3 មតិ

សាសនា និង​អ្នក​នយោបាយ​​

ថ្ងៃនេះ ក្តៅខ្លួន រវើរវាយគិតស្អីឆ្កួតៗ ដូចជាពេលនេះចឹង ឡប់សតិ ដោយផ្តើមអង្គុយច្រណែនពីមនុស្សប្រុស…

ម៉េចក៏ព្រះដែលបង្កើតសាសនាធំៗលើលោកនេះ សុទ្ធតែជាមនុស្សប្រុស? ម៉េចក៏អត់មានមនុស្សស្រីហ្នឹងគេសោះចឹង? តាំងពីដើមមក គេរស់នៅ ដោយពឹងផ្អែកសាសនា និងជំនឿ ធ្វើជាគោល ជំនួសឲ្យច្បាប់។ ពីមួយជំនាន់ ទៅមួយជំនាន់ គេស្រែកក្តែងៗថា នេះនែ៎ បើតាមក្បួនច្បាប់សាសនាដែលបានចែងមក អ្នកត្រូវធ្វើចេះ អ្នកត្រូវធ្វើចុះ ដូច្នេះអ្នកត្រូវតែគោរពតាម ទើបមានឈ្មោះថា ជាមនុស្សល្អ។ សុំសួរថា អ្នកណាមិនចង់ក្លាយទៅជាមនុស្សល្អ? ហើយតើមានសាសនាណាខ្លះ ដែលមិនចង់ដឹកនាំមនុស្សឲ្យរត់ទៅរកផ្លូវល្អ? តែសុំសួរដូចឆោត តើនរណាគេ ជាអ្នកបង្កើត និងចម្លងគម្ពីរក្បួនច្បាប់របស់សាសនា ឬក៏បណ្តាំរបស់ព្រះ? មិនមែនជាសាវ័ករបស់ព្រះទេឬ? បើជាសាវ័ករបស់ព្រះ តើមុនដំបូង គាត់ធ្វើការកត់ត្រាទៅនឹងស្អី កាលពីប៉ុន្មានពាន់ឆ្នាំមុន? ហើយអាចនៅធន់បានប៉ុន្មានឆ្នាំ? ហើយគម្ពីរ ឬក្បួនច្បាប់ទាំងនោះ ត្រូវគេកត់សារចុះសារឡើង ប៉ុន្មានរយដងទៅហើយ? តើដោយនរណាខ្លះ? ហើយជឿទេ ថាគាត់ចម្លងតាមគម្ពីរ ដូច១០០ភាគរយ ដោយមិនបន្ថែម ឬបន្ថយ?

បើក្រឡេកទៅមើលអ្នកនយោបាយគ្រប់គ្រងប្រទេស បូករួមស្តេច ឬស្តេចត្រាញ់ ពីមួយជំនាន់ ទៅមួយជំនាន់ តើគាត់ដឹកនាំប្រទេស ភាគច្រើនមិនពឹងផ្អែកលើសាសនា និងជំនឿជាធំទេឬ? មើលទៅប្រវត្តិសាស្ត្រខ្មែរយើង មិនបាច់មើលឯណាឆ្ងាយក៏បាន ដូចជាសម័យចក្រភពអង្គរ ព្រះរាជានីមួយៗ សុទ្ធតែធ្វើពិធីទេវរាជ ឬពុទ្ធរាជ ដើម្បីតម្លើងឋានៈរបស់ទ្រង់ ស្មើនឹងអាទិទេព ឬព្រះ។ បញ្ជារបស់អាទិទេព គឺជាបញ្ជារបស់ទ្រង់។ បញ្ជារបស់ទ្រង់ គឺជាបញ្ជារបស់អាទិទេព។ តើប្រជារាស្រ្តណា ដែលមិនគោរពកោតខ្លាចបារមីរបស់ទ្រង់? ហេហេ… តាំងពីបុរាណកាល មេដឹកនាំសាសនា គឺជាអ្នកនយោបាយ អ្នកនយោបាយ គឺជាមេដឹកនាំសាសនា ហើយមេដឹកនាំសាសនា គឺជាអ្នកដែលមានសិទ្ធិតែម្នាក់គត់ ក្នុងការកាន់គម្ពីរក្បួនច្បាប់សាសនា។ ហាហា… ក្បួនច្បាប់ណាប៉ះពាល់ដល់ផលប្រយោជន៍ គូសហ្អែងចោលមួយ បើមិនគូស មានតែកែ… ហាហា… ម្នាក់តិចៗ តើធាតុពិត គឺជាស្អីទៅ?

និយាយពីក្បួនច្បាប់ ប្រពៃណី ទំនៀមទម្លាប់ សាសនា… សុទ្ធតែមនុស្សប្រុស ជាអ្នកកាន់ ជាអ្នកបង្កើត… ហេតុអី ក៏មិនអាចសរសេរលើកជើងខ្លួនឯងបាន? មនុស្សប្រុស ជាធំ! មនុស្សប្រុស អស្ចារ្យ! មនុស្សប្រុស ជាមាសទឹកដប់! មនុស្សធ្វើស្អីក៏បាន ក៏គ្មានបញ្ហា! រីឯមនុស្សស្រី នៅតែផ្ទះទៅបានហើយ! កុំចង់ធ្វើនេះ ធ្វើនោះច្រើនពេក! ដឹងតែបង្កើតកូនឲ្យអញឲ្យច្រើនៗ ហើយនៅចាំបម្រើអញ អញថាម៉េច នាងឯងត្រូវតែតាមអញជាប្តី! ឯណាទៅសមភាពសម្រាប់បុរស និងស្ត្រី ពីមួយជំនាន់ ទៅមួយជំនាន់?

ខ្ជិលនិយាយច្រើន បូកសរុបតែម្តង ក្បួនច្បាប់ ប្រពៃណី ទំនៀមទម្លាប់ សាសនា…ដែលគេបង្កើតនោះ វាបានបញ្ចូលជាផ្នត់គំនិត ចាក់ឬសក្នុងប្រព័ន្ធនៃការខ្ជិលគិតវែកញែករបស់មនុស្សពីមួយជំនាន់ ទៅមួយជំនាន់ ស្ទើរតែសព្វកន្លុកកន្លៀតអស់ទៅហើយ ដោយនិយាយឲ្យខ្លី គឺការជឿ និងការអនុវត្តតាមទាំងងងឹតងងល់ ដោយមិនប្រើវិចារណញាណ។ បើក្បួនច្បាប់ទាំងនោះ វាល្អ វានឹងដឹកនាំមនុស្សឲ្យទៅរកផ្លូវល្អ តែបើមិនល្អ ហេហេ… ធ្វើខុស ក៏មិនដឹងថាខ្លួនធ្វើខុសដែរ។

ក្រឡេកមកមើលស្រុកខ្មែរ ស្រែខ្មុកយើង ប្រជាជនភាគច្រើនចូលចិត្តឲ្យតម្លៃទៅលើទស្សនៈកម្មផល ជាជាងលើអ្វីៗទៅទៀត។ បើគេជួយយើង យើងត្រូវតែជួយគេវិញ។ ដូចជាលោកធ្លាប់ជួយរំដោះយើង ឲ្យផុតនរកបីឆ្នាំ ប្រាំបីខែ ម្ភៃថ្ងៃ ឲ្យមានថ្ងៃនេះ ហេតុអ្វីគ្រាន់តែឆ្នោតមួយសន្លឹក យើងបរិច្ចាគបោះឲ្យលោកមិនបានហ៎? មិនត្រឹមដឹងគុណតែប៉ុណ្ណឹងទេ ដឹងគុណទៀតហ្ន៎ ដែលលោកសាងសង់វត្តអារាមនៅណេះមួយ នៅណោះមួយ ហើយសង់សាលាឲ្យកូនចៅបានរៀនសូត្រទៀតហ្ន៎! បើមិនជឿ សាកទៅមើលឈ្មោះសាលាស្ទើរតែពេញទាំងស្រុកខ្មែរទៅ សាលាណា ក៏មានឈ្មោះលោកដែរ ហើយមិនត្រឹមតែប៉ុណ្ណឹងទេ លោកនៅជាពុទ្ធបរិស័ទជាគំរូទៀតហ្ន៎ ព្រោះឧស្សាហ៍ឃើញតែមុខញឹកចង់អី នៅតាមវិទ្យុ ទូរទស្សន៍ ឲ្យតែមានបុណ្យទានម្តងៗ ឬក៏ពេលដែលលោកអញ្ជើញចុះទៅចែកអំណោយ។ លោកល្អនៅនឹងភ្នែក នឹងត្រចៀកប៉ុណ្ណឹងហើយ ម៉េចក៏ថាលោកមិនល្អទៀតហ៎?

ហេហេ… គេថា បើចង់ធ្វើនយោបាយនៅស្រុកខ្មែរ គឺវាចឹង មិនបាច់យកច្បាប់ យកនីតិរដ្ឋស្អីគេមកនិយាយទេ គេយកយុទ្ធសាស្ត្រមកគ្រប់គ្រងចិត្តរាស្ត្រ ទើបវាលេខមួយ។ ហ្អែងមើលសម័យប៉ុលពតមើល វាគ្រប់គ្រងប្រទេសខ្មែរបានប៉ុន្មាន បានតែជិតបួនឆ្នាំ រលំគ្រាំង ហើយរាស្ត្រណា ក៏ស្អប់ ជេរតិះដៀលវាដែរ។ នោះមកពីវាភ្លើ។ ហ្អែងមើលអញ អញឡើងធ្វើធំ ៣០ឆ្នាំជាងហើយ ហ្អែងមើល៍ មានរាស្ត្រណា ថាអញអាក្រក់ទេ។ ហ្អែងកុំថាអត់ តែពួកវាមិនហ៊ានគ្រហែមទេ។ អញកេះវាតែតិច វាសសៀរខ្លួន មករណបអញ ហើយធ្វើជាសារិកា ឲ្យអញកោសអណ្តាត អញថាម៉េច វាត្រូវតែថាតាម។ បើវានៅរឹងក្បាល ហ្អែងចាំមើលទៅ តើវានឹងមានស្អីកើតឡើងខ្លះ? បើវាមិនងាប់ មិនចូលគុក ក៏ត្រូវអញគម្រាមរត់ចោលស្រុកដែរវ៉ើយ!

ចុចៗៗៗ… យប់នេះ រវើរវាយ បែកជាអូរ ហូរជាស្ទឹងមែន។ និយាយពីនេះ ធ្លាយចេញដល់នោះ មិនដឹងថា មានចំនុចណា ប្រទាក់ក្រឡាជាមួយនឹងប្រធានបទសោះ។ ឆ្កួតៗ ឡប់ៗមែនខ្ញុំ! ចឹងតើ ឲ្យតែប្រឡងសំណេរ មិនដែលរត់ទៅណាឆ្ងាយ ពីប៊ិះជាប់ និងប៊ិះធ្លាក់សោះ!

 

3 comments on “សាសនា និង​អ្នក​នយោបាយ​​

  1. ១ , សាសនា ៖ លោក មហាត្មះ គន្ធី និយាយថា ” បើពួកគ្រឹស្ដសាសនិក សុទ្ធតែអាចធ្វើអ្វីៗ
    តាមដែលព្រះគម្ពីរបានចែងមកមែននោះ …នោះ ជនជាតិឥណ្ឌាទាំងឡាយ នឹងក្លាយជា
    គ្រឹស្ដសាសនិក ជាប្រាកដមិនខាន ” ។ ដូចគ្នានឹងពុទ្ធសាសនិក នៃយើងដែរ បើមនុស្សទាំងឡាយ
    សុទ្ធតែអាចធ្វើបានគ្រប់ប្រការ ល្អឥតចន្លោះ ឬល្អត្រឹមត្រូវជាងគេមែននោះ សាសនិកដទៃៗទាំងឡាយ
    ក៏ប្រាកដជាមើលឃើញ ពីគុណសម្បត្ដិអស្ចារ្យ របស់ពុទ្ធសាសនា ជាមិនខានទេ ..ប៉ុន្ដែមនុស្ស
    គឺជាសត្វរស់ជាប់ដោយប្រយោជន៏ ហើយប្រយោជន៏នោះ មានដូចអ្វីដែលប្អូនស្រី បានសរសេរ
    លើកឡើងមកអញ្ចឹង ។ អ្វីល្អ ឬអាក្រក់ ពុំមែនស្ថិតលើការពិតទេ គឺស្ថិតលើការគិត ការវាយ
    តម្លៃរបស់ខ្លួន ។

    ២, នយោបាយ ៖ បង មិនចងនិយាយអ្វីទេ រឿងនេះ ព្រោះវា ហាក់ដូចជាគ្មាន
    បង្កើតអត្ថន័យអ្វីសោះ ( Non-Make Sense ) ។ តើនិយាយដើម្បីអ្វី
    បើនិយាយដដែលតែពីបញ្ហានោះ ? ហើយមិនឃើញមានដំណោះស្រាយ
    អ្វីចេញមកសោះ ។ គេបានលឺ យើងបានលឺ តែដល់ពេលធ្វើ នៅតែចាញ់
    នៅតែមិនកើតដដែល ។ បង យល់ថា ពួកយើង ខ្វះអ្វីម្យ៉ាងក្នុងរឿងនេះហើយ
    ចូរខំស្វែងរកចំណុចនេះទៅមើល៏ …

    • គ្រាន់​តែ​ជា​ការ​គិត​រវើ​រវាយ​មួយ​ពេល​ប៉ុណ្ណោះ ព្រោះវា​​ស្មុគ​វា​ស្មាញ។ តែ​ប​ង​និយាយ​ត្រូវ នៅ​ក្នុង​រឿង​នយោបាយ យើង​ពិត​ជា​ខ្វះ​មែន។ តែ​ខ្វះ​នោះ មិន​ដឹង​ថា​ការ​គិត​របស់​បង ដូច​ខ្ញុំ​ឬ​អត់? គឺ​យើង​ខ្វះ​ចំណេះ​ដឹង និង​បទ​ពិសោធន៍ ក្នុង​ការ​សាង​ខ្លួន​រស់​នៅ​សង្គមនេះ ឲ្យ​បាន​ល្អ។ បើ​យើង​ចង់​ជួយ​ជាតិ យើង​ត្រូវ​ជួយ​ពី​ចំនុច​តូចៗ​ជា​មុន​សិន ពោល​គឺ​ការ​ជួយ​ខ្លួន​ឯង​ និង​ការ​ស្គាល់​ខ្លួន​ឯង​ឲ្យ​ច្បាស់នេះ​ឯង​។ មនុស្ស​ជា​កោសិកា​របស់​សង្គម។ បើ​កោសិកា​ល្អ សង្គមក៏​វា​នឹងល្អ​ទៅ​តាម​នោះ​ដែរ។

