16 មតិ

យល់សប្ត

១៧ កក្កដា ២០១៤

យប់​មិញ ​ខ្ញុំ​ចូល​គេង​ក្រោយ​ម៉ោង១២ ហើយ​ម៉ោង​២ ខ្ញុំ​ស្រាប់តែភ្ញាក់នឹងទិដ្ឋភាព​ដ៏​គួរឲ្យរន្ធត់​មួយ​ក្នុងយល់​សប្ត។​

វា​ស្រពិចស្រពិល មិន​​ដឹង​គួរ​ចាប់​ផ្តើម​ត្រង់ណាមក​មុន​។ គ្រាន់តែ​ចាំ គឺ​ខ្ញុំបានទៅ​ដល់​ភូមិ​មួយដ៏​ដាច់ស្រយាល​​ពី​គេ​ឯង ហើយ​ជួប​មិត្ត​ភក្តិ​ចាស់ៗនៅ​ទីនោះ។​ ឆ្ងល់ណាស់ ពួកគេ​នៅ​តែដដែល មិន​ប្រែប្រួលសោះ។ ពួកគេ​មិន​ចេះ​ធំឬក៏​យ៉ាងម៉េច? ហេតុ​​អី​ក៏​ពួកគេ​នៅតែ​ជា​កូន​ក្មេង​ដដែល ឯខ្ញុំ​បែរជា​មុខ​ឡើងកញ្ចាស់តែ​ឯង? ហ៊ឺម! ​អត់​មាន​សមភាព​សោះ សូម្បី​តែ​យល់​សប្ត។

ខ្ញុំដើរ​ជុំវិញ​ភូមិ និង​សំណេះសំណាល​។ ប្រទះឃើញ​របស់​​ប្លែកៗ​។ ក្នុង​នោះ គឺ​ផ្ទះដែលគេ​រស់នៅ ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ជាង​គេ​។ ទាបៗ តូចៗ សម​ល្មម​តែ​នឹង​គ្រប​មនុស្ស ផ្ទះ​គេ​សង់​ហាក់ដូច​ជា​រោង​គេ​គ្រប​លើ​ផ្នូរខ្មោច។​

បន្តិចក្រោយ​មក ខ្ញុំ​ក៏​ស្រាប់​តែ​ឮ​សំឡេង​យំ។ ប្អូន​របស់មិត្ត​ខ្ញុំ​វា​យំ​ ព្រោះ​ក្រពះវា​កូរ។ វា​យំ យំ​ទាល់​តែមែន​ទែន ហើយ​ហេតុ​ចម្លែក​ក៏​ចាប់​មាន។ រាង​កាយរបស់​អាប្អូន​នោះ ក៏​ចាប់​ស្រក​សាច់យ៉ាង​រហ័ស ដូច​ជា​ប៉េងប៉ោង​ចេញ​ខ្យល់។ ខ្ញុំ​ភ័យ ខ្ញុំ​ស្លន់​ស្លោ។ ខ្ញុំ​សួរមិត្ត​ខ្ញុំ ថាមាន​ហេតុ​អ្វីកើត​ឡើង។ វា​ថា ផ្ទះ​វា​អត់លុយ អត់ចំណី អត់​មាន​អី​ញ៉ាំទេ។

ខ្ញុំ​ក៏​រត់​យ៉ាង​លឿន។ រត់​ទៅទិញ​នំ​ចំណី។ ខ្ញុំរត់ៗ ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​រត់​ទៅទិញ​ឯណានោះ​ទេ។ ​ខ្ញុំ​រត់ៗ ទើប​ខ្ញុំ​ដឹង​ថា ខ្ញុំ​កំពុង​តែ​រត់​លើ​វាល​មួយ​ដ៏​ល្ហល្ហេវ សូម្បីតែផ្ទះ និងភូមិមួយ​ក៏​គ្មាន​។ «តើខ្ញុំ​គួរតែ​ទិញ​នំ​ចំណី​នៅ​ឯណា?» នេះ​ជា​សំណួរ​ដែល​ខ្ញុំ​រត់​បណ្តើរ តឹង​ចិត្ត​សួរ​ខ្លួន​ឯង​បណ្តើរ។

