3 មតិ

ទេវបុត្រ​បី​វិនាទី​

មួយ​ពីរ​បី… ប្រៀប​ដូច​ជា​នៅ​ក្នុង​រឿង​ភាគ​កូរ៉េ​អ៊ីចឹង គ្រាន់​តែ​បី​វិនាទី ខ្ញុំក៏​ចាប់​ចិត្ត​ស្រលាញ់​គេ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​សោក​ស្តាយ គឺ​ថា ខ្ញុំ​គ្រាន់​តែ​ជា​កូន​ទា​រូប​អាក្រក់​ គ្មាន​វាសនា​ឡើយ​ បាន​ជា​គូ​នឹង​ព្រះ​រាជ​បុត្រ​ដ៏​ស្រស់​ប្រិម​ប្រិយ។​

girl_in_love-t2

រឿង​ស្នេហា​របស់​ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម…

វគ្គ​បណ្តុះ​បណ្តាល​

អារម្មណ៍​បែ​បនេះ​ពិត​ជា​ប្លែក! ហេតុ​អី​ក៏ខ្ញុំ​មាន​អារម្មណ៍​ថា​ប្លែកបែប​នេះ? គ្រាន់​តែ​បាន​ឃើញ​គេ​មិន​បាន​បីវិនាទី​ផង ភ្នែក​របស់​ខ្ញុំ​ចេះ​តែ​រពឹស ហាម​ក៏​មិន​ស្តាប់ ចេះតែ​ដៀង​… ឥឡូវ​ដៀង​មើល​គេ​ទៀត​ហើយ…

កាមេរ៉ា​​ខ្ញុំ​ដែល​ធ្លាប់​ដែលចូល​ចិត្ត​ផ្តិត​យក​ទិដ្ឋភាព​រូប​​ទេសភាពៗ​នោះ ឥឡូវ​នេះ​ក៏​ប្រែ​ជា​​សំបូរ​​ទៅ​ដោយ​រូប​សកម្មភាព​របស់​គេ។​ មិន​ថា​គេ​សើច មិន​ថា​គេ​និយាយ គេ​ញញឹម ឬ​ក៏​ធ្វើ​កាយ​វិការ​ឡប់​ឆ្កួត​ស្អី​ទេ ដៃ​ខ្ញុំ​ចេះ​តែ​ទាញ​ចុច​​ទាញ​ហ្សូម​ក្រិច​ក្រាក់​យក​ទាំង​អស់​។ ពេល​នេះ​ វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​ភាព​ជា​អ្នក​ដឹក​នាំ​ ក៏​ក្លាយ​ទៅ​ជា​វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​ការ​លួច​ឆ្មក់​ថត​រូប​។​ តើ​ខ្ញុំ​កំពុង​តែ​ធ្វើ​ស្អី​ឲ្យ​ច្បាស់​ទៅ? តើ​នេះ​ឬ​ជា​អារម្មណ៍​ធ្លាក់​ក្នុង​លូ​ស្នេហ៍?

​ពី​ចម្ងាយ​

​ខ្ញុំ​មើល​គេ ខ្ញុំ​ថត​គេ ខ្ញុំ​​ញញឹម។ វគ្គ​បណ្តុះ​បណ្តាល​ចុង​សប្តាហ៍​​ពីរ​ថ្ងៃ​ ក៏​បាន​ចប់។ តែ​រឿង​ស្នេហា​របស់​ខ្ញុំ​មិន​ទាន់​ចប់​នៅ​ឡើយ។ គាត់ជា​សិស្ស​ច្បង​ខ្ញុំ​ រៀន​នៅ​ឆ្នាំ​ទីពីរ។ គាត់​ពូកែ​ ឆ្លាត សង្ហារ នរណាៗ​ក៏​ស្រលាញ់ បូក​ទាំង​ហ្វ្រេសៗស៊ី​ប្រចាំ​សាលា​។ ថ្នាក់​រៀន​គាត់​នៅ​មិន​ឆ្ងាយ​ពី​ថ្នាក់​រៀន​ខ្ញុំ ដើរ​តែ​ពីរ​បី​ជំហាន​ខ្ញុំ​ក៏​អាច​ឃើញ​គាត់​។

imagesអីយ៉ា! ពេល​វេលា​ពិត​ជា​ដើរ​លឿន​មែន! តែ​មួយ​ភ្លែត​សោះ​ក៏ម៉ោង​ប្រាំពីរ​ទៅ​ហើយ។ គាត់​និង​មិត្ត​គាត់​ក៏​ដល់​ម៉ោង​ឈប់​លេង​បាល់ ហើយ​ក៏​ដល់​ម៉ោង​ខ្ញុំ​ដើរ​ចេញ​ដែរ។

ដើរ​ចេញ​ពី​​ចំណោម​សិស្ស​ស្រីៗ​ដែល​កំពុង​តែ​អង្គុយ​ស្រែក​ហ៊ោ​ និង​រត់​ទៅ​ចោម​រោមសុំ​​ថត​រូប​ជាមួយ​គាត់​ និង​ក្លើ​គាត់។​ ហ៊ឹម! ប្រសិន​បើ​ថ្ងៃ​មួយ កូន​ទាមួយ​នេះ បាន​ថត​ជាមួយ​នឹង​ព្រះ​អង្គ​ម្ចាស់​ តើ​វា​នឹង​ឡូយ​ប៉ុណ្ណា​ទៅ?​ ខ្ញុំ​កាន់​និង​ក្តាប់​កាមេរ៉ាយ៉ាង​ណែន​ ហើយ​ក៏​ដើរ​ចេញ​ទៅ។​ ពិត​ជា​ពូកែ​​ស្រមើ​ស្រមៃ​មែន!

ស្រេក​ទឹក​ទេ?

ពេល​ល្ងាច គាត់​ឧស្សាហ៍​មក​​លេង​បាល់​ជាមួយ​នឹង​ក្លើ​គាត់ណាស់​។ វាសនា​ជា​កូន​ទាដូច​ជា​ខ្ញុំ បាន​ត្រឹម​តែ​ចូល​ចិត្ត​លួចមើល​​​គាត់ និង​ផ្តល់​កម្លាំង​ចិត្ត​ឲ្យ​គាត់​ពី​ចម្ងាយ ​និង​យ៉ាង​ស្ងៀម​ស្ងាត់​បំផុត។​

111អីយ៉ា!!! គាត់​ដួល​ហើយ! ចិត្ត​ខ្ញុំ​ពិត​ជា​អន្ទះ​អន្ទែង​មែន​ទែន។ ប្រសិន​បើ​ខ្ញុំ​មិន​មែន​ជា​កូន​ទា​ទេ កុំ​អី​​ខ្ញុំ​ទៅ​ច្រាន​គេ​ម្នាក់​នោះ​ ដែល​ធ្វើ​ឲ្យ​គាត់​ដួល​ជាមិន​ខាន។ ហេ៎! ហេតុ​អីជា​​កូន​ទា​មិន​អាច​ច្រាន​គេ​បាន? លើក​នេះ ខ្ញុំ​មិន​ខ្ចី​ខ្វល់​ទេ។​ ចាំ​មើល​ណា៎ អាក្លើ​កំហូច​ ធ្វើ​ឲ្យ​ទេវបុត្រ​ខ្ញុំ​ដួល​ផង​ហេ៎!

ខ្ញុំ​ចាប់​កាដុង​ទឹក​សុទ្ធ​ ដើរ​យ៉ាង​ហំ​ហាន ស្វា​ហាប់ ដើរ​សំដៅ​ទៅ​រក​អាក្លើ​កំហូច​មួយ​នោះ… តែ​មិន​ដូច​ការ​រំពឹង​ទុក ពេល​ដែល​ដើរ​ខ្វះ​តែ​មួយ​ជំហាន​ដែល​ល្មម​នឹង​អាច​ដាក់​អាក្លើ​នោះ​ម៉ា​​កាដុង​ទឹក​សុទ្ធបាន​នោះ​​ ក៏​ស្រាប់​តែ​ខ្ញុំ​ដើរ​ទាក់​ស្មៅ​ដួល​ផ្កាប់​មុខ។ ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ខ្មាស់​គេ​ក៏​បាន​កើត​ឡើង… ពេល​នេះ​ កូន​ទា​រូប​អាក្រក់ ក៏​កាន់​តែ​អាក្រក់​ថែម​ទៀត ខណៈ​ពេល​ដែល​វា​ផ្កាប់​មុខ​ប្រលាក់​ភក់​បែប​នេះ។​

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ អាក្លើ​ដែល​ខ្ញុំ​ចង់​ដាក់​ម៉ា​កាដុង​ទឹក​សុទ្ធ​នោះ បែរ​ជាមក​ជួយ​គ្រា​ខ្ញុំ​ឲ្យ​​ងើប​ឡើង…

«អត់​អី​ទេហេ៎?»

