1 មតិ

បង

ពេលដែលជួបបងម្តងៗ ខ្ញុំចង់សំឡឹងមុខបងឲ្យបានយូរបន្តិច ចង់និយាយជាមួយបងឲ្យបានយូរបន្តិច តែខ្ញុំបែរជាមិនហ៊ាន។ ខ្ញុំខ្លាច! ខ្លាចបងដឹងថា ខ្ញុំបារម្ភពីបង។

វាជាពេលវេលា ដែលខ្ញុំអាចឃើញមុខបងច្រើនជាងសព្វដង ក្នុងរយៈពេល២១ឆ្នាំនេះ។ កាលពីមុន មានតែពេលចូលឆ្នាំចិនខ្មែរអីប៉ុណ្ណោះ ដែលខ្ញុំអាចមានឱកាសឃើញមុខបង។ តែខ្ញុំគ្មានភ័ព្វសំណាង ឃើញមុខរបស់បងបានយូរលើសពីមួយម៉ោងទេ។ ពេលខ្លះ ខ្ញុំក៏នឹកឆ្ងល់ណាស់ដែរ តើបងជាមនុស្សបែបណាទៅ? ឯកោទេ? រស់នៅលំបាកទេ?

ខ្ញុំកម្រឃើញបងញញឹមណាស់។ បងកាច ហើយខ្ញុំក៏ខ្លាចបងណាស់ដែរ។ ខ្ញុំនៅចាំបានថា មានរឿងពីរ ដែលខ្ញុំធ្វើឲ្យបងខឹងសម្បារជាងគេ។ មួយគឺ ការដែលខ្ញុំលួចទៅប្រលងអាហារូបករណ៍នៅឯភ្នំពេញកាលពីថ្នាក់ទី១២ និងមួយទៀត រឿងដែលខ្ញុំឈប់ធ្វើការយ៉ាងតក់ក្រហល់កាលពីឆ្នាំមុន។ តែបងក៏មានរឿងមិនណយ ដែលធ្វើឲ្យខ្ញុំខឹង និងតូចចិត្តដែរ។

ខ្ញុំតែងគិតថា បងមិនដែលខ្វល់ខ្វាយពីខ្ញុំ។ ខ្ញុំគ្មានសាច់ញាតិ។ ខ្ញុំគ្មានអ្វីៗទាំងអស់ ហើយខ្ញុំមានតែម្នាក់ឯង។ ខ្ញុំចេះតែគិតបែបនេះ ហើយខ្ញុំក៏ចេះតែរស់បែបនេះ។ តែធាតុពិត ខ្ញុំពិតជាត្រូវការសាច់ញាតិ ត្រូវការបងប្អូន ត្រូវការភាពកក់ក្តៅ ដែលពិតៗ មិនមែនជាលក្ខណៈស្រមើស្រមៃ។

ឥឡូវនេះ ខ្ញុំមានឱកាសបាននៅជិតបងហើយ តែបែរជាខ្ញុំមិនក្លាហានទៅវិញ។ រៀងរាល់ព្រឹក រាល់ពេលដែលខ្ញុំឃើញមុខបងម្តងៗ ខ្ញុំចង់និយាយពាក្យថា «អរុណសួស្តី! យប់មិញគេងលក់ស្រួលទេ?» តែខ្ញុំបែរជាហាមាត់មិនរួច។ ដល់ពេលញ៉ាំបាយ ខ្ញុំចង់សួរបង «ម៉េចដែរ ម្ហូបថ្ងៃនេះ ឆ្ងាញ់ទេ? ចូលចិត្តទេ?» ឬក៏ «ម៉េចក៏បងញ៉ាំតិចៗម៉េះ? ម៉េចក៏មិនញ៉ាំបាយឲ្យច្រើនៗ?» តែខ្ញុំនៅតែហាមាត់មិនរួច។ ពិតជាកំសាកមែន!

ខ្ញុំតែងតែលួចមើលបងជានិច្ច។ ពេលបងញញឹមម្តងៗ ពិតជាស្រស់ណាស់។ ហេតុអីក៏មិនព្រមញញឹម ឲ្យបានញឹកញាប់បន្តិច? បងដឹងទេ? «ម៉ឺងម៉ាត់ ហើយច្បាស់» ខ្ញុំចូលចិត្តចរិតបងដូច្នេះ ពេលដែលធ្វើការ។ ខ្ញុំចូលចិត្តបងថាស្តីឲ្យខ្ញុំ សួរនាំខ្ញុំពីនេះពីនោះ ព្រោះមានតែពេលនេះទេ ទើបខ្ញុំមានអារម្មណ៍ថា បងបារម្ភពីខ្ញុំ នៅគិតពីខ្ញុំ ហើយខ្ញុំក៏មិនឯកោទៀតដែរ។

មានរឿងជាច្រើន ដែលខ្ញុំចង់ជជែក និយាយលេងជាមួយបង តែដោយសារភាពមិនក្លាហាន បានបង្អាក់ឲ្យខ្ញុំ រក្សានៅភាពស្ងៀមស្ងាត់បែបនេះ ស្រគត់ស្រគំបែបនេះ។ សុំទោស!

ប្រហែលជាត្រូវការពេលវេលា ពេលវេលាមួយដ៏វែងឆ្ងាយ…

1 comments on “បង

  1. ខ្ញុំពិតជាសរសើ នូវស្នាដែ របស់អ្នកណាស់ សរសេរបានល្អ ពិតមែន!!​​ខ្ញុំមើលហើយ ចង់សើចខ្លះ​ ចង់ស្រក់ទឹកភ្នែកខ្លះ ខ្ញុំសូមសរសើអស់ពីចិត្ត សូមអគុណ

បញ្ចេញមតិ