១៨ មីនា ២០១៣
ជីវិតនៅផែនដីនេះ ជួបតែរឿងទុក្ខ ច្រើនៗ រីឯរឿងសប្បាយ គឺតិចៗ ឬក៏មួយភ្លែតៗ ប្រៀបដូចជាសត្វអំពិលអំពែកជួនកាលបញ្ចេញពន្លឺ ជួនកាលមិន។
ម្តាយរបស់ខ្ញុំចាញ់ហើយ ដូច្នេះខ្ញុំមិនចង់ចាញ់ដូចជារូបគាត់ឡើយ។ ខ្ញុំចង់ឈ្នះ ជាពិសេសយកឈ្នះលើខ្លួនឯងឲ្យបាន។ បើខ្ញុំនៅតែបណ្តោយឲ្យរឿងដដែលៗចេះតែមកអំពល់ទុក្ខតាមរបៀបនេះទៀត មិនយូរមិនឆាប់ ខ្ញុំក៏ដូចជាម្តាយរបស់ខ្ញុំចឹង គឺចាញ់។ ចាញ់នឹងពាក្យមួយ ហៅថា «ជីវិត»។
អ្នកខ្លះថា ខ្ញុំចូលចិត្តរស់នៅក្នុងស្រមោលអតីតកាល តែគេមិនបានដឹងថា អតីតកាល និងបច្ចុប្បន្នរបស់ខ្ញុំ វាតែមួយ ដោយគ្មានស្អីខុសប្លែកគ្នា។ អ្នកខ្លះ ថាខ្ញុំចូលចិត្តគិតច្រើន តែគេមិនដឹងថា ខ្ញុំគិតរឿងច្រើន ក្នុងពេលតែមួយ ដោយសារតែគ្មានពេលនឹងមកអង្គុយសំកុកគិតដូចជាគេ។ អ្នកខ្លះ គិតថាខ្ញុំជាមនុស្សកុហក ដោយគេមិនទាន់ស្គាល់ខ្ញុំច្បាស់។
តែខ្ញុំមិនខ្វល់។ ខ្ញុំគឺខ្ញុំ។ មានតែខ្លួនខ្ញុំទេ ដែលដឹងអំពីខ្លួនខ្ញុំច្បាស់ជាងអ្នកណាៗទាំងអស់ ថាខ្លួនឯងគិតអ្វី កំពុងធ្វើអ្វី។ តើមែនទេ?
បញ្ហាដែលដោះស្រាយបាន ចាំគិត។ បញ្ហាដែលដោះស្រាយមិនបាន ទុកមួយឡែក។ រីឯបញ្ហាអ្នកដទៃ ក៏ត្រូវរៀនទុកមួយឡែក។ ព្រោះធ្វើជាមនុស្ស គួរតែរៀនអាត្មានិយមខ្លះទើបគួរ។
ស៊ូៗ! ដួលកន្លែងណា ងើបកន្លែងហ្នឹង បើមិនងើប កាលបានក្រោកឈរហ្នឹងគេ?