6 មតិ

ផ្នត់គំនិត​

១៩ កក្កដា ២០១៤

ខ្ញុំទើប​តែ​ក្រោក ឯភ្លើង​ក៏​ដាច់ បន្ទប់​ក៏​ងងឹត។ ហ៊ឺម! អារម្មណ៍​របស់​ខ្ញុំ​នៅ​តែ​មិន​សប្បាយ​ចិត្តដដែល​។ ខំ​ដេក​ទាល់​តែ​ណា​ណី​ហើយ នៅ​តែ​ដដែល។​ បើ​សិន​ជាអារម្មណ៍​មួយ​នេះ ជាបាល់ទាត់ ខ្ញុំនឹងទាត់​វា​ចូល​ក្នុង​ធុង​សំរាម​តែ​ម្តង។​

ខ្ញុំ​គិត តើ​សម័យ​នេះ​ជា​សម័យស្អី​ទៅ​ហើយ? ហេតុអី​មនុស្សស្រីចាំ​តែ​ខុស​រហូត​ចឹង? ខ្ញុំធុញ! ខ្ញុំស្អប់!

កាលនៅ​រៀន ខ្ញុំដើរ​ជាមួយ​មិត្តភក្តិ​ប្រុសៗ។ គេ​ឃើញខ្ញុំ គេថា​ខ្ញុំដើរ​ជាមួយ​ប្រុស​ឈ្មោល។ ខ្ញុំ​ធ្វើ​លំហាត់​ជាមួយ​​មិត្តភក្តិ​ប្រុសៗ គេ​ថាខ្ញុំ​មិន​គិត​រៀន​មិន​គិត​សូត្រ គិត​តែ​ពី​ញ៉ែ​គ្នាហ្នឹង។ លុះ​ខ្ញុំ​អង្គុយ​​រៀន​នៅ​វាល​ស្រែ​ហាត់​សន្ទនា​ជា​ភាសា​បរទេស គេថាពួក​ខ្ញុំ​អត់​កេរ្តិ៍​ខ្មាស់ មក​ញ៉ែ​គ្នា​កណ្តាល​វាល។ មាន​រឿង​ជា​ច្រើន ដែលខ្ញុំអន់​ចិត្ត។ តើ​មនុស្សស្រី មិន​អាច​មាន​មិត្ត​ភក្តិ​ប្រុស​បាន​ទេឬ?​

ខ្ញុំ​មិន​សូវ​ចូលចិត្ត​មាន​មិត្តភក្តិ​ស្រីៗទេ ព្រោះ​វាសាំ។ មានអារម្មណ៍​ថា​ស្រីៗ​ភាគ​ច្រើន​រញ៉េរញ៉ៃ និយាយ​តែ​រឿង​អត់ប្រយោជន៍។​ បើ​មិន​មែន​និយាយ​រឿងសង្សារ ក៏​រឿង​ក្រែមម្សៅ ​ម៉ូតខោអាវអី​ដែរ​ បើ​មិន​ចឹង​ទេ ក៏​និយាយ​ដើម​គេអ្នក​នេះអ្នក​នោះ​ហុយ​។ ខ្ញុំមិន​​ចូល​ចិត្ត។ បើ​រាប់អាន​មិត្តភក្តិស្រីៗ​បែប​នេះ តើខ្ញុំ​ចំណេញ​ស្អី​ទៅ?

គេ​ថា​ខ្ញុំ​រាប់​អាន​មិត្ត​ភក្តិ​គួរ​តែ​ចេះ​រើស។ ខ្ញុំ​រើស​ហើយ​តើ។ ឲ្យតែ​អ្នក​ណា​និយាយ​គ្នាស្រួល​ស្តាប់គ្នាបាន​ សុទ្ធ​តែមិត្តភក្តិខ្ញុំទាំងអស់។ មិត្ត​ភក្តិ​ តើ​ចាំបាច់​តែអ្នក​នោះ​រៀន​ពូកែ សម្បូរ​លុយ​ចាយ ​ជា​កូន​អ្នក​មាន​មុខ​មាត់​អី​ឬ? ចុះ​​អ្នក​ដែល​រៀន​មិន​ពូកែ មិន​មាន ចូល​ចិត្ត​ដើរ​លេង ឬ​ក៏​មាន​ឈ្មោះ​មិនល្អ តើ​មិនមាន​សិទ្ធិ​ក្លាយ​ជា​មិត្តភក្តិ​របស់​ខ្ញុំ​​ទេ​ឬ?​ តើ​ខ្ញុំ​មិនអាចមាន​មិត្ត​ភក្តិ​ជា​ស្រី​ឡង់សេ​បាន​​ទេ​ឬ? មិត្តភក្តិ​សុទ្ធ​តែ​ជា​រឿងនិស្ស័យ ខ្ញុំ​ជឿ​ចឹង។

ខ្ញុំទៅ​ដើរ​លេង​តែ​ឯង​នៅតាម​ខេត្ត គេថា​ខ្ញុំ​ចេះ​ចុះ។ កុហក ថាខ្ញុំ​ទៅរកប្រុស។ វា​មិន​ដែល​ នរណាទៅ​តែឯង ហើយ​ខ្លួន​ជា​ស្រី​ទៀត។ ហ៊ឺម! ចុះ​ខ្ញុំ​ទៅ​តែ​ឯង​មិនបាន​ឬ? លុយ​ខ្ញុំ ជើង​ខ្ញុំ ចិត្ត​ខ្ញុំ ថី​ខ្ញុំ​ទៅ​មិន​បាន? ស្រីៗ​ដើរ​លេងតែ​ឯង​មិន​បាន​ឬ? តើ​អ្នកណា​ជាអ្នក​កំណត់? ប្រាប់​មក ចាំខ្ញុំ​ទៅ​សួរ​រក​ខុស​ត្រូវ​ឲ្យ​ច្បាស់។​

ខ្ញុំ​ធុញ ខ្ញុំ​ស្អប់ នឹង​ការ​វាយ​តម្លៃ​របស់​មនុស្ស​ពួក​ធុន​នេះ និយាយឲ្យ​ចំ​មនុស្ស​គ្មាន​វិចារ​​ណញ្ញាណ​។ ចាំ​តែ​ពេប​ជ្រាយ​អ្នក​ដទៃ ចុះ​ខ្លួន​ឯង​មាន​បាន​ធ្វើ​ខ្លួន​ជា​គំរូ​គេ​ហើយ​ឬនៅ? ហើយ​ពេប​ជ្រាយ​អ្នក​ដទៃហ្នឹង មានដឹង​រឿងគេ​ច្បាស់​នៅ? ខ្ញុំស្អប់ សូម្បី​តែ​ទំនៀមទម្លាប់ សូម្បី​តែ​​ផ្នត់​គំនិត​ចាស់​គំរិល។ មាន​អារម្មណ៍​ថា​ វា​ខ្វះសមភាព ជា​ពិសេស​​សម្រាប់​មនុស្ស​ស្រី មាន​អារម្មណ៍​ថា​វា​គាបសង្កត់ មាន​អារម្មណ៍​ថា ​វា​ជារបារ​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្រី​មិនក្លាហាន មិនអាច​ងើប​ផុត​ពីចង្ក្រានបាយ​ ​ទៅ​មើល​ពិភពលោកដ៏​ធំ​ទូលាយ៕​

6 comments on “ផ្នត់គំនិត​

  1. មនុស្ស​មាន​មាត់​ចេះតែនិយាយហើយ។ គេ​ប្រកាន់គំនិតចាស់គំរិល មិន​គិតថា​សម័យនេះ​ទៅណាមកណា​ឲ្យ​តែ​រីកចំរើន ឲ្យ​បាន​ចំនេញថវិការចំណេះដឹង សុទ្ធតែគួរហែកជ្រែក​គំនិតចាស់​ៗទាំងនោះ​ចេញមកពិភពខាងក្រៅ។ ខ្ញុំ​មាន​បញ្ហា​ពេល​ហៅមិត្ត​នារីទៅធ្វើការតាមខេត្ត ឬមិនដល់ ២០គីឡូពីភ្នំពេញផង ត្រូវសុំប៉ាម៉ាក់គេ ត្រូវនាំប្អូនប្រុសគេទៅជាមួយ ហ៊ើយហត់ចិត្តណាស់។ អ៊ីចឹង​បាន​មាន​ការងារអីមិន​ដែល​ហៅ​ស្រីៗទៅធ្វើការនៅខេត្ត ព្រោះពិបាកច្រើន។ តែមិត្ត​ធ្វើ​ត្រូវហើយ។ ពេលយើង​រីកចំរើន ទើបអ្នកថានោះគេ​លែងនិយាយ គេចំហរមាត់​មើល​វិញម្ដង។ ពេលនោះមានតែខ្យល់ទេ ចេញចូលមាត់គេនោះ។

  2. អូន សរសេរខុសមួយ “សាំ” មិនមែន “ស៊ាំ” ទេ។

  3. គិតបែបនេះចុះណា៎ គឺមកពីគេច្រណែននឹងពៅ ឃើញពៅមានបុរសៗចូលចិត្តច្រើន ហើយរាប់អានដោយស្មោះត្រង់ ច្រណែននឹងពៅ មានសេរីភាព មានឱកាស មើលពិភពលោក ច្រណែននឹងពៅ ដែលមានមនុស្សរាប់អានច្រើន ច្រណែននឹងពៅ ឃើញពៅល្បីឈ្មោះ ច្រណែននឹងពៅ ដែលបានអ្វីដោយងាយ ហើយគេប្រឹងចង់ស្លាប់ នៅតែមិនបាន។ ត្រូវដឹងណាអូន! បើគេមានអ្វីលើសយើង គេមិនមកច្រណែន គេមិនដើរនិយាយដើមយើងទេ។ 🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: