បញ្ចេញមតិ

រឿង​គេ

១២ មេសា ២០១៤

ខ្ញុំ​នៅតែ​មិនទាន់ស្គាល់ខ្លួន​ឯងច្បាស់ ថា​ខ្លួន​ឯងជា​មនុស្សបែបណា។​ ប្រហែល​ជា​ខ្ញុំ​ជា​មនុស្សឆាប់ប៉ះទង្គិច​តាមដែល​មាត់​ខ្ញុំ​តែងថាហើយ​មើល​ទៅ។ ថ្មីៗ​នេះ សូម្បីតែ​រឿង​មនោសញ្ចេតនា​របស់អ្នក​ដទៃ ក៏​ធ្វើឲ្យខ្ញុំ​​ពិបាកចិត្តដែរ។

«រឿងរបស់គេ​ ខ្ញុំទៅខ្វល់​ធ្វើអី?» ជាពាក្យ​ដែលខ្ញុំចូលចិត្ត​ទន្ទេញ ដែល​មិន​ដែល​នឹក​ចាំ ហើយ​ធ្វើតាមសោះ។

មនោសញ្ចេតនាជា​អ្វី​ទៅ? ​ជា​រឿង​របស់​មនុស្សប៉ុន្មាន​នាក់ទៅ? ពីរនាក់​? បីនាក់? ឬ​ក៏លើស​ពី​ហ្នឹង? គេ​ថា​រឿងប្តីប្រពន្ធជា​រឿង​មនុស្សពីរនាក់ ខ្ញុំជា​អ្នក​ដទៃ យល់​ល្អ​កុំ​លូកមាត់ គួរ​នៅឲ្យ​ឆ្ងាយ។ ចុះ​បើសុខៗ​ ប្រពន្ធរបស់គេ មក​ពឹង​ឲ្យ​ខ្ញុំ​ជួយ​ដោះ​ស្រាយ ជួយ​សម្រុះ​សម្រួល តើ​ខ្ញុំ​គួរ​ធ្វើ​ម៉េច​ទៅ? គួរ​អើពើ? ឬ​ក៏​គួរ​ឈឺ​ឆ្អាល?

រឿង​​មិន​ជាធំ តែ​ម្នាក់ៗ​គិត​ថាជា​រឿង​ធំ និងជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​អាម៉ាស់។ គ្រាន់​តែ​គ្នា​អន់​ចិត្ត គ្រាន់​តែ​គ្នា​ត្រូវ​ការ​ការ​លើកទឹកចិត្ត ម្តេច​ក៏​មិន​និយាយ​ពាក្យ​សុំទោស​ម៉ា​ម៉ាត់​ទៅ? លើក​ទឹក​ចិត្តគ្នា​ម៉ា​តិច​ទៅ? វា​ហាក់​ដូចជា​គ្មាន​អី​ខាន​ប៉ុន្មាន​មាសមេផង។​

មិត្ត​ភក្តិខ្ញុំ​ជាមនុស្ស​ចិត្ត​ធ្ងន់ ជាមនុស្សចូល​ចិត្ត​លាក់ មិនមែន​ចូលចិត្តរអ៊ូ​ដូចខ្ញុំ​ឯណា… គ្នា​ពិបាកចិត្ត ត្រូវ​ម៉ែក្មេកមិន​យល់ចិត្ត ត្រូវ​ម៉ែ​ក្មេកប្រើ​នេះប្រើនោះ មិន​គិតគូរ​ថា​គ្នា​កូន​ខ្ចី​កូនដំបូង… ណាមួយ​អន់​ចិត្ត​នឹង​ប្តី​ដែល​មិន​សូវចេះគិតគូរ… ជីវ​ភាព​គ្រួសារ​ក៏​មិន​ល្អ… ពេលមាន​រឿង ពិភាក្សា​ជាមួយ​ប្តី និយាយ​ជាមួយ​ប្តី ប្តី​ធ្វើ​ហី​អឺអើ​មិន​អើពើ… ចុះ​គ្នា​ពិបាក​ចិត្តឲ្យទៅ​និយាយជាមួយ​នរណា? ជាមួយ​ម៉ែ​ក្មេក? ជាមួយ​បងប្អូន​សាច់​ថ្លៃ? ជាមួយ​ម៉ែ​បង្កើត? ហ៊ឹម! ប្រសិន​បើ​និយាយ​ជាមួយ​ពួក​គាត់​បាន ប្រហែលជា​ល្អ​ហើយ ដូច្នេះ​ខ្ញុំ​មិន​បាច់​លូក​ដៃ ហើយ​ក៏​មិន​បាច់​ត្រូវ​មាត់​ដែរ។​

«បង​ហ្អា៎! និយាយ​គ្នាតិច​ទៅ?» ខ្ញុំ​ទាញ​ប្តី​មិត្តភក្តិខ្ញុំ​ឲ្យ​ទៅ​និយាយ​គ្នា​តិច។​ គិត​ថាក្រែង​លោ​បាន​ផល។​

«និយាយ​ស្អី? និយាយ​ហ្នឹង​មិនបាន​ឬ? វា​អត់​មានអី​និយាយ​ទេ។ រឿងវា​តែ​ប៉ុណ្ណឹង វា​មិន​បែក​គ្នា​ទេ។» ស្តាប់​ចុះ ស្តាប់​នូវ​អ្វី​ដែល​គាត់​និយាយ​ចុះ។​

«ហ្អែង! រឿង​ប្តី​ប្រពន្ធ​គេ ម៉េច​ឲ្យ​គេ​ដោះ​ស្រាយ​តែ​គេ​ទៅ? ហ្អែង​គ្រាន់​តែជា​មិត្តភក្តិ​ណា៎ មិន​គួរ​មក​រញ៉េរញ៉ៃ​រឿងប្តី​ប្រពន្ធ​គេទេ។ ព្រឹក​មិញនេះ ហ្អែង​មិន​គួរ​ទេ ដែល​ដឹក​ដៃ​វា​ចេញ​ពី​មុខ​អ៊ី ពី​មុខ​បងប្អូន​អ៊ីនោះ។» នេះ​ហើយ​សម្តី​ម៉ែ​ក្មេក​មិត្ត​ភក្តិ​ខ្ញុំ។ គាត់​ស្តី​ឲ្យ​ខ្ញុំ​ ដែល​ធ្វើ​ឲ្យ​គាត់​បាក់​មុខ។​

«អ៊ីហ្អា៎! មិត្ត​ភក្តិ​ខ្ញុំ ខ្ញុំ​ស្គាល់​គាត់ជាង​២០ឆ្នាំ​ហើយ ខ្ញុំ​មិន​ដឹង​ថា​ពួក​អ៊ី​ស្គាល់​គាត់​បាន​ប៉ុណ្ណា​ទេ ក្នុង​រយៈពេល​ម៉ា​ឆ្នាំ​ជាង​នេះ។ មិត្ត​ភក្តិ​ខ្ញុំ​ម៉េច ខ្ញុំដឹង​ច្បាស់។ ហើយ… » មិន​ទាន់​បាន​និយាយ​ចប់ផង ប្អូន​ថ្លៃ​គាត់​ក៏​មក​កាត់​សង្វាក់ បង្វែង​ទៅ​រឿងផ្សេង​ទៅ។​

«បង​ហ្អា៎! មាន​រឿង​អី​ក៏​ដោយ ពួក​បង​បើ​និយាយ​ជាមួយ​នឹងប្តីបង​មិនបាន អាច​មក​និយាយ​ជាមួយ​នឹងពួក​ខ្ញុំ​បាន។» បន្ទាប់​ពីប្អូន​ថ្លៃ​នោះ​​និយាយ​ដាក់​មិត្ត​ភក្តិ​ខ្ញុំ​ហើយ​ ហើយ​ក៏​និយាយ​មក​ខ្ញុំ។

«អាហួយ​ឯង (ឈ្មោះ​ខ្ញុំ​នៅ​ក្នុង​ភូមិ)! យ៉ាង​ម៉េចយ៉ាង​ណា ទៅ​ផ្ទះ​សិន​ចុះ។ រឿងប្តី​ប្រពន្ធ​គេ ទុក​ឲ្យ​គេ​និយាយ​គ្នា​ទៅ។»

មិត្ត​ភក្តិ​ខ្ញុំ​គិត​តែពីយំ។ ខ្ញុំ​ខំតែ​​ដឹក​ដៃ​នាំ​ទៅ​ក្រៅ ខំ​លួង​ឲ្យ​បាត់​យំ លួង​ឲ្យ​ធូរ​ចិត្ត ឥឡូវមក​យំ​ដដែល។ មិន​​ដឹង​ជា​គ្នា​តឹងចិត្ត​ប៉ុណ្ណា​ទេ។ ហ៊ឹម! ប៉ុន្តែ​អ្វី​ដែលធ្វើ​ឲ្យ​ខ្ញុំតឹង​ចិត្ត​ជាង​គេ គឺប្តី​មិត្ត​ភក្តិ​ខ្ញុំ អត់​មាន​និយាយ​ស្អី​ម៉ា​ម៉ាត់។​

«ខ្ញុំ​មិន​ដឹង​ថា​អាពាក្យ​សុំ​ទោស អាពាក្យ​លួង​លោម​ហ្នឹង វា​ស្អី​ណាស់ណា​ជាមួយ​នឹង​បង​ទេ។ គ្រាន់​​តែ​ពាក្យ​ប៉ុណ្ណឹង​និយាយ​មិន​បាន ខ្ញុំ​ក៏​មិន​ដឹង​ធ្វើ​ម៉េច​ដែរ។ យើង​មិន​មែន​ខ្លួន​មួយ​ទៀត​ណា? កុំ​នៅ​តែ​ធ្វើ​អា​ចរិតក្មេង​ចឹងនោះ។»

ខ្ញុំ​ថា​ហើយ​ ក៏​ចេញ​យក​ទៅ​អូស​ម៉ូតូ កុំ​ឲ្យ​គេ​ដេញម៉ា​សារទៀត។ តែ​មុន​នឹង​ទៅ ខ្ញុំ​ឆ្លៀត​ថែម​ម៉ា​ម៉ាត់​ទៀត។​

«ហើយ​រឿង​ប៉ុណ្ណឹង បើ​និយាយ​គ្នា​មិន​បាន បើ​សម្រុះសម្រួល​គ្នា​មិន​បាន ខ្ញុំ​ក៏​មិន​ដឹង​ធ្វើ​ម៉េច​ដែរ ព្រោះ​យើង​សុទ្ធ​តែ​មនុស្ស​ធំៗ​អស់​ហើយ»

ថាហើយ ខ្ញុំ​ក៏​ចេញ​ទៅ។​ មក​​រវល់​នឹង​រឿងគេ នឹង​ដាច់​បាយ ដាច់​ទឹក​អស់… ស្មានតែ​ខ្ញុំ​ចង់…

រឿង​ហ្នឹង​កើត​ឡើង​កាល​ពី​ម្សិល​ម៉្ងៃ ថ្ងៃ​ទី​១០… ដំបូង​មិត្ត​ភក្តិ​ខ្ញុំ​តេ​មក​ខ្ញុំ… ខ្ញុំ​ស្មានតែ​គ្នា​តេ​មក ហៅ​ខ្ញុំទៅ​លេង… មាន​នរណា? ពេលទៅ​ដល់ ខ្ញុំ​ឃើញ​មិត្ត​ភក្តិ​ខ្ញុំយំ​សស្រេះសស្រាក់ និង​មាន​បង្វិច​អាវពីរបីនៅ​ជាមួយ។ ខ្ញុំ​សួរ​ថា​មាន​រឿង​អី​ហ្នឹង ក៏​អត់​មាន​នរណា​ឆ្លើយ។ ឮ​តែ​ពូនោះ និយាយ​ឃាត់។

«បើ​យើង​ចេញ​ទៅ យើង​ជាអ្នក​ខុស ព្រោះ​ច្បាប់ស្រី​វា​ធំ​ណាស់​ក្មួយ។ ប្រសិន​​អត់​មាន​នរណា​ឃាត់​ឲ្យ​នៅ ទុកពូ​ជា​អ្នក​ឃាត់។ យើង​ទៅ យើង​ជាស្រី​ដឹង​តែ​ខុស​ម៉្យាង​គត់។ មនុស្ស​ប្រុស​ គេ​ចង់​ខូច ចង់​ស្រី ចង់​មាន​ប្រពន្ធ​ពីរ​បី​ ក៏​គេ​មិន​ខូច​ឈ្មោះ។ តែ​យើង​ជា​ស្រី ទៅ​នៅ​ក្រៅ ទៅ​ចោល​​កូន យើង​នឹង​ខូច​ឈ្មោះ យើង​នឹង​ត្រូវ​កូន​ស្អប់។»

មិត្ត​ភក្តិខ្ញុំ​គិតតែ​ពីយំ ឯ​ខ្ញុំ​មិន​ដឹង​រឿង ក៏​ឡឺកឺអស់។ មិត្ត​ភក្តិ​ខ្ញុំ​គិត​តែ​ពី​ទទូច និង​សួរ​ថា ខ្ញុំ​មាន​ស្គាល់​​ផ្ទះ​ជួល បន្ទប់​ជួល​ឯណា​អត់ ឲ្យជួនវា​ទៅ។ ខ្ញុំ​មិន​ដឹង​រឿង ខ្ញុំ​មិន​ចង់​ធ្វើ​ស្អី​ស្រេច​តែ​ចិត្ត​វា ខ្ញុំ​ក៏​អូស​ដៃ​វា ជិះ​ម៉ូតូ​ចេញទៅ ដោយ​ថាទៅ​ញ៉ាំ​ស្អី​សិន។ ការ​ពិត​ខ្ញុំ​គ្មានទៅ​ញ៉ាំ​ស្អី​ទេ ខ្ញុំអូស​ក្រឡា ឲ្យ​វា​និយាយ​រឿង​ក្នុង​ចិត្ត​ប្រាប់​ខ្ញុំ ទោះ​​យ៉ាង​ណាបាន​ខ្ញុំស្តាប់ វា​ក៏​ធូរ​ទ្រូង​ខ្លះ។ ស្តាប់​ហើយ ខ្ញុំក៏​មិន​ដឹង​ជួយ​ម៉េច​ដែរ គ្រាន់​តែ​ជួយ​ផ្តល់​ជា​គំនិតខ្លះៗ ឲ្យ​វា​ចេះ​គិត និង​កុំ​ឲ្យ​វា​គិត​ផ្តេស​ផ្តាស​ចោល​កូន​ចោលប្តី។​

តែ​វា​មាន​លក្ខខណ្ឌមួយ វា​ចង់​ឮ​ពាក្យ​សុំ​ទោស​ចេញ​ពី​មាត់ប្តី​វា។ វា​ចង់​ឮ​ពាក្យ​នេះ។ ពិសេស​ជាង​នេះ វា​ចង់ឲ្យ​ប្តី​វា ជាអ្នក​ឃាត់​ឲ្យ​វា​នៅ។ វា​ទទួល​ស្គាល់​ថាខ្លួន​វា​ខុស ចង់​ចោល​កូន ចង់​ចោល​ប្តី តែ​វា​វេទនា​ចិត្ត វា​សុខចិត្ត​នឿយ​កាយ តែ​ក៏​មិន​ចង់​នឿយ​ចិត្ត​ដែរ។​

ខ្ញុំ​ក៏​នាំ​វា​ទៅ​វិញ។ គ្រាន់​តែ​ចាប់​ផ្តើម​ចង់​សម្រុះសម្រួល​ ខ្ញុំក៏ត្រូវ​ប្តី​គេ​មិន​សហការ​ គេមិន​និយាយ​​ជាមួយ​ខ្ញុំ គេ​មិន​ចង់​ស្តាប់​ខ្ញុំ ហើយ​ម៉ែ​ក្មេក​គេ បង​ប្អូន​គេក៏​សាប់​ខ្ញុំ​ម៉ារយៗ​រក​ពេល​និយាយ​ក៏​មិន​បាន។

នេះ​ជា​ពាក្យ​ដែលខ្ញុំ​ចង់​និយាយ​ឲ្យ​អស់៖
«អ៊ីហ្អា៎! មិត្ត​ភក្តិ​ខ្ញុំ ខ្ញុំ​ស្គាល់​គាត់ជាង​២០ឆ្នាំ​ហើយ ខ្ញុំ​មិន​ដឹង​ថា​ពួក​អ៊ី​ស្គាល់​គាត់​បាន​ប៉ុណ្ណា​ទេ ក្នុង​រយៈពេល​ម៉ា​ឆ្នាំ​ជាង​នេះ។ មិត្ត​ភក្តិ​ខ្ញុំ​ម៉េច ខ្ញុំដឹង​ច្បាស់។ ហើយ… មិត្តភក្តិ​ខ្ញុំវា​ឆេវ​ឆាវ ឆាប់​តូច​ចិត្ត តែក៏​ឆាប់​បាត់។ ពេលខ្លះ​ វា​រឹង​តែ​មាត់​ទេ តែ​ចិត្ត​វា​ទន់។ វា​ក៏​ចូល​ចិត្តឲ្យ​គេ​លួង​ដែរ។ វា​ចូល​ចិត្តឲ្យ​គេ​យក​ចិត្ត​ទុក​ដាក់ និង​បារម្ភ​ពី​វា។ ​ប៉ុន្តែចំនុច​អាក្រក់​របស់វា ​ពេលវា​អន់​ចិត្ត ពេល​វា​តូចចិត្ត វាអត់ចូល​ចិត្តនិយាយ​ចេញ​ទេ។ វា​ចូល​ចិត្តលាក់ និង​សំងំតែ​ឯង។ ពេល​ខ្លះ ក៏​យំ​ទៀត​ផង។ ដូច្នេះ ពេល​ខ្លះ ពួក​អ៊ី​គួរ​តែឧស្សាហ៍​សាកសួរ​សុខ​ទុក្ខ​គ្នា ជា​ពិសេស​យើង​ជា​ប្តី។ ជីវិត​ជា​កូន​ប្រសារ ជីវិ​ត​ជា​ប្រពន្ធ សុខៗ​មក​រស់​នៅ​បែក​ពី​ដំបូលដែល​ធ្លាប់​រស់​នៅ មិនមែន​ជា​រឿង​ងាយ​ស្រួល​ទេ។​ ណាមួយ​ គ្នា​ក្មេង។ ដូច្នេះ… មាន​រឿង​អី​ក៏​ដោយ គួរ​តែ​ចេះពិភាក្សា​​គ្នា គួរ​ចេះ​ស្តាប់​ទុក្ខ​លំបាក​គ្នា​។ រឿង​ណា​ដែល​គួរ​ឲ្យ​អន់​អោនឲ្យ​គ្នា​បាន គួរ​តែ​អន់​អោន។ មិត្ត​ភក្តិ​ខ្ញុំ​ស្រួល​ណាស់។ លំបាក​អ្វី​ក៏​លំបាក​ចុះ គ្នា​គ្រាន់​តែ​ចង់​បាន​ការ​យក​ចិត្ត​ទុកដាក់ និង​ភាព​កក់​ក្តៅ​ប៉ុណ្ណោះ។ ពួកខ្ញុំ​និយាយ​គ្នា​រួច​​ហើយ គ្នា​ក៏​អត់​ចង់​ទៅ​ដែរ គ្នា​ព្រម​នៅ ប្រសិន​បើ​គ្នា​ឮ​ប្តី​ព្រម​និយាយ​ពាក្យ​ថា​សុំ​ទោស។»

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: