៤ តុលា ២០១៤
ខ្ញុំយំជារឿយៗ ខ្ញុំយំនឹងរឿងដដែលៗ។ ខ្ញុំយំសួរខ្លួនឯង ហេតុអីបានតែងតែយំ? តើខ្ញុំយំ ដោយសារតែអាណិតខ្លួនឯងឬ? ឬមួយខ្ញុំយំ ដោយសារតែចង់ឲ្យគេអាណិត? ខ្ញុំយំតូចចិត្ត ហេតុអីបានជាគាត់តែងតែធ្វើដាក់ខ្ញុំបែបនេះ? ខ្ញុំមនុស្សតើ! ខ្ញុំចេះឈឺ។
ឥឡូវខ្ញុំអាយុ២៤ឆ្នាំហើយ តែគាត់នៅតែវាយខ្ញុំ នៅតែទាត់ធាក់បោចសក់ខ្ញុំដូចជាសត្វធាតុ។ តើខ្ញុំខុសអី? ខុសអីទៅ? ខុស! ខុសរហូត!
អូខេ! ខ្ញុំខុស! ខ្ញុំខុស ដែលខ្ញុំនៅតែមិនទាន់ស្លាប់។ ខ្ញុំខុស ដែលខ្ញុំនៅទ្រាំរស់នៅជាមួយគាត់។ ខ្ញុំខុស ដែលខ្ញុំនៅមានសតិខុសពីគាត់។ ខ្ញុំខុស ដែលខ្ញុំនៅតែអាណិតគាត់។ ខ្ញុំខុស ដែលខ្ញុំនៅតែស្រលាញ់គាត់។
ប៉ុន្តែ បើខ្ញុំស្លាប់ នោះរឿងទាំងអស់នឹងប្រែ។ ខ្ញុំនឹងលែងខុស ហើយខ្ញុំក៏លែងឮចេញពីមាត់មនុស្សម្នាថា ខ្ញុំខុសនេះ ខ្ញុំខុសនោះ។ ពួកគេនឹងស្ដាយ៖ «ហេតុអីគ្នាមិនរត់ទៅ? ហេតុអីទ្រាំនៅជាមួយមនុស្សបែបនេះធ្វើអី? បើខ្ញុំវិញ ខ្ញុំមិននៅទេ ឲ្យតែបែបនេះៗនោះ»។ ហើយពួកគេនឹងបន្ទោស៖ «ហេតុអីបានជាបងប្អូនសាច់ញាតិរបស់អ្នកផ្ទះនេះ ហេតុអីក៏ដាច់ចិត្តម៉េះ មិនអើពើ មិនយកចិត្តទុកដាក់ ចេះបណ្ដោយឲ្យគ្នារស់នៅជាមួយម្តាយឆ្កួតបែបនេះទៅកើត។ ឃើញទេ មនុស្សស្លាប់ហើយ តើបន្ទោសអ្នកណា? បន្ទោសមនុស្សឆ្កួតឬ?»៕