២០ កុម្ភៈ ២០១៣
ខ្ញុំដឹងថាខ្ញុំមិនបានទទួលលុយនោះ តែឲ្យខ្ញុំធ្វើម៉េច ខ្ញុំគ្រាន់តែជាអ្នកដទៃ។ ខ្ញុំស្ងាត់ ខ្ញុំស្ងៀម មិននិយាយអ្វីទាំងអស់។ អ្វីដែលខ្ញុំអាចធ្វើបាន មានតែនិយាយលួងខ្លួនឯងនៅក្នុងចិត្ត៖ «មិនអីទេៗ!»។
ខ្ញុំលាលុយនោះមើល។ មើលហើយមើលទៀត ខ្ញុំមើលមិនយល់។ មើលត្រង់ណាដែលគេថាក្លែងក្លាយ? គ្រាន់តែមើលទៅក្រដាសដូចជារាងស្លេក និងរាងចាស់បន្តិចតែប៉ុណ្ណោះ។ ដើម្បីអស់ចម្ងល់ ខ្ញុំក៏សម្រេចចិត្តយកលុយនោះ ទៅហ៊ុយគាំង។ ប្រសិនបើក្លែងក្លាយពិតមែន យ៉ាងច្រើនអត់លុយចាយតែមួយខែប៉ុណ្ណោះ។
តែដល់មកគិតថាអស់លុយចាយមួយខែ ខ្ញុំក៏នឹកចង់ស្រក់ទឹកភ្នែក។ «គ្រាន់តែជាអ្នកដទៃ» ជាពាក្យដែលខ្ញុំនឹកដល់។
ខ្ញុំនឹកដល់ពេលដែលខ្ញុំទៅជួយធ្វើការនៅផ្ទះគេ ដើម្បីរកលុយទៅរៀន កាលពីក្មេងៗ។ ពេលនោះ ថ្ងៃនោះ ជាថ្ងៃដែលធ្វើឲ្យចិត្តខ្ញុំមានដំបៅ។ គេចោទខ្ញុំលួចលុយរបស់គេ។ គេវាយខ្ញុំ បោចខ្ញុំ ទាត់ខ្ញុំ។ គេដៀលខ្ញុំជាកូនគ្មានឪពុក មានម្តាយវិកល។ គេដៀលពូជខ្ញុំចោលម្សៀត។ គ្រាន់តែលុយប៉ុន្មានម៉ឺន ដៃជើងរបស់ខ្ញុំពេលនោះ ស្ទើរតែគេវាយបំបាក់។
ក្រោយមក លុយក៏បានរកឃើញ។ អ្វីៗក៏ស្ងាត់ស្ងៀម។ ប៉ុន្តែវាហាក់ដូចជាមិនស្ងាត់សោះ សម្រាប់ខ្ញុំ។ ស្រមោលមួយចេះតែតាមដានខ្ញុំ សំឡេងមួយចេះតែតាមរំខានខ្ញុំ… វាពិតជាធ្វើឲ្យខ្ញុំខ្លាចមែនទែន។
ខ្ញុំចាប់ផ្តើមមានវិបត្តិខាងការគិតលេខ និងការរាប់។ ឲ្យតែឃើញលេខ ខ្ញុំចេះតែខ្លាច ចេះតែជ្រួលច្របល់។ ឲ្យតែឃើញលុយ ខ្ញុំចេះតែញ័រ ចេះតែខ្លាច។ ខ្លាចថា វានឹងបាត់។
ខ្ញុំពិតជាខ្លាច។ ខ្លាចមែនទែន។ ខ្ញុំខ្លាចខ្លួនឯងធ្វេសប្រហែស ខ្លាចខ្លួនឯងប្រឈមមុខមិនរួច។ ខ្លាច គេបន្ទោស ខ្លាចគេចោទ ខ្លាចគេសំឡុត ខ្លាចគេវាយ ខ្លាចខ្លួនឯងទ្រាំមិនបាន ហូរទឹកភ្នែក ហូរទឹកសំបោរ ហូរទឹកនោម។
«មិនអីទេ! ចាត់ទុកជាការសងគុណ ចាត់ទុកជាការប្រឈមមុខនឹងភាពភ័យខ្លាច!» វាជាការសម្រេចចិត្តរបស់ខ្ញុំកាលពីជិតមួយឆ្នាំមុន។ តែវាមិនដូចការដែលខ្ញុំគិត។ កាន់តែខ្លាច កាន់តែជួប ឯកាន់តែជួប រឹតតែកាន់តែខ្លាចថែមទៀត ដែលហួសនឹងការបរិយាយ។
«គ្រាន់តែជាអ្នកដទៃ» ជាពាក្យដែលខ្ញុំនឹកដល់ ជាពាក្យដែលខ្ញុំប្រាប់ខ្លួនឯងឲ្យកាត់ចិត្ត។
ដល់ហ៊ុយគាំង សំឡេងអួលដើមកក៏បានបង្ហើបឡើង៖
«បងសុំជួយមើលលុយនេះឲ្យតិចមើល៍! ដូរបានអត់?»
.
.
.
រង់ចាំបន្តិច ទីបំផុត ខ្ញុំក៏អាចបញ្ជាក់បាន។ ខ្ញុំដកដង្ហើមធំ។
«សំណាងហើយ វាមិនមែនជាលុយក្លែងក្លាយ គ្រាន់តែត្រូវទឹកសាប៊ូ…»