2 មតិ

ជំនឿ​

ទស្សនាវដ្តី សៀវ​ភៅ​មេរៀន​ ព្រះ​គម្ពីរ និង​ចំរៀងរបស់​អេឡូហ៊ីស សុទ្ធ​តែ​មិន​ទាន់​បាន​សិក្សា...

ទស្សនាវដ្តី សៀវ​ភៅ​មេរៀន​ ព្រះ​គម្ពីរ និង​ចំរៀងរបស់​អេឡូហ៊ីស សុទ្ធ​តែ​មិន​ទាន់​បាន​សិក្សា… (09/01/2013)

ពេល​ខ្លះ គួរ​តែ​អរគុណ​ដល់​ថ្ងៃ​រើស​សំរាម ដែល​អាច​ឲ្យ​ខ្ញុំ​បាន​ស្គាល់​ក្រុង​ស៊ីយ៉ូន​* និង​បង​ប្អូន​ប្រុស​ស្រី​នៅ​ទីនោះ​។​

អាច​ជា​វាសនា​ក៏​ថា​បាន! ខ្ញុំ​បាន​ស្គាល់​ក្រុង​ស៊ីយ៉ូន​នេះ​ដំបូង​ កាល​ពី​ឆ្នាំ​មុន នៅ​ពេល​មាន​ការ​ជួប​ប្រមូល​ម្តុំ​គ្នា​រើស​សំរាម​ នៅ​ក្នុង​ក្រុង​សៀមរាប។ មាន​បង​ប្អូន​ស្រី​ម្នាក់​ បាន​មក​ជិត​ខ្ញុំ​ ហើយ​សួរ​ខ្ញុំ​៖

«តើ​បង​ប្អូនស្រី​បាន​ធ្លាប់​ដឹង​ឮ​ពីព្រះ​យ៉េ​ស៊ូ​ដែរ​ឬទេ?»

«ធ្លាប់!»

«ចុះ​បង​ប្អូនស្រី​ជឿ​ថា​ព្រះ​យ៉េ​ស៊ូ​មាន​ដែរ​ឬទេ?»

«មិន​ដឹង​ដែរ! តែ​​ប្រហែល​ជា​មាន។ ប្រសិន​បើ​មិន​មាន ហេតុអី​វា​ត្រូវ​បាន​គេ​កត់​ត្រា​ក្នុង​​ប្រវត្តិសាស្ត្រ​ដូច​ព្រះ​ពុទ្ធ​ដែរ?»

«អ៊ីចឹង​ បង​ប្អូន​ស្រី​ជឿ​ទេ​ថា នៅ​លើ​លោក​នេះ​មាន​ព្រះ​មាតាមួយ​អង្គ​ទៀត​?»

«ខ្ញុំ​មិន​ដឹង​ដែរ។ តែ​បើ​លើ​លោក​នេះ មាន​ព្រះ​បិតា គួរ​តែ​មាន​ព្រះ​មាតា​ហើយ ដូច​ជា​យើង​មាន​ឪពុក ហេតុអី​យើង​ក៏​មិន​មាន​ម្តាយ?» ខ្ញុំ​ឆ្លើយ​​តាម​របៀប​ចូល​ចិត្ត​លេង​សើច។

«អ៊ីចឹង​! បើ​បង​ប្អូន​ស្រី​ទំនេរ សុំ​មក​សិក្សា​ជាមួយ​គ្នា ដើម្បី​ស្វែង​យល់​ថា ព្រះ​មាតាជានរណា និង​ដើម្បី​ស្វែង​រក​សេចក្តី​សង្គ្រោះ​នៅ​ថ្ងៃ​ចុង​បំផុត…»

ពេល​នោះ ខ្ញុំ​គ្មាន​សេចក្តី​ជំនឿ​ទេ ព្រោះ​ខ្ញុំ​ជាមនុស្ស​ខ្សត់​ជំនឿ​ណាស់។ សូម្បី​តែ​ជំនឿ​​ម្ចាស់​ស្រុក និង​ជំនឿ​ព្រហ្មញ្ញ​ចូល​ព្រះ​ពុទ្ធ​សព្វថ្ងៃ​នេះ​ ខ្ញុំក៏​​មិន​ដែល​ប្រតិបត្តិ​ផង ដោយ​យោង​ទៅ​លើ​ការ​យល់​របស់​ខ្លួន​ឯង​ថា ជំនឿ​ទាំង​នោះ សុទ្ធ​តែ​ជា​ជំនឿ​ដែល​ប្រតិបត្តិ​ទាំង​ងងឹត​ងងុល​ ដោយ​ខ្វះ​ការ​ស្វែង​យល់​ពី​ប្រភព​ដើម។

បន្ទាប់​ពី​ថ្ងៃ​នោះ កន្លង​ទៅ​ប្រហែល​ជា​ពីរ​បី​ខែ​ ខ្ញុំ​ក៏​បាន​ទៅ​ក្រុង​ស៊ី​យ៉ូន​ម្តង​ទៀត​។ ការ​បាន​ទៅ​ម្តងទៀត​នេះ អាច​​រាប់​បាន​ថា​ជា​ការ​ចៃ​ដន្យក៏​ថា​បាន តែ​ខ្ញុំ​គិត​ថា​ វា​មិន​មែន​ជា​ការ​ចៃ​ដន្យ​ច្រើន​ជាង​ ព្រោះ​បង​ប្អូន​ស្រី​ដែល​ជា​មិត្ត​ភក្តិ​របស់​ខ្ញុំ​នៅ​ទីនោះ​ មាន​ចេតនា​ចង់​ទាញ​ខ្ញុំ​ឲ្យ​ទៅ ដោយ​យក​លេស​ថា​ គេ​ចង់​បបួល​ឲ្យ​ទៅ​មើល​រូប​ថត​ កាល​ពី​ថ្ងៃ​រើស​សំរាម​។​

នៅ​ថ្ងៃ​នោះ វា​ជា​ថ្ងៃ​ថ្វាយ​បង្គំ។ ខ្ញុំ​មិន​ចាំ​ច្បាស់ ថា​វា​ជា​យប់​ថ្ងៃ​អង្គារ ឬក៏​យប់​ថ្ងៃ​សៅរ៍​នោះ​ទេ។ ខ្ញុំ​ទៅ​ដល់​ទីនោះ មុន​ពេលដែល​កម្មវិធី​ត្រូវ​បាន​ចាប់​ផ្តើម។ ពេល​នោះ មាន​បង​ប្អូន​ស្រី​ម្នាក់ ឈ្មោះ​ស្រី​ពេជ្រ បាន​ណែនាំ​ខ្ញុំ​ឲ្យ​ស្គាល់​ពី​​ព្រះ​គម្ពីរ និងបក​ស្រាយ​អំពី​ផែនដី​គឺ​ជា​ស្រមោល​របស់ស្ថានសួគ៌។​

ខ្ញុំ​មិន​សូវយក​ចិត្ត​ទុកដាក់​ប៉ុន្មាន​ទេ ទៅ​លើ​ការ​បក​ស្រាយ ដោយ​ឈរ​លើ​គោល​ជំហរ​របស់ខ្លួន​ថា «មិន​ជឿ និង​មិន​ជឿ» តែ​បើ​​ឲ្យ​ខ្ញុំ​និយាយ​ដូចនេះ ហាក់​ដូចជា​ឲ្យ​ខ្ញុំ​និយាយ​កុហក​អ្នក​អ៊ីចឹង ព្រោះ​ខ្ញុំ​មិន​មែនជា​មនុស្ស​ដូច្នេះ។ ខ្ញុំ​ជាមនុស្ស​ចូល​ចិត្ត​ស្តាប់​អំពី​នេះ​អំពី​នោះ​របស់​អ្នក​ដទៃ ដោយ​មិន​ខ្វល់​ថា មាន​ប្រយោជន៍៍ ឬ​មិន​មាន​ប្រយោជន៍ ការ​ពិត ឬ​ក៏​មិន​ពិត… ព្រោះអ្វី​ដែល​​ខ្ញុំ​ចង់ដឹងចង់​បាន​​ ថា​តើ​ខ្ញុំ​អាច​​រៀន​អំពី​អ្វី​ដែល​ថ្មី អំពី​នោះបាន​ដែរ​ឬទេ?​

ពេល​នោះ​ខ្ញុំ​ស្តាប់​អំពី​នីមួយៗ​ ហើយ​ត្រឡប់​ជា​សំណួរ​អំពី​នីមួយៗ​​ តាម​របៀប​ដែល​កូន​ក្មេង​ចង់​ដឹង​ចង់​ឮ​ខ្លាំង។​ ចំនុច​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍ គឺ​ចំនុចនិយាយ​អំពី «ផែនដី​ គឺ​ជា​ស្រមោល​របស់​ស្ថានសួគ៌»។​

នៅ​ផែនដី​ យើង​មាន​គ្រួសារ​ខាង​សាច់​ឈាម។ យើង​មាន​ឪពុក​ មាន​ម្តាយ អាច​មាន​បង​ប្អូន​ស្រី អាច​មាន​បង​ប្អូន​ប្រុស។ តែ​ប្រសិន​បើ​យើង​មាន​ឪពុក តែ​យើង​គ្មាន​ម្តាយ តើ​យើង​អាច​មាន​ជីវិត​ដែរ​ឬទេ? ចម្លើយ​ច្បាស់​ណាស់ គឺ​មិន​អាច និង​មិន​អាច។ លុះ​ត្រា​តែ​យើង​មាន​ឪពុកជា​អ្នក​ផ្តល់​ប្រភព និង​មាន​ម្តាយ​ជា​អ្នក​ផ្តល់​ជីវិត ទើប​យើង​អាច​រស់​រាន​បាន ខាង​ជីវិត​សាច់​ឈាម។ ចុះ​ចំណែក​​ខាង​ព្រលឹង​វិញ្ញាណ​វិញ?

យើង​ក៏​មាន​គ្រួសារ​ដូច​គ្នា។ ក្រៅ​ពី​ជីវិត​ខាង​សាច់ឈាម​ហើយ យើង​ក៏​​មាន​គ្រួសារ​ខាង​ព្រលឹង​វិញ្ញាណ​ដែរ។ បើ​យើង​ប្រៀប​ធៀប​រវាង​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណ យើង​មាន​ព្រះ​បិតា តំណាង​​ឪពុក និង​ព្រះ​មាតា​ តំណាង​ម្តាយ។ អ្នក​ទាំងពីរ​មាន​តួនាទី​ដូច​គ្នា​ ទៅ​នឹង​​​ឪពុក​ម្តាយ​ខាងសាច់​ឈាម​ដែរ៖ អ្នក​ផ្តល់​ប្រភព និង​អ្នក​ផ្តល់​ជីវិត។​

នេះ​គ្រាន់​តែ​ជា​ការ​បក​ស្រាយរបស់​បង​ប្អូន​ស្រី​​ ដែល​ខ្ញុំ​នៅ​ចាំ​បាន​ត្រួសៗ​ កាល​ពី​ឆ្នាំ​មុន។

បន្ទាប់ពីនោះ ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា ទូរសព្ទ​របស់​ខ្ញុំ​ក៏​ចេះ​តែ​រោទ៍​ឡើងៗ។ មែន​ហើយ! ខាង​ស៊ីយ៉ូន​ គេ​តេ​មក​ឲ្យ​ទៅ​​សិក្សា​ព្រះ​គម្ពីរ​ជាមួយ​គេ។ មួយ​លើកបដិសេធ ពីរ​លើក​បដិសេធ… មិន​ដឹង​ជា​ខ្ញុំ​បាន​បដិសេធ​​ប៉ុន្មាន​លើក​ហើយ​ទេ ទីបំផុត​ខ្ញុំ​ក៏​ទន់​ចិត្ត ក៏​យល់ព្រម​ទៅ​សិក្សា​ជាមួយ​។

ចាំ​បាន​ថា ខ្ញុំ​បាន​ណាត់​គាត់ទៅ​​សិក្សា​នៅ​ម៉ោង​២រសៀល តែខ្ញុំ​បាន​ទៅ​យឺត​ជាង​កន្លះ​ម៉ោង។ គាត់​គួរ​តែ​ទៅ ហេតុអី​ក៏​នៅ​តែ​ចាំ? ហេតុអី​ក៏​មិន​ខឹង​ខ្ញុំ ដែល​ខ្ញុំ​មក​យឺត? ហេតុអី​ក៏​​ញញឹម​? ដឹង​ទេ ការ​ធ្វើ​បែប​នេះ ខ្ញុំមិន​ស្រួល​ចិត្ត​ឡើយ?​

ពេល​នោះ បង​ប្អូន​ស្រី​ ហ៊ិនចុង (Hyoen-jeong) ជា​អ្នក​ទទួល​ខុស​ត្រូវ​បង្រៀន​មេរៀន​ខ្ញុំ។ មែន​ហើយ! គាត់​មិន​មែនជា​ជនជាតិ​ខ្មែរ តែ​ជា​ជន​ជាតិ​កូរ៉េ។ គាត់​និយាយ​ភាសា​ខ្មែរ​បាន​ល្អ​ណាស់។​

រាល់​ពេល​បង្រៀន គាត់​តែង​តែ​សួរ​ខ្ញុំ៖

«យល់​ទេ?»

«យល់!»

«ជឿ​ទេ?»

«អត់ដឹង​ អត់​ច្បាស់ នៅ​ស្រពិច​ស្រពិល​…»

ខ្ញុំ​ចូល​ចិត្ត​លេង​ច្រើន។ ខ្ញុំ​មិន​សូវ​យក​ចិត្ត​ទុកដាក់​រៀន​ប៉ុន្មាន​ទេ។

ខ្ញុំ​រៀន​បាន​ប្រហែល​ជា​ពីរ​ខែ បង​ប្អូន​ស្រី​ហ៊ិន​ចុង​ ក៏​បាន​បញ្ចប់​បេសកកម្ម​ត្រឡប់​ទៅ​ប្រទេស​កូរ៉េ​វិញ។ បន្ទាប់​ពី​នោះ ខ្ញុំ​ក៏​លែង​បាន​ទៅ​ទីនោះ ដោយ​មាន​លេស​ថា​ រវល់ និង​មិន​ចង់។

វា​កន្លះ​ឆ្នាំដែល​ខ្ញុំ​បាត់​ស្រមោល។ បន្ទាប់​ពី​​បាត់​ស្រមោល ខ្ញុំ​ក៏​លេច​មុខថ្មី​ម្តង​ទៀត ក្នុង​កម្មវិធី​រើស​សំរាម កាល​ពី​ខែ​មុន​។ បង​ប្អូន​ស្រី​ជា​ច្រើន​នាក់ សួរ​ខ្ញុំ៖

«តើ​បាត់​ទៅ​ណា? ហេតុអី​ក៏​មិន​ម​ក​លេង? ដឹង​ទេ ថា​ពួកខ្ញុំ​នឹក​ខ្លាំងៗ…»

ខ្ញុំ​ក៏​នឹក​ពួក​គាត់​ដែរ។ ខ្ញុំ​មិន​ដឹង​ថា ការ​ត្រឡប់​មក​ក្រុង​ស៊ីយ៉ូន​ម្តង​នេះ ដោយ​សារ​តែ​ការ​ស្វែង​រក​សេចក្តី​ជំនឿឬ​ក៏​យ៉ាង​ណានោះ​ទេ។ តែ​អ្វី​ដែល​ខ្ញុំ​ដឹង​ច្បាស់ ពេល​ខ្ញុំ​បាន​ទៅ​លេង​ទីនោះ គឺ​ខ្ញុំ​បាន​សប្បាយ។ នេះ​ប្រហែល​ជា​ក្តី​ស្រលាញ់ ដែល​ជំរុញ​​ឲ្យ​ខ្ញុំ​មក​ម្តង​ទៀត…

____________________

*ភាសា​អង់គ្លេស​=Zion មាន​ន័យ​សំដៅ​​ទៅ​លើ​ព្រះ​វិហារ​​របស់​ក្រុម​អ្នក​បរិសុទ្ធ​ជំនាន់​ចុង​ក្រោយដែល​មាន​ជំនឿ​ទៅ​លើ​ព្រះ​មាតា​និង​ព្រះ​បិតា​​​…

2 comments on “ជំនឿ​

  1. ជំនឿ គឺគ្រាន់តែធ្វើឲ្យមនុស្សមានចិត្តស្ងប់ កាលដែលផែនដី ត្រូវបានសាងឡើងដោយព្រះ ខ្ញុំសូមនិយាយតាមត្រង់ គឺខ្ញុំជឿខាងវិទ្យាសាស្ត្រ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: