តើនឹងមានអ្វីផ្លាស់ប្តូរទៅ បើខ្ញុំជាយូន ឬមិនមែន? មនុស្ស បើអាចជ្រើសរើសកន្លែងកើតបាន វាពិតជាប្រសើរណាស់! ហ៊ឺម… គ្រាន់តែជាតិជាមនុស្សដូចគ្នា ហេតុអ្វីបានជាស្អប់ និងខឹងគុំគួនគ្នាទៅវិញ? តើខ្ញុំមានធ្វើស្អីខុស? តើខ្ញុំមានដែលធ្វើបាបអ្នកណាឲ្យឈឺចាប់ទេ? ខ្ញុំមានដែលដើរលួចប្លន់គេ សម្លាប់ជីវិតអ្នកដទៃទេ? គឺសុទ្ធតែមិនដែល!
អ្នកមិនដែលកើតមក ត្រូវគេរើសអើង មើលងាយមើលថោក នឹងមិនយល់ពីអារម្មណ៍បែបនេះទេ។ តាំងពីតូចដល់ធំ ក្រៅពីពាក្យរើសអើងហៅខ្ញុំជា «កូនឆ្កួត» ឬក៏«ម៉ែវាឆ្កួត» ពាក្យថា«កូនយួន»ឬក៏«យួន»មួយនេះ ជាពាក្យដែលខ្ញុំទទួលប៉ះទង្គិចផ្លូវចិត្តជាងគេ។ កាលពីតូច ខ្ញុំមិនយល់ឡើយ ហេតុអ្វីក៏គេហៅខ្ញុំជាកូនយួន ស្អប់ខ្ញុំ ហើយចាប់ផ្តើមវាយដំធ្វើបាបខ្ញុំ? ដោយសារតែមុខរបស់ខ្ញុំដូចណាស់ឬ? តើខ្ញុំមានធ្វើអីខុស?
ចង់លេងបាយឡុកបាយឡ ត្រូវអង្គុយលេងតែឯង នៅក្នុងផ្ទះ។ ចង់លេងកូនក្រមុំតុក្កតា ត្រូវអង្គុយលេងតែឯង នៅក្នុងផ្ទះ។ ចង់លេងអ្វី ចង់ធ្វើអ្វី ចង់ទៅណាមកណា តែងតែម្នាក់ឯងជានិច្ច។ តើព្រោះអ្វី? ព្រោះតែស្អប់ និងគិតថាខ្ញុំជាកូនយួនឬ? ខ្លាចខ្ញុំលេងជាមួយនឹងកូនរបស់ពួកគេ នឹងចម្លងភាពឆ្កួត និងភាពយួនទៅឲ្យឬ?
មែនហើយ! បើខ្ញុំជាយួន ក៏ល្អម៉្យាង។ យ៉ាងហោចណាស់ ខ្ញុំក៏ដឹងថា ឪពុកខ្ញុំជាយួនម្នាក់ដែរ។ មែនទេ? បើពិតមែន ខ្ញុំក៏មិនដឹងថា ជាការល្អ ឬក៏ជាការអាក្រក់ដែរ ព្រោះបើចឹងមែន នោះខ្ញុំនឹងមិនមានតំណក់ឈាមជាជនជាតិខ្មែរមួយតំណក់ ហើយជាជនជាតិស្អី សូម្បីតែភាសារបស់ខ្លួនឯង ក៏មិនចេះ។
ពាក្យថា «យួន» មួយម៉ាត់នេះ កាលពីជាងពីរឆ្នាំមុន មិត្តរួមថ្នាក់ បង្អាប់ខ្ញុំ នឹងយំហៀរសំបោរម្តងហើយ។ ហេតុអ្វីក៏ពេលនេះ នៅតែយំ ដោយសារតែពាក្យមួយម៉ាត់នេះទៀត? ខ្ញុំពិតជាមិនបានការមែន។ គ្រាន់តែប៉ុណ្ណឹង ក៏មិនអាចរឹងមាំបាន។ ស្អីតិច ក៏យំ។
បើខ្ញុំអាចធ្វើបាន ខ្ញុំពិតជាចង់លុបស្នាមអតីតកាលរបស់ខ្ញុំចោលណាស់។ មិនចង់ឈឺចាប់។ មិនចង់ឲ្យវាដើរតាមលងខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃបែបនេះទេ ហើយក៏មិនចង់ដោយសារពាក្យមួយម៉ាត់នេះ ធ្វើឲ្យខ្ញុំក្លាយទៅជាមនុស្សធ្លាក់ក្នុងរណ្តៅនៃអតីតកាលដែរ។
យើស! អតីតកាលដ៏កំហូច! មិនគួរណា អនុញ្ញាតឲ្យឯងមកលួចយកបច្ចុប្បន្នកាលដ៏ស្រស់ថ្លារបស់ខ្ញុំទៅបែបនេះសោះ។ ខ្ញុំឈប់ឲ្យស្រមោលរបស់ឯង ដើរអូសយកជីវិតខ្ញុំ ធ្វើជាកម្មសិទ្ធិរបស់ឯងទៀតហើយ។ ខ្ញុំ គឺខ្ញុំ។ ខ្ញុំត្រូវតែរឹងមាំ។ ខ្ញុំត្រូវតែដើរឆ្ពោះទៅមុខ តម្រង់ទៅរកអនាគតដ៏ល្អមួយ ដែលកំពុងតែបក់ដៃហៅខ្ញុំ។ ពាក្យថា «យួន» មួយម៉ាត់នេះ ចាប់ពីថ្ងៃនេះតទៅ លែងក្លាយជាពាក្យដែលធ្វើឲ្យខ្ញុំយំ លែងក្លាយទៅជាពាក្យធ្វើឲ្យខ្ញុំឈឺចាប់ ហើយថ្ងៃនេះ ក៏ជាថ្ងៃចុងក្រោយ ដែលខ្ញុំយំដោយសារពាក្យនេះ។ ពាក្យថា «យួន» ត្រូវតែក្លាយទៅជាពាក្យសម្រាប់ផ្តល់កម្លាំងចិត្តដល់ខ្ញុំ ក្នុងការឈានជើងដើរទៅមុខ។ ទោះស្ថិតនៅក្នងកាលៈទេសៈបែបណាក៏ដោយ ខ្ញុំនៅតែជាខ្ញុំ។
ម៉េចចាំរអ៊ូអីទៀតហើយ មើលមុខទៅដូចយួនមែនហ្នឹង តែមិនដឹងចិត្តយ៉ាងណាដែរ ! ? ប្រហែលជាចិត្តនិងខ្លួនខ្មែរហើយមើលទៅ បើគ្មានគ្មានកន្លែងណា ក្រៅពីស្រុកខ្មែរ សម្រាប់កើតនោះ ! មិនថាអញ្ចឹង ? មានអីត្រូវខ្វល់ បើរៀនមិនចេះខ្មែរទេ អាហ្នឹងកូនយួនហើយ បែបព្រួយបារម្ភ មិនត្រូវព្រួយទេ មានយួនច្រើណាស់កំពុង ពំពេញក្រដាសស្នាមចូលសញ្ជាតិជាខ្មែរ តិចទៀតច្បាស់ជាអស់យួនហើយ នៅសល់តែខ្មែរទេ ! មិនថាអញ្ចឹង ?
បើកចិត្តឲ្យទួលាយ។
យើងជាយើងមិនចាំបាច់ខ្វល់ពីអ្នកដទៃខ្លាំងពេកទេ។
គ្មានអ្វីត្រូវតូចចិត្តក្នុងនាមជាជាតិសាសន៍ណាមួយនោះទេ។
វាជារឿងហួយសម័យទៅហើយក្នុងការប្រកាន់អ្នកជាជនជាតិនេះ អ្នកជាជនជាតិនោះ។
គេដឹងហើយ គ្រាន់តែរអ៊ូតិចក៏បាន! ចាប់បោចសក់អាឡូវ!