3 មតិ

គ្មានឈ្មោះ​ប្រឡង

២៨ មករា ២០១២

រៀន​ដល់​ឆ្នាំទី​បី​ហើយ សូម្បី​តែ​តែង​សេចក្តី​ដ៏​តូចមួយ ខ្ញុំ​សរសេរ​​អត់​ចេញ អង្គុយ​តែ​អេះ​ក្បាល។ មូល​ហេតុ​នៃការលែងលះ​គ្នា មាន​ស្អីចេះ… វាគ្មាន​ទៅ​ស្អី​ ក្រៅ​ពី​បញ្ហា​អស់​អារម្មណ៍ និង​ដុល្លាៗ​នោះ។​​ នឹកឃើញ​តែប៉ុណ្ណេះ ចាប់​យក​ខ្មៅ​ សរសេរ​ភ្លាម…

ជីវិត​អាពាហ៍ពិពាហ៍​​​របស់​បុគ្គល​ម្នាក់ៗ រមែង​តែងមាន​រសជាតិ​មិន​​​​ដូចគ្នា​ទេ។ អ្នកខ្លះ ក៏ពេញចិត្ត ព្រោះ​ជីវិត​ស្នេហា វា​កំពុង​តែស្ថិត​នៅ​ដំណាក់​កាល​ល្អូក​ល្អឺន រីឯអ្នក​ខ្លះវិញ​ មិន​ចឹង​នោះ​ទេ បែរជា​គិត​ដល់​ដំណាក់​កាល​លែងលះ​គ្នា​ទៅ​វិញ។ និយាយ​ពី​កា​រលែង​លះ វា​មាន​កត្តាជាច្រើន​ចូល​រួម​បដិភាគ…

[សំឡេង​ទូរសព្ទ​របស់​ខ្ញុំរោទ៍]

យ៉ាហ៊ី!​ ភ្លេច​បិទសំឡេងរោទ៍ទូរសព្ទ។ នរណា​តេ​មក​ចេះ​ លេខអត់​ស្គាល់។ សរសេរ​សំណេរអត់​ចេញ​ផង​ រត់​ចេញ​ទៅ​ក្រៅ​ថ្នាក់ប្រុយ…

«ហេឡូ! ជម្រាបសួរ! ខ្ញុំបូផា កំពុង​តែ​និយាយ។»

«អាមោឃ! យើង អាចាន់។ ឯងទំនេរ​អត់?»

«អត់! មានការអី?»

«បើ​ឯងទំនេរ យើង​ចង់​ឲ្យ​ឯង ជួយ​ជូន​យើង​ទៅ​ជួប​គ្រូនៅ​ព្រឹកហ្នឹង​ម៉ា​ភ្លែត។ ទៅ​ជួប​រឿង អាជាតិ​ ប្អូន​យើង​ វាអត់មាន​ឈ្មោះ​ប្រឡង។»

«អាជាតិ​យ៉ាប់មែន >_< គ្រួសារ​កំពុង​តែ​យ៉ាប់ផង មក​ជួញ​រឿង​ថែម។ យ៉ាប់​ណាស់ ​អា​មួយ​នេះ។​ ឥឡូវ​យើង​អត់ទំនេរទេ។​ យើង​ជាប់​ប្រឡង។ អាចឲ្យ​អ្នកនៅ​ហាង​ជួយ​ជូន​ទៅៗ ព្រោះ​យើង​គិត​ថា ទៅ​ជួប​គ្រូ​ហ្នឹង អត់​មាន​ស្អី​ត្រូវ​និយាយ​ច្រើនទេ ក្រៅ​ពី​គ្រូ​ចង់​បាន​លុយ​​នោះ។ សុំទោសណា៎! ហើយ​មួយ​ទៀត ភាគ​ច្រើន​ គ្រូៗ​ចូល​ចិត្តនិយាយ​ភាសា​កាទូត។ ព្យាយាម​ កុំសួរ​គាត់​ត្រង់ៗ​ពេក ថាគាត់យក​ប៉ុន្មាន ទុក​ឲ្យ​គាត់​នៅ​កាច់​កុង​ចុះ​ហ្នឹង​​ឡើង​ទៅ​ ​បើ​គ្រូ​ហាមាត់​ទារច្រើន​ ព្យាយាមនិយាយ​សម្រុះ​សម្រួល​​ជាមួយ​គាត់​ ​ឲ្យ​តែ​គាត់​​ ដប់​ ទៅ​ម្ភៃដុល្លា​ទៅ​បាន​ហើយ​។ ឮអត់? អូហ៍ ហើយ​ម៉េច​ណា ​ចាំ​តេមក​យើង​វិញ​ផង ថាវាម៉េចៗ? បាន​ហើយ​ យើង​ប្រញាប់​ចូល​ប្រឡង។​»

«អូខេ!​ ចាំ​យើងតេ។»

ការពិត មិន​បាន​ប្រឡងស្អី​នោះ​ទេ គ្រាន់​តែ​គ្រូ​ដាក់​សំណេរ​ឲ្យ​ហាត់​សរសេរ​មុន​ប្រឡង​បញ្ចប់​​ឆមាស​តែ​ប៉ុណ្ណោះ​។ ខ្ញុំអាចសុំ​ច្បាប់ ទៅ​កំដរមិត្ត​ខ្ញុំបាន បើ​ខ្ញុំចង់។ តែ​ពេល​ខ្លះ​ ចង់​ជួយ​មនុស្ស​ មិនត្រូវ​ជួយ​ធ្វើអ្វីៗ​ជំនួស​គេ​នោះ​ទេ ត្រូវ​ចេះឲ្យ​បណ្តោយ​គេ ឲ្យ​ចេះ​ជួយ​ខ្លួន​ឯង ទើប​គួរ។ មិត្ត​ខ្ញុំម្នាក់​នេះ ជាមនុស្សប៉ិន​ខ្លាច​គេណាស់ ទៅ​ណា​មកណា​ជួប​គេ ទាល់​តែ​មាន​គ្នា បាន​វា​ហ៊ាន។ សុំទោស ដែល​ធ្វើ​បែបនេះ!

បន្ទាប់​ពី​ម៉ោង​សំណេរ​ចប់ ក៏​ចូល​មក​ដល់​ម៉ោង​ភាសា​អង់គ្លេស​ទូទៅ។ មុខវិជ្ជាសំណេរ ចាត់​ទុក​ជា​មុខ​វិជ្ជា​ប៊ិះ​ជាប់​ប៊ិះ​ធ្លាក់​របស់​ខ្ញុំ តាំង​ពី​ថ្នាក់​បឋម រហូតមកដល់​ពេល​នេះ។ រីឯមក​ដល់មុខ​វិជ្ជាអង់គ្លេស​ទូទៅ​ រឹតតែយ៉ាប់​ទៅ​ទៀត ព្រោះ​​គ្រូ​ទាមទារ​ឲ្យ​សិស្ស​និយាយ​ភាសា​អង់គ្លេស​ច្រើន។ ឲ្យ​តែ​ប៉ះ​ម៉ោង​គាត់ ភាសា​អង់គ្លេសរបស់ខ្ញុំ ត្រូវកិបសោរ​ជាប់​ក្រឹប ដូចគេ​យក​ក្រដាស​មក​ចុក​ បិទមាត់ លែងនិយាយ​លែង​រួច។

បន្ទាប់​ពី​រៀន​នៅ​សាលា​ចប់ ទៅ​ប្រជុំ​ក្រុម។ ប្រជុំ​រួច​ ទៅ​ផ្ទះ។ ទៅ​ផ្ទះ​រួច ទៅ​ផាត់​ពណ៌ជញ្ជាំង​។ ផាត់​ពណ៌​រួច ដល់​ពេល​ល្ងាចល្មម ខ្ញុំក៏​ចេញ​​​​ទៅ​ជួបអាចាន់​មិត្តខ្ញុំ ដែលតេមក​ព្រឹកមិញនេះ។

«និយាយ​ពី​ព្រឹកមិញ ទៅ​បី​ត្រឡប់។ ទៅម្តង ជួប​គាត់ គាត់​ថាគាត់​រវល់។​ ទៅ​ម្តង​ទៀត គាត់​អត់​ទាន់​ថា​ បាន​និយាយ​ជាមួយ​គ្រូ​នាយក។ ទៅម្តង​ទៀត បាន​ដាច់ស្រេច។» មិត្ត​ខ្ញុំ វារអ៊ូ។​

«គាត់​យក​ប៉ុន្មាន?»

«គាត់​អត់ទារផង តែយើង​ឲ្យ​១០ដុល្លា… ​អាជាតិ វា​ភ័យ​នឹង​​ស្វាយ​មុខ។ យើង​មិន​ដែល​ឃើញ​ប្អូន​យើង​ ភ័យ​ដល់​ថ្នាក់​ហ្នឹង​នោះ​ទេ។ ហ្អែង​គិត​មើល៍ ប្អូន​យើង​ វាថា​វាអត់​បាន​ឈប់​គេ​ច​ទៅណា​ទេ គ្រាន់​តែ​វា​អត់​​ស្រួល​ខ្លួន ឈឺ​ក្បាល គេ​ច​ម៉ាម៉ោងៗ ដើម្បី​សម្រាក​ហ្នឹង។ ហើយ​អាឈប់ម៉ាម៉ោងៗ​ហ្នឹង អត់​​ដល់​១០ដង​ផង។ ឯងដឹងស្រាប់ហើយ ប្អូន​យើង វា​ខ្សោយ​ណាស់ សូម្បី​តែ​អាកាសធាតុ​ក្តៅ​ពេក ក៏​ឈាម​ច្រមុះ​ហូរ​មក​អ៊ូ។»

«តែ​វា​ឈប់​ម៉ាម៉ោងៗយ៉ាងណាក៏​ដោយ ក៏​វា​គួរ​តែ​ឈប់សុំ​​​ច្បាប់​គ្រូ ឬក៏​និយាយ​ជាមួយ​ប្រធាន​ថ្នាក់។ វាធ្វើ​ចឹងមិន​ត្រូវ​ទេ ហើយ​វា​ក៏​គួរ​តែ​គិត​ដែរ ឆ្នាំនេះ វាប្រឡង វាត្រូវ​ប្រយ័ត្ន​តិច។ គ្រូៗ​ចូល​ចិត្ត​ណាស់ អារឿងយកលេស​លុប​ឈ្មោះ​ចោល ដើម្បី​រក​លុយ។ ឧទាហរណ៍ ដូច​ជា​ឯងស្រាប់​ទៅ​ដឹង​ហើយ កាលណោះ​វា​ម៉េច?»

«ធ្វើ​ម៉េច យើង​ឈប់ ដើម្បី​តែ​រក​លុយ។​ តើ​នរណា​ឲ្យ​យើង​កើត​​មក​ក្រ​ធ្វើ​អី?»

«តែ​ខ្ញុំថាមកពីឯងគិត​ខ្លីច្រើនជាង។ នៅ​រៀន​សុខៗ ស្រាប់​តែ​ទៅ​អង្គុយ​សំកុក​លាង​ចាន​ឲ្យ​រោង​ការ។ វក់​នឹង​លុយ អាងតែ​រកលុយ​បាន​ច្រើន​ នៅ​ពេល​ហ្នឹង។»

«តែវាហួសហើយ! កុំរំលឹក! ឈឺចាប់។ កុំអី​ ក៏​យើង​មិន​ចង់​ឈប់​ដែរ។ តើ​នរណា​សុខៗ​យើង​អត់​មាន​ឈ្មោះប្រឡង ហើយ​ពេល​ម៉ែ​ទៅ​ជួប​គ្រូ គ្រូ​ស្រាប់​តែ​ទារ​​១០០ដុល្លា។ ម៉ែ​យើង​រក​លុយ​ឯណាបាន បើ​ម៉្ងៃៗ​ជំពាក់គេ សងមិនទាន់​រួច​ផងនោះ។»

«បាន​ហើយ!​ អាឡូវក្នុង​ផ្ទះ សល់តែមនុស្ស​ពីរ​នាក់​ទេ​ ដែល​នៅ​រៀន។ ឧស្សាហ៍​រំលឹក​ពួក​វា​តិច​ទៅ បើ​វាមិន​ខំ​រៀន គ្រួសារឯង​នៅ​តែយ៉ាប់​ចឹង ហើយ​រឹត​តែ​យ៉ាប់​ជាង​ហ្នឹង​ទៀត ព្រោះ​តែតិច​ទៀត អាស៊ាន​ គេនឹងបូក​ចូល​គ្នា​រួម​តែមួយ​ហើយ ហើយ​មនុស្ស​ពី​ស្រុក​គេ នឹង​មក​ចូល​ដណ្តើម​ការងារនៅ​ស្រុក​យើង ស្រួលៗ ម្ចាស់​ផ្ទះ ​បាន​ត្រឹម​តែ​ធ្វើ​ជា​ទាសករ​ការងារ​​ឲ្យ​​គេ​ផង​ក៏​មិន​ដឹង បើ​យើង​គ្មាន​សមត្ថភាព។​»

3 comments on “គ្មានឈ្មោះ​ប្រឡង

  1. សុំសរសើរ… ចេះ​សរសេរវច្បិច​យក​តថភាពក្នុង​សង្គម​បាន​ល្អមែនទែន… អរគុណ។

  2. តែ​ពេល​ខ្លះ​ ចង់​ជួយ​មនុស្ស​ មិនត្រូវ​ជួយ​ធ្វើអ្វីៗ​ជំនួស​គេ​នោះ​ទេ ត្រូវ​ចេះឲ្យ​បណ្តោយ​គេ ឲ្យ​ចេះ​ជួយ​ខ្លួន​ឯង 🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: