០៩ មីនា ២០១៣
ខ្ញុំលែងមាននរណាទៀតហើយ សូម្បីតែពាក្យថា «គ្រួសារ»។ ខ្ញុំហត់ ខ្ញុំឆ្អែត។ អ្វីៗទាំងអស់សុទ្ធតែជាការកុហក។ ម្នាក់ៗស្មោះត្រង់តែនឹងកិត្តិយស តែនឹងលុយ។
ខ្ញុំល្ងង់។ ល្ងង់ពិតមែន។ ល្ងង់ ហេតុអីក៏ត្រូវលះបង់ដល់ថ្នាក់នេះ? ខ្ញុំមិនគួរណាហ៊ានលះបង់ សូម្បីតែពេលវេលាមើលម៉ាក់ ដើម្បីទៅជួយពួកអ្នក។ ខ្ញុំមិនគួរណាហ៊ានលះបង់ សូម្បីតែអាយុជីវិតខ្លួនឯងក៏ហ៊ានប្រថុយ។ ខ្ញុំល្ងង់មែន។ ល្ងង់មែនទែន។
អរគុណដែលធ្វើឲ្យខ្ញុំស្គាល់។ ខ្ញុំត្រឹមតែជាអ្នកដទៃ ក្នុងក្រសែភ្នែករបស់អ្នក។ ដូច្នេះហើយ ពេលដែលខ្ញុំមានបញ្ហា បញ្ហារបស់ខ្ញុំត្រឹមតែជាអ្នកដទៃ មិនមែនបញ្ហាសាច់ឈាម។
អរគុណដែលធ្វើឲ្យខ្ញុំស្គាល់ទៀតថា កន្លងមក ពួកអ្នកត្រឹមតែចាត់ទុកខ្ញុំជាពពួកឈាមថោកប៉ុណ្ណោះ មិនសមឡើយជាពពួកពូជអ្នកថ្លៃថ្នូរ។
អរគុណដែលធ្វើឲ្យខ្ញុំស្គាល់ថា កើតមកជាអ្នកក្រ រស់នៅក្នុងសង្គមនេះ វាពិតជាគួរឲ្យឈឺចាប់ប៉ុណ្ណា។
ខ្ញុំសុំទោស ដែលខ្ញុំកើតមក មិនចំគ្រួសារអ្នកមាន។ ខ្ញុំសុំទោស ដែលខ្ញុំកើតមានម្តាយឆ្កួត។ ខ្ញុំសុំទោស ដែលខ្ញុំកើតមក បានត្រឹមតែធំ នៅក្នុងសំណង់អនាធិបតេយ្យ។ ខ្ញុំសុំទោស ដែលខ្ញុំមានមិត្តភក្តិមិនមែនជាអ្នកមាន។ ខ្ញុំសុំទោស ដែលខ្ញុំមានមិត្តភក្តិជាពួកស្បៀន។ ខ្ញុំសុំទោស ដែលខ្ញុំល្ងង់ ដែលខ្ញុំមិនអាចដើរចេញពីគ្រួសារនេះរួច។ ខ្ញុំសុំទោស ដែលខ្ញុំបានត្រឹមតែជាអ្នកដទៃក្នុងក្រសែភ្នែករបស់ពួកអ្នក។
ប៉ុន្តែរំលងចាប់ពីយប់នេះទៅ ខ្ញុំលែងប្រើពាក្យសុំទោសទាំងនេះហើយ ព្រោះខ្ញុំដឹងថា ខ្ញុំមិនខុសដែលខ្ញុំមិនអាចកើតមកចំត្រកូលអ្នកមាន។ ខ្ញុំមិនខុស ដែលកើតមកមានម្តាយឆ្កួត។ ខ្ញុំមិនខុស ដែលធំឡើង នៅក្នុងសំណង់អនាធិបតេយ្យ។ ខ្ញុំមិនខុស ដែលខ្ញុំមានមិត្តជាអ្នកក្រ។ ខ្ញុំមិនខុស ដែលខ្ញុំមានមិត្តជាពួកអ្នកស្រលាញ់ភេទដូចគ្នា។ ខ្ញុំមិនខុស ដែលខ្ញុំរើសយកម៉ាក់ជាធំ ជាជាងលុយកាក់។ ខ្ញុំមិនខុស ដែលអ្នកបានត្រឹមតែសំឡឹងខ្ញុំក្នុងនាមជាអ្នកដទៃ។ អ្វីដែលខ្ញុំខុស គឺខ្ញុំមានគ្រួសារដូចជាពួកអ្នក!
អរគុណដែលធ្វើឲ្យខ្ញុំដឹងខ្លួន ថាកន្លងមកនេះ ខ្ញុំនេះល្ងង់ប៉ុណ្ណា!
១.ជីវិតលោកនេះតែងតែអញ្ចឹង ពៅអើយឈប់ខឹងប្អូនពិតគិតត្រូវ រឿងដែរសំខាន់គឺយកម៉ែឪ មិត្រឬសត្រូវពៅឃើញយល់ជាក់។ ២.អ្នកមានអ្នកក្រគង់ពិតគង់ត្រូវធ្លាក់ ជាប់ក្នុងអន្ទាក់មរណសង្ខារ បើគ្មានម្តាយពៅប្អូនកើតពីណា? ពៅពិតអស្ចារ្យអាចឈ្នះខ្លួនឯង។ កុំអស់សង្ឃឹមណាពៅ បងនៅតែចាំផ្តល់កំលាំងចិត្តដល់ប្អូនគ្រប់ពេល នេះទោះជាយ៉ាងណាក៏ដោយយើងនៅតែជាបងប្អូនគ្នារហូត! បងពិតជាចង់បានប្អូនស្រីម្នាក់មាំរាំក្លាហានដូចប្អូននេះណាស់!
អរគុណបង! ខ្ញុំមិនអីទេ! មិនសប្បាយចិត្ត សរសេរចេញមកអស់ គឺអស់ហើយ 🙂
ព្រោះខ្ញុំនៅចាំពាក្យបងមួយម៉ាត់៖ «បើគ្មាននរណាលើកទឹកចិត្ត ត្រូវចេះលើកទឹកចិត្តខ្លួនឯង»
មិនថ្វីទេ! លោកខូដារារិទ្ធិបានផ្តាំថា ប្តូរឈ្មោះពីស្មៅហ្នឹង ទៅដាក់ព្រះចន្ទវិញទៅ គឺលែងអីហើយណា !!
ហេតុអីបានដូរឈ្មោះ? តើព្រះចន្ទល្អជាងស្មៅត្រង់ណាទៅ?
ព្រះចន្ទនៅខ្ពស់ជាង ហើយអត់ចេះបោះពួយដូចផ្កាយដុះកន្ទុយទេ គឺត្រជាក់ស្រួលណាស់ !
តែព្រះចន្ទឯកោណាស់ ព្រោះបាត់គ្នា
អត់អីទេ ឥឡូវមានមនុស្សត្រៀមទៅលេងច្រើនហើយ កុំភ័យណា ។
មនុស្សទៅលេងព្រះចន្ទ តែវាអត់ទាក់ទងនឹងខ្ញុំទេ
អូ, មិនថ្វីទេ គិតតែវិជ្ជមានបានហើយ អាណាអាក្រក់ៗ កុំគិតវាអី រាត្រីសួស្តី កេងទៅបានហើយ សូមឱ្យយល់សប្តល្អ ហើយចាំប្រាប់ផង !!