​ផាត់​សណ្តាយ​​ ដោយ​ចំណាយ​ពេលសរុប​​អស់​ប្រមាណ​ជា៤ទៅ៥ម៉ោង​។ ប៉ុន្តែបើ​អ្នក​មក​តាម​​​រយៈផ្លូវ​ជាតិ​លេខ​៦ អ្នក​ប្រហែល​ជា​ចំណាយ​ពេល​ប្រមាណ១០ម៉ោង​ ដោយ​ជិះ​ឡាន​ពី​ភ្នំពេញ​ ឈប់​នៅ​ទីរួមខេត្ត ហើយ​ចុះទូក​នៅ​ផ្សារចាស់​ ទៅ​ភូមិ​ផាត់សណ្តាយ។ បើ​អ្នក​សម្រេចចិត្ត​ទៅ​តាម​កំពង់ធំ នោះ​អ្នក​ត្រូវ​ត្រៀម​ចំណី​អាហារ​ហូប​ចុក​តាម​ទូក និង​មិនគួរ​ញ៉ាំ​ទឹក​ច្រើន​ពេក​ទេ ព្រោះ​ការ​ធ្វើ​ដំណើរ​ពី​ទីរួម​ខេត្ត​កំពង់​ធំ តាមរយៈ​កាណូត ឬទូក​អាច​ចំណាយ​ពេល​ពី​៦ម៉ោង​ទៅ​​៨ម៉ោង។

សាលា​រៀន​បឋម​សិក្សា​នៅ​ផាត់​សណ្តាយ

សាលា​រៀន​បឋម​សិក្សា​នៅ​ផាត់​សណ្តាយ 🙂

ឡូត៍​នេសាទ​ត្រី ដែល​ត្រូវ​បានអាជ្ញាធរ​បិទ​ឈប់​ឲ្យ​ធ្វើសកម្មភាព​តាំង​ពី១០ឆ្នាំមុន ហើយ​ដាក់​ផាត់​សណ្តាយ​ជា​តំបន់​អភិរក្សត្រី​

ឡូត៍​នេសាទ​ត្រី (ផ្ទះ​វែង​ដឺែល​ទ្រុឌទ្រោម) ដែល​ត្រូវ​បានអាជ្ញាធរ​បិទ​ឈប់​ឲ្យ​ធ្វើសកម្មភាព​តាំង​ពី១០ឆ្នាំមុន ហើយ​ដាក់​ផាត់​សណ្តាយ​ជា​តំបន់​អភិរក្សត្រី​

ផ្ទះ​បណ្តែត​ទឹក​​ដែល​មាន​សព្វថ្ងៃ​គេ​យក​ពាង​ជំនួស​ពុយ(ធុង​សាំង​ធំៗ)​សម្រាប់​បណ្តែត​ផ្ទះ​ឲ្យ​មាន​លំនឹងល្អ​

ផ្ទះ​បណ្តែត​ទឹក​​ដែល​មាន​សព្វថ្ងៃ​គេ​យក​ពាង​ជំនួស​ពុយ(ធុង​សាំង​ធំៗ)​សម្រាប់​បណ្តែត​ផ្ទះ​ឲ្យ​មាន​លំនឹងល្អ​

20141027_152519

ផ្ទះ​សង់​លើទូក តូច​ល្្មមសម្រាប់នៅ​

20141027_150632

ផ្ទះ​តូច និង​ទូក​ដែល​អ្នកភូមិ​តែងប្រើប្រាស់។ ភាគច្រើន​គេប្រើ​ទូកជ័រ ដែលមានតម្លើងម៉ាស៊ីន សម្រាប់ធ្វើ​ដំណើរ​ទៅ​មក ដូច​ជា​ទៅផ្សារ​នៅ​ឆ្នុក​ទ្រូ ទិញ​ឥវ៉ាន់​ចាប់ហួយ​ជិតៗ ឬ​ទៅ​មើល​លប​នៅតំបន់នេសាទ។​

ត្រីងៀត​ដែល​ប្រជាជន​តែង​វះ​ហាលប្រឡាក់​ខ្លួន​ឯង

ត្រីងៀត​ដែល​ប្រជាជន​តែង​វះ​ហាលប្រឡាក់​ខ្លួន​ឯង តាមផ្ទះ​

20141027_151318

ត្រី​កន្ទាស់​ភ្លុក ដែល​ស្ទូច​ដាក់​បាយ​ ដាក់បានៗ

ឆ្លៀត​ពេល​ទំនេរ គួរ​តែ​នាំគ្នា​ទៅងូត​ទឹក​កណ្តាល​ទន្លេ ហ៊ុលៗៗៗ

ឆ្លៀត​ពេល​ទំនេរ គួរ​តែ​នាំគ្នា​ទៅងូត​ទឹក​កណ្តាល​ទន្លេ ហ៊ុលៗៗៗ

ផាត់​សណ្តាយ​មិន​ត្រឹមតែជាភូមិ​មួយ​ដ៏ស្រស់​ស្អាត តែ​ក៏ជា​​ទីប្រជុំ​កន្លែង​ធ្វើ​ប្រហុក​ ត្រីងៀត និង​ត្រី​ឆ្អើរ​ដែល​ល្អ​ជាង​គេ​ក្នុង​ស្រុកយើង។ អ្នក​គួរ​តែ​ទៅ​ទីនោះ ដើម្បី​ទស្សនា​នូវ​ទេសភាព​ដ៏ស្រស់ត្រកាល រៀន​សូត្រ​ពី​របៀបរបរ​រស់នៅ​ប្រជាជន និងទិញ​ត្រី​ប្រហុក​។ បើ​អ្នក​បានទៅ ធានា​ថា​​មិន​ខកបំណង 😉

1 មតិ

អភិវឌ្ឍ​ប្រទេស​ចឹងឬ?

សេដ្ឋកិច្ចពឹងផ្អែក​លើ​កសិកម្ម?

តាំងពី​រៀន​នៅ​មធ្យមសិក្សាមក ខ្ញុំ​គិត​យ៉ាង​ម៉េច​ក៏គិត​មិនចេញ។ ហេតុអ្វី​បាន​សេដ្ឋកិច្ចរបស់​ប្រទេសយើង​ពឹង​ផ្អែក​លើ​កសិកម្ម​ទៅវិញ? តើ​ដោយ​សារ​តែប្រជាជនភាគច្រើន​ ជាអ្នកស្រែចម្ការ​ អ្នកនេសាទ​ឬ? បើ​ចឹងពិត​មែន​ឬ អ្នក​ស្រែ​ចម្ការគួរ​តែ​ជា​អ្នកមាន។​ ប៉ុន្តែ​ធាតុ​ពិត​ជាក់ស្តែង​  ឲ្យ​តែ​អ្នក​ស្រែចម្ការ ដឹង​តែ​ភាគ​ច្រើន​ជា​អ្នក​ខោមិន​ខោអាវ​មិន​អាវ។​ ខ្ញុំបាន​ត្រឹម​តែគិត និងមិន​ឯកភាព។

កសិករភាគ​ច្រើន​សុទ្ធ​តែ​ជាមនុស្ស​វ័យ​កណ្តាល ដែល​ភាគច្រើន​មិន​ចេះ​អក្សរ​ បន្ទាប់​ពី​សម័យពាក់​អាវ​ខ្មៅ។ នេះ​ជា​ហេតុ​មួយ​ ដែល​ធ្វើ​ឲ្យ​បច្ចេកទេសដាំ​ដំណាំ​ និង​ចិញ្ចឹមសត្វ​ក្នុង​ប្រទេស​យើង នៅ​តែ​មានកម្រិត។ ទៀតសោត បច្ចុប្បន្ន​ ការ​ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត​… កំពុង​តែ​ផុស​ផុល​យ៉ាង​សម្បើម​ សម្រាប់​ការ​ដាំដំណាំ​របស់​ប្រជាកសិករយើង។ កសិករ​ដែល​មិន​សូវ​មានចំណេះដឹង មាន​លក្ខណៈ​ពឹង​ផ្អែក​ ទៅ​លើកត្តាធម្មជាតិ ធ្វើ​ស្រែ​ប្រវាស់​មេឃ ដាំ​ដំណាំ​ប្រវាស់ថ្នាំ ធ្វើ​ស្រែ​ប្រវាស់​បំណុល…។ ណាមួយ​សព្វថ្ងៃ មិន​ថា​បន្លែ​ត្រី​សាច់ យើង​កំពុង​តែ​នាំ​ចូល​ពីក្រៅ​យ៉ាង​សកម្ម។​ តើ​នេះ​វា​ពិត​មែន​ជា​រឿងដ៏​គួរ​ឲ្យ​ខ្មាស់​អៀន​ទេ​ឬ ដែល​ថា​ប្រទេស​ខ្លួន​ជា​ប្រទេស​កសិកម្ម?​

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្រសិន​បើ​ប្រទេស​យើង​​ពិត​ជា​ប្រទេស​ពឹង​ផ្អែក​លើ​កសិកម្មមែន ប្រទេសយើង​គួរ​តែ​​ធ្វើការ​លើក​កម្ពស់ឲ្យ​បាន​ខ្លាំង​ទៅលើ​សុខុមាល​ភាព​របស់​ប្រជាកសិករ។ អ្វី​ទៅជា​សុខុមាល​ភាព​? ចំណេះដឹង? ជំនាញ? សុខភាព? ធនធាន? ឱកាស? ការគាំទ្រ?… តើទាំងអស់នេះ ប្រជាកសិករយើងសព្វថ្ងៃមានហើយ​ឬនៅ?

កាត់​បន្ថយ​កំណើន​ប្រជាជនជួយ​ដល់​សេដ្ឋកិច្ច កាត់​បន្ថយ​ភាព​ក្រីក្រ​?

តើភាពក្រីក្រ ភាព​​អត់ឃ្លាន ខ្វះ​ស្បៀង គ្មាន​ចំណី​អាហារ​គ្រប់គ្រាន់ បណ្តាល​មកពី​ប្រជាជន​ច្រើនឬ?

បើ​តាមសៀវភៅ​«នយោបាយ​ និង​បញ្ហា​ក្រពះ» របស់​លោក​ អៀ ម៉េងទ្រី ឆ្នាំ​១៩៧១ ដែល​ខ្ញុំ​ទើប​តែ​បាន​អាន គាត់លើក​ឡើង​ថា កំណើនប្រជាជន​តែង​កើន​​តាមចង្វាក់ ១  ២  ៤  ៨  ១៦  ៣២… ប៉ុន្តែ​ចង្វាក់​ផលិតកម្មកើន​តាម​ ១  ២  ៣  ៤  ៥ ​ ៦…. មនុស្សកើនរហ័ស ប៉ុន្តែ​ស្បៀង​កើន​យឺត ការខ្វះស្បៀង​គឺ​ពុំអាចជៀសបាន។ ប្រសិន​បើយើង​ពិតជា​កាត់​បន្ថយ​កំណើនប្រជាជនមែននោះ តើ​មាន​រឿង​អ្វី​កើត​ឡើង? ច្បាស់​ជា​ប្រជាជន​សកម្មនឹង​មាន​ការ​ខ្វះខាត សំបូរ​​មនុស្ស​ចាស់ មិន​សំបូរ​មនុស្ស​ធ្វើការ។ ទីបំផុត សេដ្ឋកិច្ចក៏​ដើរអត់​បានល្អ ក្រនៅ​តែក្រ មិន​ក្រ​ដដែល​ ក្រជាងមុន​ទៀត​។

មនុស្ស​ថ្វី​ត្បិត​តែមានមាត់មួយ​សម្រាប់​ញ៉ាំ ប៉ុន្តែក៏​មាន​ដៃពីរ​ធ្វើការ​បង្ក​បង្កើន​ផលដែរ​តើ។ ប្រសិន​បើ​ដៃ​ពីរ​នោះ បាន​ទទួល​ការអប់រំ ការ​បណ្តុះបណ្តាល ហ្វឹក​ហាត់​ត្រឹម​ត្រូវ តើ​មាន​អី​ខ្លាច? ដៃ​ពីរ ចង់​ចិញ្ចឹម​មាត់​១០ ឬ​ក៏​១០០ក៏​បានដែរ។

ជំនួយ​ពិត​ជាជួយ​​ការ​អភិវឌ្ឍន៍​?

ប្រទេសយើង​ខ្វះ​នេះ​ខ្វះ​នោះ​រហូត។​ ឃើញ​តែ​បាន​ជំនួយ​ពីអ្នក​នេះ​ពីអ្នកនោះ ធ្វើ​ផ្លូវ​ ធ្វើ​ស្ពាន ​ធ្វើ​ថ្នល់។ តើគេពិត​ជា​ជួយ​អស់​ពី​ចិត្ត​មែន​ឬ? អត់​សំណង​មែនឬ? ឬ​គ្រាន់​តែ​ជា​របាំង​បាំង​ភ្នែកសំណូក?

មាន​ទ្រឹស្តី​មួយ​ថា​​ បើ​យើង​ចង់​បាន​អី​មួយ យើង​ត្រូវតែ​ហ៊ាន​ខាតបង់​អីមួយបានបាន​​។ ឃើញ​តែជំនួយៗ តែ​គេ​កេងប្រវ័ញ្ច​ផ្នែក​សេដ្ឋកិច្ច។ យើង​ចេញ​ថោក​ ចូល​ថ្លៃ។ គេមិន​ត្រឹម​តែ​ជួយ​ផ្តល់ជំនួយ​ទេ ថែម​ទាំងជួយ​ទិញ​វត្ថុធាតុ​ដើម​ក្នុង​តម្លៃ​ថោកៗ​ទៀត​ហ្ន៎។​ ដើម្បីជា​គុណសងត្រឡប់​មក​វិញ យើង​ជួយ​ទិញទំនិញ​គេ​ក្នុង​តម្លៃ​ថ្លៃៗ ដូច​ជា​ផលិត​ផលឧស្សាហកម្ម បច្ចេកវិទ្យា​ អេឡិក​ត្រូនិច​ជាដើម។ ​បើ​គិត​ជា​លុយ យើង​ខាត​សុទ្ធ ខាត​អស់ប្រាក់​រាល់​លាន​ដុល្លា​ក្នុង​មួយ​ឆ្នាំៗ ច្រើន​ជាង​ជំនួយ​ដែល​ទទួល​បាន​។ បើ​គិត​ជា​បញ្ញា​ យើង​ល្ងង់​សុទ្ធ ឲ្យ​គេ​ប្រើ ឲ្យ​គេ​យក​ជា​អាយ៉ងផ្នែក​សេដ្ឋកិច្ច។​

ថ្វី​ត្បិតតែ​យើង​ក្រ​មែន តែ​យើង​ក្រ​គួរ​តែ​មាន​គំនិត។ គេ​ជួយ​ច្រើន​ហើយ យើង​ល្មម​តែ​អាច​រៀន​ក្រោកឈរ​ខ្លួន​ឯង​ខ្លះៗ​ទៅ។ ត្បិត​ពេលខ្លះ​ជំនួយ​វា​សំខាន់ តែ​យើង​ក៏​ត្រូវ​ការឲ្យ​គេ​គោរព​ និង​ឲ្យ​តម្លៃ​យើង​ដែរ។​

តើអ្វី​ទៅ​ជា​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ប្រសិទ្ធិភាព​ និង​និរន្តរភាព?

សំណួរ​នេះ គួរ​គិត​ខ្លួន​ឯង ឆ្លើយខ្លួន​ឯង។ សម្រាប់​ខ្ញុំ​ ខ្ញុំ​គិត​ថា វា​ជា​ការអភិវឌ្ឍ​មួយ​ដែល​ផ្តល់​ផល​យូរ​អង្វែង មិន​​ធ្វើ​ឲ្យ​មនុស្សពិបាក​ចិត្ត។ ប្រទេស​ខ្ញុំ​រីក​ចម្រើន​មិន​សំដៅ​ទៅ​លើ​សំណង់​អគារ​ខ្ពស់ៗ​ស៊ីវិល័យ​នោះ​ទេ។ ប្រទេស​ខ្ញុំ​រីក​ចម្រើន កាល​បើ​ណា​ឃើញ​ប្រជាជន​ម្នាក់ៗ​រស់នៅ​យ៉ាង​សប្បាយ​ចិត្ត ពេញចិត្តនូវ​អ្វីដែល​ខ្លួន​មាន មាន​សុខភាព​ល្អ ចំណេះ​ដឹង មាន​ការងារ​ធ្វើ មាន​មោទនភាព ហើយ​មនុស្សម្នាក់​ៗ​​ចេះ​ស្រលាញ់​គ្នា ចេះសាមគ្គីគ្នា  ចេះ​ស្គាល់​តម្លៃ។

ដើម្បី​ជា​តម្លា​ភាព ដើម្បី​អភិវឌ្ឍ​ចំគោល​ដៅ រដ្ឋាភិបាលមុន​នឹង​សម្រេច​ចិត្ត​ចង់អភិវឌ្ឍ​អ្វីមួយ គួរ​តែ​ធ្វើការពិភាក្សាជាមួយ​ប្រជាជនជាមុនសិន។ នេះ​បើ​ផ្អែក​ទៅ​លើ​គោលការណ៍​ប្រជាធិបតេយ្យ ប្រជាជនជា​ធំ។ តើ​ប្រជាជន​ឲ្យ​​និយម​ន័យ​លើ​ការ​អភិវឌ្ឍ​យ៉ាង​ដូច​ម្តេច? តើ​ប្រជាជន​ចង់អភិវឌ្ឍ​​អ្វី​បំផុត? វាច្បាស់​ណាស់! មិន​ថា​អ្នក​មាន អ្នក​ក្រ ចម្លើយ​ចេញ​មក​សុទ្ធ​តែ​ចង់​បាន​​លុយ! ចឹង​ធ្វើ​ម៉េច​ឲ្យ​ប្រជាជន​ម្នាក់ៗ​មាន​លុយ​ចាយ​? ការ​ចាយ​លុយ​មិន​សូវ​មាន​គម្លាត រវាង​អ្នកមាន និង​អ្នកក្រ? ហ៊ុលៗៗ… ខ្ជិល​សរសេរ​ទៀត​ណាស់។ អរគុណ​ដែល​បាន​អាន! រាត្រី​សួស្តី!

1 មតិ

ស្អប់

១៧ តុលា ២០១៤

អ្វីៗ​សុទ្ធតែមានគោលបំណង។ តើជីវិតរបស់ខ្ញុំមានគៅលបំណងអ្វី? តើកើតមកដើម្បីតែយំឬ? ខ្ញុំស្អប់ការយំ ខ្ញុំពិតជាស្អប់ខ្លាំងណាស់។ ខ្ញុំស្អប់។ ព្រោះមនុស្សដែលធ្វើឲ្យ​ខ្ញុំយំ គ្មាននរណាក្រៅពីគាត់។ ខ្ញុំស្អប់ ហេតុ​អីក៏​ខ្ញុំរស់នៅដើម្បីតែមនុស្សម្នាក់។ តើមនុស្សម្នាក់នេះ មានឥទ្ធិពលអ្វី? ចង់​ឲ្យ​ខ្ញុំយំ ក៏​យំ ចង់ឲ្យខ្ញុំសើច ក៏​សើច។ ខ្ញុំស្អប់ដោយ​សារតែស្ថានភាពពឹងផ្អែកបែបនេះ។

ខ្ញុំចង់​ក្លាយ​ជាមនុស្សមិនចេះយំ មិនចេះស្រក់ទឹកភ្នែក ហើយ​ក៏​មិនចេះអាណិត។ ខ្ញុំស្អប់ខ្លួនឯង ដែលចូលចិត្តអាណិតគេ។ ខ្ញុំស្អប់ចរិត​ខ្លួនឯង ដែលតែងគិតអ្នកដទៃជាធំ។ ខ្ញុំស្អប់ខ្លួនឯង ដែលខ្លួន​មិនចេះអាត្មានិយម។ ខ្ញុំស្អប់ ស្អប់​រហូតដល់ថ្នាក់ថា ខ្ញុំមិន​ដឹងថាខ្ញុំស្អប់អ្វីឲ្យប្រាកដ។ ឬមួយ​ ខ្ញុំស្អប់ ស្អប់​ដែលជីវិតមួយ​នេះ មិនមែនជាជីវិតរបស់ខ្ញុំ?

ខ្ញុំហត់ហើយ… ប្រសិន​បើអាច សូមឲ្យ​ខ្ញុំស្លាប់ឆាប់ៗទៅចុះ…

1 មតិ

សង្ស័យ

១៧ តុលា ២០១៤

វាមិនអី​ទេ ដែល​គាត់គ្រាន់តែថាឲ្យ​ខ្ញុំ មិន​អី​ទេ ដែល​គាត់គ្រាន់តែវាយ​ខ្ញុំ តែខ្ញុំតែងអីរហូត នៅពេល​ដែលគាត់​មិន​ជឿខ្ញុំ មិន​ទុកចិត្តខ្ញុំ និង​សង្ស័យ​ខ្ញុំ។ តើ​ខ្ញុំពិតជាមនុស្ស​ដែលមិន​គួរឲ្យ​ទុកចិត្ត​ដល់ម្លឹងឬ?

តើ​ធ្លាប់​មានអារម្មណ៍​បែបនេះទេ? អារម្មណ៍​ដែលគេចោទថាខ្លួនខុសរហូត… គេ​ចោទ សូម្បី​តែ​សិទ្ធិ​តបតមួយ​ម៉ាត់ក៏​គ្មាន… ធ្លាប់ទេ?

ហេតុ​អី​ក៏​ខ្ញុំត្រូវ​តែ​ទ្រាំ​រស់ក្នុង​ស្ថានភាពបែបនេះ?