បញ្ចេញមតិ

បាក់ជើងមេឃ

នៅ​យប់មួយ​នោះ ខ្ញុំបាន​យល់សប្ត​គួរ​ឲ្យ​អស់សំណើច។ យល់​សប្តឃើញជើង​មេឃ​បាក់ ប៉ុន្តែខ្ញុំ​ដូច​ជា​អត់ខ្លាចអីសោះ គិត​តែពី​ថត ពីសប្បាយ និងអស់​សំណើចពី​​រាង​ឈើ​ចាក់ធ្មេញ​របស់​ដើមឈើ​ប៉ុន្មាន​ដើម ដែល​ខំប្រឹង​ទប់​មេឃ​ កុំឲ្យ​ស្រុត​បាក់​ចុះមក។ ក្រោក​មក ខ្ញុំក៏​សរសេរ​រឿង​នេះ​ឡើង ដោយ​ស្រង់ពី​យល់​សប្ត​ខ្លះ និង​ពន្លើស​ខ្លះ។ កាលណោះ​ ​ថ្ងៃ​​៧ កុម្ភៈ ២០១៤ កំឡុង​ពេលភ្នំពេញ​ចលាចល ដោយ​សារ​ពួកកម្មករស៊ុន​ទ្រី​។

បាក់ជើង​មេឃ

ខ្ញុំកំពុង​តែ​ថត​រូប​លេង​។ ថត​ឯ​លិច ថត​ឯ​កើត ថត​ឯណេះ ថត​ឯណោះ ថតៗ​ក៏​ភ្លេច​ខ្លួន​ទៅ​ថា ខ្លួន​បាន​មក​ដល់​កន្លែង​
មួយ។ កន្លែង​នោះ មិន​ដឹង​ជា​​កន្លែង​ស្អី។ ទេស​ភាព​ស្អាត ស្អាតមែន​ទែន​ ​ដូច​ជា​ទេស​ភាពនៅ​​ក្នុង​រូប​គំនូរ។ សំបូរ​ព្រៃ សំបូរ​ភ្នំ ហ៊ឹម… ខ្ជិល​ពិពណ៌នាដល់​ហើយ​! សុំយក​ពេល​ដក​ដង្ហើមមួយៗ ស្រូប​យក​ខ្យល់​បរិសុទ្ធ​មួយ​នេះ ឲ្យ​ណាណី​ម្តង។ ខ្ញុំ​ស្រូប​ម្តង​ហើយ​ម្តង​ទៀត ហាក់​ដូច​ជា​មិន​ចេះ​ជិន​ណាយ​សោះ​។ តាំង​ពី​កើត​ពី​ពោះ​ម៉ែ​មក មិន​ដែល​ទេ… មិន​ដែល​ទេ ស្គាល់​ជាតិ​ខ្យល់​ ដែល​គួរ​ឲ្យ​ចង់​ស្រូប​បែប​នេះ។ ខ្ញុំ​និយាយ​មែន​ណា៎!​

ខ្យល់​ត្រជាក់​បក់​មក​ល្ហឹមៗ សំឡេង​សត្វ​យំ​ឮ​ចិចាក… អីយ៉ូយ មក​ប៉ះនឹង​ពន្លឺ​ឧណ្ហៗ​របស់​ព្រះអាទិត្យ​ទៀត អារម្មណ៍​បែប​នេះ ពិត​ជា​ល្អ​មែន​ទែន។ ពិត​ជា​ស្រស់​ស្រាយ។​ ដោយ​រំភើប​នឹង​ធម្មជាតិ​ ​ ​ខ្លួន​របស់​ខ្ញុំ​មិន​ដឹង​ដួល​លើ​ស្មៅ​ពី​អង្កាល់?

អូយ! ស្អីគេ? មាន​អារម្មណ៍​ថា​ស្កៀបៗ ចាក់ៗ រមាស់ៗស្អី​ទេ​នៀក​…

«ស្មៅ​ស្អី​ចេះ ម៉េច​ក៏​រមាស់បែប​នេះ​វ៉ើយ?»

ខ្ញុំ​ក៏​យក​ដៃ​ចាប់​បោច។ ក្រឡេក​មើល​ហើយ មិន​អស់​ចិត្ត ខ្ញុំ​ក៏​ក្រឡេកមើលម្តង​ទៀត។

«ខ្ញុំស្រវាំង​ភ្នែក​ទេ​ដឹង?»

ខ្ញុំ​សួរ​ខ្លួន​ឯង យក​ដៃ​ញីភ្នែក ម្តង​ហើយ​ ម្តង​ទៀត។ បន្ទាប់​មក មាន​អារម្មណ៍​ថា ខ្លួន​ដូចជា​​មាន​ចលនា។ អូហ៍! មិន​មែន​ទេ។ មានអារម្មណ៍​ថា មាន​អ្វី​ម៉្យាងកំពុង​តែ​មាន​ចលនា ហើយ​ខ្ញុំ​កំពុង​តែ​នៅ​ពីលើ​វា។ វា​កំពុង​តែ​មាន​ចលនា​រំកិល​ទៅមុខ រលាក់​ៗ។ ខ្ញុំ​ដូច​ជា​ឮ​សំឡេង​មនុស្ស​ ស្រែកថា «ហ៊ុយៗ»​។ ហ៊ុយៗ ដូច​ជា​ស្រដៀង​ទៅ​នឹង​សំឡេង​អ្នក​បរទេះ​គោ?

ថាមែនៗ! ពិត​ជា​អ្នក​បររ​ទេះគោ​មែន។ មិន​បាច់​រ៉ាយ​រ៉ាប់ គឺ​ខ្ញុំ​ហ្នឹង​ឯង កំពុង​តែ​នៅ​លើ​រទេះគោ ដេក​លើ​គំនរ​ចំបើង​។​ ចឹង​តើ បាន​ស្កៀប​ណាស់។​

បន្ទាប់​មក​រទេះហ្នឹង ក៏​អង្រួន​ខ្ញុំ​។ អង្រួនៗ ក៏​ធ្លាក់​ក្រឡក ពី​លើ​រទេះ។

«អូយ! ចង់​បាក់​ចង្កេះ។ សំណាងហើយ ដែល​កាមេរ៉ា​ខ្ញុំ…!?»

«ឯណា កាមេរ៉ា​ខ្ញុំ? កុំ​ប្រាប់​ណា ថា​វា​បាត់!»

ខ្ញុំ​រក​កលយំមិន​ចេញ​ទេ។ ដើរ​ចុះ​ ដើរ​ឡើង អន្ទះ​អន្ទែង រសាប់​រសល់ ប្រះ​ប្រាណ​ ធ្វើ​ស្អី​មិន​ត្រូវ។ ដើរ​ទៅ ដើរ​មក​ ដូច​ជា​មនុស្ស​ឆ្កួត។ សុខៗ ខ្លួន​ក៏​មក​ដល់​កន្លែង​មួយ​ផ្សេង​ទៀត។ ខ្ញុំ​ឆ្ងល់​ដល់​ហើយ ហេតុអី​បាន​ជា​ថ្ងៃនេះ ខ្ញុំ​មក​ដល់​កន្លែង​ដែល​ខ្ញុំ​មិន​ដែល​ស្គាល់​ចឹង? ហើយ​សុខៗ ហេតុ​អី​បាន​ជា​ខ្ញុំ​មក​ដល់​កើត?​ ក្រញ៉ាញ់​ខួរហើយ​ខ្ញុំ!​

ឮ​សំឡេង! មាន​ឮសំឡេង​ដូច​ខ្ញុំ​ទេ? ខ្ញុំ​ឮ​សំឡេង​ស្រែក សំឡេង​ផ្អើល សំឡេង​យំ។ ឮ​សំឡេង​មនុស្ស​គ្នា​ច្រើន​កំពុង​តែ​យំយ៉ាង​សង្កៀត​ធ្មេញ។ ប៉ុន្តែ​ខ្ញុំ​គ្មាន​ឃើញ​មនុស្ស​សោះ។ មនុស្ស​ទៅ​ណា​អស់​ហើយ?

ខ្ញុំ​ងាក​ទៅ​ឆ្វេង ងាក​ទៅ​ស្តាំ ទៅ​មុខ ទៅ​ក្រោយ វិល​ចុះ​ វិល​ឡើង ចង់​វិល​មុខ។​ ឯណា​ម្ចាស់​សំឡេង​នោះ​ទៅ? ម៉េច​ក៏​មិនឃើញ?

ទន្ទឹម​នឹង​សំឡេង​យំ សំឡេង​ទារុណ​ទារា ខ្ញុំក៏​ឮ​សំឡេង​សើច​អរ​សប្បាយ។ ហះៗ ហ៎ស់ៗ… សំឡេង​​ គ្រាន់​តែ​ស្តាប់ ក៏​ស្មាន​បាន​ទៅហើយ​ ថា​ជា​សំឡេង​ផស់​តា​​ពោះ​កំប៉ោង ប្លាក​ដៃប្លាក​ជើង​ធំៗ។ ​គ្នា​មិន​ដឹង​ប៉ុន្មាន​នាក់ បើ​មិន​រាប់​។ រាប់​ឃើញ មួយ​ ពីរ​ បី ម្ខាង​មាន​ស្រី ម្ខាង​មាន​ស្រា។ អីយ៉ូយ! ភ្នែក​ពួក​គាត់​ ​ភ្នែក​ស្អុយ​ទេ​ដឹង បាន​លេងសុទ្ធ​តែ​​វ៉ែន​តា​ក្បាច់​ដុល្លាដូច្នេះ​។ ឃើញ​ហើយ មិន​ចង់​លេង​ចូល ហើយ​ក៏​មិន​ចង់​ចូលជិតដែរ​។ បាន​ហើយ​ អាត្មា​សុំ!

ខ្ញុំ​ក៏​ឮ​សំឡេងអ្វី​ម៉្យាង ហាក់​ដូចជា​ធ្លាក់ ចុះមកពី​ទីទួល​មក។ នោះហាក់​ដូច​ជា​សំឡេងឈើ ទង្គិច​នឹង​ថ្ម។ ខ្ញុំ​ក៏​រត់​ទៅ​តាម​សំឡេង​នោះ ដើម្បីដឹង​ថា​ វា​ជាសំឡេង​អ្វី។​

វា​ជា​សំឡេង​រទេះ​ធ្លាក់​ពី​ទីទួល។​ រទេះ​នោះ ​ធ្លាក់​បាក់​ប្រេះ​ប្រាក់​​ ដាច់ខ្លួន​ជា​ពីរ​បី ហើយ​របូត​កង់ មិនដឹងវិល​ទៅណា​បាត់​​។

«រទេះ​ខ្ញុំ​!​ គោ​ខ្ញុំ​!»​

ខ្ញុំ​ក៏​ងាក​ទៅ​រក​ម្ចាស់​សំឡេង។ ខ្ញុំក៏​ឃើញ​ពូ​។ ពូ​ដែល​បរ​រទេះ​ ដែល​ខ្ញុំ​ជិះធ្លាក់​អម្បាញ់​មិញហ្នឹង​។​

«ឲ្យ​រទេះ​ខ្ញុំ​វិញមក! ឲ្យ​គោ​ខ្ញុំ​វិញ​មក!»​

ខ្ញុំ​យកដៃ​បិត​មាត់។​

«ឱ​ព្រះអើយ! តើ​នេះ​ជាអ្វី​ចេះ?»

ខ្ញុំ​នៅ​ចុង​ទួលមួយ។ ពី​ចុង​ទួល​នោះ ក្រៅ​ពី​ឃើញ​ពូ​បររទេះ​កំពុង​តែ​យំទួញ​សោកពី​ចុង​ទួល​ម្ខាង ខ្ញុំ​ក៏​ឃើញ​ចៃ​តុកកែ​ធំៗ នៅ​ខាង​ក្រោម។ តុកកែ​នោះ វា​ធំ​ប៉ុណ្ណេះ។ ធំ​ប៉ុណ្ណេះ ធំ​ប៉ុន​នឹង​កូន​គោ​ទៅ​ហើយ។ ​វា​ជា​តុកកែ​យក្ស។ វា​កំពុង​តែ​ខាំ​ជញ្ជក់​ បឺត​​ និង​តោង​ស្អិត​ពី​លើ​សត្វ​គោ​របស់​ពូ។ ព្រឺ​សម្បុរ​ណាស់! វា​មិន​មែន​មាន​តែ​មួយ​ទេ។ មាន​ច្រើន​ណាស់ មិន​ដឹង​ជា​ត្បុល​ក្បាល​មក​ពី​ណា​ខ្លះទេ​។ ជញ្ជក់​គោ ជញ្ជក់​តោ ជញ្ជក់​ខ្លា ជញ្ជក់​ដំរី ហើយ​សូម្បី​តែ​សត្វស្លាប​លើ​មេឃ លើ​មែក​ឈើ ក៏​វា​មិន​ត្រា​ប្រណី​ដែរ។

«ជួយ​ផង! ជួយ​ផង!»

ខ្ញុំនៅ​តែ​ឮសំឡេង​មនុស្ស​ស្រែក មនុស្ស​យំ ស្រែកដង្ហោយ​ហៅ​ឲ្យ​ជួយ។ តែ​មិន​ដឹង​ម្ចាស់​សំឡេង​នោះ​នៅ​ឯណា។ ខ្ញុំ​ក៏​ងាក​ទៅ​មើល​ពូបររទេះ​ ស្រាប់តែ​គាត់​​បាត់។ ខ្ញុំ​ក៏​ចាប់​ស្លុត។ តើ​កន្លែង​នេះ ជា​កន្លែង​ស្អី? ខ្ញុំ​ក៏​រត់​។ រត់ៗ ក៏​រត់​ទៅ​បុក​នឹង​ដើម​ឈើ… ប៉័ង!

«ខ្ញុំ​ឆ្ងល់​ដល់​ហើយ កន្លែង​ម៉ា​គំនរ មិន​ដុះ មក​ដុះ​អី​នៅ​ទីនេះ»

ដៃ​ខ្ញុំ​ទាំង​ពីរ ក៏​ចាប់​​រវល់។ មួយ​រវល់​ញី​ក្បាល​ ឈ្លី​កុំ​ឲ្យ​ពក​។ មួយ​ទៀត​រវល់​ឈ្លី​គូទ កុំឲ្យ​ចុក​ទាន់។ ឈ្លី​នេះ​នោះ​រួច​ហើយ ខ្ញុំ​ក៏​ចាប់​សំឡឹង​មើល​ដើម​ឈើ​នោះ ថាតើ​វា​ធំ​ប៉ុណ្ណា​ បាន​ជាវា​មិន​ជៀស​ផ្លូវ​ខ្ញុំ​បែបនេះ។

ខ្ញុំហាមាត់ ហើយ​ថែម​ទាំង​រាកនោម។​ ធំមែន! អានេះ ជា​ស្អី? ជា​បញ្ញើក្អែក​ឆ្នាំ​២០១៤មែន!? ម៉េច​ក៏​ធំ​យ៉ាង​នេះ? វា​កំពុង​តែ​ឆ្វែល​ចុះ​ឆ្វែល​ឡើង ព័ទ្ធ​ដើម​ឈើ​នេះ ព័ទ្ធ​ដើម​ឈើ​នោះ ធ្វើ​ឲ្យ​ដើម​ឈើ​ទាំង​នោះ រួញ​ស្វិត​យ៉ាង​​ក្រញ៉ង់​។ ខ្ញុំភ័យ ខ្ញុំ​​រំកិល​គូទ​​ថយ​ក្រោយ ហើយ​អាចម៍​នោមខ្ញុំ​ វាក៏​ចេញ។​ វាក៏​ប៉ាត​ណាប៉ាត​ណី​តាម​គំនូស​គូទ​របស់​ខ្ញុំ​។​

ខ្ញុំ​វង្វេង​ហើយ ខ្ញុំ​ឆ្កួត​ហើយ។ តើ​នេះ វា​ជា​ស្អី​ចេះ? ហើយ​ខ្ញុំ​កំពុង​តែ​ឃើញ​អ្វី​ឲ្យ​ប្រាកដទៅ? ខ្ញុំ​ឮ​សំឡេង​យំ ខ្ញុំ​ឮសំឡេង​សើច។ សំឡេង​យំ ខ្ញុំ​ឃើញ​សត្វ​កំពុង​យំ សត្វ​ដែល​តុក​កែកំពុង​តែ​ជញ្ជក់។ សំឡេង​យំ ខ្ញុំ​​ឃើញ​ដើម​ឈើ​កំពុង​តែ​ស្រក់ឈាម កំពុង​តែ​ស្រក់​ទឹក​ភ្នែក។ ខ្ញុំ​ឃើញ​តុក​កែ​ វា​ស្រែក​ វា​ហ៊ោ វា​សប្បាយ វា​អរ។ រីឯ​ដើម​បញ្ញើក្អែក​ចង្រៃ​នោះ ក៏​ដូច​គ្នា។

ខ្ញុំរឹតតែ​ឮ​សំឡេង​សើច​សប្បាយ​កាន់​តែ​ខ្លាំង។ វា​​ចេញពី​ទិស​ខាង​ណោះ។ ​វា​ជា​សំឡេងផស់​ពួក​តា​​ពោះ​កំប៉ោង​បីនាក់​មុន​នេះ​​។

«អុញ! ម៉េច​ចេះ?»

ខ្ញុំ​យក​ដៃ​ឈ្លី​ភ្នែក។​ ម៉េច​ក៏​សុខៗ​ក៏​ក្លាយ​ទៅជា​ឆ្កែ? តា​ពោះ​កំប៉ោង​ទាំង​នោះ បាន​ក្លាយ​ជា​ឆ្កែ​ នៅពេល​ដែល​ឃើញ​ម្ចាស់​វា​មក។ ម្ចាស់​នោះ​ កាន់​​ឆ្អឹង​ម៉ា​ស្បោង​ យក​មក​បោះ​​ឲ្យ​ពួក​វា​ស៊ី។

«ហើយ​អានោះ​ វាជា​ស្អី? ខ្មៅៗ ងងឹតៗ!?»

ខ្ញុំក៏​យកកែវ​ឆ្លុះ មកឆ្លុះ។ នេះ​បើ​តាម​អ្វី​ដែលខ្ញុំ​ឃើញ​នោះ គឺថា​អាខ្មៅៗ អាងងឹតៗ​ហ្នឹង វា​មិន​មែន​ជា​ស្អី​ក្រៅ​ពី​ហ្វូង…

«តុកកែ​​មាន​ស្លាប!? តុកកែ​ចេះ​បង្រួម​ខ្លួន!? តើ​នេះ​ជា​ពិភព​ស្អី?»

តុកកែ​យក្ស​ដែល​ខ្ញុំ​ឃើញមុននេះ វា​​​ក៏នាំ​គ្នា​​ក្រឡា​ខ្លួន​តូចៗ​ ហោះ​ត្បុល​ចូល​​​សំបុក។ សំបុក​នោះ​ វា​មិននៅ​ឆ្ងាយ។​ នៅ​នឹង​ឆ្កែ​​បីក្បាល​នោះ​ឯង។ តុក​កែ… ឆ្កែ… នៅ​មិន​ទាន់​អស់។ អា​​ដើម​បញ្ញើក្អែកដែល​ធ្វើ​ឲ្យ​ខ្ញុំ​លេច​អាចម៍​ វា​ធ្វើ​មុខ​ញញឹម​យ៉ាង​ពព្រាយ ព្រោះ​អរ ព្រោះ​សប្បាយ​ នឹង​ចំណី​ឆ្អែត។ វាថា​ វា​ទៅហើយ ហើយ​មុន​នឹង​ទៅ សុទ្ធ​តែ​សេហ្គូដ​បាយ​ (say good bye) ចាយ​ចៀន​ (​再见)អីណា។​ ​ទៅ​ហើយ ទៅ​រក​ទ្រនំ​ផ្សេង។​ ជិន​ឬកមែន!

បន្តិចមក ខ្ញុំ​ក៏​ឮ​សំឡេង​មនុស្ស​ទៀត។ សំឡេង​នោះ មិន​​ដឹង​មកពី​ណា​ មក​ពីណី។ ខ្លះយំ ខ្លះ​ស្រែក ខ្លះ​​ឆោឡោ។ សំឡេង​នោះ​ដង្ហោយ​​ថា មេឃ​ជិត​បាក់​ហើយ។ ខ្ញុំ​ក៏​សំឡឹង​ទៅ​មេឃ។ ខ្ញុំឃើញមេឃហាក់​ដូច​ជា​ទារុណ​ទារា​ណាស់។ សភាព​មិន​ខុស​ពី​គ្រែ​ដ៏​កញ្ចាស់​ ដែលជើង​របស់​វា​ត្រូវ​បាន​ពុក​ផុយ​អស់។

ខ្ញុំ​ចាប់​អារម្មណ៍​ឃើញ​ថា ខ្ញុំ​​មកដល់​កន្លែង​ដដែល ដែល​មុន​នេះ ខ្ញុំឃើញ​ដើម​ឈើ​ស្កេះ​ស្កះ ឃើញ​ភ្នំ ឃើញ​ទឹក ឃើញ​សត្វ ដែល​ទិដ្ឋភាព​​នោះ ស្អាត​ពិបាក​នឹង​ពិពណ៌នា។ តែ​ឥឡូវ​ ក្លាយ​ទៅជា​វាល​ទី​រហោឋាន ក្លាយ​ជា​​ទី​ក្រឡេះ​ខេះ។ សល់​តែដើមឈើ​​​​ម៉ាដើម​ពីរ​ដើម។ សល់​តែ​ភ្នំប៉ុន្មាន​ចម្រៀក ហើយ​ប៉ុន្មាន​ចម្រៀក​ហ្នឹង សល់​តែ​ថ្ម​ប៉ុន្មាន​ដុំ​តម្កល់លើគ្នា។​

អ៊ីកៗ! ខំ​ប្រឹង​ចង់​លេច​អាចម៍ ខំ​ប្រឹង​ចង់​លេចនោម។ ដើម​ឈើ​មើល​តែ​ឈើ​ចាក់​ធ្មេញ​ ចង់​ទប់​មេឃ​កុំ​ឲ្យ​ជ្រុះ មើល​ទៅ​ហាក់​ដូច​ជា​មិន​ចង់​ស្ទុះ​សំណើច​ក៏​មិន​បាន។​ ហះៗ!!!

មេឃជិត​ជ្រុះ​ហើយ! ខ្ញុំ​មិន​ខ្វល់។ ខ្ញុំ​រវល់តែ​ក្រិចក្រាក់ៗ ថត​រូប​ដ៏​គួរ​ឲ្យ​អស់​សំណើច​បែប​នេះ។ ថត​រក​តែ​បម្រុង​​ម៉េម​ម៉ូ​រី​ថ្មី(Memory)​មិន​ទាន់ទៅ​ហើយ។ ចាំ​មើល​ ​មាន​ប៉ុន្មាន​ ដែលនឹង​ចុច​ Like?

មែនហើយ​! កុំ​សួរ​ខ្ញុំ តើខ្ញុំ​បានកាមេរ៉ាមកពីណា។ ខ្ញុំក៏​អត់ដឹង​ដែរ!

«ស្អុយ​អើយ​ស្អុយ»

ខ្ញុំឮសំឡេង។ មែន​ហើយ! ស្អុយ​អីចេះ? ខ្ញុំ​ហិត។ ស្អុយ​មែន! ស្អុយនឹង​ឆួល​។ ខ្ញុំ​បើក​ភ្នែក ខ្ញុំ​ក៏​ដឹង​ថា​ខ្ញុំ​នៅ​កន្លែង​មួយ។ កន្លែង​នេះ ខ្ញុំ​ស្គាល់​ច្បាស់​។​

«ស្អុយ​អើយ​ស្អុយ! បាតុ​កម្ម​ចុះ បាតុកម្ម​ឡើង អាណា​ប្រមូល​សំរាម​ទៅ​វ៉ើយ?» បង​ស្រី​ខ្ញុំ​រអ៊ូ។​

ខ្ញុំ​ផ្ទុះ​សំណើច​។​ មិន​មែនសើច​នឹង​សម្តី​​បង​ស្រី​របស់​ខ្ញុំនោះទេ។​ គឺ​សើច​នឹងខ្លួន​ឯង ដែល​ប្រសប់​យល់​សប្ត​ឆ្កួតៗ។​ ចេះ​តែ​មាន!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: