22 មតិ

ប៉ា

១ កុម្ភៈ ២០១២

ពាក្យ​ថា «ប៉ា» មួយ​ម៉ាត់​នេះ ខ្ញុំពិត​ជាកម្រនឹងបន្លឺវាឡើង​ណាស់​ ហើយ​ក៏​កម្រ​នឹងនិយាយ​វាចេញ​ដែរ​។ ពេល​នេះ ខ្ញុំអាយុ​២២ឆ្នាំ​ហើយ សូម្បី​តែ​ចម្លើយ​មួយ​ម៉ាត់ ថាប៉ាខ្ញុំជានរណា​ ក៏​មិន​ទាន់បាន​ដឹង។ ហេតុ​អី? តើ​ពួក​គាត់​ពិត​ជា​មិន​ដឹង​មែន? ឬក៏​មិន​ចង់​ប្រាប់ខ្ញុំ​ឲ្យ​ត្រង់​ទៅ? ខ្ញុំធំ​ហើយ! ខ្ញុំមិន​មែន​ជាកូន​ក្មេងទៀត​ឯណា។ បើតាមផ្លូវច្បាប់ ខ្ញុំមាន​សិទ្ធិ​ ក្នុង​ការស្វែងរកឪពុករបស់​ខ្លួន​ជា​នរណា។ មាន​សិទ្ធិ​​ទទួល​​ដឹង​ឮ​ព័ត៌មាន​ដែល​ទាក់​ទងទៅ​នឹងសាច់​ឈាម។ តើ​មែនទេ?

សូម្បី​តែ​នាម និងគោត្តនាមដែលខ្លួន​​កំពុងតែប្រើ​ផ្លូវ​ការ​សព្វថ្ងៃ សុទ្ធ​តែ​ជា​​នាមមួយ​សម្រាប់​​​បំភ័ន្ត​។ ឈ្មោះ​ម្តាយ​ក៏មិន​ពិត ឈ្មោះឪពុក​ក៏មិន​ពិត រីឯឈ្មោះ​​​របស់​ខ្លួនប្រើ​​ ក៏​មិន​ពិត​ ហើយ​​​គួរ​ឲ្យ​ចង់​សើចទៀត​។ យូរ​ទៅៗ ឲ្យ​តែ​នឹក​ដល់​រឿង​នេះ ខ្ញុំចង់ប្រដូច​ខ្លួន​ឯង ជា​តួ​អង្គ​កម្សត់​ម្នាក់​ ​នៅ​​ក្នុង​ខ្សែ​ភាពយន្ត​ ដោយ​ចំណងជើងរឿង​សុំ​ដាក់​​ថា «ខ្ញុំជា​កូន​អ្នក​ណា?»។

ហ៊ឺម… មែន​ហើយ! ឧបមា​ថា បើ​ម៉ាក់មិន​​​ប្រសៃប្រសាទ ខ្ញុំ​ក៏​មិន​បាច់​មក​​អង្គុយ​គិត ថា​ប៉ាខ្ញុំជា​នរណា​​ដែរ។ ជីវិត​របស់​ខ្ញុំ ប្រហែល​ជា​នឹង​អាចប្រសើរជាង​នេះ។ ប្រហែលជាអាច​ឈោង​ចាប់យក​​​ក្តី​​ស្រមៃ​​ដែល​​ខ្លួន​ចង់ អាចទៅ​រៀន​មុខ​ជំនាញ​ដែល​ខ្លួន​ចូលចិត្ត អាចទៅ​ធ្វើការ​ដូច​​គេ​​ដូច​ឯង ឬ​ក៏​ប្រហែល​ជាអត្តចរិតរបស់ខ្ញុំ អាចគ្រប់​តឹកដូច​គេដូចឯងដែរ ក៏​ថាបាន​ ដោយ​​មិន​បាច់​មួយ​ថ្ងៃៗ​ ឮ​តែគេ​ហៅថា​​ «កូន​ក្មេងៗ»…

«ប៉ា!» ខ្ញុំចង់​ហៅ​ពាក្យ​មួយ​ម៉ាត់នេះ។​ តែខ្ញុំមិន​ដឹង​គួរ​ហា​មាត់​ហៅ​ថា​យ៉ាងម៉េច? ខ្ញុំពិត​ជា​មិន​ចង់​ធ្វើ​ការស្រមើស្រមៃហួស​ហេតុ រវើ​រវាយ​ជ្រួស​ជ្រុល​ ថា​អ្នក​កំពុង​តែ​នៅ​មាន​ជីវិតរស់​នៅ​លើ​លោ​កនេះ ហើយ​អ្នក​នឹង​ត្រឡប់​​មក​មើល​ខ្ញុំ។​ ខ្ញុំ​ពិត​ជា​មិន​ចង់​ធ្វើការ​ស្រមើ​ស្រមៃ​បែប​នោះ​នោះ​​ទេ ព្រោះ​វា​មិន​អាច។ បើ​អ្នកនៅ​មាន​ជីវិតពិត​មែន បើអ្នក​នៅ​មាន​សម្បជញ្ញៈ និង​មាន​ស្មារតី​ជាប៉ា​ម្នាក់​ពិត​មែន អ្នក​គួរ​តែ​មក​ជួប​ខ្ញុំ មិន​មែន​បោះ​បង់​ម៉ាក់ និងខ្ញុំ​ចោល ​រហូត​ដល់​ពេល​នេះ​នោះ​ទេ។ ចឹង​ខ្ញុំសុំ​​គិត​ថា  ប៉ាបាន​ស្លាប់​បាត់​ទៅ​ហើយ ល្អ​ជាជាង…

ខ្ញុំលែង​គិត​ហើយ! ចូល​គេង​វិញល្អ​ជាង។ នេះ​បើ​មិន​មែន​ប៉ុន្មាន​ថ្ងៃមុន ប៉ា​​ដ៏​គ្មាន​ទំនួល​ខុស​​ត្រូវ​របស់មិត្ត​ខ្ញុំ ដែល​បោះ​បង់​ម៉ាក់​គេ​ចោល​​ នា​ពេល​​គេ​កើត​បាន​ប៉ុន្មាន​ថ្ងៃ​ ទៅ​ការ​ប្រពន្ធ​ថ្មី​នោះ បាន​មក​ជួប​​មិត្ត​ខ្ញុំទេ​ ម៉្លេះថ្ងៃនេះ ក៏​មិន​មក​អង្គុយ​ស្មុគ​រឿងខ្លួន​ឯង​ដែរ។

រាត្រី​សួស្តីអាពៅ! សូមឲ្យ​គេង​លក់ស្រួល!​

សង្ឃឹមថា ថ្ងៃស្អែក​ នឹងមិន​ទៅ​សាលាយឺតទៅ​ចុះ!

22 comments on “ប៉ា

  1. អាពៅ! ខ្ញុំក៏ហៅប៉ាមិនបានច្រើនដែរ តែកុំគិតច្រើនពេកអី។

  2. «« កើត ចាស់ ឈឺ ស្លាប់ »» ជាច្បាប់របស់ធម្មជាតិ !
    ក្នុងទ្វីបលោកនេះ ជាយូរណាស់មកហើយ​ ដែលយើងបានដឹងថា
    ឥតមានអ្វី ស្ថិតស្ថេរជាចេរកាល នោះសោះឡើយ …ចូរសំលឹងមើលចុះ
    ដើមស្មៅដែលដុះមក បើមិនត្រូវសត្វស៊ី ឬគេច្រូត គេដកចោលនោះទេ
    ក៏គង់ស្លាប់ដោយអាយុកាលរបស់ខ្លួន … ស្មៅ វាពុំដែលចេះមក
    គិតជ្រាលជ្រៅ ឲ្យបែកផ្សែង ដូចយើងនោះទេ ។ វា ពុំដែលទៅខ្វល់ថា
    វា ដុំមកដោយសារអ្វី ? នរណាបានដាំវា ? ឬស្រោចទឹកអោយវា នោះឡើយ
    តែវាដឹងថា ” បើថ្ងៃនេះ មានពន្លឺរស្មីរះ វានឹងខំប្រឹងបញ្ចេញកម្លាំង អោយអស់
    ពីកាយចិត្ដ ដើម្បីសំយោគជីវិត អោយរស់រាន ប្រសើរឡើង ។

    រឿងកន្លង វាបានកន្លងទៅហើយ …កាលសម័យព្រះពុទ្ធ ទ្រង់សូម្បីមិនមានម្ដាយ
    ហៅ ក៏ទ្រង់ពុំដែលចាប់អារម្មណ៍ដែរ ។ ៧ ថ្ងៃក្រោយពេលប្រសូត្រ មាតារបស់ទ្រង់
    បានធ្វើកាលកិរិយា … ពីពេលនោះមក ទ្រង់រស់នៅជាមួយម្ដាយចិញ្ចឹម ។ ពាក្យម្ដាយ
    មានន័យផ្ដល់ភាពកក់ក្ដៅមានយ៉ាងណា ក៏ពុំស្មើដល់បារមីនៃសេចក្ដីខិតខំ របស់ខ្លួន
    នោះដែរ ។

    ក្នុងពិភពលោក ទោះបីបើមានតែស្មៅមួយដើម រះនៅលើកំពូលភ្នំ ក៏ស្មៅមួួយដើមនោះ
    នឹងលូតលាស់ដែរ …ហើយលូតលាស់បានជាល្អប្រសើរទៀតផង ព្រោះធម្មជាតិ
    រមែងផ្ដល់ពន្លឺ ទឹកសន្សើម ដល់ស្មៅមួយដើមនោះជារហូត ។

    ចុះចំណែកស្មៅនៅទីនេះ ( ម្ចាស់ប្លុក ) នេះវិញ ? តើដូចជាដើមស្មៅ
    ដែលបង បរិយាយមកខាងលើដែរទេ ? …

  3. យ៉ាងតាហ្នង កូនស្មៅយំរកប៉ា ! សូម្បីតែស្មៅ ក៏ចាំបាច់មានប៉ាដែរ ! គួរតែប្រាប់លោកគ្រូ អោយជួយតែងកំណាព្យរឿង កូនស្មៅសួររកប៉ាមួយទៅ !

  4. ខ្ញុំទៅជិតដល់សៀមរាបហើយ ចាំជួយលើកកម្លាំងចិត្ត កុំបារម្ភ !

  5. ១. បានអានអក្ខរា កូនសួររកប៉ា បងខ្លោចចិត្តណាស់ តែពៅឈប់ព្រួយ រឿងមួយទៀងច្បាស់ ធម្មជាតិអាចផ្លាស់ ប៉ាផ្លាស់មិនបាន។
    ២. ទោះមិនយល់មុខ គួរពៅចាំទុក ណាស្រស់កល្យាណ មិនមាននរណា ដែលថាកើតបាន គ្មានប៉ារួមប្រាណ និងម៉ែនោះទេ។
    ៣.តែបងសូមផ្តាំ ទោះព្រាត់ច្រើនឆ្នាំ សូមពៅកុំជេរ យ៉ាងណាប៉ាគុណ ពិតធ្ងន់មាសមេ សងមិនអស់ទេ អ្នកកុំភ្លេចឡើយ។
    ៤. មានរូបមានទុក្ខ ខាងក្រោយខាងមុខ ពិបាកនឹងឆ្លើយ ផែនដីនៅវិល ថ្ងៃម្សិលនឹងផ្លាស់ ពៅពិតជួបច្បាស់ ប៉ាវិញមិនខាន។

    សូមជួបតែសំណាងល្អណា!អា ពៅ!

    • បងសូមទោសសរសេរមើលច្រឡំចំណាប់ជួនបងសុំកែពាក្យវិញណា អា ពៅ នៅល្បះទី៤

      ៤.មានរូបមានទុក្ច ខាងក្រោយខាងមុខ ពិបាកនឹងឆ្លើយ ផែនដីនៅវិល ថ្ងៃម្សិលផ្លាស់ហើយ មិនយូរឆាប់ឡើយ ពៅជួបប៉ាវិញ។

      បងចងកែលើ មតិចាស់ដែរតែបងមិនសូវចេះទើបសរសេរកែបន្ថែមមួយទៀតទៅ!

  6. «ពៅ​អាន​អក្ខរា ចង់​លើក​ហត្ថា អរគុណ​ទាំង​ទ្វេ ចំពោះ​ទឹក​ចិត្ត មិន​ដែល​ងាករេ ទោះ​ខ្ញុំ​ទោះ​គេ ក៏ត្រូវ​​រំភើប។»
    អរគុណ​បង​ ដែល​តែងតែ​រំលឹក​ឲ្យ​ប្អូន​ក្រោក​ឈរ! អរគុណ!

    • សូមរៀនតេងសាកមើល តែមិនដឹងថា ឆ្លើយតបទៅនឹងអត្ថន័យខាងលើ ឬអត់ទេ ហើយការតែងក៏មិនដឹងថា ត្រូវតាមប្រយោគឃ្លាឬអត់ទេ ព្រោះអត់ចេះខាងតែងកំណាព្យហ្នឹងទេ សូមជួយកែសម្រួលផង ។៚…

      ពេលអូនអានអក្ខរា រំភើបចិត្តក្រៃណា មិនភ្លេចទេទីវា រាត្រីដ៏ភ្លឺថ្លា ដែលអូនបងសន្យា ក្បែរមាត់ស្ទឹងសង្សារ ថាជួបអូនពេលរៀបការ ។

  7. បងក៏សូមអរគុណប្អូនដែរជួយលើកទឹកចិត្តបងដូចគ្នា។គ្មានអ្នកណាល្អជាងអ្នកណាទេអាពៅ បងណែនាំគេងាយទេ ឯធាតុពិតបងក៏ជាអ្នកជំងឺម្នា្កក់កំពុងឈឺធ្ងន់ដែរ។ចង់តែយំទេអាពៅ!ហិៗហិៗ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: