3 មតិ

ផ្ទះ​កេរ

៥ ឧសភា ២០១៤

ខ្ញុំ​មិន​ខ្វល់​​ថា​ របស់​ដែល​ដណ្តើម​គ្នា​ឈ្លោះ​គ្នា​នោះ ​មាន​តម្លៃប៉ុណ្ណាឡើយ។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំខ្វល់ ចង់​បាន ​ចង់ឃើញ​នោះ​ គឺ​ពួក​គាត់​ចេះស្រលាញ់គ្នា ​ចេះចែក​រំលែក​គ្នា។​

វាអាច​ជា​រឿង​ធំ​ក៏​មិន​ធំ ជារឿង​តូចក៏​មិន​តូច។ ប៉ុន្តែ​ខ្ញុំជា​មនុស្ស​ឆាប់​ប៉ះ​ទង្គិច​ណាស់។ ពេលដែល​ឃើញ​គេ​សប្បាយ ខ្ញុំ​ក៏​សប្បាយ។ ពេល​ដែលឃើញ​គេ​កើត​ទុក្ខ ខ្ញុំ​ក៏​កើត​ទុក្ខ។​

រឿង​ដែល​កើត​ឡើង​កន្លងមក ខ្ញុំមិនដឹង​​ខឹង ​ស្អប់ ឬ​បន្ទោស​​លើអ្នក​ណា។ អ្វី​ដែល​ខ្ញុំ​ដឹង ម្នាក់ៗ​សុទ្ធ​តែល្អ​នឹង​ខ្ញុំ គ្រាន់​តែ​ពួក​គាត់​ខ្វែង​គំនិតលើ​គ្នា​តែ​ប៉ុណ្ណោះ​។ ខ្ញុំ​មិន​ចង់​ប្រកាន់​បក្ស​ពួក​នៅ​ខាង​ណា​ឡើយ។ អ្វី​ដែល​ខ្ញុំ​ចង់បាន គឺសន្តិភាព គឺ​ចង់​ឃើញ​​ពួក​គាត់​ចេះ​ស្រលាញ់គ្នា ចេះ​ចែក​រំលែកគ្នា។​

ហ៊ឹម…​ មាន​ដូច​ជា​គ្មាន គ្មាន​ដូចជា​មាន អ្វីៗ​សុទ្ធ​តែ​មាន គ្រាន់​តែ​ជា​របស់ខ្ញុំ គ្រាន់​តែ​ជា​របស់​គេ…

ផ្ទះ​កេរ

បង​ប្អូន​មួយ​គ្រួ​មាន​ប្រាំនាក់
រស់នៅពឹង​ពាក់​នឹង​ឪម៉ែ​
ក្រោមដំបូល​ផ្ទះ​ឯ​ស្រុក​ស្រែ​
ភ្លៀង​ផ្គរ​តាម​ខែមិនកង្វល់។

ផ្ទះ​សសរមាំ​សង់​ពីឈើ
ប្រក់​ក្បឿង​ពី​​លើ​ក្តៅ​មិន​ដល់​
ជញ្ជាំង​បាំង​ក្តារ​ការពារ​ខ្យល់
រនាប​ក្រាល​កល់​​ពី​ឬស្សី។

ជណ្តើរ​ឡើង​លើធ្វើ​ពី​ថ្ម
ទ្វារ​ឈើ​ក្រាស់​ល្អ​សាច់​នៅ​ថ្មី
មាន​បង្អួច​បើកមើល​មក​ដី​
តុ​ទូ​កៅ​អី​រៀបខាង​ក្នុង។

មុខ​ផ្ទះ​ដាំ​ផ្កាចម្រុះបែប
រីក​សាយ​ក្លិន​ក្លែប​ផុត​ពីចុង​
តុប​តែង​បាន​ល្អ​ដូច​នៅ​ក្រុង
របង​កាច់កុងតាមព្រំដី។

ក្នុង​ក្រុម​គ្រួសារ​រស់​សុខ​សាន្ត
បង​ប្អូន​គ្រប់​ប្រាណ​មាន​សិរី
មិន​ដែល​ទាស់​ទែង​ខ្វែង​សម្តី
បាន​នំចំណី​ចែក​គ្នា​ញ៉ាំ។

ដល់​មាន​ប្រពន្ធ​ប្តីរៀង​ខ្លួន​
ចេះ​លាក់បំពួន​គិត​រិះ​ថាំ​
ទាម​ទារ​ចែក​កេរ​ចែក​ដំណាំ​
បង​ប្អូន​ប្រេះ​ស្រាំ​ប្តឹង​ផ្តល់​គ្នា។

ខ្លះ​ចង់​យក​ស្មើ​ខ្លះ​ចង់​លើស​
ខ្លះ​គិត​ផ្លូវ​ល្មើស​ចង់​ឃាំង​ឃា
ខ្លះ​មិន​យល់​ព្រម​ឈប់​លែង​លា​
ម្នាក់ៗ​ទាមទារ​យកឲ្យ​បាន។​

ផ្ទះ​ត្រូវ​រុះ​រើ​ធ្វើ​ចំណែក​
យក​មក​បែង​ចែក​ថ្លឹង​ប្រមាណ​
ខ្លះ​យក​សសរ​ខ្លះ​ផ្ទោងផ្លាន​
លើសខ្វះ​មិន​បាន​ចែក​គ្មាន​សល់។​

ចែក​តាំង​ពី​ក្បឿង​តុ​កៅ​អី
ចែក​អស់​សូម្បី​ជើង​តម្កល់
រនាបជញ្ជាំង​រនាំងខ្យល់
ចែក​រហូត​ដល់បង្អួច​ទ្វារ។

ផ្ទះ​ធ្លាប់​រស់​នៅ​ត្រូវ​សូន្យ​បាត់
កូន​រុះ​រើ​កាត់​បែង​ចែក​គ្នា
ចែក​បំបាត់​កេរ​ធ្លាប់សុខជា
ចែក​លែង​ជុំគ្នា​រស់​រៀង​ខ្លួន៕​

(កំណាព្យ​ដក​ស្រង់​ពី​សៀវភៅ​«តំណក់ទឹក»​ របស់លោក​គ្រូ​ជិនមាស)

 

3 comments on “ផ្ទះ​កេរ

  1. កំណាព្យនេះជាប់ពាន់រង្វាន់លេខ២ ​ប្រចាំឆ្នាំ ២០០៧ ពីសមាគមអក្សសិល្ប៍ នូ ហាច ។ ហើយក៏បានចុះក្នុុងសៀវភៅមួយនៃសកលវិទ្យាល័យ Printon University Press សម្រាប់ការផ្សាយលើកទីបួន ចុះក្នុង Encyclopedia ជាមួយនិងលោកគ្រួ យិន លួត។

    វាជារឿងដ៏ក្រៀមក្រោះមួយដែលកូនៗមិនយល់ដល់សន្តិភាពដែលឪពុកម្តាយផ្តល់។

    វាជារឿងឃោឃៅរបស់បងប្អូនដែលខ្វះការយោគយល់អធ្យាស្រ័យ។
    វាជារឿងដែលអគុណធម៌មួយ ក្នុងការដែលត្រូវបំផ្លាញ់ជម្រក់ដែលខ្លួនធ្លាប់ស្នាក់អាស្រ័យប្រកបដោយក្តីសុខ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: