ចង្កៀងខ្ញុំ ប្រេងមិនមានពេញ ពេលខ្លះ សល់កន្លះ ពេលខ្លះ សល់ដល់បាត។ បើមិនចឹងទេ មានតែកំពប់ខាតអស់។
មួយឃ្លាខាងលើ អានយល់ទេ ថាខ្ញុំចង់ប្រៀបប្រដូចទៅនឹងអ្វី? មិនចង់បត់បែនឆ្ងាយ ខ្ញុំគ្មានសំដៅអ្វី ក្រៅពីកម្លាំងចិត្តក្នុងការរស់នៅ។
ខ្ញុំពិតជាខ្សោយមែន ពិតជាទន់ជ្រាយមែន ហើយឥឡូវកាន់តែធ្វើខ្លួនឲ្យយ៉ាប់ទៅៗ ជាពិសេសក្លាយជាមនុស្សគេចវេស មិនចង់ប្រឈម មិនចង់ទទួលខុសត្រូវ។
ការពិត មិនចង់បែបហ្នឹងនោះទេ តែមកពីខ្ញុំមិនចូលចិត្តបង្ខំខ្លួនធ្វើអ្វីដែលមិនចង់។ មនុស្សខ្ញុំរឹងណាស់ ចចេសណាស់។ ខ្ញុំមិនចូលចិត្តការងារដែលកំពុងធ្វើ។ ការងារជាគណនេយ្យ ហ៊ឹម… ខ្ញុំអាណិតខ្លួនឯងណាស់ ហេតុអីក៏អ្វីដែលស្អប់ ចូលចិត្តតែជំពប់លើ? ខ្ញុំមិនចង់តែម៉ាង៉ៃៗ អង្គុយតែឆែកនេះឆែកនោះ រកតែកំហុសរបស់គេនោះទេ។ ធុញ! តើខ្ញុំជាមនុស្សចូលចិត្តចាប់កំហុសគេឬ? អត់ទេ! បើពូកែជួយលាក់កំហុសឲ្យគេ ខ្ញុំគិតថា ខ្ញុំជាមនុស្សបែបនេះត្រូវជាង ព្រោះដឹងហើយ អត់ចូលចិត្តនិយាយវែងឆ្ងាយ។
បើធ្វើជាមនុស្សល្ងង់ ខ្ញុំពូកែ តែបើធ្វើជាមនុស្សឆ្លាត ខ្ញុំល្ងង់។ ពាក្យម៉ាម៉ាត់នេះ ខ្ញុំមិនដឹងថាវាពិតក៏អត់ ព្រោះខ្ញុំពិតជាមិនដឹងមែន តើអ្វីទៅជាមនុស្សល្ងង់ តើអ្វីទៅជាមនុស្សឆ្លាត ព្រោះវាគ្រាន់តែជាការឲ្យតម្លៃទៅតាមផុ្នត់គំនិតរបស់មនុស្សដែលស្គាល់ខ្ញុំតែប៉ុណ្ណោះ។
រយៈពេលពីរបីខែនេះ ខ្ញុំពិតជាប្រទាញប្រទង់មែន។ អ្វីដែលចង់ធ្វើ បែរជាមិនអាច តែមិនចង់ បែរជារត់រក។ ដោយនឹកថាចង់រកលុយឲ្យបានច្រើនៗ ក៏បង្ខំចិត្ត តើនរណាដឹង ថាចង់ចាប់ត្រីដៃពីរ ក្នុងពេលតែមួយ វាពិបាក? ឈឺ ហត់នឿយ បាក់កម្លាំងចិត្ត ឯការងារក៏មិនរលូនទៀត ព្រោះពេលខ្លះ មានអារម្មណ៍ថាខ្លួនឯងធ្វើការជាមនុស្សយន្ត គេឲ្យធ្វើអីធ្វើហ្នឹង គ្មានសិទ្ធិ គ្មានយោបល់… បរាជ័យ ជាពាក្យដែលខ្ញុំចង់សរសេរដាក់នឹងថ្ងាសប្រាប់មនុស្សគ្រប់គ្នាថា ខ្ញុំបរាជ័យហើយ ហើយខ្ញុំក៏មិនចង់ធ្វើការងារនោះទៀតដែរ។ គឺខ្ញុំធុញនឹងឮពាក្យ “No need to know” ពាក្យដោះសារ និងពាក្យមិនទទួលខុសត្រូវ។
ទីបំផុត ខ្ញុំក៏ភ្ញាក់ថា ការងារជោគជ័យ នៅសម័យនេះ នៅសង្គមនេះ មិនមែនសំខាន់មកពីការខិតខំប្រឹងប្រែង និងការស្មោះត្រង់ជាចំបងនោះទេ តែសំខាន់លើការទំនាក់ទំនង។ ប្រសិនបើអ្នកជាមនុស្សពូកែសម្តី ពូកែអែបអប និងចាក់បណ្តោយហៃអើៗនោះ ខ្ញុំគិតថា អ្នកមានអាទិភាពហើយ ក្នុងជីវិតការងារ ព្រោះអ្នកណាក៏ដូចអ្នកណា ចូលចិត្តផ្អែម ចូលចិត្តស៊ីជោរ ចូលចិត្តឲ្យយល់ស្របតាមគំនិតរបស់ខ្លួន។ ដូច្នេះ ខ្ញុំចង់សរុបម្តងទៀត ខ្ញុំជាមនុស្សបរាជ័យនឹងការងារ ព្រោះដោយសារតែភាពស្ងាត់ស្ងៀមរបស់ខ្លួន ហើយការខិតខំប្រឹងប្រែង ការលះបង់ និងភាពស្មោះត្រង់របស់ខ្លួន ខ្ញុំគិតថាកន្លែងដែលសាកសម មានតែប្រើសម្រាប់ធ្វើការឲ្យខ្លួនឯងប៉ុណ្ណោះ។
មនុស្សល្អត្រូវបានពិន័យ មនុស្សអែបអបត្រូវបានតម្កើង ហ៊ឹម… ខ្ញុំតឹងទ្រូងណាស់ ឲ្យតែឃើញបែបនេះម្តងៗ… ហើយក៏ស្អប់ខ្លួនឯងណាស់ដែរ ដោយសម្តីរបស់ខ្លួន គេស្តាប់ទៅប្រហើរចោល គ្មានប្រសិទ្ធភាព បានតែហៃអើៗ… មិនស្តាប់ខ្ញុំ ដោយសារតែខ្ញុំមិនពូកែសម្តី ឬក៏ខ្ញុំមិនចេះអែបអប?
ហ៊ឹម! តឹងទ្រូងណាស់! តើខ្ញុំនៅអាល័យអ្វីទៀត?
ការងារជាគណនេយ្យ ត្រូវតែជម្រះចេញចោលឲ្យអស់។ ខ្ញុំត្រូវតែឈប់ឲ្យបាន ព្រោះខ្ញុំជាមនុស្សមានះ ខ្ញុំមិនចូលចិត្តបង្ខំខ្លួនធ្វើអ្វីដែលខ្លួនមិនចង់នោះទេ។
ដូច្នេះ អ្វីដែលខ្ញុំគួរធ្វើនៅពេលនេះ មានតែចាក់ប្រេងនៅក្នុងចង្កៀងឲ្យបានពេញ ហើយសួរខ្លួនឯងថា ចង្កៀងខ្ញុំ តើវាបញ្ឆេះឡើង ដើម្បីអ្វី? បើដឹងហើយ តើពេលណា ទើបចាក់ប្រេង? តើពេលណាទើបបញ្ចេញពន្លឺរបស់ខ្លួន ឲ្យគេដឹងថា ទោះបីយើងគ្រាន់តែជាចង្កៀងប្រេង យើងក៏មានសោភណនៃពន្លឺរបស់ខ្លួនដែរ មិនចាញ់អំពូលម៉ែត្រ អំពូលទីក្រុងឡើយ?
Fighting!
//
//
អាត្មាឃើញមានរឿងស្រដៀងអាត្មា ដូច្នេះសូមចែករំលែកបទពិសោធន៍ខ្លះ!
១/.ពិតណាស់ថាមនុស្សម្នាក់ៗសុទ្ធតែចង់ធ្វើការងារដែលខ្លួនស្រលាញ់ ខ្លួនពេញចិត្ត ប៉ុន្តែមនុស្សខ្លះក៏បានដូចបំណងប្រាថ្នា ឯអ្នកខ្លះទៀតក៏មិនបានដូចការប៉ងប្រាថ្នានៅឡើយ ហើយអាត្មាភាពក៏ស្ថិតនៅក្នុងមនុស្សក្រុមទីពីរនេះដែរ ប៉ុន្តែអាត្មាតែងតែប្រាប់ខ្លួនឯងថា«ធ្វើការងារដែលខ្លួនស្រលាញ់ធ្វើឲ្យយើងរីករាយចិត្តចិត្ត មានក្តីសុខ ហើយឆាប់បានជោគជ័យ ប៉ុន្តែបើធ្វើការងារដែលខ្លួនយើងមិនពេញចិត្តធ្វើឲ្យយើងចេះអត់ធ្មត់»។យើងសាកស្រម៉ៃមើល ប្រសិនបើយើងជួបរឿងដែលយើងពេញចិត្តចិត្តរហូតនោះ តើជីវិតមានន័យឬទេ? ហើយម្យ៉ាងវិញទៀតថ្ងៃណាមួយពេលជួបរឿងមិនពេញចិត្តអ្វីមួយចាប់ផ្តើមធ្វើមិនកើត ខ្វះការអត់ធ្មត់ ហើយក៏បោះបង់ ហើយនាំឲ្យបរាជ័យ ព្រោះធ្លាប់ជួបតែរឿងពេញចិត្ត។ ផ្ទុយមកវិញបើយើងជួបរឿងមិនពេញចិត្តខ្លះ យើងស្គាល់ការអត់ធ្មត់ លុះដល់ថ្ងៃមួយដែលយើងជួបការងារដែលយើងពេញចិត្តហើយ ឧបសគ្គបន្តិចបន្តួចយើងអាចអត់ធ្មត់បាន ព្រោះយើងធ្លាប់ឆ្លងកាត់វាឡើងឆ្អែតឆ្អន់រួចហើយ។ សូក្រាតនិយាយថា«រៀបការទៅ បើអ្នកបានប្រពន្ធល្អ អ្នកមានសុភមង្គល បើអ្នកបានប្រពន្ធមិនល្អ នឹងធ្វើឲ្យអ្នកក្លាយជាទស្សនវិទូ» មួយទៀត «When you change the way you look at thing, the thing you look at change»។ សូមកាត់យល់ចុះ!
២/. អាត្មាក៏មិនចូលចិត្តអ្នកអែបអបដែរ ហើយចេះតែគិតថាពិភពលោកនេះហាក់ដូចជាអយុត្តិធម៌ចំពោះមនុស្សដែលមានសមត្ថភាពដែលមិនសូវចេះមាត់ករ ប៉ុន្តែក្នុងពេលដំណាលគ្នានោះដែរ អាត្មាបានតាំងចិត្តថានិងកែប្រែទស្សនៈចាស់គំរឹលនេះឲ្យទាល់តែបាន នៅពេលណាដែលបានទៅដល់ទីខ្ពស់។ អាត្មាសូមឲ្យយើងចេះចាប់ផ្តើមមានទស្សនវិជ្ជាក្នុងជីវិតហើយចិញ្ចឹមវាឲ្យធំលូតលាស់ឡើង។ បើយើងក្រោកឈរដើម្បីបុព្វហេតុត្រឹមត្រូវ ចូរក្រោកឈរឡើងទោះបីជាក្រោកឈរម្នាក់ឯងក៌ដោយ មាគ៌ាដែលល្អទោះគ្មានអ្នកកំដរក៏ត្រូវតែទៅ។ «បំលែងការឈឺចាប់ឲ្យទៅជាថាមពេល»។ សូមអរគុណ! សរសេរច្រើនបន្តិចហើយព្រោះតែចង់ឲ្យគេយល់!