4 មតិ

ស៊យ​យ៉ាង​ណា​គួរ​តែ​សប្បាយ​ចិត្ត​

ទោះជាមានបញ្ហាអ្វីកើតឡើងក៏ដោយ មនុស្សយើងនៅតែមានជម្រើសជានិច្ច។ មួយ គឺត្រូវធ្វើខ្លួនឲ្យសប្បាយចិត្ត និងមួយទៀត គឺត្រូវយំ ឲ្យហើមភ្នែក ឬបើមិនយំ មានតែធ្វើមុខស្អុយ។

ជម្រើសទាំងពីរនេះ ខ្ញុំតែងតែនិយាយប្រាប់ខ្លួនឯងជារឿយៗ នៅពេលដែលមិនសប្បាយចិត្ត ហើយខណៈពេលនេះក៏ដូចគ្នា។ បើមិនយំមានតែញញឹម។ បើមិនញញឹម មានតែញញឹម។ តែក្នុងរវាងជម្រើសទាំងពីរនេះ ថ្ងៃនេះ ខ្ញុំមិនបានរើសយកមួយណាឡើយ។ មិនញញឹម ហើយក៏មិនយំ។ មិនដឹងជាមូលហេតុអ្វីបានជាដល់ថ្នាក់នេះ?

កុំព្យូទ័រ ម្សិលមិញ នៅប្រើវាសុខៗ តែថ្ងៃនេះ បែរជាបើកវាមិនចេញទៅវិញ។ កុំព្យូទ័រខូចបែបនេះ ពិតជាធ្វើឲ្យខ្ញុំមិនសប្បាយចិត្តពិតមែន។ តើពេញមួយខែនេះ ហេតុអ្វីក៏ខ្ញុំស៊យយ៉ាងនេះ? យកលុយថ្លៃផ្ទះមិនទាន់នឹងបានចាយផង ក៏ស្រាប់តែប្រហែសធ្វើវាបាត់ សល់តែប្រាំដុល្លាក្នុងហោប៉ៅ។ បាត់លុយមិនគ្រប់ នៅមានគេហៅធៀបការទៀត។ ហៅបីរោង ក៏អស់៣០ដុល្លាដែរ។ មានលុយឯណា? គ្រាន់តែលុយចាក់សាំងទៅរៀន អត់មានផងហ្នឹង! សំណាងហើយ ដែលក្នុងចំណោមធៀបការទាំងបី មានតែពីរទេ មិនសូវស្គាល់ មិនសូវស្និទ្ធ ដែលអាចធ្វើការផាត់ចោលបាន។

ហ៊ឺម! ច្បាស់ជាឆ្ងល់ហើយ សល់តែ៥ដុល្លា ម៉េចនឹងអាចចាយពេញមួយខែបានទៅ? ពិតជាមិនបានប្រាកដហើយ ព្រោះណាមួយ មិនទាន់បង់ថ្លៃទឹក ថ្លៃភ្លើង ថ្លៃខ្សែកាបអីផង។ ខែនេះ ចំណាយច្រើនជាងខែមុនបន្តិច គ្រាន់តែថ្លៃចំណាយលើទឹកភ្លើងខ្សែកាបអីហ្នឹង ក៏អស់២០ដុល្លាជាងដែរ។

ហ៊ឺម! ទាល់តម្រិះមែន! ហើយខ្ញុំក៏មិនទម្លាប់ខ្ចីលុយអ្នកដទៃទៀត។ បើសុំខ្ចីម៉ាក់ ដោះទាល់ ច្បាស់ជាមិនបានទេ ព្រោះគាត់គម្រិះណាស់។ ទាល់តែយូរ បានឲ្យ។ បើសុំខ្ចីបង នោះបងនឹងសួរបកត្រឡប់មកវិញ ម៉េចបានបាត់លុយ? ខ្ញុំច្បាស់ជាត្រូវគាត់សាប់មួយរយៗដាក់ឲ្យជាមិនខាន ហើយណាមួយ ក៏មិនចង់រំខានគាត់ដែរ មនុស្សកាចៗបែបហ្នឹងនោះ។ បើសុំខ្ចីមិត្តភក្តិ រឹតតែអត់ទៅទៀត ព្រោះមិត្តដែលជិតស្និទ្ធ និងអាចពឹងពាក់បាន គាត់ក៏មិនធូរធារប៉ុន្មានដែរ ហើយប៉ុន្មាននាក់ ក្នុងចំណោមពួកគេ បើពួកគេមានលុយ គេសងលុយខ្ញុំបាត់ទៅហើយ មិនបាច់ឲ្យខ្ញុំនិយាយទេ។ ហ៊ឺម….

ធ្ចើជាមនុស្សគ្រាន់តែនៅផ្ទះ អត់ការងារធ្វើ ក៏ស្មូគជាងពេលនៅរៀនបណ្តើរ និងធ្វើការបណ្តើរទៅទៀត។ មែនហើយ! និយាយពីរឿងធ្វើការ ហាហា… ក៏នឹកដល់រឿងកុងធនាគារ។ មែនហើយ! ថ្វីត្បិតតែដកលុយចោលអស់ យ៉ាងហោចណាស់ បិទកុងទាំងពីរចោល ខ្ញុំក៏បានលុយ៣០ដុល្លាជាងដែរ។ ខ្ញុំក៏បានទៅធនាគារទាំងនោះ បិទកុង។ ពេលទៅដល់ធនាគារ គេសួរ ហេតុអីបានបិទកុង? ខ្ញុំឆ្លើយដោយមិនខ្ចីខ្មាស់ថា មកពីអត់លុយចាយ បានបិទចឹង។

បាន៣០ដុល្លាហ្នឹងមក បង់ថ្លៃភ្លើងស្អីហ្នឹង ក៏សល់ជាង១០ដុល្លា។ ហ៊ឺម… មិនដឹងជាកម្មអ្វី ក៏ស្រាប់តែលោកគ្រូ ផ្ញើអ៊ីមេល ឲ្យផ្ញើសៀវភៅ១០០ក្បាល ទៅភ្នំពេញ។ សៀវភៅគាត់មិនទាន់បានទិញក្រដាស ទិញស្អី យកមកធ្វើនៅឡើយ ព្រោះពេលមុនហ្នឹង គាត់ថាខែបួនឯណោះ បានយក។ គ្រាន់តែថ្លៃក្រដាស ថ្លៃទឹកថ្នាំព្រីនស្អីហ្នឹង ខ្ញុំក៏ចំណាយ២០ដុល្លាយ៉ាងតិចបំផុតដែរ សម្រាប់២០០ក្បាលនោះ។ សំណាងហើយ ដែលគាត់យកតែ១០០ក្បាលមុន លុយសល់ជាង១៥ដុល្លាហ្នឹង មិននិយាយទេ ដាច់ប៉ិត ដល់បីបួនដុល្លា ទុកចាក់សាំង។

ទាល់តម្រិះមែនទែនហើយ! ក្នុងមួយជីវិតនេះ ខ្ញុំមិនដែលធ្លាក់ខ្លួនស្អីដល់ម្លឹងទេ។ គ្រាន់តែធ្វើសៀវភៅ និងផ្ញើឲ្យគាត់ស្អីហ្នឹង ខ្ញុំនៅសល់បីអាទិត្យទៀតឯណោះ បានរស់ម្តងទៀត។ ហ៊ឺម! ការមិត្តភក្តិមួយ ដែលសម្រេចថានឹងទៅនោះ វាពិតជាពិបាកសម្រេចមែនទែន ថាគួរតែទៅ ឬមិនគួរ? បើមិនទៅ ហាក់ដូចជាមិនទុកមុខឲ្យគ្នាពេកហើយ។ ទីបំផុត ក៏សម្រេចថាទៅ។

ដោយសារតែសម្រេចចិត្តថានឹងទៅនេះហើយ ទើបរៀនធ្វើចិត្តក្លាហាន មុខក្រាស់បន្តិច ទៅទារលុយមិត្តភក្តិម្នាក់។ មិនហ៊ានទារគាត់ យកសរុបទាំងអស់តែម្តងនោះទេ ព្រោះអីគ្នាទ័លដែរ។ ពេលទៅទារ គាត់ថា ចាំដល់ថ្ងៃបើកលុយដែលគាត់បើកលុយសិនទៅ ដែលជាថ្ងៃ៣ កាលពីប៉ុន្មានថ្ងៃមុន។ ធូរហើយ! ព្រោះការមិត្តដែលសម្រេចនឹងទៅនោះ វាចំថ្ងៃម្សិលមិញ។ រួចខ្លួនមួយគ្រា។

តែមិនរួចខ្លួនឯណា បែរជាព្រឹកនេះ កុំព្យូទ័រ មិនដឹងជាកើតរោគឆ្កួតស្អី បើកមិនចេញសោះ។ អាលត់ឈឹង។ គ្រាន់តែប្រាប់មួយម៉ាត់ ថាវាខូចស្អី ក៏វាមិនប្រាប់។ ដល់ចំនុចដែលខ្ញុំត្រូវផ្ទុះពេញទំហឹងហើយ តែបែរជាវាមិនផ្ទុះ ខ្ញុំបែរជាមានអារម្មណ៍ថាស្រាលខ្លួន ស្អីក៏មិនចង់ធ្វើទៀតដែរ។ ឯកសារ សៀវភៅ និងគម្រោងសៀវភៅអនឡាញដែលខ្ញុំខំធ្វើ នៅក្នុងកុំព្យូទ័រទាំងអស់ អត់ទាន់យកវាច្រកក្នុងកេសទុកផង (និយាយលេង ទុកក្នុងflash) ក៏ស្រាប់តែបែបនេះ។ ចំណែកឯការងារនៅអនឡាញ ដែលខ្ញុំទើបតែទទួលពីរ ដែលទើបតែនឹងចាប់ផ្តើមនៅខែនេះទៀត ក៏ប្រហែលជាត្រូវចប់ដែរ ប្រសិនបើកុំព្យូទ័រ ឆេះ ឬក៏ខូចស្អីទៅ មិនអាចជួសជុលបាន។ បើវាខូចមិនអាចជួសជុលបានពិតមែន ខ្ញុំមិនស្លាប់ទៅហើយទេហេ ព្រោះមិនមែនកុំព្យូទ័ររបស់ខ្ញុំផង។ បងឲ្យខ្ចីប្រើ ក៏ខូចបែបនេះ។ បើគាត់ដឹង ខ្ញុំមិនដឹងជាយ៉ាងម៉េចយ៉ាងណាទៅទេហេ។ ខ្ញុំដឹង ថាគាត់នឹងមិនសម្លាប់ខ្ញុំទេ តែលទ្ធផល ក៏មិនដឹងជាយ៉ាងម៉េចដែរ។

ហ៊ឺម! ស៊យនេះ ស៊យនោះ! គ្រាន់តែជិះម៉ូតូយកខោអាវឲ្យគេមុននេះ ក៏ផ្ទុះកង់ម៉ូតូស្អីហ្នឹងដែរ។ យំមិនចេញ ញញឹមមិនចេញ គ្មានស្អីក្រៅពីធ្វើមុខស្អុយនោះទេ ហើយពេលនេះ កំពុងតែនៅហាងអ៊ីនធើណេត កំពុងតែធ្វើមុខស្អុយបណ្តើរ រអ៊ូតាមអក្សរនេះបណ្តើរ។ នៅសល់ប្រមាណជិត១០ថ្ងៃទៀត នឹងចូលខែថ្មី។ ខ្ញុំសង្ឃឹមថា ខែថ្មីរបស់ខ្ញុំ មិនអាក្រក់ជាងនេះទៅចុះ។

នេះហើយ ជារបត់ជីវិតដ៏ស៊យ អ្នកនៅផ្ទះដូចជាខ្ញុំប៉ុន្មានអាទិត្យនេះ! នៅខែនេះ មានរឿងរ៉ាវជាច្រើន ដែលខ្ញុំចង់ធ្វើវាឲ្យហើយ តែបែរជាជួបនូវរឿងរ៉ាវបែបនេះ។ រឿងពីរ ដែលខ្ញុំខកចិត្តបំផុត គឺអត់មានលុយ ទៅលេងសមុទ្រហ្នឹងគេ និងរឿងធ្វើការនៅអនឡាញ ដោយមិនដឹងថាធ្វើឲ្យគេបានទៀតក៏អត់។ ហ៊ឺម! តែស៊យយ៉ាងណា ក៏គួរតែសប្បាយចិត្តទើបត្រូវ ព្រោះបើកុំព្យូទ័រមិនអាចធ្វើបាន ចាត់ទុកថា ខ្ញុំបានសម្រាកពីវាមួយរយៈចុះ ហើយការងារអនឡាញ ក៏មិនចាំបាច់ធ្វើ ធ្វើតែជាជ្រូកដេកនៅផ្ទះទៅបានហើយ។ ហាហា…បានហើយ កុំនៅយូរពេក មិនមែនប្រើអ៊ីនធើណេតនៅផ្ទះឯណា ព្រោះមួយម៉ោងនៅទីនេះ ក៏២០០០រៀលដែរ។ សន្សំសំចៃ ទើបឆាប់មាន! គិៗៗៗ

4 comments on “ស៊យ​យ៉ាង​ណា​គួរ​តែ​សប្បាយ​ចិត្ត​

  1. មិនដឹងម៉េច ពេលដែលបានអានហើយចេះតែចង់សើច។ លើលោកនេះមានអ្នកស៊យជាងខ្ញុំដែលជាអ្នកយ៉ាប់​ជាងគេ ហើយអាចញញឺមបានទៀត។

  2. ណែក! នៅនេះមានអ្នកនិយាយថា ម៉ាក់គម្រិះទៀត ។
    សន្សំបន្តិចដើម្បីឆាប់មាន តែកុំភ្លេចខំរកផង ណាអូន!
    😀

  3. សង្ឃឹមថា អ្វីៗ​នឹង​ល្អប្រសើរ។ បើ​ខ្វះ​ខាត​ខ្លាំងសូម​​ទាក់​ទង​មិត្ត​ភក្តិ​ណា។ ម្នាក់ៗ​ជួយ​ម្នាក់​បន្តិចៗ ក៏​ជា​ចំណែក​ខ្លះ​ដែរណា។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: