អាទិត្យ ២៩ មករា ២០១២
វិលចុះវិលឡើង ត្រឡប់មកវិញដដែល ត្រឡប់មករអ៊ូដូចដើម…
ដំណើរជីវិតផ្លាស់ប្តូរ ប្តូរពីរបត់មួយ ចូលរបត់មួយទៀត មិនដឹងថារបត់នេះ ខ្ញុំត្រូវហែលឆ្លងទឹកភ្នែករបស់ខ្លួនឯងប៉ុន្មានតំណក់ទៀតទៅ? ហើយតើត្រូវជូតទឹកមាត់ខ្លួនឯងប៉ុន្មានដងទៀតដែរ? ហ៊ឺម…
និយាយពីមូលហេតុត្រឡប់មកវិញ…
បន្ទាប់ពីលុបប្លក់ចាស់ចោលជាងប៉ុន្មានខែមុននេះ មិនដឹងថា ប្លក់ដែលទើបបង្កើតនៅក្នុងថ្ងៃនេះ នឹងត្រូវលុបក្នុងថ្ងៃណាមួយវិញនោះទេ…
ដោយហេតុតែខ្ជិលសរសេររឿងរ៉ាវពិបាកចិត្ត នៅក្នុងសៀវភៅ អក្សរមិនស្អាត ហើយណាមួយ ចង់សន្សំសំចៃថ្លៃទឹកប៊ិច និងក្រដាសទៀតនោះ ក៏សម្រេចចិត្តត្រឡប់មកវិញ ព្រោះបើរអ៊ូដាក់តែសៀវភៅ មិនសូវស្រណុកចិត្ត បើរអ៊ូដាក់ប្លក់ គ្រាន់បានអ្នកមាននិស្ស័យ ជួយលួងឲ្យធូរទ្រូង…
ការណែនាំខ្លួន….
ជាអតីតនាម និងម្ចាស់ប្លក់ «ផ្កាយដុះកន្ទុយ» (តែបច្ចុប្បន្ន ត្រូវបានលុបចោលហើយ)។
បុព្វហេតុនៃការដាក់ឈ្មោះ៖
បុព្វហេតុទីមួយ៖ ដោយសារយល់ថា ដំណើរជីវិតខ្លួនជាតំណក់ឈាមអពមង្គល និងជាមេនាំស៊យដល់គ្រួសារ។
បុព្វហេតុទីពីរ៖ តាមសំនួនភាសាលេងសើច «ផ្កាយដុះកន្ទុយ» គេនិយមចូលចិត្តហៅបញ្ច្រាស់ន័យ ដោយពី «ផ្កាយដុះកន្ទុយ» ទៅ «ផ្កាយអត់កន្ទុយ»។ តាមរយៈសំនួនលេងសើចនេះ ខ្ញុំក៏សម្រេចយកឈ្មោះនេះ ដោយហេតុថា បើអក្សរ «ផ្កាយ» អត់កន្ទុយ (អត់អក្សរ «យ») នោះវានឹងចេញអក្សរជា «ផ្កា»។ ឈ្មោះនៅសាលារបស់ខ្ញុំ មានន័យថា ផ្កា តែមិនបានសរសេរជាព្យាង្គតម្រួត (បុប្ផា) នោះទេ។ សូមបញ្ជាក់ផងដែរ ម៉ាក់របស់ខ្ញុំ ជានារីដែលចូលចិត្តផ្កា ដូច្នេះហើយ បានជាគាត់ដាក់ឈ្មោះដែលតំណាងឲ្យផ្កា ក្នុងឧបទ្វីបទាំងមូលឲ្យខ្ញុំ។
បុព្វហេតុទីបី៖ និយាយពីបុព្វហេតុចុងក្រោយនេះ គួរតែសួរតែអ្នកវិញថា តើអ្នកធ្លាប់ញ៉ាំទឹកកកឈូសដាក់ដើមទេ? បើធ្លាប់ អ្នកប្រហែលជានឹងយល់ពីបុព្វហេតុនេះ។ ខ្ញុំជាមនុស្សចូលចិត្តញ៉ាំទឹកកកឈូស តែមិនចូលចិត្តញ៉ាំការ៉េម។ កាលពីតូច ឲ្យតែឮសូរសំឡេងជួងទឹកកកឈូសគ្រីងៗ ដឹងតែខ្ញុំហាមាត់សុំលុយម៉ាកមួយរយ រត់ទៅទិញហើយ។ ទឹកកកឈូស មានរូបរាងជាច្រើនផ្សេងៗគ្នា តាមបំណិនប្រសប់របស់អ្នកលក់ គេធ្វើពុម្ព ដូចជារូបផ្កាយ រូបបេះដូង រូបទន្សាយ រូបផ្កាអីហ្នឹងជាដើម។ រូបដែលខ្ញុំចូលចិត្ត និងស្រឡាញ់ជាងគេ គឺផ្កាយ។ ទឹកកកឈូស ដាក់ពុម្ពជារូបរាងផ្កាយ ថែមទាំងដោតឈើ ចាក់ទឹកស៊ីរ៉ូ អែមៗ។ ឃើញពាក្យ«ផ្កាយដុះកន្ទុយ» ធ្វើឲ្យខ្ញុំនឹកដល់ទឹកកកឈូសដោតដើម ដោយសណ្ឋានវាស្រដៀងៗគ្នា។
ក៏មាននាមថា «អាពៅ» (Ah Pov) ផងដែរ
និយាយពីគណនីហ្វេសប៊ុក ខ្ញុំមានពីរ មួយឈ្មោះនៅសាលា និងមួយទៀត ដាក់ឈ្មោះនៅផ្ទះ។ តែមិនប្រាកដថា ជាឈ្មោះនៅផ្ទះដែរ ដូច្នេះសូមអានបុព្វហេតុខាងក្រោម៖
បុព្វហេតុទីមួយ៖ ខ្ញុំមានឈ្មោះកំណើតជាភាសាកន្តាំង ពៅយុក (宝玉) ជាភាសាកុកងឺ អានថា ប៉ោអ៊ិ។ តែខ្ញុំ និងបងស្រីជីដូនមួយរបស់ខ្ញុំ មានឈ្មោះស្រដៀងគ្នា។ មួយ«ពៅយុក» មួយ«ភួយយុក» (ត្រូវថែមនឹងឈ្មោះក្មួយស្រីខ្ញុំទៀត កន្ទុយ «យុក» ដែរ) បើចាស់ៗហៅតែឈ្មោះចុងកន្ទុយ ដូចជា «អាយុកៗ»ហ្នឹង ពីរនាក់ខ្ញុំ ច្បាស់ជាវង្វេងជាមិនខាន។ ដើម្បីជាសម្គាល់ ខ្ញុំយកឈ្មោះកណ្តាល «ពៅ» សម្រាប់តំណាង។
បុព្វហេតុទីពីរ៖ ខ្ញុំជាកូនពៅ នៅក្នុងគ្រួសារ (តែធាតុពិត ដូចជាកូនទោលនៅក្នុងគ្រួសារត្រឹមត្រូវជាង ព្រោះតាំងពីកើតមក នៅតែពីរនាក់ម៉ាក់)។
បុព្វហេតុទីបី៖ ខ្ញុំចូលចិត្តឲ្យគេហៅថា «អាពៅ» ជាជាងឈ្មោះនៅសាលាចិន និងនៅសាលាខ្មែរ។
ឈ្មោះនៅប្លក់នេះ សុំដាក់ថា «ស្មៅ»។ បុព្វហេតុនៅក្នុងការដាក់ឈ្មោះនេះ មិនសូវមានច្រើនណាស់ណាទេ ព្រោះទើបតែនឹកឃើញប៉ុន្មានម៉ោងនេះឯង។
បុព្វហេតុទីមួយ៖ ក្នុងការបង្កើតប្លក់នេះ ចង់ធ្វើឲ្យដាច់ដោយឡែកពីប្លក់ចាស់ៗ ទើបខំចង់ដាក់ឈ្មោះថ្មី។
បុព្វហេតុទីពីរ៖ កាលពីម្សិលម៉្ងៃ ម៉ាក់ក៏ស្រាប់តែសួរខ្ញុំថា ខ្ញុំចង់បានឈ្មោះថា «ស៊ូ» (ជាភាសាចិនកុកងឺ 树 មានន័យថា ដើមឈើ) អត់? ខ្ញុំក៏ឆ្លើយថា «ឈ្មោះអ្វីក៏បាន ឲ្យតែម៉ាក់ហៅ កូនពេញចិត្តទាំងអស់។ ឈ្មោះមិនសំខាន់ តែទឹកចិត្តនៃការហៅនឹករំលឹកទៅវិញទេ ដែលសំខាន់»។ មុនដំបូងចង់ដាក់ឈ្មោះថា «ដើមឈើ» នេះ ដោយសង្ឃឹមថា នឹងអាចក្លាយជាមនុស្សមានប្រយោជន៍ម្នាក់ ដូចដើមឈើចឹង តែគិតឲ្យសព្វទៅៗ មនុស្សចរិតមិនគ្រប់តឹកដូចខ្ញុំនេះ ដូចជាការស្រមើស្រមៃដ៏ធំធេងពេក ដែលចង់ក្លាយទៅជាដើមឈើ ព្រោះបើផ្អែកទៅលើចំណេះដឹង និងសមត្ថភាពសព្វថ្ងៃ នៅតូចទាបណាស់ មិនអាចលូតក្លាយជាដើមឈើដ៏ត្រឈឹមត្រឈៃ ផ្តល់ជម្រក ផ្តល់ម្លប់បាននោះទេ។ តែបើមិនបានត្រឹមជាដើមឈើ ក៏សុំត្រឹមតែជាស្មៅ ព្រោះស្មៅយ៉ាងហោចណាស់ ក៏បានឲ្យគោទំពារអៀងចម្អែតក្រពះបានដែរ។ តើមែនទេ?
បុព្វហេតុទីបី៖ ពាក្យថា «ស្មៅ» ត្រូវបានគេចែកចេញជាពីរ ដោយមួយតំណាងឲ្យរុក្ខជាតិឈ្មោះថា«ស្មៅ»តែម្តង និងមួយទៀត តំណាងឲ្យរុក្ខជាតិទាំងមូល ដែលស្ថិតនៅក្នុងពពួករុក្ខជាតិស្មៅ ដោយក្នុងនោះមាន ស្រូវ ស្បូវ ស្លឹកគ្រៃជាដើម។ បើនិយាយពីរុក្ខជាតិស្មៅ ជារុក្ខជាតិ ដែលជីវិតថ្លៃ តស៊ូ អំណត់អត់ធត់ មិនខ្លាច សូម្បីតែមនុស្សដើរជាន់ហើយ ក៏នៅតែមុខក្រាស់ ងើបឡើង ធ្វើដូចជាធម្មតា។ បើស្មៅដុះនៅទីណាហើយ កុំសង្ឃឹមថា កម្ចាត់វាបានដោយងាយ បើអ្នកមិនយកទឹកអំបិលទៅស្រោច ឬក៏យកវាចេញ ទាំងឬសចោលនោះទេ ដូចសុភាសិតបុរាណចិន បានពោលថា «បើចង់ជីកស្មៅ ត្រូវជីកទាំងឬស»។ ខ្ញុំចង់ធ្វើជាមនុស្សដូចជាស្មៅចឹង។ មនុស្សមុខក្រាស់? ហាហាហា
អំពីប្លក់
ប្លក់នេះ គឺជាសមិទ្ធិផលនៃតំណក់ទឹកស្គ្រីន (screen) បូករួមទាំងកម្លាំងដៃវាយឃីប៊ត (keyboard) និងមនោសញ្ចេតនារបស់មនុស្សម្នាក់ ក្នុងចំណោមមនុស្សជាងប្រាំពីរពាន់លាននាក់ ដែលមានវត្តមាននាពេលនេះ។
ប្លក់ «ស្មៅ» របត់ជីវិតថ្មីរបស់ខ្ញុំ មិនដឹងថានឹងពាំនាំរឿងសប្បាយៗ ច្រើនជាងរឿងកើតទុក្ខ ឬក៏យ៉ាងណា។ មានតែចាំមើលទាំងអស់គ្នា បានដឹង?
សុំសរសើរ… សរសេរបានក្បោះក្បាយល្អ…
អរគុណបងស្រុកស្រែ! ស្មៅ សូមផ្ញើជីវិតមួយឬស ពួនជ្រកក្រោមម្លប់របស់បងផង ^^
នេះគេហៅថា ស្មៅជើងក្រាស តែហៅថា ស្មៅមុខក្រាស ក៏បានដែរ ទៅហើយមកវិញដោយសារតែបង !
មកពីនឹកបងLovepeehs05ហ្នឹងណា៎ 😀
អ្នកសរសេរប្លក់នេះគឺជាស្រី 😀
យី ផ្កាយដុះកន្ទុយសោះ ស្មានថានរណាគេ …. បូផាររីកស្គុះស្គាយក្នុងសួនស្មៅ ^_^
ហេហេ 😀
អូរ!ស្មានតែនរណា បុផ្ផា សោះមិនបានអានប្រវត្តិអំពីប្លក់គេទើបតែចង់ដឹងអានមើលទើបដឹងថា បុផ្ផាកញ្ញាក្បាលខូចសោះ។បងពិតជាសុំសរសើរដោះស្មោះមែនប្អូនពិតជាពូកែសរសេររៀបរាបក្បោះក្បាយពិតមែនសមជាសិស្សសំណព្វបងតារាឬទ្ធិមែន។បងអានប្លក់ប្អូនហើយសែនខ្មាសខ្លួនឯងណាស់ចង់តែលុបប្លក់ ខ្លួនឯងចោលទេព្រោះមិនល្អដូចរបស់គេ។តែទាស់ត្រង់តែថាបងមិនសូវពូកែរកកន្លែងលុបមិនបានប្រាប់បងម្តងតែបងធ្ថើមិនបានម្យ៉ាងមិនពូកែអង់គ្លេសផង។
បងសូមជូនពរប្អួនបុផ្ផា,អាពៅ,អាយុក…..ឲ្យមានសុខភាពល្អនិងរីករាយពេញក្នុងក្រុមគ្រួសារណា។
លីម ចំរើន
កុំចឹងអីបង! អ្វីៗសុទ្ធតែមានចំនុចចាប់ផ្តើមរបស់វា។ កុំភ្លេចណា ត្រូវចេះលើកទឹកចិត្តខ្លួនឯងជាដរាបនោះអី។ បងឯងគិតមើល! ថ្វីត្បិតតែបងមិនសូវពូកែខាងសរសេរពាក្យរាយមែនពិត តែបងជាមនុស្សពូកែខាងពាក្យកាព្យនោះអី។ តើនរណាអាចដូចបងនោះ? នៅតែងកំណាព្យសុខៗ អាចបំបែកចេញជាបទកាព្យថ្មី៖ «បទក្របចក្រវាឡមេ១២ថ្មី»។ បងគិតទៅមើល មាននរណាអាចធ្វើដូចបងអត់? ស៊ូៗៗៗ បងខ្ញុំជាមនុស្សពូកែ!
ស្មៅ ? ធ្វើអោយខ្ញុំនឹកឃើញក្លិនផ្អែមស្រាលមួយបែប
ខ្ញុំចាំបានថានៅស្រុកខ្មែរយើងមានស្មៅម្យ៉ាង
ហៅស្មៅក្រអូបព្រោះក្លិនវាក្រអូប ពេលហាលវាស្ងួត
កាន់តែក្រអូបឡើង …មិនដឹងនៅរកបានទៀតរឺអត់ទេ !
ឡើយសិនហ៊ា 😀
ស្មៅក្រអូប? មិនស្គាល់ផង! តែបើឲ្យច្នៃអាចធ្វើបាន! យកស្មៅយកទៅហាលឲ្យស្ងួត ហើយបាញ់ទឹកអប់ ទីបំផុត យើងបានស្មៅក្រអូប… ឡឡឡឡឡ
សួស្តីបងស្មៅ! ខ្ញុំបាទទើបតែស្គាល់វើតប្រេសទេ តែចែដន្យវាសនាបានស្គាល់ផ្ទះបង។ ពិតជារំភើបចិត្តណាស់ខ្លាំងណាស់ដែលបានឈានជើងចូលផ្ទះរបស់បង។ ផ្ទះរបស់បងពិតជា កក់ក្តៅ និង មានប្រយោជន៏ច្រើនមែន។សូមរាប់អានខ្ញុំផងណា!
រីករាយដែលបានស្គាល់ប្អូនចម្លែកៗៗ!
ពេលអានកំណាព្យក្នុងប្លក់នេះហើយខ្ញុំហាក់ដូចមានអារម្មណ៍អណ្តែតអណ្តូងនឹកឃើញ នូវដំណើរជីវិតដែលបានជួបប្រទះកន្លងមក។ តែខ្ញុំមានសំនួរមួយតើ «ស្មៅ» ស្គាល់លោក ខូ តារារិទ្ធិរបៀបណាដែរ? ព្រោះគាត់ជាមិត្តភក្តិបងស្រីខ្ញុំ។
ស្គាល់គាត់ចៃដន្យ តាមអ៊ីមេលទេ។ អាចចាត់ទុកជានិស្ស័យ! ស្គាល់គាត់បានពីរឆ្នាំនេះឯង!
ពិតជាចៃដន្យមែន។ មើលទៅ ស្មៅ ហាក់ដូចជាផ្តោតសំខាន់លើឈ្មោះនីមួយៗនិងអត្ថន័យវាណាស់។
រាល់ឈ្មោះសុទ្ធតែមានប្រវត្តិ ការវិវត្ត និងអត្ថន័យដែលធ្វើឲ្យឈ្មោះកាន់តែមានសារៈសំខាន់ចំពោះមនុស្សម្នាក់។ ពេលខ្ញុំជួមមិត្តថ្មីខ្ញុំតែងសួរឈ្មោះនិងសួរគេថាតើឈ្មោះអ្នកមានន័យដូចម្តេច? តែស្មៅបានបង្ហាញអស់ហើយ។ ចឹងមិនចាំបាច់សួរដែរ។ រីករាយណាស់ដែលបានស្គាល់។
ការដាក់ឈ្មោះ ក្រៅពីសម្រាប់សម្គាល់អត្តសញ្ញាណរបស់បុគ្គលម្នាក់ វាក៏ជាគ្រឿងសម្រាប់សម្គាល់បុគ្គលិកលក្ខណៈរបស់បុគ្គលអ្នកដាក់ឈ្មោះផងដែរ។ ដូចជាឈ្មោះពីរដែលម្តាយខ្ញុំដាក់ឲ្យចឹង ឈ្មោះ មួយទន់ភ្លន់ ដោយសង្ឃឹមថា ខ្ញុំនឹងអាចក្លាយទៅជាមនុស្សស្រីម្នាក់ ដែលទន់ភ្លន់់ រាបសារ និងអាចធ្វើជាគំរូរបស់គេបាន។ រីឯឈ្មោះមួយទៀត គឺបង្កប់នូវអត្ថន័យរឹងមាំ និងមានតម្លៃ។ កើតមកជាមនុស្ស ត្រូវតែរឹងមាំ បើដួលហើយ ត្រូវតែចេះក្រោកឈរ ហើយត្រូវតែធ្វើជាមនុស្សឲ្យមានតម្លៃ ទើបគួរ…
ឈ្មោះក្រៅរបស់Rain ហេហេ… ដូចទៅនឹងឈ្មោះក្រៅរបស់មិត្តខ្ញុំម្នាក់ តែមិនដឹងថា មូលហេតុដែលដាក់ឈ្មោះចង់ មិនដឹងជាដូចគ្នាឬអត់។ មិត្តខ្ញុំម្នាក់នោះ គេថា មូលហេតុដែលគេថាឈ្មោះចឹង ព្រោះគេគិតថា គេជាមនុស្សប៉ិនយំហើយ តែនៅមានអ្នកប៉ិនយំជាងគេទៅទៀត នោះគឺភ្លៀង។ ចុះចំណែកយើងវិញ តើមូលហេតុអីដែរ ដែលបណ្តាលឲ្យចិត្តចង់ដាក់ឈ្មោះបែបនេះ?
តាមពិតពេលដែលខ្ញុំកើតមកគឺនៅចំពេលភ្លៀង បានជាលោកយាយខ្ញុំហៅថា «ភ្លៀង» គ្មាននរណាម្នាក់បកស្រាយអត្ថន័យឈ្មោះនេះអោយខ្ញុំស្តាប់ទេ។ តែពេលមួយក្រោយពីបូកសរុបនូវអ្វីដែលឆ្លងកាត់កន្លងមក ឈ្មោះភ្លៀងនេះ សំដៅលើភ្លៀងដែលធ្លាក់នៅក្នុងទីក្រុងព្រោះខ្ញុំកើតនៅក្រុង។ តើស្មៅធ្លាប់សង្កេតឃើញការយល់ឃើញខុសគ្នារវាងភ្លៀងទីក្រុងនិងភ្លៀងជនបទដែររឺទេ? ការពិតភ្លៀងតែងតែមានបំណង់ល្អចង់ឲ្យមនុស្សមានភាពត្រជាក់ត្រជុំប៉ុន្តែអ្នកទីក្រុងមិនសូវពេញចិត្តភ្លៀងប៉ុន្មានទេដែលខុសពីអ្នកជនបទ។ សរុបទៅភ្លៀងជាអ្នកដែលមានបំណងល្អតែ មិនមែនបានន័យថាគ្រប់ទង្វើសុទ្ធតែបានផលល្អនោះទេ។ ដូចនេះវាអាស្រ័យទីតាំងគេស្ថិតនៅ និងមនុស្សដែលគេនៅក្បែរ។
ភិរុណ បកស្រាយអត្ថន័យឈ្មោះរបស់ខ្លួន ហាក់ដូចជាធ្លាប់ខកចិត្តច្រើនដងអ៊ិចឹង ចំពោះអ្វីដែលគេមិនយល់ពីបំណងល្អរបស់ខ្លួន។ តែឲ្យតែយើងឧស្សាហ៍បង្អុរភាពត្រជាក់់ត្រជុំមក មិនប្រាកដថា គេមិនទទួលយកបំណងល្អរបស់យើងរហូតទេ ដូចជាខែនេះចឹង ក្តៅណាស់ ចឹងភិរុណ ឆាប់បញ្ជាកូនចៅ ឲ្យបង្អុរភ្លៀងមួយមេមក 😀
ស្វាគមន៍ជាថ្មីណាស្មៅ (ផ្កាយដុះកន្ទុយ) !
អរគុណបង! នឹកបងណាស់!
អរគុណហើយស្មៅអើយ។
ពេលរដូវភ្លៀងមកដល់ប្រាកដជាមានភ្លៀងធ្លាក់ ត្រជាក់ដីមិនខាន។
ថាមិនត្រូវក្រោយភ្លៀងមានឥន្ធនូឲ្យគយគន់ទៀតផង។
ឥន្ទធនូ! ខ្ញុំខានឃើញវាយូរហើយ។ ពិតជានឹកដល់ ទេសភាពដ៏ត្រកាលនោះណាស់! ខ្ញុំនឹកដល់ឥន្ទធនូ!
ក្រោយភ្លៀងមេឃស្រលះ ជះពន្លឺឥន្ធនូមិនខាន។
តែមិនប្រាកដថា មនុស្សមានសំណាងបានឃើញវាគ្រប់គ្នានោះទេ…
ប្រហែលហើយ។ មនុស្សយើងពេលខ្លះបានមើលរំលងសម្រស់ធម្មជាតិ។
ទាល់តែអ្នកមានចិត្តចង់ឃើញ ទើបអាចគយគន់សម្រស់វាប្រកបដោយក្តីសោមនស្ស។
ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ ខ្ញុំនឹងមានសំណាងបានឃើញវាម្តងទៀត។ មិនមែនឃើញតែតាមរូបភាព និងរូបថតនោះទេ គឺឃើញឥន្ទធនូដ៏ពិតប្រាកដមួយ…
ឥន្ទធនូ ខ្ញុំអាចធ្វើវាបាន តើចង់បានទំហំប៉ុណ្ណាដែរ? ប៉ុនឆ័ត្រ រឺប៉ុនផ្ទះ? ខ្ញុំរៀនតាមចំនេះជប៉ុន ដែលគេប្រាប់គន្លឹះបង្កើតឥន្ទធនូ ^_^
ពិតមែនឬ? សុំរៀនដែរមក? ឬក៏ធ្វើឲ្យក៏បាន 🙂
ដាក់ប្រកាសជាពិសេសសំរាប់បុផាសួនផ្ការីករាយ អាចចូលទៅមើលផ្ទះខ្ញុំបានហើយ
ចឹងខ្ញុំហោះទៅហើយ! ចាំមួយភ្លែត!
ខ្ញុំធ្លាប់ឃើញ ធ្លាប់ជួបប្រទះហើយ ឥន្ទនូនោះ បានថែមទាំងប៉ះវាទៀតផង កណ្តាលថ្ងៃនៅស្រុកខ្ញុំឯនេះ អស្ចារ្យមេន ឃើញខៀងលឿងបៃតង ពណ៌ចំរុះស្អាតល្អអស្ចារ្យ ចំឡែកមែនថ្ងៃនោះ កំពុងតែដើរយាមល្បាត នៅផ្សារមួយកណ្តាលក្រុងតែម្តង ប៉ុន្តែ ប៉ុន្តែ ប៉ុន្មានអាទិត្យក្រោយមក មានឡានគេមួយបានបើក ទៅបុកចំ ដើមឈើដែលឥន្ទនូចុះហ្នឹងស្លាប់ទៅ ចំឡែកមែន ផ្លូវហ្នឹងមិនជាផ្លូវបើកលឿនណាស់ទេ ល្មមៗ ប្រហែលជា ៦០-៧០ គីឡូម៉េត្រក្នុង ១ ម៉ោង កន្លែងនោះហើយ ក្មេងៗស្រី ៗជំទង់ នាំគ្នាដេញចាប់ខ្ញុំថើប រត់មិនរួច ដល់តែ ហៅប៉ូលិសអោយជួយ 🙂 មិនបានទេ វាមានកាម៉ារ៉ា អាមួយអ្នកថត អាមួយអ្នកចាប់ ថ្ងៃក្រោយ វាយករូបថតមកអោយមើលទៀត អត់ទាស់តាហ្មង។៚…
ហាហា… យល់សប្តិយល់សូង! ហាហា
រឿងពិតតើ ម៉េចថាយល់សប្ត ? រត់មែនទែន ភ័យចង់ងាប់ ថាយល់សប្តទៀត នេះបានចំជាស្មៅ…មែន !
ចង់បោកក្មេងផងហ៎? បើចង់បោក គួរតែយកស្ករគ្រាប់មកជាមួយផងបង!
ចង់បោកអីទៅ ស្មៅ បើមិនទាន់បានដកផងនោះ ? (ដូចដកសំណាបនោះអី !) មានអីខ្វះស្ករគ្រាប់នោះ ចាំផ្ញើរឱ្យ ៥ កញ្ចប់ សម្រាប់លួងចិត្ត 🙂 តាមពិតមិនទាន់បានរៀនបោកនៅឡើយទេ បើខ្ញុំចេះបោកចាំភ័យ !
យី ការពិតជាផ្កាយដុះកន្ទុយ អ្នកស្រុកអ្នកភូមិចាស់តើនៀក ក្នុងផ្ទះខ្ញុំមានតំណរភ្ជាប់ដែរ ចឹងទើបចូលលេង រកផ្ទះមិនឃើញសោះ។ 😀
ឥឡូវរកឃើញហើយតើ បងផាត 😀
បាទ 😉
តែប្លក់មុនឡូយជាង។ មិចមិនបើកវាប្រើវិញទៅ បង្កើតថ្មីធ្វើអី?
ខឹងមួយឆាវ បញ្ចេញកំហឹងមួយឆាច់ អស់រលីង… ហេហេ… ខ្ញុំលុបចោលហើយហ្នឹង រកវិញម៉េចបាន…
យីស..
ខឹងអីក៏ដល់ថ្នាក់នឹង?
មិនដឹងទេ! ឆេវឆាវមួយពេល ហើយក៏ចង់លុបវាចោលផង!
សុំសួស្តីមួយ!
អត់ឲ្យសួស្តីទេ បើសុំចឹង! ហេហេ សួស្តីបងគឹមចាន់! រីករាយដែលបានស្គាល់!
ha ha…ហៅឈ្មោះខ្ញុំ ចំៗ ម៉ង! ហា ហា!
ស្មៅ អី ឯណាទៀតហើយ? រញ៉េរញ៉ៃណាស់ ផ្កាយ …
ដូរឈ្មោះ ដូរប្លក់ច្រើនដល់ហើយនៀក មិនដឹងសោះថាជាអ្នកភូមិចាស់
ចិត្តច្រើន ចិត្តរាយមាយចឹងឯង ហះៗៗៗ