  2. បើតាមខ្ញុំយល់ មិនមានព្រះឯណាបង្កើតសាសនាធំៗ សម្រាប់ទេមនុស្សប្រុសនោះទេ រឿងព្រះពិតប្រាកដនោះ មិនមានឡើយ មានតែមនុស្សទេ ដែលបង្កើតព្រះ សូមកុំទោមនស្ស បើខ្ញុំនិយដូច្នេះនោះ ពីព្រោះមនុស្សមាន ការយលដឹងខុសៗគ្នា មិនថាអញ្ចឹង ?

    រឿងមនុស្សប្រុស និង មនុស្សស្រី វាល្អម្យ៉ាងម្នាក់ មនុស្សកាលពីដើមមិញ ពូកែខាងធ្វើការងារ ហើយមនុស្សស្រី គាត់ពូកែខាងបង្កើតកូន ថែរក្សាកូន ដូច្នេះគាត់មិនមានពេលវេលា ទៅណាឆ្ងាយពីផ្ទះទេ មិនថាអញ្ចឹង ?

    រឿងមនុស្សប្រុសអាចបង្កើតសាសនាធំៗលើលោក តែមិនមានស្រីបង្កើតសាសនានឹងគេ នេះក៏មិនខុសប៉ុន្មាន ដែលខ្ញុំបាននិយាយខាងលើដែរ គឺមនុស្សប្រុសមានពេលវេលាគ្រប់គ្រាន់ សិក្សារៀនសូត្រ ត្រិះរិះពិចារណា នូវរាល់កិច្ចការទាំងអស់ ចឹងហើយបានជាមនុស្សប្រុស មានតម្រិះវិជ្ជាច្រើនជាងស្រ្តី មិនថាអញ្ចឹង ?

    សាសនាកើតមក ពីការសិក្សាអបរំរៀនសូត្រ គេបង្កើតសាសនាមក ដើម្បីសិក្សាអបរំរៀនសូត្រ ប្រៀនប្រដៅមនុស្ស អោយធ្វើអោយធ្វើអំពើល្អ គ្រប់បែបយ៉ាង មិនថាអញ្ចឹង ?

    តើហតុអ្វីបានជាមានព្រះ ? តើនរណាបង្កើតព្រះ ? គេបង្កើតព្រះមកដើម្បីប្រយោជន៍អ្វី ? នេះជាក្បួនក្នុង ការសិក្សាអបរំមនុស្ស បើមនុស្សយើង ដូចតែគ្នា ធ្វើម៉េចចេះគោរពគ្នា មនុស្សយើងមើលស្រាល មិនចេះគោរពគ្នាទេ មិនចេះអោយតម្លៃគ្នាទេ ពីព្រោះថាហែងជាមនុស្ស ដូចតែគ្នា ចឹងហើយបានជា មនុស្សចាស់បុរាណ បង្កើតជាព្រះមក ដើម្បីអោយមនុស្សជឿ ហើយសន្មត់ដាក់នាមថាជាព្រះទៅ ថាព្រះហ្នឹង ជាធំបំផុតលើលោក ព្រះហ្នឹងបង្កើតអ្វីៗបានទាំងអស់ ដល់តៗក្រោយមក យើងមិនដឹងព្រះជាអ្វីពិត ប្រាកដ ក៏នាំគ្នាគោរពជឿ លើកព្រះទូលដាក់តម្កល់លើត្បូងទៅ ថាមនាតែព្រះហើយ ដែលជាខ្លាំងពូកែ មិនថាអញ្ចឹង ?

    មានអីពិបាកយល់ ម៉េចស្មៅបាត់ឈឺក្បាលនៅ ? មានអីឆ្ងល់ទៀត និយាយមក កុំសំងំក្នុងបន្ទប់ តែម្នាក់ឯង គ្មានបានប្រយោជន៍អីទេ កុំបន្ទុំយូរពេក នាំអាប់បញ្ញា កុំគិតខាងអវិជ្ជមានច្រើនពេក ជឿខ្ញុំទៅ ខ្ញុចាស់ជាង ! មិនថាអញ្ចឹង ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: