បញ្ចេញមតិ

មនុស្ស​គម្រក់​

«មនុស្ស​គម្រក់» ជា​រឿង​មួយ ដែល​ខ្ញុំ​សរសេរ​យូរ​ហើយ កាល​ពី​ប៉ុន្មានឆ្នាំ​មុន។ ចាំ​បាន​ថា ខ្ញុំ​ប្រឌិត​រឿង​នេះឡើង​ ដោយ​ផ្អែក​លើ​តថ​ភាព​មួយ​ ដែល​ខ្ញុំ​ទទួល​បានពី​​មិត្ត​ម្នាក់…

 

មនុស្ស​គម្រក់

ខ្ញុំ​ធ្លាប់​មាន​ប្រពន្ធ មាន​កូន… តែ​ខ្ញុំ​មិន​បាន​បំពេញ​តួ​នាទី​​​ធ្វើ​ជា​ប្តីល្អ​ ឪពុក​ល្អ​ម្តង​ណា​ឡើយ​។​ ​អ្វី​ដែល​ខ្ញុំ​អាច​បំពេញ​តួនាទី​ល្អ​ជាង​គេ​នោះ គឺ​​ទៅបន​​ល្បែង​​ជា​ប្រចាំ​។ ​ខ្ញុំ​តែង​យក​ប្រាក់​ដែល​ខ្ញុំ​រក​បាន​បន្តិច​បន្តួច និង​ញើស​ឈាម​របស់​ប្រពន្ធ​ខ្ញុំ​ ដែល​​ខំដើរ​​ទូល​លៀស​ហាល​លក់​យ៉ាង​ហត់​គឃឹក​នោះ​ មក​​បរិច្ចាគ​ឲ្យបន​​ល្បែង​​អស់​។ មួយ​ថ្ងៃៗ ខ្ញុំ​ឈ្នះ​បាន​តែ​ភាព​មួម៉ៅ ក្តៅ​ក្រហាយ​ យក​មក​ឲ្យ​ប្រពន្ធ​កូន​។

«ឲ្យ​លុយ​អញ​មកៗ ប្រយ័ត្ន​ត្រូវ…» នេះ​ជា​ពាក្យ​ដែល​ខ្ញុំ​ចូលចិត្ត​និយាយ​ជាង​គេទៅ​កាន់​ប្រពន្ធ​កូន​របស់​ខ្ញុំ។

នៅពេល​ដែល​​ប្រពន្ធ​ខ្ញុំពរ​ពោះ​ជិត​សម្រាល​កូន​ទី​​ប្រាំ ខ្ញុំ​បាន​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​​​​ស្រី​មេម៉ាយ​អ្នក​មាន​ម្នាក់​នៅបន​ល្បែង​​​។ នាង​មាន​អាយុ​ច្រើន​ជាង​ខ្ញុំ ល្មម​អាច​ឲ្យ​ខ្ញុំ​​​ហៅ​បងៗបាន។​ ​ តែ​ខ្ញុំ​មិន​​ខ្វល់! នាងស្រឡាញ់​ខ្ញុំ។ នាង​ចង់​​​​ចិញ្ចឹម​ខ្ញុំ។ ​​ពពែ​ដើរ​ចូល​មក​មាត់​តោ​ហើយ តើ​ឲ្យ​​តោ​បដិសេធ​ម្តេច​បាន?​ គឺ​ត្រូវ​តែ​ទទួល​ពពែ​នោះ​ដោយ​​ចង្កូម​​ពីរ​ ទើប​​ថា​​យើង​​​​មាន​សុជីវធម៌​។ ​

នាង​បាន​ចិញ្ចឹម​ខ្ញុំ​​អស់​មួ​យ​រយៈ ថា​យូរ​មិន​យូរ​ ថា​ខ្លី​មិន​ខ្លី​។ ក្រោយ​មក​ នាង​ស្នើ​សុំ​ខ្ញុំ​ ឲ្យ​រៀបការ​ជាមួយ​នាង។ ​​​នាង​ថា​ នាង​ក៏​គ្មាន​ប្តី​យូរ​ម​កហើយ​។ ឥឡូវ​នេះ គួរ​ដល់​ពេល​ដែល​នាង​មាន​ប្តី​​ត្រឹម​ត្រូវ​ហ្នឹង​គេ​ហើយ​។ នាង​ថា ខ្ញុំ​មិន​ចាំ​បាច់​ធ្វើ​អី​ទាំង​អស់។ ចាំ​តែ​ចូល​រោង​ ក្រាប​ផ្ទឹម​ទៅ​បានហើយ​។ ចំពោះ​រឿង​នេះ ខ្ញុំ​​ក៏​គិត​ដល់​ប្រពន្ធខ្ញុំ​ខ្លះៗ​ដែរ​។ ខ្ញុំ​អាណិត​នាង ព្រោះ​នាង​ខំ​ត្រដរ​រស់​យ៉ាង​កម្សត់​កម្រ​ជាមួយ​ខ្ញុំ​តាំង​តែ​ពីដើម​។ ខ្ញុំ​មិន​ដែល​ធ្វើ​​ជា​​ប្តី​ល្អរបស់​នាង​ម្តង​ណា​សោះ​។ កូន​ក៏​មិន​ជួយ​មើល រក​ស៊ី​ក៏​មិន​ជួយ​រក​ ហើយ​ឥឡូវ​នេះ នាង​ជិត​សម្រាល​កូន​ទៀត តើ​ខ្ញុំ​​គួរ​តែ​ប្រាប់​នាង​ក៏​មិន​ប្រាប់ ថា​ខ្ញុំ​នឹង​រៀប​ការ​ជាមួយ​នឹង​ស្រី​ថ្មី។​

ពិធី​មង្គល​ការ​របស់​ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម នៅពេល​ដែល​ប្រពន្ធ​ខ្ញុំ​សម្រាល​កូន​បាន​មួយ​ថ្ងៃ​ពីរ​ថ្ងៃ​។ ខ្ញុំ​ដឹង​ថា​ទង្វើ​នេះ វា​ពិត​ជា​អាក្រក់​ពេក​ហើយ​។ តែ​ឲ្យ​ខ្ញុំ​ធ្វើ​យ៉ាង​ម៉េច ដូច​ដែល​ដឹង​ហើយ​ ថា​ខ្ញុំ​ជា​មនុស្ស​ខ្ជិល ស្អី​ក៏​មិន​ចេះ​ធ្វើ​… ក្រៅ​ពី​ឧស្សាហ៍​លេង​ល្បែង​។ មុន​នឹង​ខ្ញុំ​ទៅ​រៀបការ​មួយ​ថ្ងៃ ខ្ញុំ​បាន​ទៅ​ប្រាប់​នាង​ថា៖

«ម៉ែវា! អញនឹង​រៀបការ​ជាមួយ​នឹង​​អ្នក​មាន​ហើយ​ ហើយ​គេ​ឲ្យ​អញ​បែក​ពី​ម៉ែ​វា​។ តើ​​ម៉ែ​វា ​ព្រម​បែក​ពី​អញ​អត់?…»

ប្រពន្ធ​ខ្ញុំ គ្រាន់​តែ​បាន​ឮ​ពាក្យ​នោះ​ភ្លាម​ ជេរ​បញ្ជោរ​ខ្ញុំ​ ដាក់​បណ្តាសារខ្ញុំ​។​ នាង​ថា ឲ្យ​ខ្ញុំ​ទៅ​ណា​ក៏​ទៅ​ចុះ​។ នាង​ម្នាក់​ឯង អាច​ចិញ្ចឹម​កូនៗ​រស់​ហើយ មិន​ចាំ​បាច់​មាន​មនុស្ស​អត់​បាន​ការ​ដូច​ជា​ខ្ញុំ​ក៏​បាន​ដែរ​ ហើយ​ហាម​ខ្ញុំ​ម​កជាន់​ផ្ទះ​របស់​នាង ហើយ​ហាម​​ឲ្យ​ខ្ញុំ​ លេច​មុខ​ឲ្យ​ពួក​កូនៗ​ឃើញ​ទៀត​។

