2 មតិ

ពី​រ​ខែ

២២ ឧសភា ២០១៤

ថ្ងៃ​នេះ កាល​ពី​ពីរ​ខែ​មុន ជា​ថ្ងៃ​ដែល​យើង​ទើបតែ​ស្គាល់​គ្នា។ ពួក​យើង​ស្គាល់​គ្នា​ តាម​រយៈសិក្ខាសាលាមួយ​​របស់​នូហាច នៅ​ឯសៀមរាប។

«​អ្នក​សម្រប​សម្រួល​កម្មវិធី​ស្អី​គេ​ អត់​សូវ​ហ៊ាន​មាត់​ក​ចឹង? អឹម​អៀនៗ ភ្នែក​ក្រឡាប់​ចុះ​ក្រឡាប់ឡើង ភ័យៗម៉េច​មិន​ដឹង​ទេ… យ៉ាប់​ម៉ង់!» នេះ​ជា​អារម្មណ៍​ដំបូងដែល​ខ្ញុំ​បានស្គាល់​គាត់ ខណៈ​ពេល​ដែល​យើង​ណែនាំ​ខ្លួនឲ្យ​​ស្គាល់គ្នា​ទៅ​វិញ​ទៅ​មក។

«ប្រុស​រំអួយ!» ជារហស្សនាម​ដែល​ខ្ញុំ​ដាក់ឲ្យ​គាត់ ពេល​ដែល​យើង​ចេញឡាន​ពី​ស្រុក​អង្គរ​ធំ មក​សៀមរាបវិញ នៅ​ថ្ងៃទី​មួយ​។ ខ្ញុំ​មិន​ដឹង​បុព្វហេតុ​ច្បាស់​ទេ ហេតុ​អីបាន​ជា​ខ្ញុំ​ហៅ​គាត់បែប​ហ្នឹង។ ចេះ​តែ​ដាក់​ឲ្យ​ទៅ ព្រោះគុំយូរ​ហើយ តាំង​ពី​ឃើញ​មុខ​ដំបូង ពូកែ​អឹមអៀន ហើយ​មិន​ដឹង​ធ្វើ​​ស្អីខ្លះ​​ទេ រអ៊ូ​ថា​ហត់ ទាំង​គេ​មិន​រអ៊ូ​ផង។​

«មិន​ដឹង​ថា​នរណា​រំអួយ​ នរណា​មិន​រំអួយ​ទេ​ពេល​នេះ​ ហេហេ» គេ​ថា​ឲ្យ​ខ្ញុំ​រំអួយ។ ចេះ​សំណាង​ទប់​ចិត្ត​ទាន់ កុំ​អី​ចាប់​ច្របាច់​ក​ឲ្យ​ស្លាប់ម៉ង់។

«អាកាសធាតុ​ក្តៅ បាយ​ក៏អត់​ទាន់​​ញ៉ាំ ហើយ​ឡើង​ភ្នំ​កណ្តាល​ថ្ងៃ​ត្រង់​ទៀត បើ​មិន​ធ្លាក់​អណ្តាត ទើប​ចម្លែក។» ខ្ញុំ​បាន​ត្រឹម​តែ​គិត តែ​ហា​មាត់​ត​មិន​រួច ព្រោះ​ខ្ញុំ​ពឹង​អាស្រ័យ​គេ ព្រោះ​តោង​គេ ដើរ​ឡើងភ្នំ។​ ស៊ូ​ទ្រាំ ចាំ​មើល​សង​សឹក​វិញ។ ហះៗៗ

ថ្ងៃ​ទី​ពីរ​នេះ ចាត់ទុក​ថា​សប្បាយ​ជាង​ថ្ងៃទីមួយ។​​ សប្បាយ​នឹង​ថត​រូប​លេង តែ​មិន​សប្បាយ​នឹង​ឡើង ​នឹង​ចុះភ្នំ​ទេ។ ភ្នំគូលែន​ ត្រង់​ភូមិ​សាស្ត្រព្រះអង្គជប់ ទេស​ភាពពិតជា​ស្អាត និង​ប្លែក។

នៅ​ពេលចុះ​ភ្នំ​ ពួក​យើង​​បាន​ដើរ​ទន្ទឹម​គ្នា​ស្តាប់កាស ស្តាប់​​ចម្រៀង​ម៉ា​បទ៖ «If I were a Boy»។ គេចូល​ចិត្ត​បទ​នេះ​ណាស់ គេ​ប្រាប់​ខ្ញុំ។ បាន​នៅ​ជិត​គេ​បែបនេះ ខ្ញុំ​មានអារម្មណ៍​ថា បេះ​ដូង​របស់​ខ្ញុំ​ចាប់​លោត​។

«មិន​មែនទេ! ប្រហែល​ជា​មក​ពី​ហត់​ពេក ទើប​បាន​ជា​វាលោត​ចឹង» ខ្ញុំ​គិត។

សិក្ខាសាលាក៏បាន​ចប់ ម្នាក់​ៗ​ក៏​ត្រូវ​វិល​ទៅ​កន្លែងដើម​វិញ។ បែ​ក​គ្នា​លើក​នេះ មិន​ដឹង​ជា​អាច​ជួប​គ្នា​ពេល​ណា​ទេ។

ពីរ​អាទិត្យ​ក្រោយ​មក​ គេ​ក៏​មក​សៀមរាបម្តង​ទៀត មក​ការ​បង​ប្អូន។ ពួក​យើង​ក៏​មាន​ពេលមួយថ្ងៃ ជិះ​កង់ដើរ​លេង​ជាមួយគ្នា។ ដើរ​លេង​ជាមួយគេបែប​នេះ ខ្ញុំរឹតតែ​អាច​ស្គាល់​គេបានច្រើន​ជាងមុន។​ ហើយ​ក៏​រឹត​តែ​ចូល​ចិត្ត​គេ​ជាង​មុន​ដែរ។​

ក្រោយ​មក​ទៀត ដល់​ពេល​ចូលឆ្នាំ ខ្ញុំ​ក៏​ចាប់​ផ្តើម​គិត ថា​តើ​នេះ​ជា​ទំនាក់​ទំនង​អ្វីឲ្យ​ច្បាស់​។ បើ​គ្រាន់​តែ​ជា​មិត្ត​ភក្តិ ខ្ញុំ​គួរ​តែ​បញ្ចប់​វា​ត្រឹម​នេះ និង​ធ្វើ​ខ្លួន​ឲ្យ​ត្រឹម​តែ​ជា​មិត្ត​ភក្តិ។ ខ្ញុំ​ដឹង​ថា​គេមាន​ចិត្ត​លើ​ខ្ញុំ ចំណែក​ខ្ញុំ​បែរ​ជា​មិន​ច្បាស់ ថា​តើវាជាអារម្មណ៍​ចូល​ចិត្ត ឬ​ក៏​ស្រលាញ់។ ខ្ញុំ​ខ្លាច​ខ្លួន​ឯង​មាន​អារម្មណ៍មិន​ប្រាកដ​ប្រជា​ទៅ​លើគេ ហើយ​ខ្លាច​ខ្លួន​ឯង​ធ្វើ​ឲ្យ​គេ​ឈឺ​ចាប់។

ខ្ញុំ​ក៏​សម្រេច​ចិត្ត​ផ្ញើ​សារ​ទៅ​ឲ្យ​គេ ប្រាប់គេ​ថា ខ្លួន​ខ្ញុំ​មិន​ច្បាស់ មិន​ដឹង​ចូល​ចិត្ត ​ឬ​ក៏ស្រលាញ់ យល់​ល្អ​ពួក​យើង​គួរ​តែ​ធ្វើ​ជា​មិត្ត​ភក្តិ​នឹង​គ្នា​ល្អជាង ព្រោះ​ខ្ញុំខ្លាច។​

ខ្ញុំ​ខ្លាច​ឈឺ​ ទីបំផុត​ខ្ញុំ​ក៏​ឈឺ។ អារម្មណ៍​បែប​នេះ វេទនា​ជាង​យំទៅ​ទៀត។ ពេញមួយ​យប់ ខ្ញុំដេក​មិន​លក់ ដេកគិតខ្វល់​តែ​រឿង​នេះ។ ឬ​មួយ​ខ្ញុំ​ស្រលាញ់​គេ​មែន​ឬ​ក៏​យ៉ាង​ណា?​

ព្រឹក​ឡើង ខ្ញុំ​ក៏​ផ្ញើ​សារទៅ​ឲ្យ​គេ និង​ទុក​ឲ្យ​គេ​ជា​អ្ន​ក​សម្រេច​ អំពី​ទំនាក់​ទំនង​យើង។ ខ្ញុំ​សួរ​គេ​ថា តើ​ហ៊ាន​ស្រលាញ់ ហ៊ានឈឺ​ចាប់​ជាមួយ​នឹងខ្ញុំ​អត់? បើ​ហ៊ាន សុំ​កាន់​ដៃ​ខ្ញុំ​ឲ្យ​ជាប់ ព្រោះខ្ញុំខ្លាច។

ទីបំផុត​ថ្ងៃ​ទី​១៥​មេសា យើងសន្មតថា​ ពួក​យើង​ជា​សង្សារ​នឹង​គ្នា។ អរគុណ​ឈាងលី​ដែល​ស្រលាញ់​​ខ្ញុំ ^^

2 comments on “ពី​រ​ខែ

  1. Being in love was the most enjoyable moment in life. Keep up to work out your relationship and refresh it as always. Then be happy ❤

  2. តាំងពីក្បាលព្រលុប រហូតដល់ថ្មើនេះ ទើបតែអាចបើកកុំព្យូទ័រ នៅការរិយាល័យបាន! ធ្វើពេលយប់ទាំងរីករាយពេលអានកំណត់ហេតុមួយនេះ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: