១២ មេសា ២០១៣
ខ្ញុំគួរតែរៀនទម្លាប់ខ្លួន ហាក់ដូចជារបស់ស្អីក៏គ្មាន ព្រោះមានតែធ្វើបែបនេះទេ ទើបខ្ញុំមិនឈឺចាប់។ តែនិយាយបានតែនិយាយ ឯរឿងធ្វើ ហ៊ឺម…
ល្ងាចនេះ សៀវភៅមួយក្បាលទៀតមិនដឹងទៅណាបាត់។ វាធ្វើឲ្យខ្ញុំហត់ ស្អីៗក៏លែងចង់ធ្វើ។ ដដែលៗ ច្រើនដងៗ វាចេះតែធ្វើឲ្យខ្ញុំធុញថប់ និងមានគំនិតចេះតែចង់ចេញពីផ្ទះឲ្យបាត់ៗ។
តើខ្ញុំធ្វើស្អីខុស? ហេតុអីក៏កើតមក ត្រូវវេទនាចិត្តស្ទើរតែរាល់ថ្ងៃបែបនេះ? សៀវភៅក៏គ្មានសិទ្ធិធ្វើជាម្ចាស់ ខោអាវក៏គ្មានសិទ្ធិធ្វើជាម្ចាស់ ស្បែកជើងក៏គ្មានសិទ្ធិធ្វើជាម្ចាស់ សូម្បីតែកង់ទិញមក ក៏គ្មានសិទ្ធិជិះដែរ។ ហត់! ហត់មែនទែន! គ្រាន់តែរបស់ខ្លួនឯង ស្អីៗក៏គ្មានសិទ្ធិប្រើ។
អ្វីដែលគួរឲ្យខ្លោចផ្សារបំផុត គឺសូម្បីតែកន្លះជំហានក៏មិនបានឈានទៅណាដែរ ពីរថ្ងៃនេះ។ ដេកឈឺអត់បាយ។ សូម្បីតែមីកញ្ចប់ ទើបតែទិញប៉ុន្មានថ្ងៃមុន ក៏គ្មានសិទ្ធិហែកញ៉ាំ ដោយសារតែវាត្រូវជាប់សោរ។
ហ៊ើយ! តើនេះឬជីវិត ដែលម្នាក់ៗចេះតែឲ្យខ្ញុំទ្រាំ ឲ្យខ្ញុំស៊ូនោះ? ខ្ញុំហត់ហើយ! សូម្បីតែទឹកភ្នែកដែលឧស្សាហ៍ស្រក់ ឥឡូវក៏វាហត់ លែងខ្ចីចង់ស្រក់ដែរ 😦