ទំព័រដើម
[អនាគត]: មានគេសួរខ្ញុំ ថាខ្ញុំបានអានសៀវភៅហ្នឹងអត់។ ដឹងថាខ្ញុំឆ្លើយម៉េចអត់? ខ្ញុំថាខ្ញុំអាន តែធាតុពិតខ្ញុំមិនបានអាន។ មានអីម៉្យាងដូចជាសិល្ប៍ចឹង ស្រាប់តែនាំខ្ញុំមកដល់វិទ្យាល័យ វិទ្យាល័យដែលខ្ញុំធ្លាប់រៀន។
[បច្ចុប្បន្ន]: កំពុងតែឆែកមើលថតតុ។ កុំរំខាន ហើយក៏កុំសួរ។ គ្រាន់តែមើល ថាថ្នាក់ព្រឹកមានភ្លេចអីអត់? អូហូ! ឃើញហើយ! ឃើញមានបន្ទាត់ មានរបស់ញ៉ាំ មានប៊ិច ហើយក៏មានសៀវភៅ។ សៀវភៅមួយក្បាល ហើយខ្ញុំក៏បើកមើល ហើយក៏ឃើញមនុស្សម្នាក់កំពុងតែរត់។ ម្នាក់នោះគឺជាស្រី ហើយស្រីម្នាក់នោះ គឺដូចជារូបខ្ញុំ។
[អតីត]: អីយ៉ាស់! ម៉េចក៏ស្រាប់តែរត់ចឹង? រត់ហើយ រត់ទៀត មិនដឹងពេលណាឈប់។ គួរតែឈប់ពេលនេះល្អទេ? អូហ៍ទេ! មួយ ពីរ បី មានមនុស្សបីនាក់កំពុងតែដេញខ្ញុំ។ ហេតុអីបានដេញ? ហេតុអី? ខ្ញុំសួរខ្លួនឯង។ ខ្ញុំឈប់។ ពួកគេក៏ចាប់ខ្ញុំ។ ខ្ញុំក៏ស្រាប់តែមានអារម្មណ៍ថាខ្លួនជាស្រីស្អាតមួយរំពេច។ ហ្នឹងហើយស្អាត! ហើយលើសពីស្អាត គឺមានមុនស្នេហ៍! ខ្ញុំព្រិចភ្នែកដាក់ពួកគេ ហើយខ្ញុំក៏ញញឹមដាក់ពួកគេ។ ពួកគេភាំង។ «ស្អីគេ?» ជាសំណួរដែលពួកគេសួរខ្ញុំ ប៉ុន្តែដូចជាអត់សួរ។ ខ្ញុំស្រែក៖ «ប្រយ័ត្ន!!!»។ ពួកគេក៏ងាកមើលទៅតាមទិសដៃដែលខ្ញុំចង្អុល។ គ្មានឃើញអីទេ! បើឃើញគឺឆ្កួតសុទ្ធ! ទម្រាំតែដឹងថាចាញ់បោក ខ្ញុំរត់បានបួនប្រាំគីឡូទៅហើយ! ហាហា
បួនប្រាំគីឡូអី មិនបានប៉ុន្មានសង់ទីម៉ែត្រផង ខ្ញុំស្រាប់តែភ្លាត់ជើងផ្កាប់មុខទៅស៊ីភក់។ អាភក់ចង្រៃ! នៅណាមិននៅ មកនៅហ្នឹង! ភាពជាស្រីស្អាតរបស់ខ្ញុំរត់បាត់ ភាពជាកូនទារូបអាក្រក់ក៏ប្រញ៉ុកចូល។ ខ្វាក! ខ្វាក!
ប្រសិនបើមានទេវបុត្រមកជួយខ្ញុំ… ទេវបុត្រ… ទេវបុត្រ… ទេវបុត្រនោះ ខ្ញុំនឹងរៀបការជាមួយ។ ប៉ុន្តែវាអត់ដូចក្នុងរឿង តើមានទេវបុត្រមកពីណាមក? បើមាន នោះខ្ញុំក៏មិនត្រូវបានគេរំលោភដែរ។
[បច្ចុប្បន្ន]: ខ្ញុំបិទសៀវភៅ។ មានអារម្មណ៍ដូចជាចង់ស្ទះ។ មានរឿងអី? មានរឿងអីចេះ? តើស្រីម្នាក់នោះជានរណា? ខ្ញុំ? ខ្ញុំឬ? ខ្ញុំនៅក្នុងសៀវភៅ? ចុះខ្ញុំឥឡូវវិញ ជានរណា? តើនរណាជាខ្ញុំឲ្យប្រាកដ? មានមនុស្សដើរចូលមក។ ចូលមកក្នុងថ្នាក់។ មានសំឡេងស្រែកសួរ ថាខ្ញុំបានអានសៀវភៅហ្នឹងអត់។ ខ្ញុំឆ្លើយថាខ្ញុំបានអាន ប៉ុន្តែមានសំឡេងមួយទៀតថា មិនបានអាន។ ខ្ញុំក្រលៀសភ្នែកទៅរកសំឡេងនោះ ស្រាប់តែខ្ញុំឃើញមនុស្សម្នាក់។ ឃើញម្នាក់នោះហាក់ដូចជាឃើញខ្លួនឯងក្នុងកញ្ចក់។ ម្នាក់នោះគឺជាខ្ញុំម្នាក់ទៀត។
ហើយអង្កាល់បានចេញ?
សរសេរមិនទាន់ចប់ផង នៅគាំងស្ញេញ ហាហាហា