០៣ មីនា ២០១៣
វាធ្វើឲ្យខ្ញុំធូរទ្រូងបន្តិច។ មែនណា៎! ធូរទ្រូងពិតមែន។
ខ្ញុំមិនសង្ឃឹមថា ខ្ញុំអាចជាប់សោះ។ ឆមាសមុន ខ្ញុំអវត្តមានច្រើនណាស់។ មួយខែ ឃើញមុខខ្ញុំមិនបាន១០ថ្ងៃផង។ ទៅរៀនមិនសូវបានទៅរៀន លំហាត់ក៏មិនដែលបានធ្វើ កិច្ចការស្រាវជ្រាវ កិច្ចការជាក្រុមអីទៀតនោះ រឹតតែមិនបាច់បរិយាយ នឹងខ្ញុំអស់លទ្ធភាពនឹងប្រឈមមុខចំពោះអ្នកដែលបង់លុយឲ្យខ្ញុំរៀនទៅហើយ។
ថ្ងៃមួយ ប្រហែលជាពីរខែមុន ខ្ញុំបានទៅនិយាយជាមួយអង្គការដែលផ្តល់អាហារូបករណ៍ឲ្យខ្ញុំរៀន។ ពេលនោះ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំចង់ព្យួរការសិក្សាមួយរយៈ ដែលមានន័យថា ខ្ញុំចង់ផ្តាច់ជំនួយអាហារូបករណ៍ ដោយខ្ញុំលើកហេតុផលថា ខ្ញុំរអៀសចិត្ត ដោយគេឲ្យលុយរៀនហើយ តែបែរជាខ្ញុំខ្ជះខ្ជាយ។ ខ្ញុំគិតថា ខ្ញុំទៅលែងរួចហើយ។
ជំនួសឲ្យការខឹងសម្បារ គាត់បែរជាសួរនាំខ្ញុំ អំពីមូលហេតុដែលខ្ញុំអវត្តមានពីសាលាច្រើន។ ខ្ញុំបានត្រឹមតែដកដង្ហើមធំ ហើយក៏រៀបរាប់តាមដំណើរដែលគាត់សួរនាំ។
«តែបងជឿថាហ្អែងពិតជាអាចធ្វើបាន! បើក្រៅពីហ្អែង បងមិនដឹងទេ តែបងជឿថា ហ្អែងពិតជាអាចធ្វើបាន។ កុំបោះបង់!»
«តែធ្វើបានយ៉ាងម៉េចទៅបង? ឈប់ក៏ឈប់ច្រើន Assignmentក៏មិនបានធ្វើ ឯMidterm ក៏ខ្ញុំអត់បានប្រឡងមួយមុខទៀត ហើយFinal នៅតែពីរអាទិត្យ។ ទោះFinal គេយកតែ60% ក៏មិនប្រាកដថា ខ្ញុំអាចយកលើសបាន50%ដែរបង។ ខ្ញុំពិតជាអស់សង្ឃឹមមែនណា៎! បងអើយ ឲ្យខ្ញុំព្យួរទៅ!»
ទីបំផុត គាត់ក៏ឲ្យខ្ញុំយកទៅដេកគិតឲ្យច្បាស់សិន មុននឹងសម្រេចចិត្ត។
ប្រសិនបើព្យួរ ខ្ញុំត្រូវចាំពីរឆ្នាំទៀត បានអាចរៀនតវិញបាន ដោយសារតែឆ្នាំក្រោយ គេអត់មានថ្នាក់បើក។ ណាមួយ ខ្ញុំនៅសល់តែមួយឆមាសជាងទៀតទេ ចប់ហើយ។ បើព្យួរនៅពេលនេះ ពិតជាស្តាយណាស់។ ស្តាយពេលវេលា ស្តាយលុយដែលគេបង់ឲ្យរៀន។
«មែនហើយ! បញ្ហាឯងជាអ្នកបង្ក ដូច្នេះឯងជាអ្នកប្រឈម។ កុំគេចវេស។ ធ្លាក់ក៏ធ្លាក់ទៅ។ ជ្រុលដល់សមរភូមិចុងក្រោយហើយ ទោះសល់គ្រាប់តែមួយគ្រាប់ ត្រូវតែបាញ់ឲ្យអស់សិន កុំឲ្យខាត។ ស៊ូ! ស៊ូ!»
ទីបំផុត ខ្ញុំក៏អាចធ្វើបាន។ យេ៎! សូម្បីតែមួយមុខក៏មិនធ្លាក់ដែរ គ្រាន់តែអាអត់Midtermនោះ ប៊ិះទៅហើយ! ធូរទ្រូងខ្ញាក ពេលដែលទៅមើលលទ្ធផលល្ងាចមិញ។ គិតៗទៅ វាសនាខ្ញុំនៅតែខ្ពស់ដដែល ដោយតាំងពីរៀនមក អត់ដែលស្គាល់ជាតិប្រឡងសងនឹងគេ 😀
តាមរយៈអំពីនេះ ធ្វើឲ្យខ្ញុំដឹងថា៖ «កុំបោះបង់ ដរាបណាមិនទាន់ដឹងលទ្ធផល។ ជោគជ័យនៅតែមាន សម្រាប់អ្នកចង់បាន»។ ខ្ញុំមានមោទនភាពចំពោះខ្លួនឯង ព្រោះខ្ញុំអាចធ្វើបាន។
មុខវិជ្ជាអីខ្លះ ? យើ អាស្វា បីមុខបានលើសគេទាំងអស់ហ្មងណ៎ ?
អត់ទេ នៅក្រោមគេជាង១០នាក់ឯណោះ។ អានេះ សន្លឹកទីពីរទេ 😀
រៀនបីមុខ! តាមលេខរៀង មានApplied Linguistics, Psychology of Edu និងTeaching Metho។ បើTeaching MethoបានMidtermវិញ ដឹងតែអេមហ្នឹង 😛
ឃើញដល់៤ថាបី នៅទីនេះ psychology of edu គេចូលជាមួយ applied linguistics ។ មាន២ទៀត គឺ foundation of edu, teaching metho ហេតុតែគេហា នៅនេះវិញ សុំតែ ៦០ទេ ៕
– បើអាក្រោយហ្នឹង ជាមធ្យមភាគ 😛
– សាលាចង់ឲ្យសិស្សជាប់ច្រើន ហាចឹងឯង 😀
– និយាយពី Teaching Metho ខ្ញុំដឹងតែដកដង្ហើមធំម៉ង់ ព្រោះអត់ចេះបង្រៀន ចេះតែលេង 😀
Congratulations girl.
អរគុណ 🙂