គ្រាន់​តែ​ឮ​គេ​សួរ​បែប​នេះ ខ្ញុំ​បែរ​ជា​រឹង​ខ្លួន និង​ខំ​ប្រឹង​ស្ញេញ។​ បូក​នឹង​ពេល​ងាក​មក​ចំ​នឹង​ទេវបុត្រ​របស់​ខ្ញុំ​ទៀត ខ្ញុំ​ក៏​រឹត​តែ​មិន​ដឹង​ថា​គួរ​ធ្វើ​បែប​ណា…

«អត់​អី​ទេហេ៎?» (អាក្លើ​កំហូច​មួយ​នោះ​សួរ​ខ្ញុំ)

«អត់​អី​ទេ!» (ខ្ញុំ​ក៏​ខំ​ប្រឹង​ស្ញេញ​ម្តង​ទៀត)

ខ្ញុំ​ស្ញេញ​ស្ញុញ​ រក​ធ្វើ​ស្អីក៏​មិន​ត្រូវ ហើយ​ក្រឡេក​ឃើញ​ដប​ទឹក​សុទ្ធ ក៏​រឹត​តែ​តក់​ស្លុត។ បើ​គេ​ដឹង​ថា ខ្ញុំចង់​យក​កាដុង​មក​សំពង​ក្បាល​អាក្លើ​នោះ​ មិន​ដឹង​ជា​ត្រូវ​យក​មុខ​ទៅ​លាក់​ឯណា​ទេ។​ ខ្ញុំរត់​ទៅចាប់​ដប​ទឹក​សុទ្ធ​ ចង់​យក​វា​លាក់​ដាក់​ឯណេះ​ដាក់​ឯណោះ តែ​ខ្ញុំ​រក​លាក់​មិន​កើត បើ​នៅ​នឹង​ដង​ខ្លួន​ខ្ញុំ គ្មាន​ស្អី​ក្រៅ​ពី​ឯក​សណ្ឋាន​សិស្ស​មួយ​កំប្លេ។ ទាល់​ច្រក បូក​ទៅ​នឹង​គេ​សួរ​….

«អត់​អី​ទេហេ៎?»

«អូហ៍! អត់​អី​ទេ​បង? គឺ​… គឺ​ថា… ខ្ញុំ​… ទឹក​សុទ្ធ​នេះ… ខ្ញុំ​ចង់… ខ្ញុំ​ចង់​​រត់​យក​មក​ឲ្យ​បង ព្រោះ​គិត​ថា​បង​ស្រេកទឹក។ តែ​ចៃ​ដន្យ​អី ជើង​ខ្ញុំ​វា​អត់​ភ្នែក បាន​ដួល​ចឹង។ និយាយ​ចឹង បង​ស្រេក​ទឹក​ទេ?»

លក់​មុខ

ពិត​ជា​លក់​មុខ​មែន! នៅ​សុខៗ​ក៏​ស្រាប់​តែ​ដើរ​ផ្កាប់​មុខ​នឹង​ស្មៅ​ នៅ​ចំពោះ​មុខ​ព្រះ​អង្គ​ម្ចាស់​របស់​ខ្ញុំ។ ហើយ​រឿង​គួរ​​​ឲ្យ​ចង់​សើច​ទៀតនោះ គឺ​ថា ខ្ញុំ​បែរ​ជា​ទៅ​សួរ​អាក្លើ​មួយ​នោះ ថា​វា​ស្រេក​ទឹក​អត់។ តែ​ប៉ុណ្ណេះ ខ្ញុំ​ល្បី​ហើយ ចង់​ល្បី​ជា​ង​ពួក​ហ្វ្រេស​ស៊ី​ប្រចាំ​សាលា​ទៀត។ នរណា​មិន​ល្បី​ ​ខ្ញុំ​ជា​ប្រែត​ស៊ី។​

facebook-mensajes-privadosនៅ​លើ​ហ្វេស​ប៊ុក គេ​នាំ​គ្នា​​អាប់ឡូត​រូប​ផ្សាយ​ព្រាត ជា​ពិសេស​រូប​ខ្ញុំ​​ផ្កាប់​មុខ​ផ្ញាច់​នឹង​ស្មៅ។ ពិត​ជា​សរសើរ ពូកែ​ចាប់​ផ្លង់​​ល្អ​ផស់​គេ ផ្លង់​ដែល​ខ្ញុំ​ស៊ី​ស្មៅ។ មិន​តែ​ប៉ុណ្ណោះ សូម្បី​តែ​ពាក្យ​ទំនឹម​អែម​អម​នឹង​រូប​ភាព​ដែល​ផូស​នោះ វា​ក៏​រឹត​តែ​ធ្វើ​ឲ្យ​ខ្ញុំល្បី។ ចង់​ដឹង​ទេ គេ​សរសេរ​ថា​ម៉េច? គេ​សរសេរ​ថា…

«វគ្គ៖ កូ​នទា​មិន​ចេះ​ប្រមាណ​ខ្លួន​ ខំ​រត់​ទៅ​ផ្គាប់​ទឹក​សុទ្ធ​ បែរ​ជា​ប្រទះ​ស្មៅ​ខ្ចី»

«ឈុតក្តៅៗ៖ វាសនា​ដែល​ទា​ចង់​​បាន​ហង្ស​ជា​គូ​ ហះៗៗៗ​»

មិន​ត្រឹម​តែ​ហ្វេស​ប៊ុក សូម្បី​តែ​ក្តារប្រកាស​ព័ត៌មាន​នៅ​សាលា ក៏​នាំគ្នា​បិត​រូប​ខ្ញុំ​ព្រោង​ព្រាត​ដែរ។​ សូម្បី​តែ​​ពេល​ចូល​ថ្នាក់ ហ៊ិកៗៗៗ… ខ្ញុំ​ត្រូវគេ​ស្វាគមន៍​នឹង​គំនរ​ធុង​ម្សៅ​​ ចាក់ឈូរ​ ចំ​ពី​លើ​​ក្បាលមក​ស្រោច​ស្រព​ខ្លួន។ វាសនា​កូន​ទា​ពេល​នេះ​ វេទនា​ជាង​​គេ​ចាប់​បោច​រោម​ទៅ​ទៀត។​ នរណា​ក៏​បាន​ដែរ ជួយ​កូន​ទា​ផង?​??

នៅ​ក្នុង​បន្ទប់​

ចាប់​ពី​ថ្ងៃ​នោះ​មក ខ្ញុំ​ក៏​ឈប់​ទៅ​រៀន ហើយ​ក៏​សម្ងំ​ខ្លួន​នៅ​ក្នុង​បន្ទប់។ បើ​គិត​ទៅ វា​បី​ថ្ងៃ​ហើយ។ ខ្ញុំ​មិន​ចង់​ជួប​នរណា​ទាំង​អស់។ ខ្ញុំ​មិន​ចង់​ឮ​ ខ្ញុំ​​មិន​ចង់​ស្តាប់​។ គ្រាន់​តែ​ជា​កូន​ទា ចង់​ស្រលាញ់​ហង្ស​ក៏​ខុស​ដែរ​ឬ? យ៉ាហ៊ី! អ្វី​ដែល​គួរ​ឲ្យ​ខឹងនោះ គឺ​ថា​ខ្ញុំ​មិន​បាន​ចាប់​ចិត្ត​លើ​អាក្លើ​នោះ​ទេ។ ចេះ​តែ​បង្អាប់​បង្ខូច​ខុស​ទៅ​កើត!!! ពិត​ជា​គួរ​ឲ្យ​ខឹង​មែន​ទែន!

ដេក​លើ​ពូក រក​អី​ទន្ទ្រាំ​មិន​បាន មាន​តែ​លើក​ជើង​ទៅ​ទន្ទ្រាំ​លើជញ្ជាំង!

តិបតុបៗៗៗ!

«អូហ៍ភ្លេច! ​រូប​ទេវបុត្រ​បី​វិនាទី​របស់​ខ្ញុំ​!?»

ឈប់​គិត​មួយ​សន្ទុះ ខាំ​មាត់ ធ្វើ​ភ្នែក​មាំៗ…

«ឲ្យ​​វា​ខ្ទេច​ខ្លះ​ទៅ! មក​ពី​អា​ទេវបុត្រ​បី​វិនាទី​ឆ្កួត​ឡប់​ហ្នឹង​ណា៎ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ​បែប​នេះ! ខ្ទេចទៅៗៗៗ!!!»

តែ​ប៉ុណ្ណេះ រូប​ទេវបុត្រ​បី​វិនាទី​ដែល​ខ្ញុំ​ខំ​លួច​ថត​រូប​ស្កេះ​ស្កះ​ មក​បិត​លើ​ជញ្ជាំង​បែប​នេះ ក៏​ត្រូវ​បាន​ជាន់​ឈ្លី​ដោយ​កម្លាំង​ជើង​ទន្ទ្រាំរបស់​កូនទា!!!

តេនៗៗ… សង្ឃឹមថា​ចប់! លាហើយ​ទេវបុត្រ​បីវិនាទី!

សៀមរាប ថ្ងៃ​ទី​៩ កក្កដា ២០១៣

3 comments on “ទេវបុត្រ​បី​វិនាទី​

  1. Reblogged this on ស្មៅ and commented:

    ចង់​ប្រកាសរឿង​នេះ​ម្តង​ទៀត​ ដើម្បី​រំលឹក​ថា កាល​ពី​ឆ្នាំ​ទៅ ខ្ញុំក៏​បាន​សរសេរ​រឿង​ស្នេហា​មួយដែរ​… ដែល​រឿង​​នេះ មិន​មែន​ជា​រឿង​ស្នេហា​បែប​រ៉ូមេនទិក តែជាស្នេហា​បែប​កំប្លែង… ហះៗៗៗ… កាល​ណា​ទៅ ខ្ញុំចេះ​សរសេរ​រឿង​រ៉ូមេន​ទិក?

  2. ស្មានថា​ជា​រឿង​របស់​អាពៅតើ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: