២៤ មីនា ២០១៣
ថ្ងៃអាទិត្យនេះ មិនខុសពីថ្ងៃអាទិត្យសព្វដង ការងារស្ម័គ្រចិត្តតែងតែមិនអាចខកខានបាន។
ម៉ោង១២កន្លះ ពួកយើងចាប់ផ្តើមម៉ោងការងារ។ ថ្ងៃនេះ មុននឹងរៀបចំធ្វើសកម្មភាព មាលាកាន់តួនាទីចុះទៅភូមិ និងត្រឡប់មកវិញ ត្រូវមើលបណ្ណាល័យ។ សុគីនមានភារៈជាអ្នករៀបចំសម្ភារសម្រាប់ធ្វើcraftនៅថ្ងៃនេះ។ ចំណែកខ្ញុំនិងវណ្ណាត្រូវពិនិត្យមើលផែនការសកម្មភាព និងរៀបរកមើលcraftសម្រាប់សប្តាហ៍ក្រោយៗទៀត។ អ្វីៗសុទ្ធតែដើរទៅយ៉ាងរលូនទៅតាមផែនការដែលបានរៀបចំទុក។
ប៉ុន្តែថ្ងៃនេះយើងមានក្មេងពីរនាក់មកពីភូមិ។ និយាយនេះ មិនមែនមានន័យថា យើងមានតែក្មេងពីរនាក់នោះទេ។ យើងមានក្មេងជាច្រើននាក់ទៀត។ ប៉ុន្តែពួកគាត់ខុសពីគេ។ គឺគាត់មក មិនបានពាក់អាវ។
វាមិនមែនជារឿងចម្លែក ព្រោះគាត់មកនេះ មិនមែនជាលើកទីមួយ។ តាមព័ត៌មានដែលយើងដឹង គឺម្តាយរបស់គាត់ ហាមមិនឲ្យពាក់អាវតែម្តង ដោយព្រោះតែចង់ឲ្យភ្ញៀវឃើញអាណិត ហើយដាក់ទានឲ្យ។
អាយុប្រហែលប្រមាណបីបួនឆ្នាំ រូបរាងស្គមស្គាំង សម្បុរខ្មៅ មុខមាត់ប្រលាក់ស្រម៉ិស្រម៉ក់ មានតែខោមួយចង្កេះ ជើងទទេ ទាំងពីរនាក់បងប្អូនបាននាំគ្នារត់មកទាំងកណ្តាលថ្ងៃក្តៅ។ ជាទម្លាប់ មុននឹងនាំក្មេងៗធ្វើសកម្មភាព យើងតម្រូវឲ្យក្មេងៗលាងដៃជាមុនសិន។ ក្មេងៗដទៃ គេលាងរួចអស់ហើយ នៅតែពួកគាត់ដែលមកក្រោយគេ។ កំពុងលាងដៃ លាងដៃជាមួយនឹងសាប៊ូ លាងជាមួយនឹងទឺករ៉ូប៊ីនេដែលបើកហូររសេចរសាចស្ទើរតែជោគខ្លួន…
…ជូតខ្លួន យកអាវឲ្យពាក់បណ្តោះអាសន្ន យើងក៏ចាប់ផ្តើមធ្វើសកម្មភាពតាមលំអានដែលត្រៀមទុក។ សួរសុខទុក្ខ សួរសំណួរបំផុសពីអនាម័យខ្លួនប្រាណ រៀនធ្វើចលនាដៃជើង ច្រៀងចម្រៀង ស្តាប់រឿងនិទាន ធ្វើcraft និងផ្តល់ដំណឹងពីការផ្តល់ថ្នាំទម្លាក់ព្រូន… សកម្មភាពយើងក៏បញ្ចប់។ ប៉ុន្តែក្មេងទាំងពីរនេះ មិនបានកំដរយើងរហូតដល់ចប់ឡើយ។ ពួកគាត់សុំយើងទៅផ្ទះមុន ដោយហេតុខ្លាចបងទៅរើសអេតចាយចោល ហើយបើម្តាយដឹង ច្បាស់ជាមានរឿង។ រឿងនោះប្រហែលជាអ្នកអាចទាយដឹង ថាជារឿងអ្វី។
ហ៊ឺម! មានរឿងរ៉ាវស្រដៀងៗនេះជាច្រើន… ដែលធ្វើឲ្យខ្ញុំព្រួយបារម្ភអំពីអនាគតរបស់ក្មេង។ មិនត្រឹមតែចំពោះក្មេងទាំងពីរ តែចំពោះក្មេងៗដទៃទៀតនៅក្នុងភូមិនោះ។ ប្រសិនបើឪពុកម្តាយនៅតែមិនគិត ហើយនៅតែព្យាយាមឲ្យកូនជួយរកលុយឲ្យខ្លួនរបៀបនេះ មិនគិតផ្ចង់ផ្តើមឲ្យកូនរៀនឲ្យកូនសូត្រ តើអនាគតទៅ មានអ្វីដែលខុសប្លែកគ្នា? តើអាចជៀសរួចទេ ពីភាពក្រនៅតែក្រ? ឲ្យកូនដើររើសអេតចាយ ឲ្យកូនដើរសុំលុយគេ ចំណែកឯខ្លួនវិញ គិតតែពីតែងខ្លួន គិតតែពីទំនេរនិយាយដើមគេ បើមិនចឹងទេ មានតែបៀរប៉ោង តើនេះឬជាឪពុកជាម្តាយដែលមានទំនួលខុសត្រូវ?