24 មតិ

តើ​នរណា​ទៅ​ដែល​ខ្ញុំ​ស្រឡាញ់?​

៥ កុម្ភៈ ២០១២

នេះជាចំណង​ជើង សម្រាប់រអ៊ូ​ នា​យប់​នេះ!

«តើ​នរណា​ទៅ​ដែល​ខ្ញុំ​ស្រឡាញ់?» ជាសំណួរ​ដែល​ខ្ញុំ​តែង​សួរ​ខ្លួន​ឯង​ ហើយ​ចម្លើយ​ក៏​តែង​ឆ្លើយ​ច្រលំ រហូត​មក​ដល់​ពេល​នេះ។

ថត កាល នៅ តំបន់ ចំបក់ហោះ កាល ពី ឆ្នាំ មុន

តើ​ស្រឡាញ់មនុស្ស​ម្នាក់ គេមានអារម្មណ៍​បែប​ណា​ទៅ? ចង់ដឹងដល់ហើយ! បេះដូ​ង​លោត​ដុក​​ដាក់ៗ ពេល​ដែល​ជួប​គេ​មែន​ទេ? ចេះតែលួច​មើល​​គេ​មែន​ទេ? ចេះ​តែ​​ចង់​ធ្វើ​យ៉ាង​ម៉េច ដើម្បី​និយាយ​ជាមួយ​គេមែនទេ? ចុច ចុច ចុច… ខ្ញុំ​មិន​ដែល​ធ្លាប់មាន​អារម្មណ៍​បែប​ហ្នឹង​ផង!

ដំបូង​ គិត​ថា ខ្លួន​ឯងស្រឡាញ់​មនុស្ស​ប្រុស​ ដូចមនុស្សម្នាហ្នឹងគេដែរ តែ​ប្រហែល​មិន​មែន​​ទេ!​ ព្រោះខ្ញុំមិន​ដែល​ចង់ជួប​គេ​ផង ហើយ​ក៏មិន​ដែល​ចង់​ស្តាប់​សំឡេងគេដែរ។ គ្រាន់​តែ​មាន​អារម្មណ៍​ថា​ ស្និទ្ធស្នាល​​លើស​ពីមិត្ត​ធម្មតា​បន្តិច។ អាចរាប់​ថា គេ​ធ្លាប់​ជា​មនុស្ស​ស្ថិត​នៅ​ក្នុង​ចំណាត់ថ្នាក់​លេខ​បី ដែលខ្ញុំស្រឡាញ់ និង​ចូល​ចិត្ត​បំផុត ដែល​កាល​ណោះ ម៉ាក់ ជាមនុស្ស​ទី​មួយ អាមុំ ជាមនុស្ស​ទី​ពីរ រីឯគេ ជាមនុស្សទី​បី។ តែ​បច្ចុប្បន្ន​ មិន​ដឹង​ថា គេ​​ធ្លាក់​ដល់លេខប៉ុន្មាន​នោះ​ទេ ព្រោះ​ខាន​ទាក់​ទងគ្នា​យូរ​ដែរ។ ប្រហែលជាអស់​និស្ស័យ​ ក៏​ថា​បាន 😀

និយាយ​ដល់​រឿង​គិត​ថាខ្លួន​ឯងស្រឡាញ់​គេនោះ​ នឹក​ឡើង​ ពិត​ជា​គួរ​ឲ្យ​អស់​សំណើច​​! កាលណោះ មិនទាន់​ដឹងអី​​ ថា​អារម្មណ៍​ស្រឡាញ់​គេ​ហ្នឹង​ម៉េច​​ ឲ្យ​ច្បាស់​ផង​ ស្រាប់​តែ​សារភាព​ប្រាប់​គេម៉ាច់៖ «ខ្ញុំគិត​ថា​ ខ្ញុំ​​ស្រឡាញ់​អ្នក​ហើយ!»។ ដឹង​ទេ គេតប​មក​វិញ​យ៉ាងម៉េច? ​គេ​តបមួយ​ម៉ាត់ ដែល​ខ្ញុំចាំច្បាស់​ជាងគេ​៖​ «ស្រឡាញ់ និងចូលចិត្ត មិន​ដូច​គ្នា​ទេ! បែងចែក​ឲ្យ​ច្បាស់!»។ ពាក្យ​មួយ​ម៉ាត់នេះ ធ្វើ​ឲ្យ​ខ្ញុំ​គិត​មួយ​យប់​។ តើ​ខ្ញុំស្រឡាញ់ ឬ​ក៏​ចូល​ចិត្ត​គេ? ហាហា… លុះ​ព្រឹក​ឡើង គេ​សួរ​ថា យប់​មិញ​ វាថី? ខ្ញុំមិន​ដឹង​ថា គួរ​ឆ្លើយ​ម៉េចផង ចេះ​តែ​ឆ្លើយ​ធ្វើ​មិន​ដឹង​មិន​ឮ ធ្វើ​ពើ​ថា ខ្លួន​ឯងមិន​បាន​ផ្ញើសារ។ ហាហា…

ពេល​ក្រោយៗ ខ្ញុំក៏​ឈាន​ចូល​ដំណាក់​កាលមួយ ដែលសង្ស័យ​ឡប់ៗ​ថា​ ខ្លួន​ឯង​ ជា​មនុស្ស​​ស្រី​ស្រឡាញ់ស្រី ព្រោះ​ខ្ញុំជាមនុស្ស​គ្មាន​ចំណូល​ចិត្ត​ទៅ​លើ​គ្រឿង​សំអាង និង​តុប​តែង​ខ្លួន​ជា​របៀប​​មនុស្ស​ស្រី (និយាយ​ឲ្យ​ចំ ខ្ញុំជាមនុស្ស​សម្រែ អត់ចេះ​រៀប​ចំខ្លួន 😀 )

និយាយ​ពី​ការ​ស្លៀក​ពាក់​ អាវមិន​អាវ ខោមិន​ខោ! មិន​មែន​គ្មាន​ខោ​អាវ​ស្លៀក​ហ្នឹង​គេនោះ​ទេ គឺមាន​ច្រើន ច្រើន​មែន​ទែន​ ពិសេស​អាវស្រីៗហ្នឹង​តាម៉ង់! បងខ្ញុំចូល​ចិត្ត​ទិញ​ឲ្យ​ច្រើនៗ​​​ណាស់​ម្តងៗ។ តែ​អ្វី​ដែល​គាត់ទិញ​ឲ្យ អត់ចូល​ចិត្ត! អាវស្អី​មិន​ដឹង ​​ក​វាល​ធំៗ រឹបនេះ រឹបនោះ ពាក់ហើយ​ ចង់​តែ​ថប់​ដង្ហើម។ មិន​ដែល​សួរ​ខ្ញុំ ថា​ខ្ញុំ​ចូល​ចិត្ត​ស្លៀក​បែប​ណា​នោះ​ទេ? គួរ​ឲ្យ​ស្អប់ ><

យ៉ា​ហ៊ី! បូរបាច់​ហួស​ប្រធាន​បទហើយ! ចឹង​ងាក​ត្រឡប់ចូលមក​និយាយ​ដល់​រឿង​ ពេល​ដែល​ខ្ញុំ​សង្ស័យ​ថា​ ខ្លួន​ឯង​ជាមនុស្ស​ស្រី​ស្រឡាញ់ស្រី​វិញ​ម្តង។ ដឹង​ទេ?​ ពេល​ដែល​សង្ស័យ​​​ថា​ខ្លួន​បែបនេះ ដឹងថា ខ្ញុំ​ធ្វើ​ស្អី​ខ្លះ​ទេ? ខ្ញុំ​អង្គុយ​ឆែកអ៊ីន​ធើណេត រាវរកមើល​វិដេអូ​ ដែល​គេនិយាយ​ពី​មនុស្ស​ស្រី​ស្រឡាញ់​ស្រី។ តើមាន​លក្ខណៈអ្វី​ខ្លះ ដែល​គេ​អាចសម្គាល់​បាន​ថា មនុស្សម្នាក់​នោះ​ ជា​មនុស្ស​ស្រី​ស្រឡាញ់​ស្រី? បាន​ឆែក​ហើយ នៅ​មិន​អស់​ចិត្ត ខ្ញុំ​ក៏​បាន​ទៅ​ជួប​​ក្រុមមនុស្ស​ស្រី​ស្រឡាញ់​ស្រី ដើម្បី​សួរ​គេ​ អំពី​ចម្ងល់​នេះ? «ធ្វើ​ម៉េច​ទៅ បាន​ដឹងថា​ ខ្លួន​ឯងជាមនុស្សស្រី​ស្រឡាញ់ស្រី​បែបនេះ?» ជា​សំណួរ​ដែល​ខ្ញុំ​ចង់​ដឹង​បំផុត។

ស្គាល់​ក្រុម​ពួក​ស្រឡាញ់ស្រី​​យូរ​ៗ រហូតមក​ដល់​ពេល​នេះ​ ខ្ញុំគិត​ថា ខ្ញុំមិន​មែន​ជាមនុស្ស​ស្រី​ស្រឡាញ់ស្រី​ដូច​ជា​ពួក​គេ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ខ្ញុំជាមនុស្ស​ដែល​មិន​ទាន់​ដឹង​ថា ខ្លួនឯងជា​នរណា? ជា​មនុស្ស​ស្រឡាញ់​ស្រី?​ ឬ​​ក៏​ស្រឡាញ់​ប្រុស​?​ ឬក៏​ស្រឡាញ់​ទាំង​ពីរ? ឬក៏​មិន​ស្រឡាញ់​សោះ​តែម្តង?​ គិត​ហើយ ចង់​ផ្ទុះក្បាល​! ខ្ញុំជា Queer! តើ​នរណា​ទៅ​ដែល​ខ្ញុំ​ស្រឡាញ់?​

 

24 comments on “តើ​នរណា​ទៅ​ដែល​ខ្ញុំ​ស្រឡាញ់?​

  1. ហ៊ើយ ! មនុស្សអើយ​មនុស្ស !!! អាយ៉ាប់​អើយ ក្រែង​មាន​សង្សារ​ហើយ​តាស​ហី មក​សួរ​ឡប់ៗ អ៊ីចឹង​ទៀត !

    • មាន​សង្សារ? ហាហា… ចង់​សំដៅ​ទៅ​ឌីយ៉ា​ឬ? គាត់មិន​មែន​ផង! រឿងហ្នឹង អាចសួរ​ឌីយ៉ា ឬក៏​បង Sky Blue បាន!
      និយាយ​តាមត្រង់​ចុះ ខ្ញុំអត់​ដែល​មាន​សង្សារ​នោះ​ទេ សូម្បី​តែ​ម្តង ក៏​មិន​ដែលដែរ។​មិនដឹងយ៉ាងម៉េចទេ​​ ព្រោះ​គ្មាន​អារម្មណ៍​ ហើយ​ក៏​មិន​ដែល​ចាប់​អារម្មណ៍​អី​ពិសេស​ដែរ​​​​ តែពេល​គេសួរ​ចុះ​ឡើង​ញឹកពេកឡើង​ធុញ​ ចេះ​តែ​ប្រឌិត​ផ្តេសផ្តាសទៅ ថា​មានៗ ព្រោះ​ជា​ជំនាញខ្ញុំ​ទៅ​ហើយ​​។ សូម្បី​តែមិត្តខ្ញុំ អាមុំ អាម៉ាប់… អីហ្នឹង ក៏​យល់​ច្រលំ​​​​ដែរ ថា​ខ្ញុំស្រឡាញ់​មនុស្ស​ប្រុស​ម្នាក់ គេនោះ​ ក៏​ជា​មនុស្សដែល​តាម៉ាប់ស្គាល់ដែរ​… មុន​ដំបូង គិតថា ប្រហែល​ដូច​ជា​ពួក​គេ​និយាយ​មែន​ហ្នឹង ថា​ខ្ញុំ​ស្រឡាញ់​គេ តែ​​ក្រោយ​មក ​ការ​ពិត​គ្រាន់​តែ​ចូល​ចិត្ត តែ​មិន​ដឹងធ្វើ​ម៉េច​ ប្រាប់​ពួក​គេ​ហើយ គេ​អត់ជឿ ចេះ​តែ​អឺអើ តាមទំនង លេង​តាមហ្នឹងទៅ! ហាហា…
      បើ​សិន​បើ​ខ្ញុំ​ស្រឡាញ់​មនុស្សប្រុស​ពិត​មែន ខ្ញុំក៏មិន​ដល់​ថ្នាក់ រវើ​រវាយ​ថា ខ្លួន​ឯង​ជាមនុស្ស​​ស្រី​ស្រឡាញ់​ស្រី​ដែរ តាម៉ាប់! ចំពោះ​មនុស្សប្រុស និងមនុស្សស្រី ខ្ញុំមាន​អារម្មណ៍​ស្មើ អាច​និយាយ​ថា ចូលចិត្ត​ទាំងពីរ ហើយ​ក៏​ស្អប់​ទាំងពីរ​ដែរ! មិន​ដឹង​យ៉ាង​ម៉េច? ឧត្តម​ តា​តៀម​កាហ្វេ ក៏​ធ្លាប់​​ថា​ឲ្យ​ដែរ​ថា​ «នៅ​សុខ ទៅ​ស្រឡាញ់ស្រី​អី​ណា? បើស្រឡាញ់ស្រី ស្រឡាញ់​អាមុំ​ទៅ!​»។ ខ្ញុំក៏​ធ្លាប់​គិត​បញ្ហានេះដែរ! បើ​ខ្ញុំ​ជាមនុស្សស្រីស្រឡាញ់ស្រី ខ្ញុំគួរ​តែ​ស្រឡាញ់​អាមុំ​ពិត​មែន ព្រោះ​ខ្ញុំ និង​អាមុំលេង​ស្និទ្ធណាស់​ ស្និទ្ធ​លើសពីមិត្ត​ធម្មតា ព្រោះ​ពេល​ខ្លះ លេង​ចាប់​​អោបថើប​​តាម​ផ្លូវ ​ក៏​មាន តែបើ​វា​អាច វា​អាច​ហើយ…
      មនុស្សប្រុស ក៏មិនស្រឡាញ់ មនុស្ស​ស្រី ក៏​មិន​ស្រឡាញ់​ យូរៗ​ទៅ​ ខ្ញុំ​គិតថា ខ្លួនឯងជា​Queer។ តើ​ខ្ញុំស្រឡាញ់​មួយ​ណា​ទៅ? មាន​តែ​ពេល​វេលាប៉ុណ្ណោះ ដែល​អាច​ពិសោធបាន!

  2. សំរាប់​ខ្ញុំ​ គឺ​ហួសវ័យ​ដែល​ត្រូវ​លូក​មាត់​មាន​យោបល់​​ក្នុង​រឿង​នេះ​ហើយ​… ខិខិខិៗៗៗៗ… គ្រាន់​តែ​ថា ដែកថែប​ទោះ​ជារឹង​យ៉ាង​ណា ក៍​នៅ​តែ​ទន់ជ្រាយ​ដោយ​សារ​ភ្លើង​ដែរ…។ ខ្ញុំ​ឯកភាព​តាម​ស្មៅ… គឺ​មាន​តែ​ពេល​វេលា​ប៉ុណ្ណោះ​ដែល​នឹង​បញ្ជាក់​ពី​ការពិត​បាន..!!..

  3. កុំបារម្មណ៍អី
    នៅពេលជួបជាមួយមនុស្សពិសេស យើងនឹងយល់ថាយើងមានអារម្មណ៍ផ្សេងប្លែក
    សូមជូនពរអោយសំណាងល្អ!

  4. ឆ្ងល់ទៀតហើយខ្ញុំ ចុះអា Queer ហ្នឹងស្អីគេទៅ?

  5. ដៃហ្នឹងបិទបង់ស្អិតហើយទ្រង់ក្ងែងទៀត។

  6. ហាហហាហាហាហហាហា…..ញុំសើចឡើងចុកពោះហើយអត្ថបទបងស្រី!​​ ពូកែសរសេរមែន​សូមសើរ!

  7. ខ្ញុំ​សូម​ឯកភាពនឹងបង«Santel
    កុំបារម្មណ៍អី
    នៅពេលជួបជាមួយមនុស្សពិសេស យើងនឹងយល់ថាយើងមានអារម្មណ៍ផ្សេងប្លែក»

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: