១ កុម្ភៈ ២០១២
«លុយៗៗ! លុយទិញស្នេហា…» នេះជាចម្រៀងមួយឃ្លា ដែលដក់ជាប់នៅក្នុងសោតារបស់ខ្ញុំ តែខ្ញុំមិនដឹងថា នរណាជាអ្នកច្រៀង ហើយក៏មិនដឹងថា វាមានចំណងជើងថា យ៉ាងម៉េចនោះដែរ។ និយាយពីចម្រៀង ខ្ញុំចប់សូន្យសឹង។ មិនចេះច្រៀង ហើយក៏មិនចេះស្តាប់ដែរ។ តើចម្លែកណាស់ឬ? សង្ឃឹមថា មិនចម្លែកទៅចុះ។
អីយ៉ាស់! ខ្ញុំនិយាយខុសប្រធានបទហើយ ដូច្នេះសុំបកមកនិយាយពី«នុយជីវិត» ដែលខ្ញុំចង់យកមកចែករំលែកជាមួយអ្នកទាំងអស់គ្នាវិញម្តង។
«នុយជីវិត» គឺជាកំណាព្យមួយបទ តែងដោយលោក លីម ចំរើន ក្នុង«បទក្របចក្រវាឡ មេពាក្យ១២ថ្មី» ដែលមេកាព្យថ្មីនេះ លោកបានបំបែកក្បួនចេញពី «បទក្របចក្រវាឡ មេពាក្យ៩»របស់លោកគ្រូ អៀង សាយ។
ពេលបានអានកំណាព្យនេះ វាប្រៀបប្រដូចទៅនឹងកញ្ចក់មួយផ្ទាំង ដែលបានឆ្លុះបញ្ចាំងពីតថភាពសង្គម ដែលរំលឹកដល់បុគ្គលិក មន្ត្រីរាជការ និងមនុស្សដទៃទៀត ដែលកំពុងតែចូលរួមបដិភាគយ៉ាងធំធេង ក្នុងការធ្វើឲ្យសង្គម សំបូរទៅដោយអំពើពុករលួយគ្រប់កន្លុកកន្លៀត បូករួមទាំងភាពអមនុស្សធម៌ និងភាពកាចសាហាវយ៉ង់ឃ្នង មិនយល់ញាតិ លែងស្គាល់បុណ្យ បាប ខុសនិងត្រូវ… ដែលនេះ ដោយសារតែបទបញ្ញត្តិមួយ ដែលមនុស្សទាំងនោះ តែងឲ្យតម្លៃថា៖ «ឲ្យតែមានលុយ គឺមានអ្វីៗទាំងអស់ ចង់ប្រើឲ្យខ្មោចកិនម្សៅ ក៏បានដែរ»។
ហ៊ឺម!!!! និយាយដល់លុយ លុយ គ្រាន់តែជាក្រដាសតូចមួយសន្លឹកប៉ុណ្ណោះ ដែលគេបញ្ញត្តិ ជារបស់ សម្រាប់យកទៅដោះដូរជាមួយនឹងរបស់ផ្សេងៗ។ ហេតុអ្វីបានជាមនុស្សភាគច្រើន នាំគ្នាឆ្កួតវង្វេង កើតទុក្ខវេទនា ដោយសារតែវា។ បើគ្មានលុយ តើមនុស្សអាចរស់បានទេ? (ពិតជាបាន បើសិនណា នៅលើលោកនេះ គេមិនចាយលុយ… ហាហា…)
មុននឹងឃ្លាត គឺគ្មានស្អីច្រើនទេ គ្រាន់តែចង់យកមកបទនេះមកចែករំលែក និងចង់យកមកធ្វើជាលេសផង ដើម្បីរំសាយអារម្មណ៍របស់ខ្លួនមួយគ្រា។ អារម្មណ៍របស់ខ្ញុំ នៅពេលនេះ គឺខ្ញុំស្អប់លុយ!
នុយជីវិត
នុយជីវិត ពិតគឺលុយ ស្អុយកេរ្តិ៍ឈ្មោះ ព្រោះតែវា
មនុស្សម្នា ជាទម្លាប់ ជាប់ទង្វើ ធ្វើអាស្រូវ
ខ្លះប្រើស្នៀត ឆ្លៀតកិបកេង លេងល្បិចកល ខ្វល់គ្រប់ផ្លូវ
បង្វែរត្រូវ ទៅជាខុស ដុះចិត្តយក្ស លាក់ស៊ីសូក។
អ្នកខ្លះញ៉ាម តាមស៊ីនុយ លុយពង្វក់ លក់អាត្មា
បាត់មនសិការ ថាឡប់ឡែ កែខ្មៅស ល្អទៅមក
ភ្លេចបុណ្យបាប សាបប្រែប្រៃ ថ្លៃប្រែថោក សោកពួនជ្រក
គិតស្មោកគ្រោក យកប្រៀបគ្នា ជាទម្លាប់ ជាប់ប្រចាំ។
ទោះបងប្អូន កូនឪម៉ែ ប្រែលែងស្គាល់ ញ័រឃ្លាននុយ
ឆ្កួតរពុយ លុយនេះហើយ ឲ្យឆោតល្ងង់ លង់ល្បែងកម្ម
ពៀរមិនខ្លាច កាចថោកទាប ធៀបឆ្ងាញ់នុយ លុយប្រចាំ
ដូចដេកត្រាំ ចាំទុក្ខមក ជ្រកផ្តល់ផល ខ្វល់មិនស្វាង។
បើយើងយល់ គល់បញ្ហា ថាអាលុយ នុយជីវិត
ប្រឹងទប់ចិត្ត ពិតសប្បាយ កាយផុតគ្រោះ ព្រោះសំណាង
លុយគ្មានន័យ អ្វីសោះឡើយ ឲ្យយើងឆ្កួត អួតមិនស្វាង
គួរឈប់កាង សាងទង្វើ ធ្វើសុចរិត ពិតមង្គល៕
កំណាព្យនេះមានអត្ថរស និងអត្ថន័យល្អណាស់…។ ដោយពិតទៅ ខ្ញុំអស់ចេះតែងកំណាព្យសោះ… រៀនយ៉ាងម៉េចក៍មិនចេះដែរ ឬក៍អាចថាមិនយកចិត្តទុកដាក់ ក៍ថាបាន… ព្រោះកាលនៅរៀន ខ្ញុំឧស្សាហ៍បង្អាប់មិត្តភក្តិខ្ញុំថា៖ អាណាពូកែតែងកំណាព្យ អាណឹងថ្ងៃក្រោយពូកែញ៉ែស្រីៗដែរ…។ ដល់ដើរថាអោយគេទៅ ខ្លួនឯងខ្ជិលយកចិត្តទុកដាក់ផ្សំផង ក៍អត់ចេះរហូតដល់សព្វង៉ៃនេះទៅ…
ដូចតែគ្នា ដៀតែខ្នូចហ្នឹង! ចឹងសុំចាប់ដៃមួយ ជាកិច្ចស្វាគមន៍ ដែលយើងយល់ដូចគ្នា! ហាហា
ឡូយមែនអា ពៅជួយ(ឡង់សេ)ឲ្យបងពូកែមែនខាងអត្ថាធិប្បាយពីរោះណាស់។បងឥលូវអារម្មណ៍អស់បាត់ ហើយមិនចេះសរសេរកណាព្យទៀតទេ។វាមិងដឹងថាអារម្មណ៍ទៅណាទេ។
ខ្ញុំសូមអរគុណណាស់មិត្តអ្នកអានគ្រប់គ្នាដោយស្មោះអស់ពីពោះពិសេស គឺអាយុក។
បងចំរើន! ម្តងហៅខ្ញុំថាអាពៅផង ម្តងអាយុកផង ខ្ញុំចង់វង្វេងម្តងៗហើយ!
អារម្មណ៍របស់បង បើហោះទៅណាបាត់ អត់អីទេ ចាំខ្ញុំយកសំណាញ់មេឃាមកចាប់វាឲ្យ…. ហាហា
អ្នកខ្លាហានមកពីភ្នំថៃសាន្តសូមចូលរួមផង
វាចាថ្លាថ្លែង ដែលអ្នកសម្តែង គួរឲ្យចាប់ចិត្ត
ឮថាមិនចេះ កំណាព្យល្អពិត សូមអ្នកជាមិត្ត
ពិនិត្យច្បាប់ក្បួន។