១១ មេសា ២០១៣
ចិត្តខ្ញុំច្របូកច្របល់ណាស់! មិនដឹងថា គួរធ្វើអីល្អ?
ប្រសិនបើខ្ញុំរើសការងារ ខ្ញុំនឹងបោះបង់ឱកាសទៅថៃ។ តែបើខ្ញុំទៅថៃ ចុះថ្លៃចំណាយនឹងគិតម៉េចទៅ បើលុយចាយលុយសន្សំទុកធ្វើស្អីៗ ត្រូវខ្ញុំចាយជិតអស់ហើយ? មិនដល់ពីរខែផង ជាង៥០០ចប់ឈឹង។ ឥឡូវលុយក្នុងហោប៉ៅ មិនដឹងថាចូលឆ្នាំ ចាយគ្រាន់ក៏អត់ទេ។
ការងារ! មែនហើយ! ការងារ! ខ្ញុំអាចធ្វើការមួយរយៈ ដើម្បីរកលុយបម្រុងទៅណោះបានតើ។ តែខ្ញុំមិនចង់ធ្វើការដោយគ្មានទំនួលខុសត្រូវចឹងនោះទេ។ ធ្វើបានតិច ក៏ឈប់។
ម៉្យាងគិតដល់រឿងម៉ែ ហ៊ឹម! វារឹតតែធ្វើឲ្យខ្ញុំព្រឺសម្បុរ។ គ្រាន់តែលើកមុន បង្ហើបគាត់លេងៗ គាត់តក់ស្លុត វាយខ្ញុំចង់ងាប់ចង់រស់ហើយ ហើយទម្រាំតែខ្ញុំទៅមែនទែនទៀត ហើយប្រសិនបើបងខ្ញុំដឹងថែមទៀត ហ៊ើយ! ច្បាស់ជារឿងធំមិនខាន។
ណាមួយ ទោះបីជាខ្ញុំសម្រេចចិត្តថា មិនទៅថៃក៏ដោយ បើនិយាយតែពីរឿងការងារសុទ្ធ វាក៏ធ្វើឲ្យខ្ញុំដកដង្ហើមធំ។
មួយជាការងារអង្គការ(រដ្ឋបាល) មួយជាការងារក្រុមហ៊ុន(គណនេយ្យ) និយាយពីចំនួនម៉ោងធ្វើការ និងប្រាក់ខែ គិតទៅគិតមក ប្រហាក់ប្រហែលតែគ្នា។ ប៉ុន្តែរឿងដែលធ្វើឲ្យខ្ញុំឈឺក្បាលនោះ គឺថាហេតុអីក៏ជួនគ្នាបែបនេះ។
ពេលដែលខ្ញុំជាប់សម្ភាសន៍ការងារនិងកំណត់ថ្ងៃធ្វើការហើយអស់នោះ ដើរមិនទាន់បានចេញពីមាត់ទ្វារក្រុមហ៊ុនផង បែរជាខាងអង្គការតេមក ឲ្យទៅជួប និងនិយាយពីរឿងការងារ។ ពេលនោះ អ្វីដែលខ្ញុំអាចធ្វើបាន គឺមានតែប្រាប់គេថា ខ្ញុំទើបតែយល់ព្រមធ្វើការឲ្យគេប៉ុន្មាននាទីមុនហ្នឹង។ ស្មានតែនិយាយប៉ុណ្ណឹង រឿងវាចប់ហើយ បែរជាគាត់តេមកណាត់ម្តងទៀត ថាឲ្យទៅជាប់មេធំ នៅថ្ងៃខានស្អែកនេះ។ ពិតជាធ្វើឲ្យខ្ញុំស្មុគមែន!
បើធ្វើការនៅអង្គការ វានៅជិតផ្ទះ មិនសូវអស់សាំង។ តែវាពេញម៉ោង (៨ដល់១២ និង២ដល់៦)។ បើចេញម៉ោង៦ យ៉ាហ៊ី ខ្ញុំទៅរៀនដឹងតែយឺត យ៉ាងហោចណាស់ក៏២០នាទីដែរ។ តែរឿងពេលវេលាធ្វើការនេះ ខ្ញុំគិតថាអាចនិយាយគ្នាបាន ព្រោះខ្ញុំក៏ធ្លាប់ប្រាប់គាត់ម្តងហើយ។ តែវារកពេលទំនេរនៅផ្ទះ ឬក៏ធ្វើស្អីផ្សេងមិនបាន។
បើធ្វើការនៅក្រុមហ៊ុនវិញ ហេហេម៉ាថ្ងៃធ្វើការតែ៦ម៉ោង។ ខ្ញុំយកវេនព្រឹក ចូលម៉ោង៦ចេញម៉ោង១២ សល់ពេលនឹងកន្លះថ្ងៃ អាចនៅផ្ទះក៏បាន ដើរលេងក៏បាន ឬក៏ឆ្លៀតពេលរៀនអីបន្ថែម។ តែវាឆ្ងាយ នៅជិតព្រលានឯណោះ មិននៅជិតផ្សារលើ ឬនៅជិតផ្ទះណា។ ហើយមិនដឹងថា ខ្ញុំក្រោកទាន់ក៏អត់? ហើយញ៉ាំអីទាន់ក៏អត់?
ហ៊ឹម! ហេតុអីសុទ្ធតែស្អប់ជំពប់លើទាំងអស់ចឹង? ខ្ញុំមិនចូលចិត្តធ្វើគ្រូ ទើបពេលចប់វិទ្យាល័យមិនទៅប្រឡងធ្វើគ្រូបឋម ឬអនុ។ ខ្ញុំមិនចូលចិត្តគិតលេខ ទើបខ្ញុំមិនរើសយកជំនាញគណនេយ្យ ឬក៏ធនាគារ ទោះបីជាគ្រូឆ្នាំមូលដ្ឋានខំណែនាំថាខ្ញុំមានដុងខាងហ្នឹងក៏ដោយ។ តែគេចមិនផុត! ស្អប់គ្រូ រៀនជំនាញគ្រូ ធ្វើការងារស្ម័គ្រក៏ជាប់ជំនាញគ្រ។ ស្អប់ជំនាញគណនេយ្យ ទីបំផុតបែរជា… ហ៊ើយ! តែធ្វើជាមនុស្សត្រូវគោរពសម្តី តើមែនទេ? ខ្ញុំជ្រុលយល់ព្រមថា ធ្វើការឲ្យក្រុមហ៊ុនមុនទៅហើយ មិនចង់ម្តងនិយាយចេះ និយាយចុះនោះទេ។ គណនេយ្យក៏គណនេយ្យ! ចង់ដឹងថា ធ្វើការជាមួយមេកូរ៉េម៉េចដែរ? តែមិនដឹងថាការសម្រេចចិត្តនឹងថេរក៏អត់ ទាល់តែចាំនិយាយជាមួយខាងនោះឲ្យចប់សិន។
អស់ហើយរឿងស្មុគរបស់ខ្ញុំ! សរសេររួចហើយ ហាក់ដូចជាធូរទ្រូង! គិតថា អាចដេកលក់ហើយប៉ុណ្ណេះ! រាត្រីសួស្តី!