3 មតិ

រឿង​ខ្លីបែប​តថ៖ «គេច»

១០ វិច្ឆិកា ២០១២

ភ្លេច​គិត​ទៅ​ហើយ ថា​នៅ​ចុង​ខែ​មុន ខ្ញុំ​ក៏​បាន​សរសេរ​រឿង​ខ្លី​មួយ​ដែរ។ រឿង​ខ្លី​នេះ បាន​ក្លាយ​ចេញ​ពី​បទ​ពិសោធនៃ​ជីវិតពិតរបស់​ខ្ញុំ​ខ្លះ របស់​មិត្ត​ខ្ញុំ​ខ្លះ និង​ទស្សនៈ​មតិ​ផ្ទាល់​ខ្លួន​។

ខាន​សរសេរ​រឿង​ជាងមួយ​ឆ្នាំហើយ មាន​អារម្មណ៍​ថា សិល្បវិធីនៃ​ការ​តែងហាក់​ដូច​ជា​មិន​សូវ​ខុស​គ្នា​អី​ពី​លើក​មុនសោះ​ គឺ​នៅតែ​​អន់​ដដែល។ ហាហា… បើ​មិន​ជឿ សាក​អាន​ជាមួយ​គ្នា​ទៅ 😉

តែ​បើ​បាន​អាន​ហើយ សូម​មេត្តា​ដាក់​ទានរិះ​គន់​មួយ​ម៉ាត់​ពីរផង ព្រោះ​មិន​ចង់​នៅ​តែ​បែបនេះ​ឡើយ 🙂

គេច

ទី​បំផុត​ ខ្ញុំ​ក៏​ឈប់ទៅ​សាលា។ ខ្ញុំបោះ​បង់​ក្តី​ស្រមៃ​ក្លាយ​ជាគ្រូ​បង្រៀន​ភាសា​អង់គ្លេស​របស់​ខ្ញុំ​ចោល​កណ្តាល​ទី។ ខ្ញុំ​ក៏ឈប់​ទៅ​ផ្ទះ​ទៀត ដោយ​សារ​តែ​ប៉ា​​​បណ្តេញ​ខ្ញុំ​។​

ខ្ញុំ​មិន​ចង់​ឈប់​រៀន​ទេ តែ​រៀន​វា​ធុញ​ពេក គ្មាន​អី​គួរ​ឲ្យ​ចាប់​អារម្មណ៍​សោះ ក្រៅ​ពី​បើក​សៀវភៅ​ ហើយ​ស្តាប់​គ្រូ​ពន្យល់​ និង​ប្រែ។ រៀន​សាកល​ស្អី​ចេះ រៀន​ដល់​ប៉ុណ្ណេះ​ហើយ គ្រូ​នៅ​ចាំ​ដឹក​ដូច​គោ​ទៀត? ​ខ្ញុំ​មិន​ចង់​រិះ​គន់​ទេ ខ្ញុំ​គ្រាន់​តែ​ពន្យល់​ពី​មូលហេតុ​ដែល​ខ្ញុំ​ឈប់​រៀន​តែ​ប៉ុណ្ណោះ។

នៅ​ពេល​ប្រឡង​ហាក់​ដូច​ជា​មិន​ប្រឡង ជាពិសេស​ពេល​ប្រលង​ពាក់​កណ្តាល​ឆមាស ដែល​គេ​និយម​ហៅ​ជា​ភាសា​អង់គ្លេស​ថា​មីដធើមៗ(Midterm)នោះ។ គ្រូ​ខ្លះ​ ឲ្យ​បើក​សៀវភៅ​មើល​​ម៉ាសេរី ឲ្យ​តែ​បាន​ចម្លើយ​សមរម្យ​ឲ្យគាត់។ ទោះ​គ្រូ​ឲ្យ​បើក​មើល ឬមិន​បើក​មើល ក៏​ពួក​និស្សិតៗ​ភាគ​ច្រើន នៅ​តែ​បើក​មើល​ដដែល​ហ្នឹង ព្រោះ​ពួក​វា​កូពី​ចម្លង​វិញ្ញាសា​ចម្លង​មេរៀនពេញ​​ព្រាត។ ខ្ញុំ​មិ​ន​ដឹង​ថា តើ​ពួកនេះ​ មក​រៀន​នៅ​សាកល​ ដើម្បី​មក​ក្រេបនូវ​ចំណេះ​ដឹង ឬ​ក៏​មក​ក្រេប​យក​សញ្ញាឃើញ​នោះ​ទេ។​

បើ​តាម​ច្បាប់​សាលា គេ​មិន​អនុញ្ញាត​ជាដាច់​ខាត ឲ្យ​សិស្ស​បើក​ចម្លង ឬ​លួច​មើល​គ្នា​។​ តែ​ធ្វើ​ម៉េច សាលា​នៅ​តាម​ខេត្ត​តែ​ប៉ុណ្ណឹង​!​ ទោះ​ជា​ច្បាប់ចេញ​មក​​តឹង​ប៉ុណ្ណា ក៏​អ្នក​អនុវត្ត​ដើរ​ទៅ​ផ្លូវ​ផ្សេង ព្រោះ​បើ​មិន​ធ្វើ​ចឹង​ទេ សាលា​ច្បាស់​ជា​ដួល​ផ្ញារ​ជើង​មិន​ខាន។​

ខ្ញុំ​និយាយ​នេះ មិន​មែន​ថា​គ្មាន​គ្រូល្អៗ​បង្រៀន​នៅ​តាម​ខេត្ត​នោះ​ទេ។ មាន​ខ្លះ​ដែរ តែ​មាន​ដោយ​តាម​សំណាង​ប៉ុណ្ណោះ។ ខ្ញុំ​រៀន​នៅ​ឆ្នាំ​ទី​១ ដែល​ជា​ឆ្នាំ​មូលដ្ឋាន ល្អ​មួយ​ពីរដែរ មានគ្រូ​សេដ្ឋកិច្ច និង​គ្រូ​ទស្សនៈ។ តែ​​ប្រហែល​ជា​គ្រូៗ​ទាំង​អស់​សុទ្ធតែ​ល្អ​ក៏​មិន​ដឹង ព្រោះ​សិស្ស​នេះ ចូល​ចិត្ត​គ្រូ​នោះ សិស្ស​នោះ ចូល​ចិត្ត​គ្រូ​នេះ។ តែ​សម្រាប់​ខ្ញុំ គ្រូ​ដែល​បង្រៀន​ល្អ គឺ​គ្រូ​ដែល​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ចូល​ចិត្ត​រៀន​បាន។​

រៀន​ដល់​ឆ្នាំ​ទី​២ សាលា​ក៏​រាង​រញ៉េរញ៉ៃ​ឡើង។ នៅ​វគ្គ​ខ្ញុំ ដោយ​សារ​តែ​​សិស្ស​តិច​ពេក ក៏​ត្រូវ​ផ្អាក​ចាំពួក​វគ្គ​ក្រោយៗ ជិត​កន្លះ​ឆ្នាំ។ គ្រាន់​តែ​កន្លះ​ឆ្នាំ មិន​បាន​រៀន ខ្ញុំ​ដើរ​លេង​ភ្លេច​មេរៀន​មេរោច​អស់​រលីង។​

និយាយ​ពី​រឿង​ដើរ​លេង ខ្ញុំ​ជើង​ល្អ​ណាស់។ មិន​ខ្វល់​ថា​ខ្លួន​ជា​ស្រី ឬ​ក្រមុំ​អី​ទេ ឲ្យ​តែ​សប្បាយ​ខ្ញុំ​ទៅ​តែ​ទាំង​អស់។ គេ​ថា​មនុស្ស​ស្រី មិន​គួរ​ផឹក​ស្រា​នោះ​ទេ តែ​ខ្ញុំ​ថា សម័យ​នេះ​ មិន​មែន​ជា​សម័យ​ដែល​ប្រុស​និង​ស្រី​មាន​ភាព​ស្មើ​គ្នា​ទេ​អី។ មនុស្ស​ប្រុស​ផឹក​បាន ហេតុ​អីមនុស្ស​ស្រី​ផឹក​មិន​បាន? ខ្ញុំ​នៅ​ថា​ទៀត​ថា មនុស្ស​ប្រុស​ទេ​ ដែលមិន​គួរ​ផឹក​ស្រា​នោះ។​ មាន​ដែល​ឃើញ​ទេ មនុស្ស​ស្រី​ផឹក​ស្រវឹង​ វាយ​កាប់​ចាក់​សម្លាប់​គ្នា ឬ​ក៏​ប្រើ​ប្រាស់​អំពើ​ហិង្សា​ទៅ​លើ​អ្នកដទៃ?​ ទោះ​បី​ជា​ធ្លាប់​ឃើញ ក៏​​ធ្លាប់​ឃើញ​តែ​ប៉ុន្មាន​នាក់​ហ្នឹង ដែល​ប៉ុន្មាន​នាក់​ហ្នឹង មិន​ស្មើ​ទៅ​នឹង​ប៉ុន្មាន​ភាគ​រយ​របស់​មនុស្ស​ប្រុស​ផង។

ខ្ញុំ​ពូកែ​ស៊ី ខ្ញុំពូកែ​ផឹក ហើយ​ក៏​ពូកែ​ព្រោក​ប្រាជ្ញ​ដែរ។ មិត្ត​ភក្តិ​ភ្លឹប​ភ្លែត​របស់​ខ្ញុំ​សុទ្ធ​តែ​ចូល​ចិត្ត​ខ្ញុំ​ទាំង​អស់​ ព្រោះ​ថា​ឲ្យ​តែ​មាន​មុខ​ខ្ញុំ​ផឹក​ស៊ី ដឹង​តែ​សប្បាយ។ មួយ​ខែ​៣០ថ្ងៃ៣០យប់ ខ្ញុំ​ដើរ​លេងសឹង​​តែ​២០យប់​ ដូច​គេ​ធ្វើការ​ដែរ។​ ប្រសិន​បើ​ការ​ដើរ​លេង​ផឹក​ស៊ី អាច​រកលុយ​បាន មិន​ដឹង​ថា​ ​ខ្ញុំ​មួយ​ខែៗ​សល់​លុយ​ប៉ុណ្ណា​ទេ តែ​នេះ​អត់​សោះ សុទ្ធ​តែ​ដាច់​ខ្យល់​មុន​ខែ មុន​នឹង​ប៉ា​ឲ្យ​លុយ​ខែ​។​

យប់​ខ្លះ ដើរ​លេង​ជ្រុល ក៏​មិន​ហ៊ានទៅផ្ទះ ក៏​នាំគ្នា​ដេក​ផ្ទះ​សំណាក់​ គរ​ជើង​គ្នា​ព្រាត។ ឲ្យ​តែ​ដឹង​ថា​ដេក​នៅ​ផ្ទះ​សំណាក់ ខ្ញុំដឹង​តែ​ដក​ដង្ហើម​ធំ​។ ខ្លះ​ស្រវឹង​ខ្លាំង​ពេក ក៏​អៀកៗ​ពេញ​បន្ទប់។​ ខ្លះដេក​ស្រម៉ុក​ឮឃុលៗ។ ឯ​ខ្លះ​ទៀត មិន​បាច់​និយាយ​ ​រវើរវាយ​និយាយ​​ស្អី​ស្តាប់​មិនបាន។ ​ដេក​មិន​បាន! បើ​មិន​ងើប​មក​បោស​ជូត ឬ​ក៏​យក​ខ្នើយ​ខ្ទប់​ត្រចៀក មាន​តែទ្រាំ​​បញ្ឈរភ្នែក​​ទាល់​ភ្លឺ។​

ដោយ​សារ​តែ​ដើរ​លេងស្ទើរ​តែ​រាល់​យប់ ខ្ញុំត្រូវ​បាន​ប៉ា​តាម​ទាន់​ជើង​មួយ​លើក​ទៅ​ពីរ​លើក។ គាត់​ព្រមានខ្ញុំ បើ​ខ្ញុំ​មិន​ឈប់ មិន​កែ​ខ្លួន គាត់​នឹង​កាត់​ការ​ខ្ញុំ​ចោល ហើយ​បណ្តេញខ្ញុំ​​ចេញ​ពី​ផ្ទះ។​ លុះ​ដល់​ទីបំផុត គាត់​ក៏​ខឹង​ទ្រាំ​មិនបាន ក៏​បណ្តេញ​ខ្ញុំ​ចេញ​ពីផ្ទះ។​

ខ្ញុំ​មិនយល់​សោះ ហេតុ​អី​មនុស្ស​ប្រុស​ដើរ​លេង​យប់​បាន មនុស្ស​ស្រី​មិនបាន? បង​ប្រុស​ខ្ញុំខិល​ជាង​ខ្ញុំ​ទៅ​ទៀត ដោយ​ស្រី​ញី​គាត់​សឹង​តែ​២៤ខេត្ត​ក្រុង​​​ តែ​ប៉ា​គ្មាន​ថា​គ្មាន​ណែនាំ​អី​សូម្បី​តែ​បន្តិច។ តែ​សម្រាប់​ខ្ញុំ ហេតុ​អី​ក៏​តឹង​រឹង​ម៉េះ? ព្រោះ​តែ​ទំនៀម​ទម្លាប់​ប្រពៃណី​ឬ? ​មនុស្ស​ប្រុស​ល្អ​ដូច​មាស​ទឹក​ដប់ ទោះ​ប្រលាក់​ភក់ក៏​នៅ​តែ​អាច​លាង​ជ្រះ តែ​មនុស្ស​ស្រី​ដូច​ជា​ក្រដាស​ស បើ​ប្រលាក់​ហើយ លុប​លាង​ក៏​មិន​ជ្រះ។​ ខ្ញុំ​ស្អប់​ផ្នត់​គំនិត​នេះ​ណាស់។ តើ​ទំនៀម​ទម្លាប់​នរណា​ជា​អ្នក​បង្កើត? អាទិទេពឬ? ដូន​តា​ឬ? ​តើ​អាទិទេព ឬ​ក៏​ដូនតា​នោះ មានមនុស្ស​ស្រី​អត់? អត់​ទេ! សុទ្ធ​តែ​ជា​មនុស្ស​ប្រុស​​ទាំង​អស់ មនុស្ស​ប្រុស​ ដែល​បង្កើត​ច្បាប់​ទំនៀម​ទម្លាប់​ឲ្យ​យើង​​ប្រកាន់​ខ្ជាប់​រហូត​ដល់​សព្វថ្ងៃ។​

បន្ទាប់​ពី​ប៉ា​​បណ្តេញ​ចេញ​ពី​ផ្ទះ ខ្ញុំក៏​ទៅស្នាក់​នៅ​ជាមួយ​មិត្ត​ខ្ញុំ​មួយ​រយៈ។ ខ្ញុំ​ក៏​ចាប់​ផ្តើម​រក​​ការងារ​ធ្វើ។ តែ​ស្អី​​ក៏​ខ្ញុំ​មិន​ចេះ​ដែរ មិន​ដឹង​ថា​រក​ការងារ​បែប​ណា​ទើប​គួរ។ ខ្ញុំ​ក៏​ពឹង​ឲ្យ​មិត្ត​ភក្តិ​របស់​ខ្ញុំ​ជួយ​រក​ឲ្យ។

ជា​សំណាង​ មិត្ត​ខ្ញុំ​ក៏​ណែនាំ​ឲ្យ​ខ្ញុំ​រក​បាន​​ការងារ​ជា​អ្នក​គិត​លុយ​នៅ​កន្លែង​អ៊ីន​ធើណេត។ ការងារ​នេះ​ ល្អ​គួរ​សម អត់​ហត់ ចាំ​តែអង្គុយ​​គិតលុយ ហើយ​​ធ្វើការ​ក្នុង​ម៉ាស៊ីន​ត្រជាក់​ទៀត។​

ពេល​ដែល​ខ្ញុំ​រក​បាន​ការងារ​ធ្វើ បាន​ប្រាក់​ខែ​ដំបូង ខ្ញុំ​ក៏​ចេញ​ទៅ​​រក​បន្ទប់​ជួល​តូចមួយ​រស់​នៅ​តែ​ឯង។ ខ្ញុំ​មិន​ចេះ​នៅ​ទេ ដោយ​មាន​គ្នា​បីបួន​នាក់ ក្នុង​បន្ទប់​​​មួយ​ដ៏​តូច​ចង្អៀត​។ ខ្ញុំ​មិន​ទម្លាប់។ ខ្ញុំ​ធ្លាប់​តែ​មាន​បន្ទប់​ដ៏​ធំ​ល្មម គេង​លើ​ពូក​លើ​ខ្នើយ​ទន់ល្មើយ​ៗម្នាក់​ឯង​ តែ​មក​ឲ្យ​ខ្ញុំ​មក​នៅជាមួយ​គ្នា​បីបួន​នាក់ ​ប្រើ​ប្រាស់​របស់​របរ​គ្នា​ឡុក​ឡំ​នោះ ខ្ញុំ​សុំ​ ​​say good bye។​

បន្ទប់​ជួល​តូច​ថ្មី​ ​ក្នុង​មួយ​ឆាក​ជីវិត​របស់​ខ្ញុំហើយ ដែល​មក​ជួល​បន្ទប់​រស់​នៅ​តែ​ឯង​បែបនេះ។ បន្ទប់​នេះ រាង​តូច​ជាង​បន្ទប់​នៅ​ផ្ទះ​ខ្ញុំ​បន្តិច មាន​គ្រែ​មួយ​ និង​បន្ទប់​ទឹក​មួយ​។ តើ​ខ្ញុំ​មាន​ជម្រើស​អី​ល្អ​ជាង​នេះ? ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឬ កុំ​សង្ឃឹម! ​ឲ្យ​ខ្ញុំទៅ​ជួប​មុខ​ប៉ា ខ្ញុំ​សុខ​ចិត្ត​ដាច់​ពោះ​ នៅ​ខាង​ក្រៅ​ល្អ​ជាង។​

លុយ​ខែ​ខ្ញុំ​បាន​តែ​១០០ដុល្លា​តែ​ប៉ុណ្ណោះ គ្រាន់​តែ​បង់​ឲ្យ​ថ្លៃ​បន្ទប់​ទឹក​ភ្លើង ខ្ញុំ​សល់​តែ​ជាង​៥០ដុល្លា។ ហ៊ឺម! ប៉ុណ្ណឹង ខ្ញុំ​ទៅ​ចាយ​អី​គ្រាន់? ខ្ញុំ​ក៏​សម្រេច​ចិត្ត​ថា​ឈប់​រៀន ព្រោះ​គ្មាន​លុយ​​បង់​សាលា ហើយ​ទោះ​ជា​រៀន ក៏​គិត​ថា​​គ្មាន​ប្រយោជន៍ទៀត​។

រៀន​ធ្វើ​ស្អី រៀន​បង់តែ​​ថ្លៃ​សាលា​?​ រៀនធ្វើ​ស្អី រៀន​​តែ​តាម​សៀវភៅ?​ រៀន​បែប​ហ្នឹង ចង់​តែ​ទៅ​ដុត​សៀវភៅ​ចោល​ទេ​ខ្ញុំ!​ រៀន​ធ្វើ​ស្អី មិន​ដែល​យក​ទៅ​អនុវត្ត​ផង?​

ណ្ហើយ! ឈប់​រៀន​ហើយ ទៅ​រំម្លឹក​រំម្លោច​វា​ ដើម្បី​​ប្រយោជន៍​ស្អី​ទៀត?

លុះ​សម្រេច​ចិត្ត​ថា ឈប់​រៀន​ហើយ ខ្ញុំ​ក៏ទៅ​រក​ការងារ​យប់​ថែម​មួយ​ទៀត។ ការងារ​យប់ គ្មាន​ស្អី​ដែល​ងាយ​រក​ជាង​ការងារ​តាម​កន្លែង​រាំរែក​តាម​កន្លែង​ផឹក​ស៊ី​នោះទេ។​

ខ្ញុំ​រក​បាន​ការងារ​ជា​អ្នក​រត់​តុ​​ នៅ​កន្លែង​​ផឹក​ស៊ី​មួយ។ យប់​ខ្លះ ផឹក​ជាមួយ​ភ្ញៀវ​ជ្រុល ក៏​ក្រោក​ទៅ​ធ្វើការ​នៅ​កន្លែង​អ៊ីន​ធើណេត​មិន​ទាន់។ មួយ​លើក​ពីរ​លើក​ យឺត​មិន​អី។​ លុះ​ដល់​ញយដង​ពេកទៅ​ ថៅកែ​ក៏​ចាប់​ផ្តើម​រក​រឿង។ ការ​រក​រឿង​នេះ មិន​មែនដោយ​សារ​តែ​ខ្ញុំ​​យឺត​ស្ទើរ​រាល់​ថ្ងៃ​នោះ​ទេ តែ​ដោយសារ​តែ​បូក​នឹង​រឿង​ដែល​ខ្ញុំ​ដេក​លក់​នៅ​ពេល​ម៉ោង​ធ្វើការផង​។​

ការងារ​ល្អ ខ្ញុំ​មិន​ចេះ​ក្តាប់ បែរ​ជា​ស្រវា​ទៅ​ចាប់​ការងារ​យប់​ដែល​មួយ​ខែ​បាន​តែ​កន្លះសន្លឹក។ ហ៊ឺម! ខ្ញុំ​ត្រូវ​បាន​ថៅកែ​កន្លែង​អ៊ីនធើណេត​ដេញ​ចេញ។ អេ៎! និយាយ​បែប​នេះ ហាក់​ដូច​ជា​មើល​ងាយ​ខ្លួន​ឯង​ពេក​ហើយ គឺ​ខ្ញុំទៅ​វិញ​ទេ ​ដែល​សុំ​លា​ឈប់។​

ការងារ​យប់ បើ​គិត​ឲ្យ​ដល់ វា​ក៏​មិន​មែន​ជា​ការងារ​បាន​ចំណូល​ទាប​ដែរ។ មួយខែៗ ខ្ញុំ​រក​បាន​ជាង​ពីរ​សន្លឹក​ដែរ ដោយ​សារ​តែ​ភ្ញៀវ​ ឬថៅកែ​ពេញ​ចិត្ត​ខ្ញុំ ឲ្យលុយ​ខ្ញុំ​ចាយ​ក្រៅ​រាល់​តែ​ដង​​។

ធ្វើការ​យប់ ដើរ​លេង​ថ្ងៃ ពិត​ជា​ប្រពៃ​ណាស់ ពិតជា​សម​នឹង​ឈ្មោះ​យុវតី​សម័យ​ថ្មី! ខ្ញុំ​ចេះតែ​បណ្តោយ​ខ្លួន​ឲ្យ​រស់​ទៅ​តាម​ជីវិត​បែប​នេះ។ ប៉ា! ប៉ា​ពិត​ជា​ដាច់​ចិត្ត​ណាស់!

ប្រសិន​បើ​ម៉ាក់នៅ​រស់​វិញ ប្រហែល​ជា​ជីវិត​របស់​ខ្ញុំ​នឹង​មិន​ជួប​រឿង​នេះ​ជា​ដាច់ខាត។ ប៉ា​ធ្វើ​ឲ្យ​ម៉ាក់​ស្លាប់! ខ្ញុំ​ស្អប់​ប៉ា! ប៉ា​មាន​ប្រពន្ធ​ចុង រហូត​ដល់​ថ្នាក់​លើក​ប្រពន្ធ​ចុង​នោះ​ ឲ្យ​មក​នៅ​ផ្ទះ​ជាមួយ។ ខ្ញុំ​ស្អប់​ប៉ា! ប៉ា​មិន​ស្រលាញ់​ខ្ញុំ មិន​ស្រលាញ់​ម៉ាក់។ ប្រសិន​បើ​ម៉ាក់​មិន​ស្លាប់ ខ្ញុំក៏​​មិន​ដើរ​លេង គេ​ច​មិន​ចង់​ជួប​មុខ​ប៉ា​ដែរ។ ការ​ស្លាប់​របស់​ម៉ាក់​នៅ​ឆ្នាំ​មុន​នេះ ធ្វើ​ឲ្យ​ខ្ញុំ​ស្អប់​ប៉ា។ ប៉ា​ធ្វើ​ឲ្យ​ម៉ាក់​គ្រាំ​ចិត្ត​រហូត​ដល់​ស្លាប់។​

នឹក​ដល់​រឿង​នេះ តើ​ខ្ញុំ​ទៅ​នឹក​​ថ្ងូរ​ថា​ គាត់​ដាច់​ចិត្ត​ធ្វើ​ស្អី? គឺ​ខ្ញុំ​ទេ​ដែល​ដាច់​ចិត្តនោះ ដែល​ប្តេជ្ញា​មិន​ចង់​ជួប​មុខ​គាត់។​

ថ្ងៃ​ខ្លះ ខ្ញុំ​ក៏​លួច​យំ អាណិត​ខ្លួន​ឯង។ ឯ​ថ្ងៃ​ខ្លះ​​ទៀត ខ្ញុំ​ក៏​អង្គុយ​គិត។ បើ​រស់​នៅ​ជីវិត​រសាត់​អណ្តែត​បែប​នេះ​ត​ទៅ​ទៀត តើ​មាន​អ្វី​ដែល​ល្អ​ទៅ? បើ​សិន​ជា​ប៉ា​ដឹង​ថា ខ្ញុំ​ធ្លាក់​ខ្លួន​បែប​នេះ តើ​គាត់​នឹង​មើល​ងាយ​ខ្ញុំ​យ៉ាង​ណា? ខ្ញុំ​ក៏​គិត ថា​ខ្ញុំ​គួរ​ប្រើ​ប្រាស់​ជីវិត​របស់​ខ្ញុំ​បែប​ណា ដើម្បី​ឲ្យ​ប៉ា​ដឹង​ថា ខ្ញុំនេះ មិន​ដូច​សម្តី​ដែល​គាត់​ថា​ បើ​គ្មាន​គាត់ ជីវិត​ខ្ញុំ​នឹង​មិន​ចម្រុង​ចម្រើន?​

ពេល​ខ្លះ​ គិត​បាន​ត្រឹម​តែ​គិត។ ថ្ងៃ​មួយ ខ្ញុំ​ក៏ចាប់​គិត គិត​ហើយ​ គិត​ទៀត​ គិត​ដល់​​​ក្តី​ស្រមៃ ដែល​ខ្ញុំ​ធ្លាប់​មាន។ ក្តី​ស្រមៃ​របស់​ខ្ញុំ គឺ​ចង់​ក្លាយ​ទៅ​ជា​គ្រូ​បង្រៀន​ដូច​ជា​ម៉ាក់។ ខ្ញុំ​នឹក​ដល់​សម្តី​របស់​ម៉ាក់។ ម៉ាក់​ថា៖ «ការ​រៀន កុំ​ពឹង​ផ្អែក​លើ​គ្រូ​ ឬ​សៀវភៅ​ទាំង​ស្រុង។ កូន​ត្រូវ​ពឹង​ផ្អែក​លើ​ខ្លួន​ឯង​ច្រើន​ជាង ព្រោះ​គ្រូ សៀវភៅ បាន​ត្រឹម​តែ​ជួយ​នាំ​ផ្លូវ​កូន​ប៉ុណ្ណោះ»។ សម្តី​របស់​ម៉ាក់​មួយ​នេះ ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ខ្លួន។ ខ្ញុំ​ក៏ចាប់​ផ្តើម​ឈប់​ដើរ​លេង ហើយ​​ក៏​ចូល​ទៅ​រៀន​សាកល​ម្តង​ទៀត។ លើក​នេះ ខ្ញុំ​ខំ​រៀន​ជាង​មុន។​ ទោះបី​ជា​កម្មវិធីសាលា មិន​គួរ​ឲ្យ​ចាប់​អារម្មណ៍​រៀន​យ៉ាង​ណា ក៏​ខ្ញុំ​ជំរុញ​ខ្លួន​ឯង ដោយ​ខំ​រក​វិធី​សាស្ត្រ​ប្លែកៗ​ មក​បណ្តុះ​អារម្មណ៍​ឲ្យ​ចង់​រៀន។ ឯ​ការងារ​យប់​ ខ្ញុំ​ក៏​នៅ​ធ្វើ​បណ្តោះ​​អាសន្ន រហូត​ដល់​ខ្ញុំបាន​ការងារ​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេសពេញ​ម៉ោង និង​​ក្រៅ​ម៉ោង នៅ​សាលា​ឯកជនមួយ។​

កន្លង​ទៅ​បាន​មួយ​រយៈ ខ្ញុំក៏​ក្លាយ​ទៅជា​សិស្ស​លេច​ធ្លោ​ប្រចាំ​សាលា ហើយ​ក៏ចាប់​ដឹង​ថា អ្វីៗ​ដែល​ខ្ញុំ​គិត​មុន​នេះ គ្រាន់តែ​ជាមួយ​ជ្រុង​នៃការ​គិត​ក្នុង​ផ្លូវ​អវិជ្ជមាន​របស់​ខ្ញុំ​ប៉ុណ្ណោះ។​ ​

បើ​យើង​គិត​ យើង​ទើប​តែ​រួច​ផុត​ពី​សម័យ​ខ្មៅ​ងងឹត​ជាង​៣០ឆ្នាំ​ បើ​​ចង់​ទៅ​រក​ភាព​ល្អ​ឥតខ្ចោះ​ យ៉ាង​ម៉េច​ហ្នឹង​កើត? វា​នៅ​ខ្វះខាត!​ ដូច្នេះ​បើ​ចង់​ឲ្យ​ប្រទេស​ជាតិ​រីក​ចម្រើន បើ​ចង់​ឲ្យ​វិស័យ​អប់រំ​រីក​ចម្រើន មាន​តែ​ក្មេង​ស្រករ​យើង​ក្រោយ​តែ​ប៉ុណ្ណោះ  ដែល​អាច​រួបរួម​គ្នា​ជួយ​បំពេញ​បាន។

សិស្ស​ភាគ​ច្រើន​យល់​ថា ខ្លួន​រៀន​មិន​ចេះ​ ដោយ​សារ​តែ​គ្រូ តែ​នេះ​ក៏​មិន​មែនជាហេតុផល​​ដែល​ត្រឹម​ត្រូវ​មួយ​រយ​ភាគ​រយ​ដែរ។ សិស្ស​យើង​ភាគ​ច្រើន​រៀន​តែ​ទ្រឹស្តី តែ​មិន​ដែល​សូវ​បាន​យក​ទ្រឹស្តី​យក​មក​អនុវត្ត។​​ ឯ​គ្រូ​ ឬ​ខាង​សាលា​ទៀត​សោត ក៏​ពុំ​មាន​លទ្ធភាព​ជួយ​រឿង​នេះ ដោយ​សារ​តែ​ធនធាន​មាន​កម្រិត។​ គ្រូៗ​គ្រាន់​តែអាច​​ដើរ​តួ​រាយ​រង​ប៉ុណ្ណោះ ​​ដូច្នេះ​សិស្ស​ត្រូវ​ស្វែង​រក​ចំណុច​បំផុស​ខ្លួន​ឯង​ ដើម្បី​ឲ្យក្លាយ​ទៅ​ជា​តួលេច​ធ្លោ។

ប៉ុន្មាន​ខែ​ក្រោយ ប៉ា​ក៏​ហៅ​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះវិញ​ ដើម្បី​ជូន​ដំណើរ​​បង​ប្រុស​ជា​លើក​ចុង​ក្រោយ​។

ភ្លេង​បុណ្យ​សព​ចាក់​រណ្តំ ឮ​គួរ​ឲ្យ​ស្រងេះ​ស្រងោច អនុស្សាវរីយ៍​ដែល​មាន​កន្លង​មក ក៏​លេច​ចេញ​ជា​រូបភាព​ក្នុង​ខួរ​ក្បាល​របស់​ខ្ញុំ។ មានប៉ា មាន​ម៉ាក់ មាន​បង​ប្រុស មាន​ខ្ញុំ កំពុង​តែ​សើច​លេង​ជាមួយ​គ្នា​យ៉ាង​សប្បាយ។ នឹក​ដល់​គ្រានោះ​ ធ្វើ​ឲ្យ​ខ្ញុំទប់​ទឹក​ភ្នែក​មិន​បាន។​

ប៉ា​​មក​អង្គុយ​ជិត​ខ្ញុំ ហើយ​​ពោល​៖ «បើ​ប៉ា​មិនបណ្តែត​បណ្តោយ​បង​ប្រុស​របស់​ឯង​ បង​ប្រុស​ឯង​ក៏​មិន​​ភ្លេច​ខ្លួន​កើត​អេដស៍​ស្លាប់​បែ​បនេះ​ដែរ!»។​

«ប៉ា!» ខ្ញុំ​លាន់​មាត់ ទន្ទឹម​នឹង​ការ​សម្លឹង​មើល​ទៅ​ទឹក​មុខ​ក្រៀម​ក្រំ​របស់​ប៉ាដែល​កម្រ​នឹង​ឃើញ​។​

«បាន​ហើយ! កូន​ឈប់​គេច​ពី​មុខ​ប៉ា​ទៀត​ទៅ ហើយ​ត្រឡប់​មក​ផ្ទះ​វិញ​មក។​ ម៉ាក់​ចុង​របស់​ឯង គេ​ដាច់​គ្នា​ជាមួយ​ប៉ា​ហើយ។ ប៉ា​សុំ​ទោស​ដែល​ប៉ាមិន​បាន​មើលថែ​កូន​ និង​ម៉ាក់​ឯង​ឲ្យ​បាន​ល្អ​ ហើយ​ធ្វើ​​ឲ្យ​​ឯង​ចេញ​ពីផ្ទះ​ទៀត។ ប៉ា​សុំទោស!»​

«ប៉ា​កុំ​សុំ​ទោស​ខ្ញុំអី! រឿង​នេះ ​ក៏​ខ្ញុំ​ខុស។ ខ្ញុំមិន​គួរ​ណា​បណ្តែត​បណ្តោយ​ខ្លួន​ ធ្វើ​ខ្លួន​មិន​ល្អ​ ឲ្យ​ប៉ាខឹង​ដែរ។»​

ប៉ា​កូន​យើង​ទាំង​ពីរ​ក៏​សម្លឹង​​មើល​មុខ​គ្នា ដោយ​ស្នាម​ញញឹម​ ដែល​លាយឡំ​ជាមួយ​ទឹក​ភ្នែកយ៉ាង​​រលីង​រលោង៕​

សៀមរាប ២២ តុលា ២០១២

3 comments on “រឿង​ខ្លីបែប​តថ៖ «គេច»

  1. ចេះសរសេរបស់គេមែនន៎ !ត្រូវគ្នានិងរឿងខ្ញុំកំពុងខ្ចិលរៀនតែម្តងហាហាហា

  2. សូមជូនពរដល់កវី
    សូមជូនកំណាព្យ ចងជាពាក្យកាព្យ ជូនពរកវី
    បើចេញឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ជូនពរកវី
    រកស៊ីមានបាន។
    សម្បត្តិសម្បូរ រីម៉កម៉ូតូ ស៊ីក្លូនិងឡាន
    គ្រាន់តែអ្នកគិត ក៏សូមឲ្យបាន សូមសុខក្សែមក្សាន
    សំដូចបំណង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: