បញ្ចេញមតិ

ឧប្បត្តិហេតុ​ដ៏​តូច​មួយ​

១០ កុម្ភៈ ២០១៣

វា​ពិត​ជា​គួរ​ឲ្យ​រំខាន​ភ្នែក​មែន​ទែន ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​ជិះ​តាម​ផ្លូវ​ត្រឡប់​មក​ផ្ទះ។ គំនរ​កំប៉ុង សំបក​ដប​ទឹក​សុទ្ធ និង​ទឹក​ហូរ​កំពប់​សើម​ពាសពេញ​​ចិញ្ចើម​ថ្នល់ ស្រ្តី​វ័យ​កណ្តាល​ម្នាក់​បាន​ដួល​កង់​នៅ​ក្បែរ​នោះ ក្បែរ​ស្ថានីយ៍​ប្រេង​ឥន្ធនៈមួយ មិន​ហួស​ពី​សណ្ឋាគារ​បុរី​អង្គរ​។

ខ្ញុំ​បាន​ឈប់​ម៉ូតូ ហើយ​ដើរ​តម្រង់​ទៅជួយ​ប្រមូល​ដប​កំប៉ុង និង​ទឹក​សុទ្ធ​ឲ្យ​គាត់។ គាត់​បាន​ត្រឹម​តែ​៖ «កុំ​អីៗ ប្រលាក់​ដៃ​អស់​ហើយ! នេះកន្សែង​អ៊ី​ ជូត​សិន​ទៅ! ប្រលាក់​ដៃ​ហើយក្មួយ!»។

«មិន​អី​ទេ! ខ្ញុំ​ជួយ​រើស! ខ្ញុំឃើញ​ចឹង​ ទើស​ភ្នែក​ណាស់។ ណាមួយ ឡាន​ម៉ូតូ​ច្រើន​ចឹង​ផង!»

ខ្ញុំ​បាន​ជួយ​ប្រមូល​ដប​ទឹក​សុទ្ធ​គាត់​តែ​បន្តិច ថង់​គាត់​ក៏​ពេញ ដាក់​ស្ទើរ​ខ្វះ។

«មើល​ទៅ​ថង់​អ៊ី​​ដាក់​មិន​គ្រប់​ទេ។ បើ​អ៊ី​មិន​ប្រញាប់​ ចាំ​ខ្ញុំ​បន្តិច​សិន​ទៅ ខ្ញុំ​រត់​ទៅ​រក​មើល​សុំ​អ្នក​ខាង​ណោះ​ឲ្យ»​

«មិន​អីទេៗ»គាត់​ចេះ​តែ​ពោល​បែប​នេះ ហើយ​ក៏​ប្រញាប់​ប្រញាល់​រៀប​កញ្ចប់​ថង់​ទឹក​សុទ្ធ សណ្តោង​រណេង​រណោង​ពីរ​បី​ នៅ​ឯ​ចង្កូត​កង់។

«អរគុណ​ហើយ​ក្មួយ! អ៊ី​ទៅ​សិន​ហើយ​ណា៎!»

គាត់​ថា​ហើយ គាត់​ក៏​ជិះ​កង់​​ទៅ។ មើល​ទៅ​គាត់ ដូច​ជា​រាង​ប្រញាប់​ណាស់។ តែ​មិន​ដឹង​ថា​នេះ ប្រញាប់ ដោយ​សារ​តែភាព​ភិត​ភ័យ​ឬ​ក៏​យ៉ាង​ណា។

ខ្ញុំ​មិន​ដឹង​ហេតុ​ការណ៍​ច្បាស់​ទេ ថា​មាន​រឿង​អ្វី​កើត​ឡើង។ ហេតុ​អ្វី​បាន​ជា​គាត់​ដួល? ជិះ​ដួល​ដោយ​ខ្លួន​ឯង? អាច​ទំនង​ដែរ ព្រោះ​ដោយ​សារ​តែ​ភាព​រណេង​រណោង​នៃ​​ស្បោង​ទឹក​សុទ្ធ បូក​រួម​ទាំង​ធុង​ការ៉េម​មួយ​ទៀត ដែល​ស្ថិត​នៅ​លើ​រាន​កង់​ខាង​ក្រោយ ដោយចង​មិន​សូវ​មាន​លំនឹង។

មែន! គាត់​ជា​អ្នក​លក់​ការ៉េម បើ​តាម​ខ្ញុំ​សម្គាល់។ មើល៍​ទៅ​គាត់ ដូច​ជា​ទើប​តែ​ចេញ​លក់​ថ្មីៗ​។ ប្រសិន​បើ​គាត់​ចេញ​លក់​យូរ​មក​ហើយ កង់​របស់​គាត់ គួរ​តែ​មាន​លក្ខណៈពិសេស​ជាង​នេះ ជា​ពិសេស​កន្លែង​រាន​​កង់​ចង្អើរ​ខាង​ក្រោយ ដែល​គួរ​តែ​មាន​រាន​ក្តារមួយ​ ប្រើ​សម្រាប់​ទ្រាប់ ប្រើ​សម្រាប់​ទ្រាំទ្រ​ឲ្យ​មាន​លំនឹង រីឯ​ខ្សែ​រឹត មិន​មែន​ចង់​បែប​ដូច​គាត់​ចង់​នោះ​ឡើយ។

លើស​​ពី​ការ​លក់​ការ៉េម គាត់​ប្រហែល​ជា​ឃើញ​​សំបក​ដប សំបក​កំប៉ុង​ នៅ​កន្លែង​ណា​មួយ ហើយ​ក៏​ឆ្លៀត​រើស​យក​មក​ប្រមូល​ទុក​​  ដើម្បីលក់​អេត​ចាយ ​រក​កម្រៃ​បន្ថែម។ នេះ​បើ​យោង​ ទៅ​លើ​ស្បោង​សំបក​ដប សំបក​កំប៉ុង​ ដែល​ខ្ញុំ​បាន​ឃើញ។​

«ទឹក​ចិត្ត​ម្តាយ​ម្នាក់» ជា​ឃ្លា​ដែល​ខ្ញុំ​នឹក​ដល់ ជា​ឃ្លា​ដែល​ខ្ញុំ​នឹក​ប្រដូច​។ ហេតុ​ដែល​កើត​ឡើង​ប្រមាណ​ដប់​នាទី ធ្វើ​ឲ្យ​ខ្ញុំ​ស្ងើច និង​គោរព​ដល់​គាត់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​បាន​ជំរុញ​លើក​ទឹក​ចិត្ត​ខ្ញុំ​ស្ទើរ​តែ​មិន​ដឹង​ខ្លួន​។​ ទោះ​ជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​លំបាក​បែប​ណា​ក៏ដោយ ឲ្យ​តែ​មាន​ការ​តស៊ូ​ នឹងមាន​ក្តី​សង្ឃឹម។

«ថ្ងៃនេះ ម្តាយ​លំបាក​ ដើម្បី​កូន​ថ្លៃ តែ​ថ្ងៃ​ក្រោយ ម្តាយ​នឹង​ស្រណុក​សុខ​ស្រួល​ ដោយ​សារ​កូន…»

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: