១១ កុម្ភៈ ២០១៣
កណ្តាលថ្ងៃចេះ ឲ្យមកដើរមើលប្រាសាទ ហ៊ីៗៗៗ ខ្ញុំមិនចូលចិត្តទេ។ ខ្ញុំមួម៉ៅហើយ។ ប៉ុន្តែ ខ្ញុំបានត្រឹមតែរអ៊ូម្នាក់ឯងនៅក្នុងចិត្ត និងធ្វើមុខជូរហួញ។ ខ្ញុំដើរបន្តិច ក៏ឈប់។ ខ្ញុំដើរបន្តិច ក៏លួចសម្ងំបិទភ្នែក។ តែបិទមិនដែលបានយូរ…
«ថតមួយៗ»
មិត្តៗ អ៊ំៗ ក៏មូលជុំគ្នា រៀបចំស្ទីលថត។
«ក្រេះ ក្រាក់ ក្រឹប…» ខ្ញុំក៏បន្លឺសញ្ញាជំនួសឲ្យមួយពីរបី ដើម្បីឲ្យពួកគាត់ត្រៀមខ្លួន។
ថតរូបមួយប៉ុស្តិ៍ហើយ មួយប៉ុស្តិ៍ទៀត។ យើងថតរូប ពីកន្លែងមួយ ទៅកន្លែងមួយ។ ខ្ញុំមិនសូវបានចូលថតហ្នឹងគេទេ ព្រោះមុខខ្ញុំគ្មានហុងស៊ុយ (ថតមិនចេះដែលបានស្អាតហ្នឹងគេ ហេហេ… មកពីខ្ញុំអត់ស្អាត បានចឹង គិៗៗ)។ ណាមួយ សញ្ជាតិជាអ្នកកាន់កាមេរ៉ាតែប៉ុណ្ណឹង។

អាម៉ាប់ អារ៉ាត់ អាមុំ និងមីងទី១៣ នៅលើទីលានណាត់ជួប នៃប្រាសាទអង្គរវត្ត (រាប់ពីធ្វេងទៅស្តាំ)

នៅជាយជ្រុងប៉ែកឥសាន ផ្នែកខាងក្រៅ នៃថ្នាក់ថែវព្រះពាន់ (ទម្រាំតែបានរូបនេះ ទម្រាំតែចុចបានរូបជុំគ្នា ខ្ញុំប៊ិះតែផ្ញារជើងធ្លាក់ទៅក្រោមបាត់ ហះៗៗ)
ដើរមើលជុំវិញប្រាសាទអង្គរវត្តរួច ពួកអ៊ំៗក៏នឹកចង់បន្តឡើងភ្នំបាខែង ដើម្បីមើលថ្ងៃលិច។ ខ្ញុំគ្រាន់តែឮថាឡើងភ្នំបាខែង ក៏ដកដង្ហើមធំ។
ខ្ញុំជូនពួកគាត់ទៅដល់ជើងភ្នំ ហើយក៏ចាប់ផ្តើមផ្ទេរភារកិច្ច។ ខ្ញុំហុចទូរសព្ទឲ្យមុំ ឲ្យគាត់ដើរតួនាទីជាអ្នកកាន់កាមេរ៉ាវិញម្តង ដោយខ្ញុំសុំមិនឡើង សុំចាំនៅជើងភ្នំ។ ហះៗ តែប៉ុណ្ណេះ បានរួចខ្លួនហើយ 😀
អាម៉ាប់ ក៏សុំមិនឡើង។ សុំនៅកំដរខ្ញុំ។ បានគ្នា ចាំកាល? ចាំធ្វើអ្វី? កាលជិះម៉ូតូឆ្វែលលេង?
ខ្ញុំ និងម៉ាប់ ម៉ូតូមួយ ក៏នាំគ្នាជិះឆ្វែល។ ឆ្វែលចុះ ឆ្វែលឡើង ត្រឡប់ចុះ ត្រឡប់ឡើង ក៏នាំគ្នាមកឈប់នៅក្រៅកំពែងបាយ័ន។ អង្គុយលើថ្ម មើលទឹក មើលគេជិះទូក។ ញ៉ាំយីហ៊ឺ ក្លែមជាមួយនឹងទឹកសុទ្ធ ហះៗ ពិតជាប្រពៃណាស់! រកឯណាបាន?
«អាម៉ាប់! តោះជិះទូក!» ខ្ញុំបបួលលេង។
«ជិះធ្វើស្អី? ថ្លៃណាស់!»
«ម៉េចដឹងថាថ្លៃ មិនទាន់បានសួរផង?»
ខ្ញុំក៏ដើរទៅសួរ ទៅក្រុមអ្នកបម្រើសេវាកម្មទូកចែវ។
«ខ្មែរ ទូកមួយ យក២០ដុល្លា» មេកានៅទីនោះតប។
«ចុះភ្ញៀវ?»
«ភ្ញៀវ ម្នាក់ប្រាំដណ្តប់»
«អូហូ!» ខ្ញុំឧទានឡើង តាមរបៀបមនុស្សមានសារជាតិពូកែសន្សំសំចៃ (មេគំរិះ) 😀
ខ្ញុំឮសំឡេងម៉ូតូចេញពីត្រើយម្ខាង។ ភ្លាមៗនោះ ខ្ញុំក៏នឹកឃើញ។ នឹកឃើញវិធីដើម្បីកុំឲ្យខាត២០ដុល្លា។
«ម៉ាប់! តោះនាំគ្នាទៅជិះលើទួលនោះលេង!» ខ្ញុំចង្អុលទួលក្លោងទ្វារនៅត្រើយម្ខាង។
«ទៅធ្វើស្អី? ស្ងាត់ណាស់!»
«បើហ្អែងមិនទៅ ខ្ញុំទៅម្នាក់ឯង! ចាំនៅហ្នឹងហើយណា៎!» ខ្ញុំចាក់ទទឺង ព្រោះបើបណ្តោយ ដឹងតែគាត់មិនទៅជាមួយ។
ទីបំផុត គាត់ក៏ទៅជាមួយខ្ញុំ។ ទៅទាំងស្ទាក់ស្ទើរ។
នៅតាមផ្លូវ ពិតជាស្ងាត់មែន។ ស្ងាត់ជ្រៀបដូចចោរលួចសេះ។ ពួកយើងចេះតែជិះនៅតាមបណ្តោយផ្លូវគម្ពោតព្រៃ នៃទួលក្លោងទ្វារបាយ័នខាងត្បូងហ្នឹងទៅ។ ចេះតែជិះ ជិះទៅ មិនដឹងជាត្រូវឈប់នៅត្រង់ណា ព្រោះមិនដែលបានមកផង។ ហះៗៗៗ…
យឺតៗ ប្រយ័ត្នក្រឡុក!… យឺតៗ ប្រយ័ត្នធ្លាក់ទៅហ្អា៎!… ទៅវិញទេអី? ស្ងាត់ណាស់!… ម៉ាប់នៅពីក្រោយខ្ញុំ ចេះតែរអ៊ូមិនឈប់។ តែខ្ញុំមិនខ្វល់ តើនរណាប្រើឲ្យខ្ញុំក្បាលរឹងធ្វើអី? ចង់ទៅហើយ ទោះឃាត់ ក៏មិនបានផល។
«ឈប់រអ៊ូមើល៍! អោនតិចទៅ ប្រយ័ត្នមែកឈើទាក់ក!»
គេជិះទូក យើងជិះម៉ូតូ។ យើងនៅលើ គេនៅក្រោម។ ប្រហែលជាដប់នាទី គេដល់ យើងដល់ដែរ។
យើងមកដល់ជ្រុងម្ខាងទៀតនៃកំពែងបាយ័នទិសពាយ័ព្យ ត្រង់ចំណុចមួយទៀតនៃចំណតទូក។

វ៉ោ! ពិតជាប្លែកភ្នែកមែន សម្រាប់អ្នកមិនដែលបានមកដូចជារូបខ្ញុំ។ ទេសភាពពិតជាស្អាត ស្អាតជាងមើលពីភ្នំបាខែង ពីភ្នំក្រោមទៅទៀត 😀
«ប្រសិនបើបានមកជាមួយសង្សារ ហើយបានជិះទូកតែពីរនាក់ទៀត អួយ មិនដឹងជារ៉ូមែនទិចប៉ុណ្ណា» ខ្ញុំបញ្ចូលសំឡេង បញ្ចូលបរិយាកាស ហាក់ដូចជាតួខ្ទើយម៉្ងិកម៉្ងក់ក្នុងរឿងកុន។
ខ្យល់បក់រហៀកៗ ថ្ងៃលិចជះលើផ្ទៃជលសា សំឡឹងមើលត្រើយម្ខាងទៀត អូហូ… អានោះគេហៅដើមឈើ។ អានោះហៅដើមត្នោត។ អានោះគេហៅថាភូមិ។ ភូមិដាច់ស្រយាល មានផ្ទះមួយៗ នៅដាច់ពីគ្នា… (ហះៗ ស្ទីលមគ្គុទ្ទេសក៍ចង់បាក់ធ្មេញ២០១៣ 😀 )
អង្គុយលេង និយាយលេង ដើរមើលនេះ ដើរមើលនោះបានមួយភ្លែត អាមុំក៏តេមក។ ទីបំផុត បីនាក់យើងក៏ជុំគ្នា។ ជុំគ្នា ថតរូបលេង មើលថ្ងៃលិច ស្តាប់អ្នកដាក់មង បង្ហើរសំនៀង វ៉ោ! ឡូយអីក៏ឡូយយ៉ាងនេះ… ចប់! 😀