២៥ កុម្ភៈ ២០១៣
យប់នេះ ខ្ញុំសើចច្រើនណាស់។ សើចនឹងចុកពោះ។
ដំបូងសើចនឹងអាម៉ាប់ ដែលគាត់មិនចោលទម្លាប់មួយដែលសាំញ៉ាំ។
«ថ្ងៃនេះ ខ្ញុំសុំលើកយកក្លិនក្រអូបមួយ មកចែករំលែក។ ខ្ញុំមិនដឹងថា វាល្អឬក៏យ៉ាងណា ដោយសារតែខ្ញុំអត់ចេះនិយាយ… ដោយសារខ្ញុំអត់ចេះនិយាយ ចឹងសុំកុំប្រកាន់ណា… កុំប្រកាន់នឹងខ្ញុំណា… ខ្ញុំមិនដឹងថា វាល្អក៏អត់ ដោយសារតែខ្ញុំប្រែវា ខ្ញុំអត់យល់ដែរ… ដូច្នេះ ខ្ញុំចាប់ផ្តើមហើយណា… បើមិនយល់ សុំកុំប្រកាន់ណា… សុំកុំប្រកាន់…»
គ្រាន់តែអាម៉ាប់ចាប់ផ្តើមឡើង ធ្វើបទបង្ហាញពីអត្ថបទប្រែរបស់ខ្លួន ខ្ញុំនិងអាមុំនាំគ្នាខ្ទប់សំណើចមិនបាន ព្រោះដោយសារតែទម្លាប់សាំញ៉ាំរបស់គាត់។ ចំពោះទិដ្ឋភាពបែបនេះ វាធ្វើឲ្យខ្ញុំនឹកដល់ពេលមួយ។ ពេលនោះ អាម៉ាប់មានអារម្មណ៍ស្ទាក់ស្ទើរចង់ប្រាប់រឿងមួយដល់ខ្ញុំ ដែលវាអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍។
«អាផា! ខ្ញុំមានរឿងមួយចង់ប្រាប់ដល់ឯង! ឯងកុំខឹង! កុំប្រកាន់ណា៎! ខ្ញុំមានរឿងមួយប្រាប់ដល់ឯង ឯងកុំខឹង កុំប្រកាន់ណា៎! ខ្ញុំមានរឿងមួយប្រាប់ដល់ឯង ឯងកុំខឹង កុំប្រកាន់ណា៎! ខ្ញុំមានរឿងប្រាប់ដល់ឯង ឯងកុំខឹង កុំប្រកាន់ណា៎! ត្រូវតែសន្យាជាមួយគ្នា ថាឯងកុំខឹង កុំប្រកាន់។ ថាឯងកុំខឹង កុំប្រកាន់ ថាឯងកុំខឹង កុំប្រកាន់…»
សាកគិតទៅមើល បើខ្ញុំខឹងមែន តើខ្ញុំគួរខឹងគាត់នឹងស្អី? @.@
បន្ទាប់ពីម៉ោងបកប្រែអេឡូហ៊ីសចប់ យើងគ្រប់គ្នាក៏នាំគ្នាចុះមកជាន់ក្រោម។ វ៉ោ! ពិតជាគួរឲ្យភ្ញាក់ផ្អើល បងប្អូនស្រីគាត់រៀបចំនំសម្រាប់ពួកយើង។ ដល់ម៉ោងញ៉ាំទៀតហើយខ្ញុំ ^_^
បងប្អូនប្រុសខាងណោះ ដាក់មួយម៉ាត់… !!!???
«បងប្អូនស្រី! ថ្ងៃនេះ ធ្វើបានល្អ។ នេះជារង្វាន់។» ថារួច បងប្អូនប្រុសក៏កាត់នំមួយចំណែកធំ មកឲ្យអាម៉ាប់។
អាម៉ាប់ដាក់មួយស្លាបព្រា រួចក៏ពោល៖ «ពេលដែលយើងសរសើរបងប្អូនប្រុសស្រី នោះការសរសើរនឹងត្រឡប់មកយើងវិញ។ ដូចគ្នានេះដែរ កាលណាយើងឲ្យរបស់ទៅឲ្យបងប្អូនប្រុសស្រី របស់នោះនឹងក្លាយទៅជារបស់យើងវិញ»។ ថារួច អាម៉ាប់ក៏រកផ្ទេរនំឲ្យបងប្អូនប្រុសវិញ តែត្រូវបងប្អូនប្រុសបដិសេធ៖ «ការបូជា គឹជាតម្រូវការយ៉ាងចាំបាច់ ដើម្បីក្លាយទៅជាចានមួយដ៏ធំ។ ដូច្នេះ សូមបងប្អូនស្រីទទួល ដើម្បីឲ្យខ្ញុំក្លាយទៅជាចានមួយដ៏ធំ»។
«នៅពេលដែលយើងលះបង់របស់ល្អឲ្យដល់បងប្អូនប្រុសស្រី នោះយើងនឹងទទួលព្រះពរដែលល្អជាង។ ដូច្នេះ សុំលះបង់ឲ្យខ្ញុំ។ ខ្ញុំឃ្លាន។»
ឃ្លាចុងក្រោយ មិនទាន់បង្ហើបផង ហះៗៗៗ ខ្ញុំបានញ៉ាំច្រើនជាងគេ។ ហេតុអី? ហះៗៗៗ
មួយសន្ទុះ អាម៉ាប់ក៏ចាប់រកនឹកប្រធានបទថ្មី។
«ចង់ដឹងហេ៎ ហេតុអីបានជាពួកខ្ញុំទាំងបីស្គាល់គ្នា?» (ចង់សំដៅលើខ្ញុំទាំងបី មានអាមុំ អាម៉ាប់ និងខ្ញុំ)
អាម៉ាប់ក៏ចាប់ផ្តើមសម្រួចបបូរមាត់របស់គាត់ឡើង ហើយក៏យកដៃស្តាំមករកច្បូតបបូរមាត់ម្តងហើយម្តងទៀត ស្របពេលដែលគាត់និយាយឃ្លានេះ៖ «នេះ! មកពីចូលចិត្តនេះ! នេះ! ប៉ប៉ាច់ប៉បោចច្រើន»។ អ្នកដែលប៉ប៉ាច់ប៉ប៉ោចច្រើននោះ គាត់ចង់សំដៅលើខ្ញុំ។
មែន! កាលពីមុន ខ្ញុំជាមនុស្សចូលចិត្តនិយាយច្រើន។ និយាយច្រើនរហូតដល់ឡប់ៗ មិនដឹងថាខ្លួនឯងនិយាយស្អី។ ហះៗៗៗ… តែបើមិនមែនខ្ញុំប៉ប៉ាច់ប៉ប៉ោចទេ ស្មានតែពួកយើងបានស្គាល់គ្នាឬ?
គ្រាន់តែអាម៉ាប់បញ្ចប់ពាក្យប៉ប៉ាច់ប៉ប៉ោចមិនទាន់ អាមុំក៏ចាប់រៀបរាប់ពីទិដ្ឋភាពខ្ញុំជួបគាត់ដំបូង។ ហះៗៗៗ… បញ្ចូលសំឡេងផង បញ្ចូលកាយវិការផង មិនដឹងជាស្អីគេខ្លះទេ។ ខ្ញុំសើចនឹងរឹងពោះ។ អ្នករាល់គ្នាក៏សើចនឹងរឹងពោះ។
ទៅស៊ីយ៉ូនយប់នេះ ពិតជាសប្បាយមែន!