១៦ កក្កដា ២០១៤
នេះគ្រាន់តែជាអារម្មណ៍សំណល់ សល់ពីប៉ុន្មានថ្ងៃមុន…
ឲ្យតែជួបស្ថានភាពបែបហ្នឹង គឺខ្ញុំតឹងចិត្តតែរហូត។ អង្គុយនៅស្ងៀមប៉ុន្មានម៉ោង ស្តាប់គេនិយាយ ស្តាប់គេប្រកែកគ្នាតាមទម្រង់ការទូត។ អារម្មណ៍បែបនេះ ធ្លាប់ជួបទេ? អារម្មណ៍ងងុយដេក តែលួចបិទភ្នែកមិនបាន។
«អនាគតអក្សរសិល្ប៍ខ្មែរ» តើអាចមានអនាគតទេ បើសិនជាម្នាក់ៗគិតតែរៀងៗខ្លួន? ចង់ឈ្នះតែរៀងៗខ្លួន? យកគំនិតខ្លួនឯងជាធំ?
តើអ្នកគិតថាឥន្ទធនូមានរាងយ៉ាងម៉េចទៅ? មានរាងជាកន្លះរង្វង់ដូចដែលឃើញសព្វថ្ងៃឬ? ការពិតទៅ ឥន្ទធនូ វាមានរាងជារង្វង់មូលពេញតែម្តង បើសិនណាយើងមើលវាពីទីខ្ពស់មួយ ដែលខ្ពស់ជាងវា។
បើសិនជាយើងចង់បណ្តុះគ្រាប់ពូជថ្មី តើដីដ៏រឹងហាប់ណែន អាចជាទីពឹងសម្រាប់គ្រាប់ពូជបានទេ? ខ្ញុំដឹង ថាចម្លើយអ្នកនឹងឆ្លើយទេ។ ខ្ញុំក៏ឆ្លើយថាទេដូចគ្នា។ ដូច្នេះ ដំណោះស្រាយ មានតែយកដីនោះមកកាប់ឆាយ ឬក៏ភ្ជួររាស់។ បើមិនចឹងទេ ធ្វើម្តេចនឹងអាចឲ្យទឹកជ្រាបចូលដីនោះបានយ៉ាងល្អ? ហើយពន្លកនឹងដុះមកយ៉ាងល្អនោះ?
ចំណេះដឹងរបស់មនុស្សក៏ដូចគ្នា។ ចំណេះដឹងរបស់មនុស្សមានកម្រិត។ មិនសំខាន់ថា អ្នករៀនសូត្រដល់ថ្នាក់បណ្ឌិត ឬក៏មានកេរ្តិ៍ឈ្មោះសុះសាយនៅក្នុងសង្គមនោះទេ សូមកុំប្រកាន់ខ្លួនជាដីដ៏រឹងហាប់ណែន បើមិនចឹងទេ ចំណេះដឹងដែលប្រៀបដូចជាតំណក់ទឹកនោះ ធ្វើម្តេចនឹងអាចងាយជ្រាបចូលបាន? ធ្វើម្តេចនឹងអាចឲ្យពន្លកថ្មីដុះលូតយ៉ាងងាយស្រួលបាន?
វាគ្រាន់តែជាអារម្មណ៍សំណល់… សុំទោស ប្រសិនបើអានទៅ វាជាអារម្មណ៍ប្រដៅ…
មិនដឹងអ្នកណាទេ ថាចង់ឈប់សរសេរអីនេះអីនោះ ហាហាហាហា
ថាចេះតែថា តែថាមិនដូចធ្វើ… រអ៊ូដដែល… នេះហើយជាអត្តសញ្ញាណខ្ញុំ! 😀