«អាមនុស្ស​គម្រក់!» នាង​ជេរ​ខ្ញុំ។ សម​ហើយ​​ ដែល​នាង​ថា​ខ្ញុំ​បែបនេះ​។​

បន្ទាប់​ពី​​រៀប​ការ​ជាមួយ​នឹង​អ្នក​មាន​ ពេល​ខ្លះ​ក៏​​គេ​មិន​ឲ្យ​យើង​ទំនេរ​​នៅ​ស្ងៀមៗ​ដែរ​។ ​នាង​បាន​សុំ​បងប្អូន​ដែល​ជាប់​ខ្សែ​ស្រឡាយ​នឹង​អ្នក​ធំៗ ឲ្យ​ខ្ញុំ​ចូល​ទៅ​​ធ្វើ​ការ​។ គេ​ឲ្យ​ខ្ញុំ​ទៅ​ធ្វើ​ការ​​នៅ​ផ្នែក​បញ្ចូន​ស្បៀង​។ មិន​ចាំ​បាច់​ឲ្យ​ខ្ញុំ​និយាយ​ក៏​បាន​ ក៏​អ្នក​ដឹង​ថា​ខ្ញុំ​ធ្វើ​ការ​នៅកន្លែង​ណា​ដែរ។ មែនទេ?​

រាល់​ពេល​មាន​គ្រោះ​អាសន្ន ដូច​ជា​ភ្លើង​ឆេះ​ផ្ទះ ទឹក​ជំនន់ ​ខ្យល់ព្យុះ… ខ្ញុំ​តែង​មាន​ភារកិច្ច​​​ជា​​​អ្នក​បញ្ចូន​ស្បៀង​ឲ្យ​ទៅ​ដល់​តំបន់​គោល​ដៅ​។ ខ្ញុំ​គ្មាន​ចេះ​ធ្វើ​ស្អីគេ​ទេ​។ ការងារ​គេ​ឲ្យ​កាន់​ស្រួលៗ ក៏​មិន​ចេះ​កិបកេង​ឲ្យ​ធំ​ដុំ​ដែរ។​ ​ពេល​ខ្លះ កិប​បាន​តែ​ត្រី​ខ​ម៉ាយួរ។​

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ វា​ហាក់​ដូច​ជា​យីអ៊ុន​របស់​ខ្ញុំ​ធ្លាក់​ចុះ​ចឹង​។ នាង​មាន​​ប្រុស​ក្មេង​ៗ​បណ្តើរ​ហើយ ទាត់​ខ្ញុំ​ចោល​ សូម្បី​តែ​ឈ្មោះ​ជា​ប្តី​របស់​នាង​ទៀត​​ ក៏​ខ្ញុំ​គ្មាន​សិទ្ធិ​នឹង​ធ្វើ​។  ​​ត្រឹម​តែ​ប្រាក់​ខែ​ប៉ុន្មាន​រយ​ដុល្លា ក៏​ខ្ញុំ​គ្មាន​សិទ្ធិ​នឹង​ទទួល​បាន​ទៀត ព្រោះ​ការងារ​គេ​ជម្រុះ​បុគ្គលិក​អត់​បាន​ការ​ចោល ដូចជា​​រូប​ខ្ញុំ​។ ឥឡូវ​គ្មាន​ពាក្យ​ស្អី​ដែល​ត្រូវ​និយាយ សូម្បី​តែ​មុខ​ទៅ​ជួប​ប្រពន្ធ​កូន​របស់​ខ្ញុំ ក៏​ខ្ញុំ​គ្មាន​សិទ្ធិ​ដែរ​។ នៅ​លើ​លោក​នេះ តើ​​បង្កើត​រូប​ខ្ញុំ​​មក​ធ្វើ​អ្វី​ទៅ បើ​ខ្ញុំ​ជា​មនុស្ស​បែប​នេះ​?​

សៀមរាប ១៧ ធ្នូ ២០១០

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: