3 មតិ

ចាប់ចិត្ត (Crush)

សៀមរាប ១៥ មីនា ២០១៤

ស្រះ​ស្រង់​កំពុង​អួត​សម្រស់​

ស្រះ​ស្រង់​កំពុង​រាយ​មន្តស្នេហ៍

ដល់​បាយ​ថ្ងៃ​ត្រង់ មេឃក៏​ក្តៅ ពោះ​ក៏​ហេវ ខ្ញុំ​ក៏​ចេញ​ពី​ប្រាសាទ ជិះ​​ទៅ​រកអី​ញ៉ាំ​នៅស្រះ​ស្រង់​។ ហ៊ឹម! សុទ្ធ​តែ​របស់​ក្រៀមក្រោះ ខ្ញុំ​គួរ​តែញ៉ាំ​អី​ចេះ? សាច់​ក្រក? សាច់​ជ្រូក​ចៀន? ពង​ទា​ចៀន? អា​បីមុខ​ហ្នឹង ដឹង​តែ​ខ្ញុំអត់ញ៉ាំ។ ត្រីអណ្តែងអាំង ជាមួយ​ជ្រក់​ស្វាយ? តែ​គេ​លក់​ដល់​ទៅ​ម៉ា​ចង្កាក់ អត់​លក់​រាយ អត់​ដដែល។ សម​មុខ​ហើយ មកដើរ​លេង​តែ​ឯង។ អ្នក​លក់សម្លឹងមុខ​ខ្ញុំ ព្រោះ​ខ្ញុំ​គិត​យូរ។ ទីបំផុត ត្រី​ងៀត​ម៉ា​កន្ទុយ​ បាយ​ម៉ា​ប្រអប់ ទឹក​សុទ្ធ​ម៉ាដប​ ក៏​ត្រូវ​បានច្រក​ស្បោង។​

ខ្ញុំ​ក៏​បត់​ម៉ូតូ​​ចូល​មកអង្គុយ ​នៅ​​ស្រះស្រង់ ខាងមុខ​ប្រាសាទបន្ទាយ​ក្តី។ ទីតាំង​ល្អ ក្រោម​ដើមឈើ មាន​កន្លែង​ផ្អែក ខ្ញុំ​លា​ស្បោង​បាយ​ស្បោង​ទឹក ​ដាក់ពី​​លើ​ថ្មភក់​។ ​ត្រី​ងៀត​នេះ សាច់​ច្រើន ហើយ​ធំ ដឹង​តែ​ខ្ញុំ​ញ៉ាំ​សល់ ខ្ចប់​យក​ទៅ​ផ្ទះមិន​ខាន​​។ ឯ​បាយ​វិញ ដឹង​តែ​អត់​ឆ្អែត។

ត្រីងៀត បាយ និង​ស្វាយ​ជ្រក់​

ត្រីងៀត បាយ និង​ស្វាយ​ជ្រក់​ អត់​ស្លាបព្រា យក​ស្លាប​ព្រា​ម៉ែ​ចែក​ឲ្យ​ ប្រើ​ម៉ង់​ទៅ

ខ្យល់​បក់​ត្រជាក់​មកល្ហឹមៗ បាយ​ក៏​អស់ ត្រីងៀត​ក៏សល់ ទឹក​ក៏​កំពប់ចូលក្រពះ​អស់ ហេហេ៎ ញ៉ាំ​រួច​ហើយ​ មានអារម្មណ៍​ថា ចង់​តម្រេតខ្លួន។ ចរិត​ខ្ញុំ​ឲ្យ​តែ​ងងុយ ដឹង​តែស្ងាប ហើយ​អាង​ឆ្ការដៃឆ្ការជើង មិន​ខ្ចី​ខ្វល់ថា​មាន​អ្នកណា​មើល​ខ្ញុំអត់។ ងាក​ម៉ា​ខ្វាច់ ឃើញ​កង់ ងាក​ម៉ា​ខ្វាច់​ទៀត ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​ដេក​លើ​បង់។ ​ដេក​បម្រះ​ចុះ​ បម្រះ​ឡើង។

«យី​អាមួយ​នេះ ដេកក៏​ដេក​ទៅ មក​បម្រះ​ចុះ​បម្រះ​ឡើង​ធ្វើ​អី?» ខ្ញុំ​រអ៊ូ​ក្នុង​ចិត្ត។​

«ពិត​ជា​ធ្វើ​ឲ្យ​រំខាន​ចិត្ត​មែន!» ខ្ញុំ​រអ៊ូ​បន្ត។

មែន​ហើយ! ពិត​ជា​ធ្វើ​ឲ្យ​រំខាន​ចិត្ត​មែន។ ជើង​ខ្ញុំនៅ​ស្ងៀមមិន​សុខ ក៏កម្រើក​ធ្វើ​ជា​ដើរ​យក​ស្បោង​បាយ​ស្បោង​ទឹក​ទៅចោល​។ ឯ​ក​វិញ មិន​បាច់​ទេ ចេះ​តែ​ងាក​មើល​ អាណា​គេ​ចេះ? សង្ហាអត់?

បុរស​នេះ មាន​រាង​តូច​ល្អិតល្មម​ កម្ពស់​គិតទៅ​មិន​ជាខ្ពស់​ជាង​ខ្ញុំ​ប៉ុន្មាន​អី​ទេ យ៉ាង​តិច​ក៏​ម៉ា​ម៉ែត្រ​ចិត។ ឃើញ​កង់​មួយនៅ​ក្បែរ នេះ​ប្រហែល​ជា​ជួល​កង់មក​ជិះ​លេង​ប្រាសាទតែ​ឯង​​ហើយ​មើល​ទៅ គិត​ទៅប្រហែល​ជា​មិន​មែន​ខ្មែរ​ទេ តាម​ដែលមើល​ភិន​ភាគ​ការ​ស្លៀក​ពាក់ ទំនងជា​ពូជ​អ្នក​ភ្នែក​តឹងដូច​ខ្ញុំចឹង​។​ តែ​ស្តាយ​ណាស់ មិន​បាន​ឃើញមុខ។

លួច​ថត​ម៉ា​ប៉ុស្តិ៍ ពេល​ចោល​ស្បោង​រួច :D

លួច​ថត​ម៉ា​ប៉ុស្តិ៍ ពេល​ចោល​ស្បោង​រួច 😀

ខ្ញុំ​ក៏​អង្គុយ​មក​កន្លែង​ដើម​វិញ។ កន្លែង​ខ្ញុំ​អង្គុយ និង​កន្លែង​គេ​ដេក នៅ​ឆ្ងាយ​ពី​គ្នា​ប្រហែល​ជា​ប្រាំពីរ​ប្រាំ​ម៉ែត្រ​។ ខ្ញុំ​ផ្អែកដើម​ឈើ បើកទូរសព្ទ​ ចុច​មើល​រូប​ដែល​ទើប​តែ​ថត​បាន​នៅ​តាព្រហ្ម។ ម​ក​លេង​តាព្រហ្ម ខ្ញុំ​គ្មាន​បាន​ថត​អី ក្រៅ​ពី​ដើម​ឈើ។​ ម៉ា​ប៉ុស្តិ៍​ណា ក៏​ជាប់​ដើមឈើ​ដែរ។ ឯ​រូប​មនុស្ស​វិញ ហេហេ៎ ជាប់​ប៉ុន្មាន​ប៉ុស្តិ៍ គឺ​Self-Portrait។

ផុត​ពីមើល​រូប ខ្ញុំ​ក៏​ថត​រូប​ស្រះស្រង់លេង។ អស់ពី​ស្រះ​ស្រង់ ក៏​ចូល​មក​ ​Self-Portrait។ ខ្ញុំ​ថត ដោយ​រៀន​ប្រឹង​ធ្វើ​មុខ​Cute រហូត​ប្រឹង​ពេក បាត់​ភ្នែក​អស់​រលីង។ ប្រឹង​ឯ​លិច ប្រឹង​ឯ​កើត ខ្ញុំ​ក៏​អស់​អារម្មណ៍​ថត ព្រោះ​មានគេ​មើល​ខ្ញុំ។ ម្នាក់​នោះ មិន​ដឹង​ជា​ងើប​​ពី​ដេក​ពី​អង្កាល់ មក​អង្គុយ​មើល​​ខ្ញុំ។

ខ្ញុំ​មិន​ចាញ់ ខ្ញុំ​ក៏​អង្គុយ​មើល​មុខ​វិញ។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង ខ្ញុំ​ក៏​យក​ទូរសព្ទ ធ្វើ​ជា​ថត​នេះ ថត​នោះ​តទៀត។

អស់​ពី​Self-Portrait ក៏​ថត​ជើងអ្នក​ស្រុក​ឲ្យ​មើល​

អស់​ពី​Self-Portrait ក៏​ថត​ជើងអ្នក​ស្រុក​ឲ្យ​មើល​

ម្នាក់​ហ្នឹង អង្គុយ​បាន​បន្តិច ក៏​ផ្តេក​ខ្លួន​ដេកទៅ​លើ​បង់​វិញ។ ឯ​ខ្ញុំ​មាន​អារម្មណ៍​ទន់ភ្នែក ក៏​ផ្អែក​នឹងដើម​ឈើ បិទ​ភ្នែក​លក់ម៉ា​ស្របក់។

ម៉ា​ស្របក់​របស់​ខ្ញុំ គឺ​ប្រាំដណ្តប់​នាទី។ ​ខ្ញុំ​បើក​ភ្នែកឡើង ឃើញ​គេកំពុង​តែ​អង្គុយ​ដាក់​កាស​ទូរសព្ទ នៅ​បង់​ដដែល។

«ងាប់​ហើយ! ដេក​ហៀរ​ទឹក​មាត់!» ពិត​ជា​ខ្មាស់​មែន មិន​ដឹង​ជា​គេ​ឃើញអត់? ខ្ញុំ​យក​ដៃ​ជូត​មាត់ ហើយ​ក៏​យក​ដៃ​ជ្រង​សក់​ចងឲ្យរៀប​រយ​​ម្តងទៀត។ ខ្ញុំ​មិន​ហ៊ាន​នៅ​យូរ(អៀនទេដឹង?) ក៏ជិះ​ម៉ូតូ​បត់​​ចូល​មើល​បន្ទាយ​ក្តី មុន​នឹង​ទៅ​ផ្ទះ។​

Paranomaបន្ទាយ​ក្តីតិច​មើល ម៉េច​ដែរ?

Panoromaបន្ទាយ​ក្តីតិច​មើល ម៉េច​ដែរ?

«ស៊យ​មែន! ទូរសព្ទ​អស់​ថ្ម! ថត​បាន​តែប៉ុន្មាន​ប៉ុស្តិ៍» ខ្ញុំ​ក៏​ឈប់​ថត ហើយ​គ្រាន់​តែ​ដើរ​មើល​ជុំវិញ។​

ខ្ញុំ​ដើរដល់​ខាង​ចុង​ប្រាសាទ ក៏​ជួប​នឹង​ក្មេង​ស្ទាវ​ប៉ុន្មាន​នាក់។ អាពួក​ហ្នឹង វា​និយាយ​ជាមួយ​នឹងគ្នា​វា ចង់​ថត​រូប​ជាមួយ​នឹង​ខ្ញុំ ដោយ​ស្មាន​ថា​ខ្ញុំ​ជា​ជន​ជាតិកូរ៉េ។ ខ្ញុំ​​ធ្វើ​ជា​ដើរកាត់​ ធ្វើ​ជា​ស្តាប់​មិន​ឮ តែ​ក្នុង​ចិត្ត​វិញ ចង់​សើច​ឲ្យ​រយះ​មាត់។

«​ម្តង​ថា​កូរ៉េ ម្តង​ថា​ចិន ម្តង​ថា​ជប៉ុន មុខ​ខ្ញុំ​ពិត​ជា​ដូច​ដល់​ថ្នាក់​ហ្នឹង​ឬ?​» ខ្ញុំខ្សឹប​​ក្នុង​ចិត្ត ហើយ​សើច​តែឯង។ ភ្លេច​ខ្លួន ខ្ញុំ​ក៏​ដើរ​បុក​គេ ពេលដែល​ខ្ញុំ​បកត្រឡប់​មក​ក្រោយ​វិញ។

«Sorry! Sorry!» ខ្ញុំ​ក៏​ដើរ​ថយ​ក្រោយ​ប្រហែល​បី​ជំហាន ហើយ​ក៏​ហើប​ភ្នែក​ អើតមើល​មុខ​អ្នក​ដែល​ខ្ញុំ​បាន​ដើរ​បុក។ គេ​ញញឹម​ដាក់ខ្ញុំ ខ្ញុំ​ក៏ស្ញេញ​ដាក់​គេ។ ឆ្ងល់​ទេ ហេតុ​អីគេ​ញញឹម​ដាក់​ខ្ញុំ? ខ្ញុំ​ក៏​ឆ្ងល់​ដូចគ្នា​។

«I think it’s yours.» គេ​យក​មួក​ស្លឹក​មកបង្ហាញ​ខ្ញុំ​។

មែន​ហើយ​! ខ្ញុំ​ភ្លេច​មែន។ ភ្លេច​នៅ​ស្រះ​ស្រង់។ ខ្ញុំ​ក៏​ញញឹម​ដាក់​គេ គេ​ក៏​ញញឹម​ដាក់​ខ្ញុំ​ម្តងទៀត៕​

3 comments on “ចាប់ចិត្ត (Crush)

  1. ល្បះខ្លះម្តេចធ្វើឲ្យខ្ញុំគិតថា​ មាន Passive?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: