សេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម?
តាំងពីរៀននៅមធ្យមសិក្សាមក ខ្ញុំគិតយ៉ាងម៉េចក៏គិតមិនចេញ។ ហេតុអ្វីបានសេដ្ឋកិច្ចរបស់ប្រទេសយើងពឹងផ្អែកលើកសិកម្មទៅវិញ? តើដោយសារតែប្រជាជនភាគច្រើន ជាអ្នកស្រែចម្ការ អ្នកនេសាទឬ? បើចឹងពិតមែនឬ អ្នកស្រែចម្ការគួរតែជាអ្នកមាន។ ប៉ុន្តែធាតុពិតជាក់ស្តែង ឲ្យតែអ្នកស្រែចម្ការ ដឹងតែភាគច្រើនជាអ្នកខោមិនខោអាវមិនអាវ។ ខ្ញុំបានត្រឹមតែគិត និងមិនឯកភាព។
កសិករភាគច្រើនសុទ្ធតែជាមនុស្សវ័យកណ្តាល ដែលភាគច្រើនមិនចេះអក្សរ បន្ទាប់ពីសម័យពាក់អាវខ្មៅ។ នេះជាហេតុមួយ ដែលធ្វើឲ្យបច្ចេកទេសដាំដំណាំ និងចិញ្ចឹមសត្វក្នុងប្រទេសយើង នៅតែមានកម្រិត។ ទៀតសោត បច្ចុប្បន្ន ការប្រើថ្នាំសម្លាប់សត្វល្អិត… កំពុងតែផុសផុលយ៉ាងសម្បើម សម្រាប់ការដាំដំណាំរបស់ប្រជាកសិករយើង។ កសិករដែលមិនសូវមានចំណេះដឹង មានលក្ខណៈពឹងផ្អែក ទៅលើកត្តាធម្មជាតិ ធ្វើស្រែប្រវាស់មេឃ ដាំដំណាំប្រវាស់ថ្នាំ ធ្វើស្រែប្រវាស់បំណុល…។ ណាមួយសព្វថ្ងៃ មិនថាបន្លែត្រីសាច់ យើងកំពុងតែនាំចូលពីក្រៅយ៉ាងសកម្ម។ តើនេះវាពិតមែនជារឿងដ៏គួរឲ្យខ្មាស់អៀនទេឬ ដែលថាប្រទេសខ្លួនជាប្រទេសកសិកម្ម?
មិនត្រឹមតែប៉ុណ្ណោះ ប្រសិនបើប្រទេសយើងពិតជាប្រទេសពឹងផ្អែកលើកសិកម្មមែន ប្រទេសយើងគួរតែធ្វើការលើកកម្ពស់ឲ្យបានខ្លាំងទៅលើសុខុមាលភាពរបស់ប្រជាកសិករ។ អ្វីទៅជាសុខុមាលភាព? ចំណេះដឹង? ជំនាញ? សុខភាព? ធនធាន? ឱកាស? ការគាំទ្រ?… តើទាំងអស់នេះ ប្រជាកសិករយើងសព្វថ្ងៃមានហើយឬនៅ?
កាត់បន្ថយកំណើនប្រជាជនជួយដល់សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ?
តើភាពក្រីក្រ ភាពអត់ឃ្លាន ខ្វះស្បៀង គ្មានចំណីអាហារគ្រប់គ្រាន់ បណ្តាលមកពីប្រជាជនច្រើនឬ?
បើតាមសៀវភៅ«នយោបាយ និងបញ្ហាក្រពះ» របស់លោក អៀ ម៉េងទ្រី ឆ្នាំ១៩៧១ ដែលខ្ញុំទើបតែបានអាន គាត់លើកឡើងថា កំណើនប្រជាជនតែងកើនតាមចង្វាក់ ១ ២ ៤ ៨ ១៦ ៣២… ប៉ុន្តែចង្វាក់ផលិតកម្មកើនតាម ១ ២ ៣ ៤ ៥ ៦…. មនុស្សកើនរហ័ស ប៉ុន្តែស្បៀងកើនយឺត ការខ្វះស្បៀងគឺពុំអាចជៀសបាន។ ប្រសិនបើយើងពិតជាកាត់បន្ថយកំណើនប្រជាជនមែននោះ តើមានរឿងអ្វីកើតឡើង? ច្បាស់ជាប្រជាជនសកម្មនឹងមានការខ្វះខាត សំបូរមនុស្សចាស់ មិនសំបូរមនុស្សធ្វើការ។ ទីបំផុត សេដ្ឋកិច្ចក៏ដើរអត់បានល្អ ក្រនៅតែក្រ មិនក្រដដែល ក្រជាងមុនទៀត។
មនុស្សថ្វីត្បិតតែមានមាត់មួយសម្រាប់ញ៉ាំ ប៉ុន្តែក៏មានដៃពីរធ្វើការបង្កបង្កើនផលដែរតើ។ ប្រសិនបើដៃពីរនោះ បានទទួលការអប់រំ ការបណ្តុះបណ្តាល ហ្វឹកហាត់ត្រឹមត្រូវ តើមានអីខ្លាច? ដៃពីរ ចង់ចិញ្ចឹមមាត់១០ ឬក៏១០០ក៏បានដែរ។
ជំនួយពិតជាជួយការអភិវឌ្ឍន៍?
ប្រទេសយើងខ្វះនេះខ្វះនោះរហូត។ ឃើញតែបានជំនួយពីអ្នកនេះពីអ្នកនោះ ធ្វើផ្លូវ ធ្វើស្ពាន ធ្វើថ្នល់។ តើគេពិតជាជួយអស់ពីចិត្តមែនឬ? អត់សំណងមែនឬ? ឬគ្រាន់តែជារបាំងបាំងភ្នែកសំណូក?
មានទ្រឹស្តីមួយថា បើយើងចង់បានអីមួយ យើងត្រូវតែហ៊ានខាតបង់អីមួយបានបាន។ ឃើញតែជំនួយៗ តែគេកេងប្រវ័ញ្ចផ្នែកសេដ្ឋកិច្ច។ យើងចេញថោក ចូលថ្លៃ។ គេមិនត្រឹមតែជួយផ្តល់ជំនួយទេ ថែមទាំងជួយទិញវត្ថុធាតុដើមក្នុងតម្លៃថោកៗទៀតហ្ន៎។ ដើម្បីជាគុណសងត្រឡប់មកវិញ យើងជួយទិញទំនិញគេក្នុងតម្លៃថ្លៃៗ ដូចជាផលិតផលឧស្សាហកម្ម បច្ចេកវិទ្យា អេឡិកត្រូនិចជាដើម។ បើគិតជាលុយ យើងខាតសុទ្ធ ខាតអស់ប្រាក់រាល់លានដុល្លាក្នុងមួយឆ្នាំៗ ច្រើនជាងជំនួយដែលទទួលបាន។ បើគិតជាបញ្ញា យើងល្ងង់សុទ្ធ ឲ្យគេប្រើ ឲ្យគេយកជាអាយ៉ងផ្នែកសេដ្ឋកិច្ច។
ថ្វីត្បិតតែយើងក្រមែន តែយើងក្រគួរតែមានគំនិត។ គេជួយច្រើនហើយ យើងល្មមតែអាចរៀនក្រោកឈរខ្លួនឯងខ្លះៗទៅ។ ត្បិតពេលខ្លះជំនួយវាសំខាន់ តែយើងក៏ត្រូវការឲ្យគេគោរព និងឲ្យតម្លៃយើងដែរ។
តើអ្វីទៅជាការអភិវឌ្ឍប្រកបដោយប្រសិទ្ធិភាព និងនិរន្តរភាព?
សំណួរនេះ គួរគិតខ្លួនឯង ឆ្លើយខ្លួនឯង។ សម្រាប់ខ្ញុំ ខ្ញុំគិតថា វាជាការអភិវឌ្ឍមួយដែលផ្តល់ផលយូរអង្វែង មិនធ្វើឲ្យមនុស្សពិបាកចិត្ត។ ប្រទេសខ្ញុំរីកចម្រើនមិនសំដៅទៅលើសំណង់អគារខ្ពស់ៗស៊ីវិល័យនោះទេ។ ប្រទេសខ្ញុំរីកចម្រើន កាលបើណាឃើញប្រជាជនម្នាក់ៗរស់នៅយ៉ាងសប្បាយចិត្ត ពេញចិត្តនូវអ្វីដែលខ្លួនមាន មានសុខភាពល្អ ចំណេះដឹង មានការងារធ្វើ មានមោទនភាព ហើយមនុស្សម្នាក់ៗចេះស្រលាញ់គ្នា ចេះសាមគ្គីគ្នា ចេះស្គាល់តម្លៃ។
ដើម្បីជាតម្លាភាព ដើម្បីអភិវឌ្ឍចំគោលដៅ រដ្ឋាភិបាលមុននឹងសម្រេចចិត្តចង់អភិវឌ្ឍអ្វីមួយ គួរតែធ្វើការពិភាក្សាជាមួយប្រជាជនជាមុនសិន។ នេះបើផ្អែកទៅលើគោលការណ៍ប្រជាធិបតេយ្យ ប្រជាជនជាធំ។ តើប្រជាជនឲ្យនិយមន័យលើការអភិវឌ្ឍយ៉ាងដូចម្តេច? តើប្រជាជនចង់អភិវឌ្ឍអ្វីបំផុត? វាច្បាស់ណាស់! មិនថាអ្នកមាន អ្នកក្រ ចម្លើយចេញមកសុទ្ធតែចង់បានលុយ! ចឹងធ្វើម៉េចឲ្យប្រជាជនម្នាក់ៗមានលុយចាយ? ការចាយលុយមិនសូវមានគម្លាត រវាងអ្នកមាន និងអ្នកក្រ? ហ៊ុលៗៗ… ខ្ជិលសរសេរទៀតណាស់។ អរគុណដែលបានអាន! រាត្រីសួស្តី!
មានន័យគ្រប់គ្រាន់សម្រាប់យកទៅពិចារណា វិភាគ ហើយថ្លឹងថ្លែង៕