ខ្ញុំ​មិន​ចូល​ចិត្ត​បកក្រោយ សូម្បី​តែ​ក្នុង​យល់​សប្ត​ក៏ដូច​គ្នា។ ខ្ញុំ​ចេះ​តែរត់ទៅ​មុខ ក្នុង​ចិត្ត​សង្ឃឹម​ថា នឹង​​ឃើញ​ភូមិ​មួយ។ ក្នុង​ចិត្ត​សង្ឃឹម​ថា នឹង​ឃើញ​កន្លែង​គេ​លក់​អី។ ក្នុង​ចិត្ត​សង្ឃឹម​ថា នឹង​ជួយ​អាប្អូនបាន​ទាន់​ពេល​វេលា។

មិន​យូរ ខ្ញុំក៏ត្រឡប់​មកវិញ ជាមួយនឹង​អាហារមួយ​ស្បោង​ធំ។ និយាយ​ឲ្យ​ត្រង់ ខ្ញុំ​អត់​ដឹងថា​​អាហារ​មួយ​ស្បោង​នោះ ខ្ញុំ​បានមក​ដោយ​យ៉ាង​ណានោះ​ទេ ហើយ​សូម្បី​តែ​ផ្លូវ​ត្រឡប់​មកវិញ ខ្ញុំ​ក៏​មិន​ដឹង​ថា​ខ្ញុំមក​របៀប​ណា​ដែរ​។ ខ្ញុំដឹង​តែ​ខ្ញុំ​បាន​ត្រឡប់​មក​វិញ។ ខ្ញុំ​ដឹង​តែ​ខ្ញុំ​រត់​យ៉ាង​ត្រហេប​ត្រហប​សំដៅទៅ​ផ្ទះ​របស់​មិត្ត​ខ្ញុំ។ មិត្តខ្ញុំ​ វា​អង្គុយ​យ៉ាង​ព្រងើយ ហាក់​ដូច​ជា​មិន​ខ្វល់​ស្អី។ ខ្ញុំ​សួរ​វា​ថា តើ​អាប្អូន​នៅ​ឯណា? ថី​មិន​មើល​វា? មិត្ត​ខ្ញុំឆ្លើយ​ថា ប្អូន​វា​នៅ​ណោះ ដោយ​យកដៃចង្អុល​ប្រាប់​ខ្ញុំ រួច​​វា​នាំ​ខ្ញុំ​ទៅ។​

ខ្ញុំចេះ​តែ​ដើរ​តាម ហើយក្នុង​ចិត្ត​ក៏​ចេះតែនឹកឆ្ងល់​ តែ​ខ្ញុំ​មិន​សួរ។ ខ្ញុំឆ្ងល់ ហេតុ​អី​ក៏​វា​ដាច់ចិត្តទុកប្អូននៅតែឯង​ចឹង។ ក្រែងប្អូន​វាឃ្លាន​នឹងចង់ដាច់​ពោះទៅ​ហើយ​ មែន​អត់? វា​ធ្វើ​បង​គេ​ របៀប​ណា​ហ្នឹង?

ខ្ញុំដើរ​តាម​វា ចេះ​តែឆ្ងាយទៅៗ។ អាមួយ​នេះ វា​ពិត​ជា​ដាច់ចិត្តមែន។ វា​ហ៊ានទុក​ប្អូនវា​ឲ្យ​នៅឆ្ងាយ​ម៉ា​មេឃ។ ឯង​ដើរ​តាម​វា​ពី​ក្រោយ នឹង​សឹង​ចង់​ដាច់​ជើង។ ឆ្ងាយ​ម៉េះ កាល​ណា​ដល់?

ទី​បំផុត​យើងក៏​ដល់។ ខ្ញុំ​ឃើញកន្ទេល​ជាច្រើន​ នៅ​ទីវាល​មួយ។ កន្ទេល​នោះ គេរុំ​ ហាក់​ដូច​ជា​រុំ​សាកសព។ មួយ ពីរ បី… នៅ​ណេះក៏មាន នៅ​ណោះក៏​​មាន។ ម៉េច​ក៏​ច្រើន​ម៉េះ? តើ​ខ្ញុំ​កំពុង​តែ​មើល​សាកសពគេ​ចោល​ហាលស្អុយ​ឬ?

មេឃស្រទំៗ វាលៗ ខ្យល់ៗ និង​កន្ទេល​រុំ​គរ​ចោល​​ឯណេះ​មួយ​កណ្ដុប ឯណោះ​មួយ​កណ្ដុប ទិដ្ឋភាពបែបនេះ​គួរ​ឲ្យ​ព្រឺ។ សំឡេង​មួយ​ស្រាប់​តែធ្វើឲ្យ​ខ្ញុំភ្ញាក់។ គឺសំឡេង​កន្ទេល​របើក។ មនុស្ស​ម្នាក់​ក៏​ស្រាប់​តែលេចចេញ​ពីក្នុងកន្ទេល​ ដង្ហោយ​មក​សុំអី​ខ្ញុំញ៉ាំ។ មនុស្ស​រស់​ទេ​អី មិន​មែន​មនុស្ស​ស្លាប់​ឯណា ដែល​គេ​ខ្ចប់រុំនៅក្នុង​កន្ទេល។

មិត្តខ្ញុំ​​​ហៅ​ខ្ញុំ៖ «អា​ប្អូន​នៅ​ណេះ! ចូរ​មកមើល​តិច​មើល៍!»។ ខ្ញុំ​ក៏​ដើរ​ទៅ​ជិត។ មិត្ត​ខ្ញុំ វាដាស់ប្អូនវា ដោយ​​យក​ដៃ​លា​កន្ទេល។ ទិដ្ឋភាព​ដ៏គួរ​ឲ្យចង់​ក្អួត​ក៏​កើត​មាន។

អា​ប្អូន​​​ មើល​ទៅ​ហាក់ដូច​ជា​ខ្មោច​ដែលកំពុង​តែ​រលួយ។ ឈាមហូរបាញ់​រសេច​រសាច​​ សាច់​រយះៗ លេចលានឆ្អឹង​ចេញ​មក។​ ដើមទ្រូង​វាផើត​ផតៗ។ វាប្រែ​ខ្លួនបែរមក​រកខ្ញុំ​មួយៗ។​

«អា​ប្អូន​កើត​ស្អី​ហ្នឹង? ខ្ញុំទៅ​តែ​ម៉ា​ភ្លែត​សោះ ម៉េចក៏ចឹងទៅ​ហើយ?» ខ្ញុំ​សួរ​បែប​ស្លន់​ទៅ​មិត្ត​ខ្ញុំ។​ មិត្ត​ខ្ញុំ​មិនឆ្លើយ។ វា​ប៉ះ​ប្អូន​វា ហើយ​ក៏​ដាច់​សាច់​មួយ​ចម្រៀកចេញ​មក​។ វាហៅ​ខ្ញុំ៖ «តោះ​មក​ញ៉ាំជាមួយ​គ្នា!»៕​

16 comments on “យល់សប្ត

  1. ថ្ងៃណាមួយពេល​ដែល​ពិភពលោក​សោះកក្រោះទៅដោយសារ​ដៃមនុស្ស អ្វីៗដែលយើង​ធ្លាប់​រំពឹង​ថា​នឹង​ធ្វើ​ឲ្យ​រស់​នឹង​រលាយ​បាត់​បង់ទៅ ហើយ​មនុស្ស​នឹង​ស៊ីមនុស្ស​ជា​អាហារ​មិនខានទេ។

  2. ហើយស្រលាញ់ Theme ហ្នឹងមែនទេ បានអត់ដូរសោះ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: